អានតួអត្ថបទ
កម្ពុជា

អ្នករាយការណ៍​ពិសេស អ.ស.ប. វាយ​តម្លៃ​ថា រដ្ឋ​សភា​កម្ពុជា នៅ​ឆក​ល្វែង​មួយ​ចំនួន

អ្នករាយការណ៍​ពិសេស អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី បាន​កត់​សម្គាល់​ថា រដ្ឋ​សភា​កម្ពុជា នៅ​មាន​ការ​ឆក​ល្វែង​មួយ​ចំនួន នៅ​ក្នុង​ការបំពេញ​មុខងារ។ នោះ​គឺ​ការ​មាន​អំណាច​តិចតួច​ក្នុង​ការ​កែ​ច្បាប់ ដែល​តាក់តែង​ដោយ​រដ្ឋាភិបាល។ រដ្ឋសភា​ក៏​បាន​អនុម័ត​ច្បាប់​មួយ​ចំនួន ដែល​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ និង​ជា​ពិសេស​រដ្ឋសភា បាន​បង្កើត​ច្បាប់​រឹតត្បិត​លើ​សេរីភាព​របស់​សមាជិក​សភា​ខ្លួនឯង​ថែម​ទៀត។

លោក ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (រូប​កណ្តាល)
លោក ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (រូប​កណ្តាល) © ចាន់ណា-RFI
ផ្សាយពាណិជ្ជកម្ម

លោក ស៊ូប៊ែឌី បាន​បិទ​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការពិត ស្តីពី សិទ្ធិមនុស្ស លើក​ទី​៥ របស់​លោក នៅ​ថ្ងៃ​សុក្រ​នេះ។ បេសកកម្ម​រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០​ឧសភា អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ បាន​ផ្តោត​លើ​ការ​បន្ត​ពិនិត្យ​តួនាទី​របស់​សភា។

ក្នុង​សន្និសីទ​កាសែត នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ លោក ស៊ូប៊ែឌី បាន​សម្តែង​ការ​ពេញ​ចិត្ត ដោយ​ឃើញ​ការ​រីក​ចម្រើន ដែល​ប្រទេស​កម្ពុជា សម្រេច​បាន ក្នុង​ការបង្កើត​វិធាន​អនុវត្តន៍​របស់​សភា នៅ​ក្នុង​អំឡុង​ពេល​ដ៏​ខ្លី​មួយ។ ក៏ប៉ុន្តែ​អ្នករាយការណ៍​ពិសេស​រូប​នេះ បាន​កត់​សម្គាល់​ថា កម្ពុជា​ក៏​នៅ​មាន​ការ​ឆក​ល្វែង​មួយ​ចំនួន​នៅ​ក្នុង​ការបំពេញ​មុខងា​រ​របស់​សភា​ជា​ទូទៅ ហើយ​ជាពិសេស គឺ​រដ្ឋសភា។​

ជាបឋម លោក​ស៊ូប៊ែឌី លើក​ឡើង​ថា ដំណើរការ​ធ្វើ​ច្បាប់​គ្រប់​ដំណាក់កាល​ទាំងអស់ គួរ​តែ​មាន​តម្លាភាព​ជាង​នេះ។ ក្នុង​នោះ ក៏​មាន​ច្បាប់​មួយ​ចំនួន ដែល​បាន​អនុម័ត ដោយ​រដ្ឋសភា កាលពី​ពេល​កន្លង​មក មាន​និន្នាការ​រឹតត្បិត​ដល់​វិសាលភាព​នៃ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។ សភា​នៅ​កម្ពុជា ក៏​មាន​លទ្ធភាព​តិចតួច​បំផុត ក្នុង​ការរារាំង​រដ្ឋាភិបាល ចំពោះ​ការបង្កើត​ច្បាប់ ដែល​រឹតត្បិត​សិទ្ធិ​ប្រជាពលរដ្ឋ។

លោក ស៊ូប៊ែឌី ដែល​បាន​ជួប​ជាមួយ​ប្រធាន​រដ្ឋសភា នៅ​ព្រឹក​មិញ ក៏បាន​លើក​ឡើង​ថា វិធាន និង​នីតិវិធី​ផ្ទៃ​ក្នុង​មួយ​ចំនួន​របស់​រដ្ឋសភា មិន​ផ្តល់​លទ្ធភាព​ងាយ​ស្រួល​ឲ្យ​សមាជិក​គ្រប់​រូប ប្រើប្រាស់​សេរីភាព​នៃ​ការបញ្ចេញ​មតិ​របស់​ខ្លួន​នោះទេ។ ក្នុង​រយៈពេល​ថ្មីៗ​នេះ វិសាលភាព​សម្រាប់​សមាជិក​សភា ក្នុង​ការចូលរួម​ជជែក​ដេញដោល​ត្រូវបាន​កម្រិត និង​មាន​សមាជិក​សភា​មួយ​ចំនួន ត្រូវបាន​ដក​អភ័យ​ឯកសិទ្ធិ សូម្បី​តែ​ការបញ្ចេញ​មតិ​អំពី​បញ្ហា​នានា ដែល​ជា​ផលប្រយោជន៍​ជាតិ​ក្តី។​

យ៉ាងណាក៏ដោយ លោក ជាម យៀប សមាជិក​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជំរុញ​ឲ្យ​លោក​ស៊ូប៊ែឌី ត្រូវតែ​ស្វែង​យល់​ការពិត និង​ធ្វើ​របាយការណ៍ មាន​តុល្យភាព។ ទោះបីជា​ទទួល​ស្គាល់​ថា ការអនុវត្តន៍ និង​ការគោរព​ច្បាប់​នៅ​កម្ពុជា នៅ​មាន​ខ្វះ​ចន្លោះ​ខ្លះ ក៏​ប៉ុន្តែ​លោក​ ជាម​ យៀប អះអាង​ថា ស្ថានភាព​រដ្ឋសភា​កម្ពុជា មិន​ដូច​អ្វី​ដែល​លោក​ស៊ូប៊ែឌី​បាន​លើក​ឡើង​នោះទេ។​

អំពី​ករណី​ការដក​អភ័យឯកសិទ្ធិ​សមាជិក​សភា​គណបក្ស​ប្រឆាំង ក៏​ត្រូវបាន​លោក ជាម យៀប លើក​ឡើង​ថា រដ្ឋសភា​គ្រាន់​តែ​អនុវត្ត​ច្បាប់ និង​ម្យ៉ាងទៀត ដោយសារ​តែ​សមាជិក​សភា ដូចជា​លោក​សម​រង្ស៊ី បាន​ប្រព្រឹត្ត​កំហុស ដែល​នាំ​ដល់​ការប្តឹង​ផ្តល់នៅ​តុលាការ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ