អានតួអត្ថបទ
កម្ពុជា

ប៉ូលីស​អាំងទែប៉ូល កំពុង​តាម​ចាប់​លោក ឈូក បណ្ឌិត

ប៉ូលីស​អាំងទែប៉ូល បាន​ចេញ​និវេទ​ក្រហម​ឲ្យ​ប្រទេស​ជាង​១៩០​លើ​ពិភពលោក តាម​ចាប់​លោក ឈូក បណ្ឌិត។ នេះ​ជា​អ្វី​ដែល​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ ទី​២៨​កក្កដា ម្សិលមិញ​។ គួរ​ជម្រាប​ជូន​ថា ការ​ប្រកាស​របស់​អគ្គស្នងការ​នគរបាល​ជាតិ​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​តែ​មួយ​​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​កម្មការិនី​រង​គ្រោះ​នៅ​ខេត្ត​ស្វាយរៀង​ទាំង​៣​នាក់ បាន​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋសភា​និង​រាជរដ្ឋាភិបាល ដើម្បី​ស្នើ​សុំ​អន្ដរាគមន៍​ឲ្យ​​តាម​ចាប់​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។

លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​
លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ ©rfi
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​វីដេអូ​ឃ្លីប​រយៈ​ពេល​ជាង​៤​នាទី លោក គៀត ច័ន្ទថារិទ្ធិ អ្នក​នាំពា​ក្យ​នគរបាល​ជាតិ បាន​អះអាង​ថា ក្រសួង​មហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ មិន​មាន​ការ​ធ្វេស​ប្រហែស ឬ​បន្ធូរ​ដៃ​ក្នុង​ការ​ស្រាវ​ជ្រាវ ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត យក​មក​ផ្ដន្ទាទោស ដូច​ការ​ចោទ​ប្រកាន់​ពី​សាធារណៈមតិ​មួយ​ចំនួន​នោះទេ​។ បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ កន្លង​មក នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​​បាន​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ដែរ ប៉ុន្តែ​ចេះ​តែ​ឃ្វាង​​​។ យ៉ាង​ណា​ក៏​ដោយ យុទ្ធនាការ​ស្វែង​រក​ចាប់​ខ្លួន​នៅ​តែ​បន្ត គ្មាន​ការ​បន្ធូរ​ដៃ​ទេ​។

លោក គៀត ច័ន្ទថារិទ្ធិ បាន​គូស​បញ្ជាក់​បន្ថែម​ថា សមត្ថកិច្ច​បាន​ស្នើ​ទៅ​អគ្គលេខាធិការដ្ឋាន​នគរបាល​អន្ដរជាតិ អាំងទែប៉ូល ដើម្បី​ចេញ​និវេទ​ក្រហម ស្វែង​រក​ចាប់ខ្លួន​លោក ឈូក បណ្ឌិត​។   ​និវេទ​ក្រហមរបស់​អាំងទែប៉ូល ​បាន​ចេញ​រួច​រាល់​ហើយ​កាល​ពី​ខែ​មីនា​កន្លង​ទៅ ដោយ​តម្រូវ​ឲ្យ​ប្រទេស​ជាង​១៩០​លើ​ពិភពលោក តាម​ចាប់​អតីត​ចៅហ្វាយ​ក្រុង​បាវិត​។ អតីត​ចៅហ្វាយ​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែលត្រូវ​តុលាការ​កាត់​ទោស​ពី​បទបាញ់ប្រហារ​​កម្មការិនី​រោងចក្រ​ឲ្យ​រង​របួស​ធ្ងន់​​។

ជាមួយ​គ្នា​នេះ លោក គៀត ច័ន្ទថារិទ្ធិ អ្នក​នាំ​ពាក្យ​​នគរបាល​ជាតិក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ជូន​ដំណឹង​ដល់​សមត្ថកិច្ច ប្រសិន​បើ​បាន​ប្រទះ​ឃើញ​លោក ឈូក បណ្ឌិត​។ ការ​ចាប់​ខ្លួន​ពិរុទ្ធជន ឈូក បណ្ឌិត យក​មក​ផ្ដន្ទាទោស ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រូប​នេះ​ចាត់​ទុក​ថា ជា​ការ​រក​យុត្តិធម៌​ជូន​កម្មការិនី​រង​គ្រោះ​។

គួរ​ជម្រាប​ជូន​ថា ការ​ប្រកាស​និង​សេចក្ដី​អំពាវនាវរបស់អ្នក​នាំ​ពាក្យ​​អគ្គ​ស្នងការ​នគរបាល​ជាតិ​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​តែ​មួយ​​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​កម្មការិនី​រង​គ្រោះ​នៅ​ខេត្ត​ស្វាយរៀង​ទាំង​៣​នាក់ បាន​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋសភា​និង​រាជរដ្ឋាភិបាល ដើម្បី​ស្នើ​សុំ​អន្ដរាគមន៍​ឲ្យ​​តាម​ចាប់​លោក ឈូក បណ្ឌិត មក​ផ្ដន្ទាទោស​តាម​ច្បាប់​។ លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ត្រូវ​បាន​តុលាការ​កម្ពុជា កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​កន្លះ ពី​បទ​បាញ់​ប្រហារ​ទៅ​លើ​កម្មារិនី​៣​នាក់​ឲ្យ​រង​របួស​។ លោក ឈូក បណ្ឌិត ក៏​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​បង់​ប្រាក់​សំណង​ដល់​ជន​រង​គ្រោះ​ទាំង​៣​នាក់ ចំនួន​៣៨​លាន​រៀល​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ