អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តួនាទីសភាកម្ពុជា៖ចំណុច​ក្តៅ​សម្រាប់​របាយការណ៍​សិទ្ធិមនុស្ស U.N ឆ្នាំ ២០០១

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ ស៊ូយ៉ា ​បា្រសាទ ​ស៊ូប៊ែឌី ​អ្នករាយការណ៍ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការ​ពិត​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​លើក​ទី​៥​នៅ​កម្ពុជា ​កាល​ពី​រសៀល​ថ្ងៃទី​៣​ខែ​មិថុនា​ឆ្នាំ​២០១១ បន្ទាប់​ពី​លោក​បាន​ស្ថិត​នៅ​លើ​ទឹកដី​កម្ពុជា​រយៈពេល​៥​ថ្ងៃ ​ចាប់​ពី​ថ្ងៃទី​៣០​ឧសភា ​ដល់​ថ្ងៃទី​៣​ខែ​មិថុនា។ ​បេសកកម្ម​លើក​នេះ​របស់​លោក​ស៊ូប៊ែឌី ​គឺ​ផ្តោត​សំខាន់​លើ​តួនាទី​របស់​សភា​កម្ពុជា​ដែល​ជា​ស្ថាប័ន​សំខាន់​ជាង​គេ​មួយ​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស ​ជា​ពិសេស​ សិទ្ធិ​របស់​ប្រជាពលរដ្ឋ។ ​ប៉ុន្តែ ​តួនាទី​សភា​កម្ពុជា​ទទួល​បាន​ការ​វាយតម្លៃ​ទាប​ពី​អ្នករាយការណ៍ពិសេស​ខាង​សិទ្ធិមនុស្ស​របស់​សហប្រជាជាតិ​រូប​នេះ។

រដ្ឋសភា​កម្ពុជា
រដ្ឋសភា​កម្ពុជា ©បូណា
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មុន​ពេល​ចាក​ចេញ​ពី​កម្ពុជា​ លោក​ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី ​អ្នក​រាយការណ៍​ពិសេស​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ផ្តោត​សំខាន់​ជាង​គេ​ទៅ​លើ​តួនាទី​របស់​រដ្ឋសភា​ ដែល​លោក​ចាត់​ទុក​ថា ជា​ស្ថាប័នជាតិ​សំខាន់​ជាង​គេ​មួយ​នៅ​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស។

ជាបឋម ​លោក​ស៊ូប៊ែឌី ​បាន​កោតសរសើរ​ដោយ​ពេញ​ចិត្ត​ចំពោះ​ការ​បង្កើត​បាន​នូវ​វិធាន​អនុវត្ត​របស់​រដ្ឋសភា​ក្នុង​អំឡុង​ពេល​ដ៏​ខ្លី​មួយ។ ​លោក​កត់​សម្គាល់​ថា​ ប្រទេស​កម្ពុជា​ទើប​តែ​ស្គាល់​ស្ថិរភាព​នយោបាយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក​តែ​ប៉ុណ្ណោះ។ ​ដូច្នេះ​ហើយ​ រាល់​សមិទ្ធផល​ដែល​កម្ពុជា​ក៏​ដូច​ជា​រដ្ឋសភា​សម្រេច​បាន​គឺ​ជា​រឿង​គួរ​ឲ្យ​កោតសរសើរ​បំផុត។ ​ប៉ុន្តែ​នៅ​ក្នុង​ការ​បំពេញ​មុខ​នាទី​របស់​ខ្លួន​ រដ្ឋសភា​កម្ពុជា​នៅ​មាន​ការ​ឆកល្វែង​មួយ​ចំនួន។ ​ចំណុច​រិះគន់​សំខាន់​ៗ​ចំពោះ​រដ្ឋសភា​ដែល​មាន​ក្នុង​របាយការណ៍​របស់​លោក​ស៊ូប៊ែឌី ​មាន​ដូច​ជា ​កង្វះ​តម្លាភាព​នៅ​ក្នុង​ការ​ធ្វើ​ច្បាប់ ​ការ​គោរព​មិន​ទាន់​បាន​ត្រឹម​ត្រូវ​នូវ​របប​សេរីនិយម​ពហុបក្ស ​ពោល​គឺ​លោក​ចង់​សំដៅ​ទៅ​លើ​មតិ​ភាគច្រើន​ដែល​គាប​សង្កត់​ទៅ​លើ​មតិ​ភាគ​តិច​នៅ​ក្នុង​សភា ការ​អនុម័ត​ច្បាប់​មួយ​ចំនួន​ដែល​បាន​រឹតត្បិត​វិសាលភាព​នៃ​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ ​កង្វះ​ប្រសិទ្ធិភាព​នៃ​ការ​ត្រួត​ពិនិត្យ​លើ​នីតិប្រតិបត្តិ ​និង​សេរីភាព​បញ្ចេញ​មតិ​របស់​តំណាងរាស្ត្រ​មកពី​គណបក្ស​ភាគតិច​ក្នុង​សភា​នៅ​មាន​កម្រិត។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក៏​បាន​លើក​ឡើង​អំពី​ទ្រឹស្តី​មួយ​ចំនួន​ទាក់ទង​នឹង​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ​ ដូច​ជា​ថា​លទ្ធិប្រជាធិបតេយ្យ​គឺ​សំដៅ​ដល់​កិច្ចសន្ទនា ​និង​ការ​ជជែក​ដេញដោល​គ្នា​រាល់​បញ្ហា​ដែល​ជា​ផល​ប្រយោជន៍​ជាតិ។ ​លោក​លើក​ថា​ សភា​គឺ​ជា​ទីកន្លែង​ដែល​តំណាងរាស្ត្រ​គ្រប់​រូប​អាច​ជជែក​ដេញ​ដោល​ដោយ​សេរី​អំពី​បញ្ហាជាតិ។ ​ត្រង់​ចំណុច​នេះ​ លោក​ស៊ូប៊ែឌី ​កត់​សម្គាល់​ថា ​សមាជិក​សភា​កម្ពុជា​មួយ​ចំនួន​ត្រូវ​បាន​គេ​ដក​អភ័យ​ឯកសិទ្ធិ​ដោយសារ​តែ​ការ​បញ្ចេញ​មតិ។ ​ទោះជា​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ ​តែ​គេ​អាច​យល់​បាន​ថា ​លោក​ស៊ូប៊ែឌី​ចង់​សំដៅ​ទៅ​លើ​ករណី​លោក​សម រង្ស៊ី ​និង​លោក​ស្រី​មួរ សុខហួរ​ដែល​កំពុង​បាត់បង់​អភ័យ​ឯកសិទ្ធិ​របស់​ខ្លួន​ក្នុង​រឿង​ក្តីក្តាំ​នៅ​ឯ​តុលាការ។

បើ​ពិនិត្យ​ជារួម​ទៅ​លើ​សេចក្តី​ថ្លែងការណ៍​របស់​លោក​ស៊ូប៊ែឌី​ អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ទូទៅ​ និង​ជា​ពិសេស​អំពី​ស្ថានភាព​របស់​សភា​កម្ពុជា ​គេ​ឃើញ​ថា ​ការ​រិះគន់​មាន​សភាព​ធ្ងន់ធ្ងរ​ទោះបី​ជា​លោក​បាន​លើក​សរសើរ​ចំណុច​ល្អ​មួយ​ចំនួន​ក្តី។ ​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​បែប​នេះ ​គេ​ជឿ​ជាក់​ថា​ របាយការណ៍​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជា​ជាតិ​ឆ្នាំ ២០១១​នេះ​ប្រាកដ​ជា​មិន​ល្អ​សោះ​ឡើយ​សម្រាប់​កម្ពុជា។ ​មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​តប​ទៅ​នឹង​ការ​រិះគន់​របស់​លោក​ស៊ូប៊ែឌី​ដែល​បាន​វាយ​តម្លៃ​ទាប​អំពី​តួនាទី​របស់​សភា​កម្ពុជា។

ស្ថានភាព​នេះ​បាន​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា​ ភាព​តានតឹង​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​អ្នក​រាយការណ៍​ពិសេស​សហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​ច្បាស់​ជា​នឹង​កើត​ឡើង​យ៉ាង​ខ្លាំង​ម្តង​ទៀត ​ហើយ​វត្តមាន​ការិយាល័យ​សិទ្ធិមនុស្ស​របស់​សហប្រជាជាតិ​នៅ​កម្ពុជា​ក៏​អាច​ក្លាយ​ជា​ចំណោទ​ជា​ថ្មី​ទៀត​ដែរ។ ​អ្វី​ដែល​គេ​អាច​កត់សម្គាល់​បាន​គឺ ​រដ្ឋាភិបាល​កម្ពុជា​ និង​ភាគី​សហប្រជាជាតិ​នៅ​តែ​ធ្វើ​ការ​មិន​ចុះ​សម្រុង​គ្នា​ចំពោះ​ប្រធានបទ​ស្តីពី​សិទ្ធិមនុស្ស។ ​តាម​ទ្រឹស្តី ​វត្តមាន​ការិយាល័យ​សិទ្ធិមនុស្ស​របស់​សហប្រជាជាតិ​នៅ​កម្ពុជា​ គឺ​ដើម្បី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស ​និង​ជា​ពិសេស​គឺ​ជួយ​កែលម្អ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​នេះ។

ប៉ុន្តែ ​កង្វះ​កិច្ចសហការ​រវាង​ភាគី​ទាំងពីរ​ហាក់​មិន​អាច​ជួយ​កែប្រែ​អ្វី​បាន​ឡើយ។ ​រាល់​ការ​រិះគន់​ជា​ចំហ​របស់​ការិយាល័យ​នេះ​មិន​ខុស​អ្វី​ពី​ការ​ចាក់​សាំង​ទៅ​លើ​ភ្លើង​នោះ​ឡើយ។ ​ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​សហប្រជាជាតិ​គួរ​តែ​ក្លាយ​ជា​ដៃគូ​ក្នុង​ការ​កែលម្អ​ចំណុច​ខ្វះខាត​ទាំងឡាយ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​ជា​ជាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​នាម​ជា​គូ​បដិបក្ខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ