អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ទទួល​​​​​យក​​ញត្តិ​​អ្នក​​មាន​​ជម្លោះ​​ដី​​ធ្លី​​ខេត្ត​ក្រចេះ ហើយ​សន្យា​នឹងដោះ​ស្រាយ​បញ្ហា​​នេះ​

អ្នក​ភូមិ​មាន​ជម្លោះ​ដី​ធ្លី ខេត្ត​ក្រ​ចេះ ប្រ​មាណ​ជាង ១០០​នាក់ បាន​នាំ​គ្នា​ហែរ​ញត្តិ​ទាម​ទារ​ប័ណ្ឌ​កម្ម​សិទ្ធ​ដី​ធ្លី ពី​វត្ត​សា​មគី្គ​រង្ស៊ី ទៅ​កាន់​រដ្ឋ​សភា​កម្ពុជា ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី ១៨ សី​ហា​នេះ។ តំ​ណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់ បាន​ចេញ​មក​ទទួល​ញ​ត្តិ​របស់​ប្រ​ជាជន ហើយ​សន្យា​ថា ពី​ពេល​នេះ​តទៅ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​រួម​តាម​ដាន​បណ្តឹង​របស់​ប្រជា​ពលរដ្ឋ ដែល​មាន​ជម្លោះ​ដី​ធ្លី​រហូត​ទទួល​បាន​ជោគ​ជ័យ។

អ្នកភូមិមកពីខេត្តក្រចេះនាំគ្នាជួបជុំគ្នាតវ៉ាពីបញ្ហាជំលោះដីធ្លី
អ្នកភូមិមកពីខេត្តក្រចេះនាំគ្នាជួបជុំគ្នាតវ៉ាពីបញ្ហាជំលោះដីធ្លី RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

 

ប្រ​ជាជន​មាន​ជម្លោះ​ដី​ធ្លី​មក​ពី​ខេត្ត​ក្រចេះ ដែល​បាន​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គី​រង្ស៊ី ក្នុង​រាជធានី​ភ្នំ​ពេញ​អស់​រយៈ​ពេល​ជាង​១ ខែ​មក​ហើយ​នោះ បាន​នាំ​គ្នា​ដើរ​ដង្ហែរ​ក្បួន​ដោយ​ថ្មើរ​ជើង ទៅ​កាន់​រដ្ឋ​សភា​កម្ពុជា ដើ​ម្បី​ដាក់​ញត្តិ និង​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ​ចេញ​ប័ណ្ឌ​កម្ម​សិទ្ធិ​ដីធ្លី​ឲ្យ​ពួក​គេ។ ប័ណ្ឌ​កម្ម​សិទ្ធិ​ដី​ធ្លី ដែល​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចុះ​ធ្វើ​ការ​វ៉ាស់​វែង​ជូន​ដល់​អ្នក​ភូមិ​ទាំង​អស់ កាល​ពី​ឆ្នាំ ២០១។​ហើយ​បន្ទាប់​មក ដី​អស់​ទាំង​នោះ ​ក្លាយ​ជា​ដី​ជម្លោះ ដោយ​សារ​តែ​មាន​ក្រុម​ហ៊ុន​ឯក​ជន​មួយ​អះ​អាង​ថា ដី​នោះ​ត្រូវបាន​រដ្ឋាភិបាល​កាត់​ឲ្យ​ក្រុម​ហ៊ុន តាម​រយៈ​ដី​សម្បទាន​សេដ្ឋ​កិច្ច។

លោក សួន វិច្ឆិកា តំណាង​ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​ក្រ​ចេះ​នេះ បាន​បញ្ជាក់​ថា តាម​លោក អ៊ឹម ឈុន​លឹម រដ្ឋ​មន្ត្រី​ក្រសួង​ដែន​ដី និង​នគរ​រូប​នីយ​កម្ម ដែល​បាន​ចុះ​ទៅ​ខេត្ត​ក្រ​ចេះ ហើយ​ធ្វើ​ការ​សាក​សួរ​ជា​មួយ​នឹង​ប្រជា​ពលរដ្ឋ កាល​ពី​ពេល​កន្លង​ទៅ​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​នឹង​ប្រជា​ពលរដ្ឋ​នោះ ពុំ​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​តាម​ច្បាប់​នោះទេ។ ប៉ុន្តែ​បើ​ទោះ​បី​ជា​យ៉ាង​នេះ ក៏​ដោយ ក៏​លោក សួន វិច្ឆិការ បញ្ជាក់​ថា រហូត​មក​ទល់​នឹង​ពេល​នេះ អាជ្ញាធរ​ខេត្ត​ក្រចេះ ក៏​នៅ​តែ​មិន​ទាន់​ចេញ​ប័ណ្ឌ​កម្ម​សិទ្ធ​ដី​ធ្លី​ឲ្យ​ប្រជា​ជន​ដដែល។

បន្ទាប់​ពី​រង់​ចាំ ដោយ​លើក​បដា និង​ស្រែក​តាម​ឧឃ្ទោស​ស័ព្ទ​នៅ​មុខ​រដ្ឋ​សភា​ហើយ ក៏​មាន​តំ​ណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង លោក​ស៊ុន ឆ័យ លោក​ហូរ វណ្ណ និង​លោក រៀល ខេ​ម​រិ​ន្ទ្រ​ជាដើម​បាន​ចេញ​មក​ទទួល​យក​ញត្តិ​របស់​អ្នក​ភូមិ​មក​ពី​ខេត្ត​ក្រ​ចេះ។ ក្នុង​នោះ​លោក ស៊ុន ឆ័យ បាន​បង្ហាញ​ពី​ជំហរ​របស់​គណ​បក្ស​ថា ចាប់​ពី​ពេល​នេះ​ តទៅ​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ និង​ចូល​រួម​តាម​ដាន​រាល់​បណ្តឹង​របស់​ប្រជា​ពលរដ្ឋ​ទាក់​ទង​នឹង​បញ្ហា​ដី​ធ្លី រហូត​ទទួល​បាន​ជោគ​ជ័យ ហើយ​ត្រូវ​ត្រូតពិនិត្យ​ឡើង​វិញ រាល់​ដី​សម្ប​ទាន​សេដ្ឋកិច្ច ដែល​រដ្ឋា​ភិបាល​បាន​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន​នា​នា ដើ​ម្បី​ធ្វើ​ការ​អភិវឌ្ឍន៍។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ដាក់​ញត្តិ​នៅ​រដ្ឋ​សភា​រួច​មក ប្រជា​ពលរដ្ឋ​ទាំង​អស់ បាន​បន្ត​ទៅ​កាន់​ខុទ្ទ​កាល័យ​នាយក​រដ្ឋ​មន្ត្រី​ជា​បន្ត​ទៅ​ទៀត ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​ត្រូវ​បាន​សម្លាំង​សម្ថ​តិ​កិច្ច រា​រាំង ដោយ​មិន​ឲ្យ​ចូល​ទៅ​ជិត​គេហដ្ឋាន​របស់​លោក​នាយ​ក​រដ្ឋ​មន្ត្រី​នោះ​ឡើយ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ