អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ភូមិសាស្ត្រ​នយោបាយ​ប្រែប្រួល​តែ​និន្នាការ​អ្នកបោះឆ្នោត​នៅ​ដដែល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សល់​តែ​ជាង​២​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ការបោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី៥​នឹង​ចូល​មក​ដល់​។ ​តាមរយៈ​សន្ទុះ​នៃ​អ្នកគាំទ្រ​គណបក្ស​នីមួយៗ​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​២៧​មិថុនា​មក​នោះ​ គេ​អាច​សង្កេត​ឃើញ​យ៉ាង​ច្បាស់​ថា ​២០​ឆ្នាំ​ក្រោយ​ការបោះឆ្នោត​លើក​ដំបូង ​និន្នាការ​អ្នកបោះឆ្នោត​នៅតែ​ប្រមូល​ផ្តុំគ្នា​ក្នុង​ចរន្ត​ធំពីរ​ដដែល​គឺ​ ក្រុម​គាំទ្របក្ស​កាន់អំណាច​ និង​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង​។ ​តើ​ហេតុអ្វី​បាន​ជា​ដូច្នេះ?

អ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំ
អ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំ Channa Siv/RFI
ផ្សាយពាណិជ្ជកម្ម

កាលពី​ឆ្នាំ១៩៩៣​ពេល​ដែល​កម្ពុជា​រៀបចំ​បោះឆ្នោត​ជា​លើក​ដំបូង​នៅ​ក្រោយ​សម័យ​សង្គ្រាម មាន​ចលនា​នយោបាយ​ពីរធំៗ​ប្រជែង​គ្នា ​គឺ​ចលនា​នយោបាយ​ក្នុង​ស្រុក​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ចលនា​នយោបាយ​របស់​អ្នកតស៊ូ​ជាយដែន​តំណាង​ដោយ​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច។ ​កាលណោះ ​ហ្វ៊ុនស៊ិនប៉ិច​បាន​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ប្រកៀកប្រកិត។ ​ចំណែក​គណបក្ស​ផ្សេង​ទៀត​បាន​ទទួល​ការគាំទ្រ​តិចតួច​ប៉ុណ្ណោះ។

ប៉ុន្តែ ​ក្រោយ​មក ​គណបក្ស​រាជានិយម​បាន​ធ្លាក់​ប្រជាប្រិយភាព​ជា​បន្តបន្ទាប់​រហូត​ដល់​បែកបាក់​ជា​បំណែក​តូចៗ​ស្ទើរតែ​បាត់​ឈ្មោះ​ពី​ឆាកនយោបាយ។ ​ស្រប​ពេល​ដែល​គណបក្ស​រាជានិយម​ធ្លាក់​ប្រជាប្រិយភាព ​ចលនា​នយោបាយ​ថ្មី​មួយ​បាន​លេច​រូបរាង​ឡើង​នោះ​គឺ​គណបក្សប្រឆាំង​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី។

ទោះបីជា​ភូមិសាស្ត្រ​នយោបាយ​បាន​ប្រែប្រួល​បែបនេះ​ក្តី ប៉ុន្តែ ​និន្នាការ​អ្នកបោះឆ្នោត​ហាក់គ្មាន​អ្វី​ប្រែប្រួល​ទេ ​ពោល​គឺ​គណបក្ស​ដែល​មាន​សន្ទុះ​ខ្លាំង​មាន​តែ​ពីរ​ដដែល។ ​ម្ខាង​ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រុម​នេះ​ជាទូទៅ​បោះឆ្នោត​ឲ្យ​បក្ស​កាន់អំណាច​ដើម្បី​ការពារ​ផលប្រយោជន៍​ដែល​ពួកគេ​ទទួលបាន​ពី​ការដឹកនាំ​របស់​រដ្ឋាភិបាល។ រីឯ​ម្ខាង​ទៀត​ជាអ្នកគាំទ្រ​បក្សប្រឆាំង។ ក្រុម​នេះ​ជាទូទៅ ​បោះឆ្នោត​ដើម្បី​ផ្លាស់ប្តូរ​មេដឹកនាំ​ពីព្រោះ​តែ​ពួកគេ​ជាអ្នករង​គ្រោះ​ឬ​បានឃើញ​អ្នករងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​សង្គម​នានាក្រោម​ការដឹកនាំ​របស់​គណ​បក្ស​កាន់អំណាច​សព្វថ្ងៃ។

​ចំណែក​ឯ​គណបក្ស​ផ្សេង​ទៀត​ដែល​មាន​និន្នាការ​និយម​កណ្តាល​មិន​សូវ​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ។ ​និន្នាការ​នេះ​ហាក់​មិន​ខុស​អ្វី​ពី​ស្ថានភាព​កាលពី​២០​ឆ្នាំ​មុន​នោះឡើយ​ពោលគឺ ​សម្រាប់​អាណត្តិ​ទី៥​នេះ​ តាមរយៈ​សន្ទុះ​នៃ​ការគាំទ្រ ​គេ​អាច​មើល​ឃើញ​ជា​ស្រេច​ថា​ មានតែ​គណបក្ស​ពីរ​ប៉ុណ្ណោះ​ដែល​នឹង​ទទួល​បាន​សំឡេង​ច្រើន​នៅ​ក្នុង​រដ្ឋសភា។

តាមពិត ​និន្នាការ​បែប​នេះ​មិនមែន​ជារឿង​ដោយ​ឡែក​របស់​កម្ពុជា​ទេ ​តែ​គឺ​ជា​ចរន្ត​នយោបាយ​របស់​ពិភពលោក​ទាំងមូល។ ​ជាក់ស្តែង ​នៅ​សហរដ្ឋអាមេរិក​ បារាំង ​ក៏ដូច​ជា​បណ្តា​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ​ជឿនលឿន​ផ្សេង​ទៀត​ដែរ​ ជាទូទៅ ​មាន​តែ​គណបក្ស​ធំៗ​ពីរ​ប៉ុណ្ណោះ​ដែល​ជា​គូប្រជែង​ពិតប្រាកដ​ក្នុង​ការដណ្តើម​អំណាច​ដឹកនាំ​ប្រទេស។ ​មាន​ហេតុផល​សត្យានុម័ត​មួយចំនួន​ដែល​គេ​អាច​យល់​បាន​ពី​បញ្ហា​នេះ៖

​កាលពី​ឆ្នាំ ​១៩៩៣ ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដោយសារ​តែពួក​គេ​ស្រឡាញ់​របប​រាជានិយម​ និយាយ​ឲ្យ​ចំ​គឺ​ស្រឡាញ់​សម្តេចឳ ​នរោត្តម សីហុ។ ​ប៉ុន្តែ ក្រោយ​មក​ទើប​ពួកគេ​បាន​ដឹង​ថា​ ហ្វ៊ុនស៊ិនប៉ិច​ មិនមែន​សម្តេចឪ ​នរោត្តម សីហនុ​ ទេ ​រីឯ​រាជា​និយម​ក៏មិនមែន​ជា​របស់​ហ្វ៊ុនស៊ិនប៉ិច​ផ្តាច់​មុខ​ម្នាក់​ឯង​ដែរ​ តែ​វា​ជា​របស់​ទាំង​អស់​គ្នា។ ​

ម្យ៉ាងទៀត​ គោលជំហរ​មិន​ច្បាស់លាស់​របស់​គណបក្ស ​ហ្វ៊ុនស៊ិនប៉ិច​ និង​ការបែកបាក់​ផ្ទៃក្នុង​របស់គណបក្ស​នេះ​ក៏​ជា​ហេតុផល​សំខាន់​មួយ​ដែរ​ក្នុង​ការធ្វើ​ឲ្យ​គណបក្ស​រាជានិយម​មួយនេះ​ស្រុតចុះ​ប្រជាប្រិយភាព​ស្ទើរតែ​បាត់បង់​ទីតាំង​ឈរជើង​ទាំងស្រុង​ពី​ឆាកនយោបាយ​កម្ពុជា​នាពេលនេះ។

ក្រោយពី​អស់​សង្ឃឹម​ទៅលើ​គណបក្ស​រាជានិយម​ អ្នកដែល​ប្រាថ្នា​ចង់បាន​ការផ្លាស់ប្តូរ​បាន​នាំគ្នា​ងាក​មក​បោះឆ្នោត​ឲ្យ​បក្ស​ប្រឆាំង។ ​សន្ទុះ​យ៉ាង​ឆាប់​រហ័ស​នៃ​គណបក្ស​សម រង្ស៊ី ​គឺជា​ឧទាហរណ៍​ជាក់ស្តែង។ ​បច្ចុប្បន្ន ​ការរួបរួម​គ្នា​របស់​បក្ស​ប្រឆាំង​បាន​ពង្រឹង​និន្នាការ​ផ្ទុយ​ពី​បក្សកាន់អំណាច​ឲ្យ​មាន​សន្ទុះ​មួយកម្រិត​ទៀត ​ហើយ​វា​ក៏​កំពុង​ជំរុញ​ឆាកនយោបាយ​ប្រទេស​កម្ពុជា​ទៅរក​ចរន្ត​តែ​ពីរ​ក្នុង​ការដណ្តើម​អំណាច​ដឹកនាំ​ប្រទេស​។ ចរន្ត​នេះ​ជា​កត្តា​ជំរុញ​ឲ្យ​គូបដិបក្ខ​នយោបាយ​ប្រជែង​គ្នា​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​អ្នកបោះឆ្នោត​កាន់តែ​មាន​ប្រសិទ្ធិភាព​ជាងមុន​ពីព្រោះ​សូម​កុំភ្លេច​ថា ​គណបក្ស​ណា​ដែល​មិន​បម្រើ​ប្រជាជន​ពិតប្រាកដ​ងាយ​នឹង​ត្រូវ​គេ​បោះឆ្នោត​ទម្លាក់។

ប៉ុន្តែ​ ចរន្ត​នយោបាយ​តែពីរ​គណបក្ស​ក៏​មាន​ហានិភ័យ​ដែរ ​នោះគឺ ​អ្នកនយោបាយ​ងាយ​នឹង​ក្លាយ​ជា​គូសត្រូវ​ស៊ីសាច់​ហុតឈាម​នឹង​គ្នា​ ពីព្រោះ​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​របស់​អ្នកបោះឆ្នោត​ បក្ស​ប្រឆាំង​ត្រូវ​បង្ហាញ​ថា​ខ្លួន​ខុស​ពី​បក្ស​កាន់អំណាច។ ​ខុសគ្នា​ត្រឹម​គោល​នយោបាយ​មិន​ជា​អ្វី​ទេ ​តែ​ខុស​គ្នា​រហូត​ដល់​គូស​ខ្សែ​បន្ទាត់​ចែក​ដី​គ្នា​នៅ​ម្ខាង​ម្នាក់​គឺជា​រឿង​ដ៏គ្រោះថ្នាក់។ ​ក្នុង​បរិបទ​នេះ ​ការប្រជែង​គ្នា​គួរ​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​បាន​ហើយ​។ រីឯ​អ្នកបោះឆ្នោត​វិញ ​ក៏គួរ​នាំគ្នា​ឲ្យ​តម្លៃ​ទៅលើ​គោលនយោបាយ​ជាជាង​ឲ្យ​តម្លៃ​ទៅលើ​កម្រិត​នៃ​ការប្រឆាំង​គ្នា​របស់​អ្នកនយោបាយ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ