អានតួអត្ថបទ
កម្ពុជា

ចៅក្រម​ស៊ើប​អង្កេត​សួរចម្លើយ​បន្ថែម​លើ​ជនជាតិ​ថៃ​៧នាក់​នៅថ្ងៃនេះ​

ពេញមួយ​ថ្ងៃ​ព្រហស្បតិ៍​នេះ ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលា​រាជធានី​ភ្នំពេញ​បានសួរ​ចម្លើយ​ជនជាតិ​ថៃ​ទាំង​៧នាក់។ ជាការ​សាកសួរ​បន្ថែម ក្រោយ​ពី​ចៅក្រម​ស៊ើប​បាន​ទទួល​សំណុំ​រឿង​ពី​ព្រះរាជ​អាជ្ញា។​ ព្រះរាជ​អាជ្ញា​បានចោទ​ប្រកាន់​ជនជាតិ​ថៃ​ទាំង​៧នាក់ ​ពីបទ​ឆ្លងដែន​ខុសច្បាប់​ និង​ចូល​ក្នុង​ទីលាន​យោធា​ក្នុង​បំណង​ទុច្ចរិត។ 

សាលា​រាជធានី​ភ្នំពេញ​សួរចម្លើយ​ជនជាតិថៃ​ទាំង៧នាក់​
សាលា​រាជធានី​ភ្នំពេញ​សួរចម្លើយ​ជនជាតិថៃ​ទាំង៧នាក់​ © សុវណ្ណរ៉ា
ផ្សាយពាណិជ្ជកម្ម

01:38

សេចក្តីរាយការណ៍របស់​ លាង ដឺលុច

ចៅក្រម​ស៊ើប​អង្កេត​សាលា​រាជធានី​ភ្នំពេញ​លោកស្រី​ចាំង ស៊ីណាត​បាន​សួរចម្លើយ​ជនជាតិ​ថៃ​ទាំង​៧​នាក់​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃនេះ។ នេះ​គឺ​ជា​ការអនុវត្ត​នីតិវិធី​តុលាការ ​បន្ទាប់​ពី​ព្រះរាជ​អាជ្ញា​បាន​សួរ​ចម្លើយ ​ហើយ​បាន​ចោទ​ប្រកាន់​ជនជាតិថៃ​ទាំងនេះ​ពី​បទ​ឆ្លងដែន​ចូលដី​ខ្មែរ​ខុសច្បាប់​ និង​ចូល​ក្នុង​ទីលាន​យោធា​ក្នុង​បំណង​ទុច្ចរិត។

 

នៅក្នុង​ដំណាក់​នៃ​ការ​សួរ​ចម្លើយ​ពី​សំណាក់​ចៅក្រម​ស៊ើបសួរ​នេះ យោងតាម​និតិវិធី​ចៅក្រម​អាច​នឹង​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់ ប្រសិន​បើ​ចៅក្រម​រក​មិនឃើញ​បទល្មើស​នោះ។ ​ផ្ទុយ​ទៅវិញ ក្នុងករណី​ចៅក្រម​ស៊ើបអង្កេត​រកឃើញ​មាន​បទល្មើស​ថ្មី​នោះ ចៅក្រុម​ស៊ើប​នឹង​ចោទ​ប្រកាន់​បន្ថែម​ទៀត។ ​មក​ដល់​ល្ងាច​ម៉ោង​៦​ថ្ងៃ​ព្រហស្បតិ៍​នេះ ការ​សាកសួរ​នៅមិន​ទាន់​ចប់​នៅឡើយទេ។
នៅពេល​ដែល​តុលាការ​កម្ពុជា​កំពុង​សួរចម្លើយ​បន្ថែម​ទៅលើ​ជនជាតិ​ថៃ​ទាំង៧​នាក់​នោះ ស្ថានភាព​នៅ​ព្រំដែន​ត្រង់​ចំនុច​បង្គោល​ព្រំដែន​លេខ​៤៦​ដែល​មាន​បញ្ហា​នោះ​បាន​ស្រាកស្រាន​ទៅវិញ​ហើយ​នៅ​ថ្ងៃនេះ។ ប្រភព​យោធា​ពី​ចំនុច​ព្រំដែន​​បាន​បញ្ជាក់​អោយដឹងថា គេ​មិន​ឃើញ​មាន​វត្តមាន​ក្រុម​បាតុករ​អាវលឿង​ព្យាយាម​រុល​មក​ចំនុច​បង្គោល​ព្រំដែន​ទៀត​នោះ​ទេ។ ប្រភព​ដដែល​បាន​បន្តថា គេ​ក៏​មិន​បាន​ឃើញ​ក្រុម​ទាហាន​ឈុតខ្មៅ​ថៃ ដាក់​ពង្រាយ​កម្លាំង​របស់​ខ្លួន​នៅតាម​ព្រំដែន​ទៀតដែរ។

 
គួរ​រម្លឹក​ថា ក្រុម​បាតុករ​អាវលឿង​បាន​ព្យាយាម​រុល​មក​ចំនុច​ព្រំដែន​លេខ​៤៦ ដើម្បី​តវ៉ា​អោយ​កម្ពុជា​ដោះលែង​ជនជាតិ​ថៃ​ទាំង៧​នាក់​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់ខ្លួន​តាំងពី​ថ្ងៃទី​២៩ធ្នូ។ អាជ្ញាធរ​ថៃ​បានដាក់​ពង្រាយ​កម្លាំង​កងទ័ព​ជាច្រើន​ដើម្បី​ទប់ស្កាត់ ​និង​បំបែក​ក្រុម​បាតុករ​មិនអោយ​ពួកគេ​ចូល​មកជិត​ចំនុច​ព្រំដែន​ ដើម្បី​ចៀសវាង​ការ​បង្ក​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​នោះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ