អានតួអត្ថបទ
សិទ្ធិមនុស្ស

សិទ្ធិ​មនុស្ស​នៅ​ឆ្នាំ​២០១០​គ្រាន់បើ​ជាង​នៅ​ឆ្នាំ​២០០៩

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​Amnesty International ដែល​បាន​សិក្សា​ទៅ​លើ​សិទ្ធិ​មនុស្ស​ក្នុង​អំឡុង​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ​សុក្រ​ទី​១៣​ឧសភា​នេះ។ ចំពោះ​Amnesty International ឆ្នាំ​២០១០​កន្លង​ទៅ​នេះ គឺ​ជា​របត់​មួយ​សម្រាប់​សិទ្ធិ​មនុស្ស នៅ​ក្នុង​ពិភពលោក។

សិទ្ធិ​មនុស្ស​នៅ​ឆ្នាំ​២០១០​គ្រាន់បើ​ជាង​នៅ​ឆ្នាំ​២០០៩
សិទ្ធិ​មនុស្ស​នៅ​ឆ្នាំ​២០១០​គ្រាន់បើ​ជាង​នៅ​ឆ្នាំ​២០០៩ ©RFI
ផ្សាយពាណិជ្ជកម្ម

ចំពោះ​Amnesty International ពួក​អ្នក​ស្នេហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ពិភពលោក បាន​ទទួល​ជ័យជំនះ​មួយ​ធំធេង ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១០ កន្លង​ផុត​ទៅ​នេះ។ ជ័យ​ជំនះ​នោះ វា​បាន​ស្តែង​ឡើង ជា​អាទិ៍​តាម​រយៈ​ការ​ផ្តល់​រង្វាន់​ណូបែល​ផ្នែក​សន្តិភាព​ទៅ​ឲ្យ​សកម្មជន​ចិនLiu Xiaobo ការ​ដោះ​លែង​លោក​ស្រីAung San Suu Kyi នៅ​ភូមា​និង​បដិវត្តន៍​ផ្កា​ម្លិះ​នៅ​ទុយ​នី​ស៊ី។

នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​កម្រាស់​៤០០​ទំព័រ Amnesty International បាន​និយាយ​រៀបរាប់​យ៉ាង​លម្អិត​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​បណ្តា​ប្រទេស​ចំនួន​១៥៧​នៅ​ក្នុង​លោក។ របាយការណ៍​បញ្ជាក់​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ឆ្នាំ​២០១០ មាន​លក្ខណៈ​ប្រសើរ​ជាង​ឆ្នាំ​២០០៩ តែ​ការ​រំលោភ​បំពាន​ខ្លាំង​ទៅ​លើ​សិទ្ធិ​មនុស្ស​នៅ​តែ​បន្ត​មាន​ត​ទៅ​ទៀត នៅ​ក្នុង​ប្រទេស​ចំនួន​ជាង​៧០។

សម្រាប់​Amnesty International សកម្មជន​សិទ្ធិ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​គំរាម​កំហែង​ឃុំ​ខ្លួន ធ្វើ​ទារុណកម្ម និង​សម្លាប់ នៅ​អាហ្វហ្កានីស្ថាន អង់ហ្គោឡា ប្រេស៊ីល ចិន ម៉ិកស៊ិក អ៊ូស្បេគីស្ថាន រុស្ស៊ី អ៊ុយក្រែន បេឡារុស្ស៊ី គៀរហ្ស៊ីស្ថាន និង​នីហ្សេរីយ៉ា ។ល។និង។ល។

យ៉ាង​ណា​ក៏​ដោយ ក៏​មាន​ដែរ​ការ​រីក​ចម្រើន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ Amnesty International គូស​បញ្ជាក់​ជា​អាទិ៍​ថា ប្រទេស​មួយ​ចំនួន ដូច​យ៉ាង​ហ្កាបុង​ជា​ដើម​បាន​លុប​ចោល​ទោស​ប្រហារ​ជីវិត និង​ថា​សិទ្ធិ​មនុស្ស​នៅ​ឥណ្ឌូនេស៊ី​ព្រម​ទាំង​នៅ សៀរ៉ាឡេអូន នៅ​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ មាន​លក្ខណៈ​ប្រសើរ​ជាង​នៅ​ឆ្នាំ​២០០៩។
អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ល្បី​មួយ​នេះ ក៏​ឆ្លៀត​អំពាវនាវ​ឲ្យ​អ្នក​ដឹក​នាំ​នៅ​ក្នុង​លោក​ប្រឹងប្រែង​ធ្វើ​ឲ្យ​សិទ្ធិ​មនុស្ស​រឹងរឹត​តែ​ប្រសើរ នៅ​ឆ្នាំ​២០១១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ