អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ជម្លោះ​រវាង​អ្នកនយោបាយ និង​ដំណោះស្រាយ​តាម​របៀបខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទំនាស់​រវាង​បក្ស​ប្រឆាំង​និង​រដ្ឋាភិបាល​ក្នុង​សំណុំ​រឿង​ព្រំដែន​កំពុង​តែ ​តានតឹង​ខ្លាំង​ឡើង​ជា​លំដាប់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​លោក​សម​ រង្ស៊ី​ឲ្យ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ។​ ចំណែក​លោក​សម ​រង្ស៊ី​ឯណោះ​វិញ​បាន​ប្រកាស​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​តុលាការ​សហរដ្ឋ ​អាមេរិក ក្នុង​រឿង​ភេរវកម្ម​គប់គ្រាប់បែក កាល​ពី​ឆ្នាំ​១៩៩៧។ ​នេះ​ជា​យុទ្ធសាស្ត្រ​វាយ​បក​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​តបទៅ​លោក​នាយក​ រដ្ឋមន្ត្រី​ហ៊ុន សែន។​ តើ​ការ​សម្រប​​សម្រួល​គ្នា​ដែល​អ្នក​នយោបាយ​ខ្មែរ​តែង​ប្រើ​កន្លង​ទៅ នៅ​តែ​មាន​តម្លៃ​ដែរ​ឬទេ​ក្នុង​សំណុំរឿង​ព្រំដែន?

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​កាត់ទោស​លោក​សម រង្ស៊ី​ឲ្យ​ជាប់គុក ១០​ឆ្នាំ
សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​កាត់ទោស​លោក​សម រង្ស៊ី​ឲ្យ​ជាប់គុក ១០​ឆ្នាំ ©reuters
ផ្សាយពាណិជ្ជកម្ម

 

ដំណោះស្រាយ​ក្នុង​សំណុំ​រឿង​លោក​សម​ រង្ស៊ី ​កាន់តែ​ឈាន​ទៅ​រក​ស្ថានភាព​​ងងឹត​សូន្យ​សុង​ឡើង​ជា​លំដាប់​ក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ។ ​មេដឹកនាំ​បក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​កាល​ពី​ខែ​មករា​កន្លង​ទៅ​ ឥឡូវនេះ​តុលាការ​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ​ទៀត​​ក្នុង​សំណុំ​រឿង​ព្រំដែន​ដដែល។ ពេល​នេះ​ភាគី​ទាំង​សងខាង​កំពុង​បង្កើន​ភាព​ក្រអឺត​​ក្រទម​ដាក់​គ្នា​កាន់​តែ​ខ្លាំង​ដោយ​ម្ខាង​អាង​លើ​សហគមន៍​អន្តរជាតិ​ឯម្ខាង​ទៀត​អាង​លើ​សាលក្រម​របស់​តុលាការ។

អំណាច​សាលក្រម​តុលាការ​បាន​ធ្វើឲ្យ​លោក​សម ​រង្ស៊ី​ក្លាយ​ជា​ពិរុទ្ធជន​ជាថ្មី​​ម្តង​ទៀត​នៅ​ពេល​នេះ​បើ​ទោះបី​ជា​លោក​មិន​ទទួល​យក​ការ​កាត់ក្តី​នេះ​ក៏​ដោយ​ចុះ។ ​នេះ​បើ​និយាយ​ពី​បញ្ហា​ផ្លូវ​ច្បាប់​ ប៉ុន្តែ​ បើ​និយាយ​ពី​ផ្លូវ​នយោបាយ កុំថា​ឡើយ​រឿង​ប៉ុណ្ណឹង​​ រឿង​ធំ​ជាង​នេះ​ដប់​ដង​ក៏អាច​ដោះស្រាយ​បាន​ដែរ។​ ការ​លើក​លែង​ទោស​របស់​ព្រះមហាក្សត្រ​តាម​សំណើ​របស់​​នាយក​រដ្ឋមន្ត្រី គឺជា​ច្រក​ចុងក្រោយ​និង​តែ​មួយ​គត់​សម្រាប់​រាល់​ដំណោះស្រាយ​បញ្ហា​​របស់​អ្នកនយោបាយ​ដូច​ដែល​គេ​ធ្លាប់​បាន​ឃើញ​ជា​ហូរហែ​រួច​ហើយ។ ​ប៉ុន្តែ​ មុន​នឹង​ឈាន​ដល់​ការលើក​លែង​ទោស​ ភាគី​ទាំងពីរ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​សម្រប​សម្រួល​​នយោបាយ​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​សម្បទាន​ទៅ​វិញ​ទៅ​មក​ជា​ចាំបាច់។

ក៏ប៉ុន្តែ ​ព្រឹត្តិការណ៍​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ពេល​នេះ ហាក់​ដូចជា​ដើរ​បញ្រ្ចាស​ទិស​នៃ​ចរន្ត​សម្រប​សម្រួល​១៨០​អង្សា​ទៅ​វិញ។ ​គណបក្ស​កាន់​អំណាច​បាន​​ប្រកាស​បិទ​ផ្លូវ​ចំពោះ​ការ​សម្រប​សម្រួល​ជាមួយ​លោក​សម ​រង្ស៊ី ​រីឯ​លោក​សម​ រង្ស៊ី​វិញ​បាន​សម្រេច​ចិត្ត​សើរើ​រឿង​ចាស់​ដែល​លោក​ធ្លាប់​បាន​សម្រប​សម្រួល​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ម្តង​រួច​ហើយ​នោះ​មក​ធ្វើ​ជារឿង​ថ្មី​ឡើង​វិញ។ ​នោះ​គឺ​ការ​ប្តឹង​​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​តុលាការ​សហរដ្ឋ​អាមេរិក​ទាក់​ទិន​នឹង​អំពើ​ភេរវកម្ម​គប់​គ្រាប់​បែក​ក្នុង​ហ្វូង​បាតុករ​កាល​ពី​ខែមីនា​ឆ្នាំ​១៩៩៧ នៅ​មុខ​មន្ទីរ​រដ្ឋសភា​ជាតិ។

មេដឹកនាំ​បក្ស​ប្រឆាំង​ទំនង​ជា​សង្ឃឹម​ថា ពាក្យ​បណ្តឹង​របស់​ខ្លួន​អាច​យក​មក​ធ្វើ​​ជា​ថ្នូរ​សម្រាប់​ការ​សម្រប​សម្រួល​នយោបាយ​ដូចកាល​ពី​ចុង​ឆ្នាំ​២០០៥​ម្តង​ទៀត។ ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​លោក​សម ​រង្ស៊ី​ត្រូវ​ស្វែងរក​ទម្ងន់​ដៃ​ដើម្បី​តទល់​ជាមួយ​​គូបដិបក្ខ​របស់​ខ្លួន។ ​ប្រសិន​បើ​យុទ្ធសាស្ត្រ​នេះ​សម្រេច​ផល​ វា​ជា​ការ​ល្អ​សម្រាប់​​អនាគត​នយោបាយ​របស់​មេ​បក្ស​ប្រឆាំង ​ប៉ុន្តែ ​បើ​ផ្ទុយ​ពី​នេះ​ លោក​សម​ រង្ស៊ី​ប្រហែល​​ជា​ត្រូវ​ប្រឈម​មុខ​នឹង​ការ​និរទេស​ខ្លួន​ក្នុង​រយៈ​ពេល​យូរ​តទៅ​ទៀត​ពោល​គឺអាច​យូរ​​រហូត​ដល់​ផុត​រដូវ​បោះឆ្នោត​ឆ្នាំ​២០១២​និង​២០១៣​ខាង​មុខ​នេះ។

ដូច្នេះ​ សម្រាប់​កាលៈទេសៈ​នៃ​ការបោះឆ្នោត​ ការ​ចាប់​ផ្តើម​រក​ដំណោះ​ស្រាយ​​កាន់​តែ​ឆាប់ កាន់​តែ​ល្អ។ ​ប៉ុន្តែ ​ដោយ​ហេតុថា​បញ្ហា​ព្រំដែន​ជា​ចំណុច​​រសើប​ហើយ​ដែល​ទាក់​ទិន​ដល់​ប្រជាប្រិយភាព​នយោបាយ​ផង​នោះ​ ការ​សម្រប​​សម្រួល​នយោបាយ​ប្រាកដ​ជា​មាន​លក្ខណៈ​ស្មុគស្មាញ​ជាង​បញ្ហា​ផ្សេង​ទៀត​ជា​​មិន​ខាន។ ទោះ​ជា​យ៉ាង​ណា ​គេ​ដូច​ជា​គ្មាន​ឃើញ​ច្រក​ណា​ផ្សេង​ក្រៅ​ពី​វិធី​ដោះស្រាយ​​តាម​របៀប​ខ្មែរ​ដែល​អ្នក​នយោបាយ​ធ្លាប់​ប្រើ​កន្លង​ទៅ​នោះ​ឡើយ។

ប៉ុន្តែ ​ការ​សម្រប​សម្រួល​ខាង​នយោបាយ​ដែល​គេ​តែង​ប្រើ​ជា​ហូរហែ​មក​នោះ​​មិន​មែន​សុទ្ធ​តែ​ល្អ​នោះ​ដែរ។​ ចំណុច​ល្អ​របស់​វា​នៅ​ត្រង់​ថា​គេ​អាច​បញ្ចប់​រាល់​បញ្ហា​​តូចធំ​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង។ ​ប៉ុន្តែ​ វិធី​សម្រប​សម្រួល​នយោបាយ​ក៏អាច​បង្កើត​ទម្លាប់​អាក្រក់​មួយ​សម្រាប់​អ្នក​នយោបាយ​ដែរ​ពោលគឺ​អ្នក​នយោបាយ​ងាយ​នឹង​បង្កើត​បញ្ហា​ផ្សេងៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ប្រជា​ប្រិយភាព​របស់​ខ្លួន​ទោះ​ជា​ត្រូវ​ប្រើ​​មធ្យោបាយ​អ្វី​ក៏ដោយ ​និង​ទោះ​បីជា​បញ្ហា​នោះ​មាន​កម្រិត​ធ្ងន់ធ្ងរ​ក៏ដោយ​ពីព្រោះ​ ទីបំផុត​ទៅ​​ពួកគេ​អាច​តថ្លៃ​គ្នា​បាន​ដើម្បី​បញ្ចប់​បញ្ហា​ទាំង​នោះ។

ក្នុង​បរិបទ​នេះ ​ការ​បណ្តុះ​វប្បធម៌​ប្រជាធិបតេយ្យ ​និង​វប្បធម៌​ទទួល​ខុស​ត្រូវក្នុង​ចំណោម​អ្នក​នយោបាយ​​ប្រហែល​ជា​ការ​ចាំបាច់​ជាង​ដើម្បី​ធានា​ឲ្យ​មាន​នីតិរដ្ឋ​ពិត​ប្រាកដ​មួយ​នៅ​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ