អានតួអត្ថបទ
កម្ពុជា

កងទ័ព​កម្ពុជា​ស្ថិត​ក្នុងលក្ខណៈ​ត្រៀមទប់​ស្កាត់​បាតុករ​អាវលឿង​ជានិច្ច​

នៅថ្ងៃ​អង្គារ​ទី៤​មករា​នេះ​ កង​ទ័ព​កម្ពុជា​កំពុង​ស្ថិត​ក្នុង​សភាព​ប្រុង​ជើងការ​ជានិច្ច​ដើម្បី​ទប់​ ស្កាត់​ក្រុម​ពូក​បាតុករ​អាវលឿង​ដែល​បាន​រុល​ចូល​មក​ក្បែរ​ចំនុច​បង្គោល​ ព្រំដែន​លេខ៤៦​កម្ពុជា-ថៃ។​ អាជ្ញាធរ​ថៃ​បាន​បន្ថែម​កងទ័ព​ឈុតខ្មៅ​និង​រថពាសដែក​ដើម្បី​ទប់ស្កាត់​មិន​ អោយ​បាតុករ​អាវលឿង​ចូល​មក​ដល់​ចំនុច​ព្រំដែន។ 

កងទ័ព​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​លក្ខណៈ​ត្រៀម
កងទ័ព​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​លក្ខណៈ​ត្រៀម ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

01:46

សេចក្តីរាយការណ៍របស់​ លាង ដឺលុច

នៅម៉ោង​៥​ល្ងាច​ថ្ងៃ​អង្គារទី​៤​មករា​នេះ ក្រុម​បាតុករ​ថៃ​អាវលឿង​ជាច្រើន​រយនាក់​បាន​រុល​ចូល​មក​ដល់​ចម្ងាយ​៤​គីឡូម៉ែត្រមុន​ចំនុច​បង្គោល​ព្រំដែន​លេខ​៤៦​ហើយ​ក្នុង​ទឹកដី​ថៃ។​ អភិបាលរង​ខេត្ត​បន្ទាយ​មានជ័យ លោក​អ៊ឹម ភាន់​សុផល​បាន​រៀបរាប់​អោយ​ដឹង​ថា កងទ័ព​កម្ពុជា​បាន​ស្ថិត​នៅក្នុង​សភាពប្រុង​ជើង​ការ​ជានិច្ច ​ដើម្បី​ការពារ​បូរណភាព​ទឹកដី។ អភិបាលរង​ខេត្ត​បន្ទាយ​មានជ័យ​បាន​បញ្ជាក់​ផងដែរ​ថា ប្រជាជន​ថៃ​ក្នុងខេត្ត​ស្រះកែវ​ក៏​បាន​ជួយ​ទប់​ស្កាត់​ក្រុម​បាតុករ​អាវលឿង​ផងដែរ។ ​

ប៉ុន្តែ ​ដោយហេតុ​ក្រុម​អាវលឿង​បាន​កេណ្ឌ​គ្នា​បាន​យ៉ាងច្រើន​នៅល្ងាច​ថ្ងៃ​អង្គារនេះ អាជ្ញាធរ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​ដែល​ស្ថិត​នៅ​ទល់មុខ​ខេត្ត​បន្ទាយមាន​ជ័យ​របស់​កម្ពុជា​នោះ ​បាន​ពង្រាយ​រថពាស​ដែក​៥​គ្រឿង និង​កម្លាំងកងទ័ព​ឈុតខ្មៅ​បន្ថែម​ទៀត នៅ​ក្បែរ​​ចំនុច​បង្គោល​ព្រំដែន​លេខ៤៦ ដែលជា​គោលដៅ​របស់​ក្រុមបាតុករ​អាវលឿង។ ចំនុច​បង្គោល​ព្រំដែន​លេខ​៤៦​នេះ​ហើយដែល​ជនជាតិ​ថៃ​៧នាក់​ដែល​ក្នុង​នោះ​មាន​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​របស់​លោក​នាយករដ្ឋមន្ត្រី​ថៃ​អាប់ភីស៊ីត វេចាជីវ៉ា​ម្នាក់ និង​សមាជិក​ក្រុម​អាវលឿង​ម្នាក់ បាន​ដើរ​ឆ្លងកាត់​ហើយ​ចូល​មក​ដល់​ក្នុងភូមិ​របស់​កម្ពុជា ហើយ​ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ឃាត់​ខ្លួន​ពី​បទ​ឆ្លងដែន​ខុសច្បាប់។

 ក្រុម​បាតុករ​អាវលឿង បាន​ព្យាយាម​ស្រែក​តវ៉ា ចាក់​មីក្រូ ទាំងថ្ងៃ និង​ទាំងយប់​អធ្រាត្រ នៅក្បែរ​ស្ថានអគ្គកុងស៊ុល​កម្ពុជា​ក្នុងស្រុក​អារញ្ញ​តាំងពី​ម្សិលមិញ។ ហើយ​រហូត​ដល់​រសៀល​ម៉ោង១​នៅថ្ងៃអង្គារនេះ ទើប​ក្រុម​អាជ្ញាធរ​ថៃ​បាន​បំបែក​ពួកគេ​អោយ​ត្រលប់​ក្រោយវិញ។ ប៉ុន្តែ​ពួកគេ​បាន​កែន​ជួបជុំគ្នា ហើយ​រុលមក​ខាង​ចំនុច​បង្គោល​ព្រំដែន​លេខ៤៦​ដែល​ស្ថិត​នៅក្នុង​ស្រុក​គោកធ្យូង​ទល់មុខ​ឃុំ​អូបីជាន់​ ខេត្តបន្ទាយមានជ័យ។​ មកដល់​ព្រលប់​ថ្ងៃ​អង្គារនេះ មិនទាន់​មាន​ព័ត៌មាន​បន្ថែម​ពី​សភាពការណ៍​ក្រុមអាវលឿង​និង​អាជ្ញាធរ​ថៃ​នៅឡើយទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ