អានតួអត្ថបទ
កម្ពុជា-ថៃ

ប្រមុខ​ការទូត​ថៃ​ស្នើ​រដ្ឋាភិបាល​ពិចារណា​លើ​ទំនាក់ទំនង​កម្ពុជា ថៃ

កាសែតថៃ​បាន​ផ្សាយ​ថា រដ្ឋមន្ត្រី​ការបរទេស​ថៃ លោកកាស៊ីត ភិរម្យ​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ខ្លួន​អោយ​ពិចារណា​អំពី​ទំនាក់ទំនង​របស់​ថៃ​ ជាមួយ​កម្ពុជា​ឡើង​វិញ ប្រសិន​បើ​កម្ពុជា​មិន​ព្រម​សម្រួល​ស្ថានការណ៍​នៃ​ការ​ចាប់​ខ្លួន​ជនជាតិ​ថៃ ​ទាំង៧​នាក់​នោះ។ ចំពោះ​កម្ពុជា​វិញ យោង​តាម​ការ​អះអាង​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស កម្ពុជា​មិន​យក​បញ្ហា​ចាប់ខ្លួន​ជនជាតិ​ថៃ​នេះ ទៅ​ឡូកឡំ​ជាមួយ​ទំនាក់ទំនង​ការទូត​នោះ​ឡើយ។ នៅ​ថ្ងៃ​ស្អែក ជនជាតិថៃ​ទាំង៧​នាក់​នឹង​ត្រូវ​តុលាការ​រាជធានី​សាកសួរ​បន្ថែម​ទៀត។

រដ្ឋមន្ត្រី​ការបរទេស​ថៃ លោកកាស៊ីត ភិរម្យ និង​រដ្ឋមន្រ្តី​ការបរទេស​ខ្មែរ លោក ហោ ណំាហុង
រដ្ឋមន្ត្រី​ការបរទេស​ថៃ លោកកាស៊ីត ភិរម្យ និង​រដ្ឋមន្រ្តី​ការបរទេស​ខ្មែរ លោក ហោ ណំាហុង ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
01:53

សេចក្តីរាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ

កាសែត​ថៃ The Nation បាន​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​៥​មករា​នេះ​ថា ប្រមុខការ​ទូត​ថៃ​លោក​កាស៊ីត ភិរម្យ​បាន​ថ្លែងប្រាប់​រដ្ឋាភិបាល​របស់​ខ្លួន​ថា លោក​មិន​អាច​ដោះស្រាយ​បញ្ហា​ការ​ចាប់ខ្លួន​ជនជាតិ​ថៃ​ទាំង៧ ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​នោះទេ។ ហើយ​លោក​រដ្ឋមន្ត្រី​ការបរទេស​ថៃ​រូប​នេះ បាន​ស្នើ​អោយ​រដ្ឋាភិបាល​ថៃ​ពិនិត្យ​មើល​ទំនាក់ទំនង​កម្ពុជាថៃ​ឡើងវិញ។ កាសែត​ថៃ​ដែល​បាន​ដកស្រង់​ប្រភពមិន​បញ្ចេញ​ឈ្មោះ​របស់​រដ្ឋាភិបាល​ថៃ មិនបាន​បញ្ជាក់​លំអិត​អំពី​អត្ថន័យ​នៃការ​ពិចារណា​លើ​ទំនាក់ទំនង​កម្ពុជាថៃ ដែល​ស្នើ​ដោយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ​នោះឡើយ។

ប៉ុន្តែ ទោះ​យ៉ាងណា​ក៏ដោយ កម្ពុជា​មិន​ខ្វល់​ពី​សំដី​របស់​លោក​កាស៊ីត​នោះ​ទេ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក​កុយ គួង​បាន​បញ្ជាក់​ប្រាប់​ថា កម្ពុជា​នៅមាន​ជំហរ​ដដែល​គឺ​ថា ការ​ចាប់ខ្លួន​ជនជាតិ​ថៃ​ទាំង​៧នាក់​គឺ​ជា​រឿង​ដោយឡែក​មួយ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​កម្ពុជាថៃ​នោះ​ឡើយ។ លោក​កុយ គួង​បន្ត​ថា លោក​រដ្ឋមន្ត្រី​ការបរទេសថៃ​ក៏​បាន​យល់​ដូចគ្នា​អំពី​បញ្ហា​នេះ នៅពេល​ដែល​លោក​បាន​មក​ជួប​លោក​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ មួយ​ថ្ងៃក្រោយ​ការ​ចាប់ខ្លួន​ជនជាតិ​ថៃ​ទាំង​នោះ។

នៅថ្ងៃ​ព្រហស្បតិ៍​ទី​៦​មករា​ស្អែក​នេះ តុលាការ​រាជធានី​ភ្នំពេញ នឹង​កោះហៅ​សាកសួរ​ជនជាតិ​ថៃ​ទាំង​៧​នាក់ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​រស់ អូន មេធាវី​មួយ​រូប​របស់​ជនជាតិ​ថៃ​ទាំង​៧នាក់​នេះ។ មេធាវី​រូប​នេះ​បន្ត​ថា បន្ទាប់​ពី​ការ​សាកសួរ​នេះ លោក​នឹង​ធ្វើ​សំណើ​សុំ​ដោះលែង​កូនក្តី​របស់​លោក​អោយ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន។

ទាក់ទងនឹង​ការចាប់​ខ្លួន​ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ​ដដែល តាំងពី​ថ្ងៃ​ម្សិលមិញ​បណ្តាញ​សារព័ត៌មាន​អនឡាញ​ជាច្រើន​បាន​ផ្សព្វផ្សាយ​វីដេអូ​ក្លីប​ដែល​បង្ហាញ​ពី​សកម្មភាព​ជនជាតិ​ថៃ​ទាំង៧​ដើរ​ចូល​ទឹកដី​កម្ពុជា។ ខ្សែ​វីដេអូ​ដដែល​បាន​បង្ហាញ​ថា សមាជិក​សភា​លោក ផានិច វីគីតស្រេត​បាន​កំពុង​និយាយ​ទូរស័ព្ទ​ជាមួយ​មនុស្ស​ម្នាក់ ហើយ​ប្រាប់​អោយ​មនុស្ស​ម្នាក់​នោះ​ប្រាប់​ទៅជំនួយការ​លោក​នាយករដ្ឋមន្ត្រី​ថៃ​ថា លោក​បាន​ចូល​ដល់​ទឹកដី​កម្ពុជា​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ