អានតួអត្ថបទ
កម្ពុជា

តុលាកា​រផ្តន្ទាទោស​ដាក់ពន្ធនាគារ​សមរង្ស៊ី១០ឆ្នាំ​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស​លោក សមរង្ស៊ី​ដាក់​ពន្ធនាគារ​រយៈពេល ​១០ ឆ្នាំ ​ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​សរុប ​៦៥ លាន​រៀល​ស្មើ​ប្រមាណ​១៥.០០០ ដុល្លារ​អាមេរិក​ក្នុង​សំណុំរឿង​ផែនទី​ក្លែងក្លាយ។ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​ផ្តន្ទាទោស​លោក​ស​ម​រង្ស៊ី​ដូច្នេះ ត្រូវបាន​មេធាវី​ការពារ​លោក​សម​រង្ស៊ី និង​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​ ចាត់​ទុកថា​ ជា​រឿង​អយុត្តិធម៌ និង​គ្រោង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​នេះ។

តុលាការ​ក្រុងភ្នំពេញ​បានប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក​ សមរង្ស៊ី​
តុលាការ​ក្រុងភ្នំពេញ​បានប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក​ សមរង្ស៊ី​ ©​ សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

02:26

សេចក្តីរាយការណ៍របស់​ លី ម៉េងហួរ

លី ម៉េងហួរ

02:30

ប្រតិកម្មរបស់​លោក សម រង្ស៊ី

គួច គន្ធារ៉ា

បន្ទាប់ពី​សវនាកា​រកា​លពី​ថ្ងៃទី​៨ ខែ​កញ្ញា នៅ​ព្រឹក​ថ្ងៃ​២៣​កញ្ញា​នេះ លោក​ចៅក្រម កែ ​សាខន ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​ក្រុង​ភ្នំពេញ ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក សមរង្ស៊ី ដាក់​ពន្ធនាគារ​ ១០ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​សរុប​៦៥ លាន​រៀល ស្មើ​ប្រមាណ ១៥.០០០ ដុល្លារ​អាមេរិក​។ ​ក្រៅ​ការសម្រេច​ផ្តន្ទាទោស ក្នុង​រឿង​ផែនទី​ក្លែងក្លាយ​នេះ លោក​សម​រង្ស៊ី ដែល​កំពុង​រស់​នៅ​ក្រៅប្រទេស ក៏​ត្រូវ​តុលាការ សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​តាម​ចាប់ខ្លួន​ផងដែរ។

 
លោក សមរង្ស៊ី អាយុ​ ៦០ ឆ្នាំ​ ជាប់​ចោទ​ពី​បទ​ការ​ក្លែង​បន្លំ​អក្សរ​ក្នុង​ឯកសារ​សាធារណៈ​និង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត ​តាមរយៈ​ផែនទី​ក្លែងក្លាយ​ដែល​មេ​បក្ស​ប្រឆាំង​រូបនេះ​អះអាង​ថា ការបោះបង្គោល​កំណត់​ព្រំដែន​កម្ពុជា​វៀតណាម​ ក្នុង​ខេត្ត​ស្វាយរៀង​ បានបោះ​ចូល​លើ​ដី​ខ្មែរ។

លោក​ចៅក្រម កែ សា​ខន បាន​លើកឡើង​ថា លោក សមរង្ស៊ី បាន​លួច​កែ​លិខិត​ផ្លូវការ​ គឺ​ផែនទី​ប្រទេស​កម្ពុជា ​ដោយ​សូក​បញ្ចូល​នូវ​លេខ​អក្សរ​សញ្ញា ​ដែល​កំណត់​ពី​ទីតាំង​បង្គោល​ព្រំដែន​លេខ ១៨៤, ១៨៥, ​១៨៦ និង​១៨៧ និង​លើ​សន្លឹក​ផែនទី​ខុសពី​ការពិត ​ដោយ​យក​ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ដើម្បី​ទម្លាក់​កំហុស​លើ​រដ្ឋាភិបាល​កម្ពុជា ថា​បាន​កាត់​ទឹក​ដី​ឲ្យទៅ​ប្រទេស​វៀតណាម ​តាមរយៈ​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​នៅ​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀង។

លោក​ចៅក្រម បាន​បន្ថែមថា​ ការ​ទម្លាក់​កំហុស​រប​ស់មេ​បក្សប្រឆាំង​នេះ​ធ្វើឡើង​ដោយ​អសុច្ច​ចិត្ត ​ដើម្បី​ទទួល​បាន​ការ​ចំណេញ​នយោបាយ​។​ ម្យ៉ាងវិញ​ទៀត ការ​ផ្សព្វផ្សាយ​ឯកសារ​ផែនទី តាម​គេហទំព័រ និង​ការ​សម្ភាសន៍​តាម​វិទ្យុ ​ដែល​បាន​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស​និង​ជា​អន្តរជាតិ​ផង​នោះ បាន​ធ្វើឲ្យ​មាន​ការយល់​ច្រលំ​ពី​មជ្ឈដ្ឋា​ន​ជាតិ ​និង​អន្តរជាតិ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើ​កិច្ចការ​នាំ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ និង​បាត់បង់​ទឹកដី។

ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​ផ្តន្ទាទោស​លោក​ស​ម​រង្ស៊ី​ដូច្នេះ ត្រូវបាន​មេធាវី​ការពារ​លោក​សម​រង្ស៊ី និង​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​ ចាត់​ទុកថា​ ជា​រឿង​អយុត្តិធម៌ និង​គ្រោង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​នេះ។

ក៏​ប៉ុន្តែ​លោក​មេធាវី គី តិច ​ដែល​ការពារ​ពាក្យបណ្តឹង​របស់​រដ្ឋាភិបាល បាន​លើកឡើង​ថា ​សាលក្រម​ផ្តន្ទាទោស ​និង​ពិន័យ​លើ​លោក​សម​រង្ស៊ី​នេះ ​យើងអាច​ទទួល​យកបាន ​ហើយ​តុលាការ បាន​ផ្តល់​យុត្តិធម៌​ដល់​រដ្ឋាភិបាល៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ