អានតួអត្ថបទ
កម្ពុជា

សង្គម​​ស៊ីវិល​​និង​​ជន​រង​គ្រោះរីករាយ​ចំពោះ​ការ​អនុវត្ត​ទោស​​លើ​លោក​ ឈូក បណ្ឌិត

សង្គម​ស៊ីវិល​និងសហជីព​មួយ​ចំនួន​ ដែល​បាន​តាម​ដាន​សំណុំ​រឿង និង​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ទោស​ចំពោះ​លោក​ ឈូក ​បណ្ឌិត នោះ​ បាន​អបអរ​សាទរ ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច នៅ​ថ្ងៃ​សៅរ៍​នេះ​។ ចំណែក​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​បីនាក់ ​ថ្លែង​ក្តី​រីករាយ​ចំពោះ​ការ​បញ្ចូន​ខ្លួន​របស់​លោក ឈូក បណ្ឌិត ទៅ​អនុវត្ត​ទោស​តាម​សាលា​ក្រម​របស់​តុលាការ ប៉ុន្តែ​នាង​នៅតែ​បញ្ជាក់​ថា របួស​ដើម​ទ្រូង​នៅ​មិន​ទាន់​ជា​សះស្បើយ​នៅ​ឡើយ​ទេ​។

លោក ឈូក បណ្ឌិត
លោក ឈូក បណ្ឌិត @RFI
ផ្សាយពាណិជ្ជកម្ម

លោក ឈូក បណ្ឌិត​ ស្មគ្រ​ចិត្ត​ចូល​ខ្លួន​សារភាព​នៅ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិរាជធានី​ភ្នំពេញ គឺ​បន្ទាប់​ពី​បាន​គេច​ខ្លួន​ពី​សំណាញ់​ច្បាប់ អស់​រយៈពេល​ជាង​៣ឆ្នាំមកហើយ។ ការ​សារភាព​នេះ ក៏ធ្វើ​ឡើង​បន្ទាប់ពី​ប្រតិកម្ម​របស់​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន កាលពី​ដើម​សប្តាហ៍​ដែរ។ 

ទន្ទឹង​នឹង​នេះ អ្នកនាង​ កែវ នា ជា​កម្មការិនី​រងគ្រោះ មាន​ការ​រំជួល​ចិត្ត​ជា​ខ្លាំង​ពេល​ទទួល​ដំណឹង​នេះ។ នាង​ជាជនរងគ្រោះ​ម្នាក់​នៅ​ក្នុង​ចំណោម​​​៣​នាក់ ដែល​រង​គ្រាប់​កាំភ្លើង របស់​លោក ឈូក បណ្ឌិត កាល​ពី​ឆ្នាំ​២០១២។ កម្មការិនី​រោង​ចក្រ​កៅវេ​រូបនេះ បាន​ថ្លែង​ក្តី​រំភើប​រីករាយ​តាម​ទូរស័ព្ទពី​នៅ​ខេត្ត​ស្វាយរៀង​មកថា​ នាង​សប្បាយ​ចិត្តណាស់! ពីមុន​មក​ នាង​អស់​សង្ឃឹម និង​គ្មាន​ជំនឿ​ថា​នឹង​បានទទួល​យុត្តិធម៌នោះ​ទេ!​ ពេល​នេះ​ នាង​មាន​ក្តី​សង្ឃឹម​ឡើង​វិញ​ហើយ​។ ទោះ​យ៉ាង​នេះ​ក្តី កែវ នា បញ្ជាក់​ថា របួស​នៅ​ដើម​ទ្រូង​របស់​នាង​នៅ​ចុក ​ហើយ​នាង​ត្រូវ​លេប​ថ្នាំ​ជា​ប្រចាំ​រាល់​ថ្ងៃ។​

ជា​មួយ​គ្នា​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា បាន​ថ្លែង​ក្តី​រីករាយ​ប្រាប់​វិទ្យុបារាំង​អន្តរជាតិផងដែរ​​។ លោក​ស្វាគមន៍​ចំពោះ​ការ​ប្រគល់​ខ្លួន​របស់ជន​ល្មើស​ឈូក បណ្ឌិត ទៅ​សមត្ថកិច្ច​និង​តុលាការ។ តាម​តំណាង​សហជីព​រូប​នេះ ការ​ចូល​ខ្លួន​សារភាព​របស់​ពិរុទ្ធជន​គឺ​មិន​អាច​ទៅ​រួច​ទេ បើ​គ្មាន​ប្រសាសន៍​ប្រតិកម្ម​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។
 

ចំណែក​លោក​ប្រធាន​ផ្នែក​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ ក្រៅ​តែ​ការ​ស្វាមគមន៍​ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច​ លោក អំ សំអាត យល់​ឃើញ​ថា ការ​ចូល​សារភាព​របស់​លោក ឈូក បណ្ឌិត នៅ​ពេល​នេះ គឺ​ដើម្បី​លុប​បំបាត់​ភាព​អាម៉ាស់របស់​ខ្លួន​លោក​ផ្ទាល់ ហើយ​ចំណេញ​ដល់​ខាង​សមត្ថកិច្ច​និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ផង។ ពោលគឺ​បាន​បំបាត់​ភាព​អាម៉ាស់​និង​ការ​រិះគន់​ ចំពោះ​ការ​អនុវត្ត​ច្បាប់​មិន​ស្មើ​គ្នា​ រវាង​ករណី​ឧកញ៉ា​ សុខ ប៊ុន និង​ អតីត​អភិបាល​ក្រុង​បាវិត ឈូក បណ្ឌិត ផ្ទាល់​តែម្តង​។ តាម​មន្ត្រី​សិទ្ធមនុស្ស​រូប​នេះ នៅ​កម្ពុជា ច្បាប់​គឺ​ស្ថិត​នៅ​លើ​តែ​បបូរ​មាត់​របស់​នាយក​រដ្ឋមន្ត្រី​តែប៉ុណ្ណោះ ហើយ​ដែល​អាច​បង្ហាញថា អង្គ​នីតិប្រតិបត្តិ​មាន​ឥទ្ធិពល​លើសលុប​សង្កត់​លើ​អំណាច​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ