អានតួអត្ថបទ
កម្ពុជា

ក្រសួង​ព័ត៌មាន​ព្រមាន​ម្ចាស់​កម្មវិធី​ទូរទស្សន៍​មួយ​ដែល​រង​ការរិះគន់​ពី​រឿង​សីលធម៌

ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី២៣ មករា​នេះ បាន​បើក​កិច្ច​ប្រជុំ​ស្តីពី​លទ្ធផល​នៃ​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​អ្នកសារ​ព័ត៌មាន​កន្លង​ទៅ។ ប៉ុន្តែ​ក្នុង​កិច្ច​ប្រជុំ​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ឱ្យ​ដឹង​ថា មន្ត្រី​របស់​ខ្លួន​បាន​ណែនាំ​ទៅ​ដល់​កម្ម​វិធី​ទិញ​ម៉ោង​របស់​ទូរទស្សន៍​ ក្នុងស្រុក​មួយ​ដែល​ត្រូវ​រង​ការ​រិះគន់​ពី​សាធារណៈមតិ​ចំពោះ​សីលធម៌ និង​សេចក្តី​ថ្លៃថ្នូរ។ 

លោក ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រី​ព័ត៌មាន​ស្នើប៉ូលីស​មិន​ឲ្យ​ផ្តល់​រូបភាព​គ្រោះថ្នាក់​រន្ធត់​ដល់​សារព័ត៌មាន
លោក ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រី​ព័ត៌មាន​ស្នើប៉ូលីស​មិន​ឲ្យ​ផ្តល់​រូបភាព​គ្រោះថ្នាក់​រន្ធត់​ដល់​សារព័ត៌មាន RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

ចំណាត់​ការ​ជា​បឋម​របស់​ក្រសួង​ព័ត៌មាន​ទៅកាន់​កម្មវិធី​របស់​វិទ្យុ​អេ​ប៊ី​ស៊ី​ដែល​ផ្សាយ​ក្នុង​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​បី គឺ​ការណែនាំ​ជាមុន​ស៊ិន ប៉ុន្តែ​ចំណាត់ការ​នឹង​ឈានដល់​ការបិទ​កម្មវិធី​នេះ​ចោល​តែម្តង ប្រសិនបើ​គ្មាន​ការកែប្រែ​នោះទេ។ នេះ​គឺជា​ការគូសបញ្ជាក់​ពី​អ្នកនាំពាក្យ​របស់​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹម​សេង ដែល​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​ក្រោយ​កិច្ចប្រជុំ​នៅ​ថ្ងៃ​ចន្ទ​នេះ។ សូម​រំលឹកថា​សាធារណៈ​មតិ បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​កម្ម​វិធី​ស្រ៊ី​ស្ព្រី​ងរ​បស់​វិទ្យុ​អេ​ប៊ី​ស៊ី បន្ទាប់ពី​ពិធីករ ពិធីការនី​ក្នុង​កម្មវិធី បាន​បង្ក​ភាព​រញ៉េ​រញ៉ៃ​គ្មាន​សណ្តាប់​ធ្នាប់​និង​អសីលធម៌​ទាំង​កាយវិការ និង​ពាក្យ​ពេចន៍។

បើ​ទោះ​បីជា​បែប​ណា​ក៏​ដោយ វិទ្យុ​អេ​ប៊ី​ស៊ី​ដែលជា​អ្នក​រង​ការ​រិះគន់​បាន​បក​ស្រាយ​ថា អ្វី​ដែល​ពួក​គេ​ធ្វើ​នោះ​គឺជា​កម្មវិធី​បែប“ខ្លឹម ថ្លុក និង​Drama” ដែល​ពិធីករ​មិន​មែន​អង្គុយ​ដូច​គល់ឈើ​នោះឡើយ ព្រោះ​ថា កម្មវិធី​នេះ​គឺ​ព័ត៌មាន​លាយ​ជាមួយ​ការកំសាន្ត ការអប់រំ ខឹង រិះគន់ និង​ពិចារណា​ជាដើម។

ទន្ទឹមនឹងនេះ​លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារ​ព័ត៌មាន​កម្ពុជា បានបញ្ជាក់ ទាំង​ចំណេះដឹង និង​វិជ្ជាជីវៈ​នៃ​អ្នកសារ​ព័ត៌មាន​ជា​រួមនៅ​កម្ពុជា រួមទាំង​ពិធីករ ពិធីការនី នៅ​មាន​កម្រិត​ដែល​ត្រូវការ​បំពេញ​បន្ថែម​យ៉ាង​ច្រើន។ លោក ហ៊ុយ វណ្ណៈ ក៏​គាំទ្រ​ចំពោះ​ចំណាត់​ការ​ផ្លូវច្បាប់​របស់​ក្រសួង​ព័ត៌មាន​ផងដែរ ហើយ​ថា​អ្នកសារ​ព័ត៌មាន​របស់​កម្ពុជា​មួយចំនួន បាន​ដើរ​ហួស​ព្រំដែន​កំណត់ ឬ​ក្រម​ប្រតិបត្តិ​របស់ខ្លួន ខណៈ​ដែល​វិស័យ​មួយ​ចំនួន​មានដូចជា​វិស័យ​ពេទ្យ និង​វិស័យ​មេធាវី​ដែល​អ្នក​មិន​គោរព​ក្រម​សីលធម៌​ត្រូវតែ​មាន​ទោស។ 

ក្រោយ​កា​រិះគន់​ខ្លាំង រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ស្នើឱ្យ​ពិធីករ ពី​ធី​ការនី​ក្នុង​វិទ្យុ និង​ទូរទស្សន៍​ត្រូវ​រក្សា​សេចក្តីថ្លៃថ្នូ និង​ប្រកាន់​វិជ្ជាជីវៈ​របស់ខ្លួន។ លោក​បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​លោក​ថា “បណ្តុះ​បណ្តាល​ពិធីករ​ពិធី​ការិនី​វិទ្យុ ទូរទស្សន៍ មិន​មែន​ជា​ការ​លេង​ទេ ហើយ​រឹតតែ​មិនមែន​ងាយ​ទៀត បណ្តុះ​បណ្តាល អ្នក​និយាយ​ព័ត៌មាន ព្រោះ​មិនមែន​គ្រាន់​តែ​និយាយ​ឱ្យ​លឺ​នោះទេ ត្រូវ​មាន​ទាំង​សីលធម៌ មាន​ទាំង​ចំនេះ​ដឹង ។ លោក​បាន​សង្កត់​ធ្ងន់​ថា៖ “សូម​ថែរក្សា​អាជីព​នេះ​អោយ​ថ្លៃថ្នូរ បើ​មិន​ដូចនេះ​ទេ អាជីព​នេះ​សូម​ធាក់​អ្នកចេញ​ហើយ !”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ