អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សំណុំ​រឿង​សាសា-សុខ ប៊ុន បាន​គាស់​រំលឹក​សំណុំ​រឿង​ឈូក បណ្ឌិត-កម្មការិនី​៣​នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាម​រយៈ​អន្តរាគមន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លើ​ករណី​អំពើហិង្សា​របស់​លោក​ឧកញ៉ា ​សុខ ប៊ុន ទៅ​លើ​កញ្ញា សាសា ធ្វើ​ឲ្យ​ចរន្ត​នៃ​ការ​ទាមទារ​ឲ្យ អនុវត្ត​ដូចគ្នា​លើ​ករណី​លោក​ ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​បាន​ជាប់​ទោស​១​ឆ្នាំ​កន្លះ​និង​ត្រូវ​បង់ប្រាក់​ជម្ងឺ​ចិត្ត​ជិត​៤០​លាន​រៀល​នោះ កាន់​តែ​ផុលផុស។ ជន​រងគ្រោះ​ជា​កម្មការិនី​រោងចក្រ​កៅវ៉េ ដែល​រង​ការ​បាញ់​ប្រហារ​ពី​លោក ឈូក បណ្ឌិត បាន​ស្នើ​សុំ​តាម​រយៈ​ប្រធាន​រដ្ឋសភា ជម្រុញ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​យុត្តិធម៌​ដល់​ពួកគេ​ ខណៈ​ការ​រិះគន់​នៅ​បន្ត​ហឹង​ត្រចៀក​នៅ​ឡើយ​ថា​មាន​ការ​អនុវត្ត​ ស្តង់ដារ​ពីរ​ខុសគ្នា លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ដូចគ្នា។

លោក សុខប៊ុន និង កញ្ញា សាសា
លោក សុខប៊ុន និង កញ្ញា សាសា Monika
ផ្សាយពាណិជ្ជកម្ម

អស់​រយៈពេល​៣​ឆ្នាំ​កន្លង​ទៅ​នេះ​រឿង​រ៉ាវ​អតីត​អភិបាល​ក្រុងបាវិត លោក ឈូក បណ្ឌិត ​នៅ​មិន​ទាន់​ហោះ​ហើរ​ទៅ​ណា​ឆ្ងាយ​ទេ ដោយសារ​រឿងរ៉ាវ​លើក​កាំភ្លើង​បាញ់​ប្រហារ​ទៅ​លើ កម្មការិនី​បី​នាក់​ឲ្យ​រង​របួស​នេះ បាន​ក្លាយ​ទៅ​ជា​កម្មវត្ថុ​នៃ​ការ​ប្រៀបធៀប​ទៅ​ហើយ ទាក់ទង​ទៅ​នឹង​និទណ្ឌភាព​នៅ​ប្រទេស​កម្ពុជា។

បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប្រតិកម្ម​ចុង​ក្រោយ​បំផុត​ទៅ​លើ​លោក​ឧកញ៉ា សុខ ប៊ុន ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍​CTN កញ្ញា ​សាសា សាធារណៈជន​នានា​បាន​បាញ់​ចំរុះ​មតិ លើ​ការ​ពិចារណា​រឿង​នេះ ធៀប​ទៅ​នឹង​ឈូក​ បណ្ឌិត ដែល​បាន​រត់​គេច​ខ្លួន​ពី​ការ​ដាក់​ទោស​របស់​ច្បាប់។

បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ហ្វេសប៊ុក​បាន​បន្ត​កន្ទុយ​គ្នា​បង្ហោះ​ រូបភាព​អតីត​ចៅហ្វាយ​ក្រុង​បាវិត​រូប​នេះ និង​កម្មការិនី ៣នាក់ ទន្ទឹម​គ្នា​ និង​រូបភាព​អ្នក​មាន​ធនធាន សុខ ប៊ុន និង​កញ្ញា សាសា។ អត្ថាធិប្បាយ​បែប​ប្រៀប​ធៀប និង​វាយ​ប្រហារ​ខ្លាំង​ៗ​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​មួយ  ស្តង់ដារ​ពីរ​បណ្តាក់​គ្នា​ឥត​ដាច់។

មិន​យូរ​ប៉ុន្មាន​ ការ​តវ៉ា​មួយ​ទៀត​បាន​កើត​ឡើង​ភ្លាម​ពី​សំណាក់​កម្មការិនី​បី​នាក់ ដែល​រងការ​បាញ់​ឲ្យ​របួស​ពី​ឈូក បណ្ឌិត នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ។ ដោយ​ជន​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​​ទៅ​កាន់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ ដើម្បី​ជម្រុញ​ឲ្យ​ប្រមុខ​ដឹកនាំ​អំណាច​ នីតិប្រតិបត្តិ ចាប់​ឈូក បណ្ឌិត យក​មក​ទទួល​ទោស​តាម​ច្បាប់។

ការ​ស្នើ​នេះ​គឺ​យោងតាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន និង​លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ស ខេង ដែល​បាន​អន្តរាគមន៍​លើ​ករណី​ជម្លោះ​របស់​កញ្ញា សាសា ជាមួយ​លោកឧកញ៉ា សុខ ប៊ុន។ អ្នក​ទាំងបី​បាន​ស្រែក​ទាមទារ​រក​យុត្តិធម៌ ដោយសារ​តែ​អ្នក​ប្រព្រឹត្ត​កំពុង​តែ​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ។

តាម​រយៈ​រឿង​រ៉ាវ ដែល​ទើប​តែ​កើត​ឡើង​ថ្មី​ៗ​នេះ រឿង​ឈូក បណ្ឌិត ក៏​ត្រូវ​គេ​គាស់​រំលើង​មក​ដែរ នេះ​មិន​ទាន់​គិត​ពី​តារា​ចម្រៀង និង​តារា​ភាពយន្ត មេដឹកនាំ​សហជីព​កម្មករ​មួយ​ចំនួន​ទៀត​ ដែល​រងការ​បាញ់​ប្រហារ​កន្លង​មក ហើយ​អ្នក​ដៃដល់​នៅ​មិន​ទាន់​បាន​នាំ​មក​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ។

បញ្ហា​ទាំង​អស់​នេះ ​បាន​ក្លាយ​ទៅ​ជា​ប្រធានបទ​សង្គម ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នា​ពេល​នេះ​និង​មាន​តម្លៃ​នយោបាយ​ទៅ​អនាគត​ប្រសិន​បើ​ស្ថានភាព​ទាក់ទង​ទៅ​នឹង​អតីត​អភិបាល​ក្រុង​ បាវិត​លោក ឈូក បណ្ឌិត មិន​មាន​អ្វី​ប្រែប្រួល។

​អ្នក​វិភាគ​នយោបាយ​និង​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​យល់​ឃើញ​ថា​សំណុំ​រឿង សាសា- សុក ប៊ុន និងសំណុំរឿង ឈូក បណ្ឌិត-កម្មការិនី មិន​គួរ​ត្រូវ​បាន​អនុវត្ត​ខុស​គ្នា ខណៈ​ពេល​ដែល​ប្រទេស​កំពុង​តែ​អះអាង​ពី​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដូច្នេះ​ទេ។

ម្យ៉ាង​ទៀត វាជា​ប្រធាន​បទ​រ៉ាំរ៉ៃ ដែល​បាន​កើតឡើង​នៅ​ក្នុង​សង្គម​ជាក់ស្តែង​ ហើយ​ដែល​អាច​យក​ទៅ​បំរើ​ផល​ប្រយោជន៍​នយោបាយ​បាន នៅ​រាល់​ពេល​មាន​ការ​បោះឆ្នោត។ ដូច្នេះ​ចង់​មិន​ចង់ ប្រធាន​បទ​ដែល​គេ​យក​មក​ប្រៀប​ផ្ទឹម​គ្នា​នេះ បាន​រំលេច​ឡើង​នូវ​ដំណើរ​ការ​អនុវត្ត​ប្រព័ន្ធ​យុត្តិធម៌​របស់​រដ្ឋាភិបាល ដែល​ប្រជាជន​សាមញ្ញ​មើល​ដឹង​ដោយ​ងាយ​ៗ។

ទោះ​យ៉ាង​នេះ​ក្តី​រដ្ឋាភិបាល​តែង​អះអាង​ថា សមត្ថកិច្ច​ក៏​បាន​ចាត់​វិធាន​ការ​តាម​ចាប់​ខ្លួន​លោក​ ឈូក បណ្ឌិត យក​មក​ឲ្យ​ទទួល​ទោស ក៏​ប៉ុន្តែ​បន្ទាប់​ពី​ចេញ​សាល​ក្រម​ជា​បន្ត​បន្ទាប់​ចាប់​ពី​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ការ​តម្កល់​សាលក្រម​សាលា​ដំបូង​ដោយ​ សាលាឧទ្ធរណ៍ ដោយ​ដាក់​ទោស​ឈូក បណ្ឌិត ឲ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ​កន្លះ​ និង​សង​ជម្ងឺ​ចិត្ត​កម្មការិនី​រោងចក្រ​កៅវ៉េទាំងបី​នាក់​៣៨​លាន​រៀល ​កាល​ពី​ឆ្នាំ​២០១៣។ ហើយ​នៅ​ឆ្នាំ​២០១៤ តុលាការ​កំពូល​ក៏​បាន​សម្រេច​តម្កល់​សាល​ក្រម​សាលាឧទ្ធរណ៍​ឲ្យ​នៅ​ដដែល ទៅ​ហើយ​ក៏​ដោយ​នោះ​ក៏​ស្រមោល​ជន​ដៃ​ដល់​រូប​នេះ​នៅ​មិនទាន់​រក​ឃើញ​នៅ​ឡើយ។

ការ​ដែល​រក ឈូក បណ្ឌិត មិន​ឃើញ ហើយ​សមត្ថកិច្ច​អាច​តាម​ចាប់​ហេង ពៅ អតីត​មេប៉ូលីស​ក្រុង​ភ្នំពេញ ចាប់​ឧកញ៉ា សុខ ប៊ុន ចាប់ឧកញ៉ា ថោង សារ៉ាត់​ជាដើម ទោះ​អ្នក​ទាំង​នេះ​រត់​ទៅ​ក្រៅ​ប្រទេស​ក៏​ដោយ​នោះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​អនុវត្ត​ច្បាប់​មិន​ស្មើ​ភាព​គ្នា។ ហើយ​រឿង​នេះ​បាន​ក្លាយ​ជា​លេស​នៃ​ការ​រិះគន់​ពី​សំណាក់​សាធារណៈជន និង​បក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​ និង​មាន​ការ​លើក​ឡើង​ថា​ករណី ឈូក បណ្ឌិត ត្រូវ​ពឹង​ផ្អែក​លើ​ឆន្ទៈ​ របស់​រដ្ឋាភិបាល​ផងដែរ។

ផ្ទុយ​ទៅ​វិញ ការ​បោះឆ្នោត​សកល​នៅ​ឆ្នាំ​២០១៣ កន្លង​មក បង្ហាញ​ថា​ករណី​នេះ ទំនង​ជា​មិន​ប៉ះពាល់​ដល់​ប្រជាប្រិយ​ភាព​ធ្ងន់ធ្ងរ​ របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​នោះ​ទេ ដោយសារ​គណបក្ស​កាន់​អំណាច​នៅ​តែ​មាន​ឥទ្ធិពល​បាន​កាន់​អំណាច​ដដែល គ្រាន់​តែ​អាសនៈ​មាន​ការ​ធ្លាក់​ចុះ​ ក៏​ប៉ុន្តែ​វា​មិន​ច្បាស់​ដូច​ការ​លើក​ឡើង​ថា​ករណី​ឈូក បណ្ឌិត​ អាច​ជា​ហេតុផល​មួយ​នៃ​ការ​បាត់​សម្លេង​គាំទ្រ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ