អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឥរិយាបថមិនគោរពច្បាប់ជាទម្លាប់ដែលត្រូវកែប្រែ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការមិន​គោរព​ច្បាប់ គឺជា​ឥរិយាបថ​ដែល​កើត​មាន​ស្ទើរ​គ្រប់​វិស័យ និង​គ្រប់​ទីកន្លែង នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ​ជា​រៀងរាល់​ឆ្នាំ រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ជាច្រើន​ដើម្បី​ដាក់​ឲ្យ​អនុវត្ត ប៉ុន្តែ ជាទូទៅ​មនុស្ស​មួយចំនួន​ហាក់​ដូច​ជា​មិន​សូវ​យក​ច្បាប់​ជាធំ​ឡើយ តែ​បែរជា​នាំ​គ្នា​ប្រព្រឹត្ត​តាម​ការនឹកឃើញ និង​ប្រើ​កម្លាំង​បាយ ឬ​កម្លាំង​អំណាច​រៀងៗ​ខ្លួន​ទៅ​វិញ។ ឥរិយាបថ​មិន​សូវ​គោរព​ច្បាប់​ដែល​មាន​តាំង​ពី​ពលរដ្ឋ​សាមញ្ញ រហូត​ដល់​អ្នកដឹកនាំ​ថ្នាក់​លើ គឺជា​ដើមចម​នៃ​បញ្ហា​ជាច្រើន នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ហាក់​មិន​សូវ​យក​ច្បាប់ ​ជា​ធំ? តើ​បញ្ហា​នេះ​បង្ក​ផលវិបាក​ដល់​សង្គម​យ៉ាង​ដូចម្តេច​ខ្លះ?

តាម​​ច្បាប់​ចរាចរណ៍ ការដឹកមនុស្ស​លើស​ចំណុះ និង​ការដាក់មនុស្ស​លើ​ដំបូលរថយន្ត​​ត្រូវ​ហាមឃាត់
តាម​​ច្បាប់​ចរាចរណ៍ ការដឹកមនុស្ស​លើស​ចំណុះ និង​ការដាក់មនុស្ស​លើ​ដំបូលរថយន្ត​​ត្រូវ​ហាមឃាត់ ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​ការធ្វើ​ដំណើរ​តាម​ដងផ្លូវ​សាធារណៈ​រហូត​ដល់​ការដោះស្រាយ​បញ្ហា​ក្នុង​គ្រួសារ​តូច​មួយ ​និង​ឈាន​ដល់​ការដោះស្រាយ​បញ្ហា​ក្នុង​សង្គម​ទាំងមូល ឥរិយាបថ​មិន​សូវ​យក​ច្បាប់​ជាធំ នៅ​តែ​ស្តែង​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន។

ការមិន​សូវ​យក​ចិត្ត​ទុកដាក់​អនុវត្ត​ច្បាប់ ​កង្វះខាត​ការអធ្យាស្រ័យ កង្វះ​សុជីវធម៌​ និង​សីលធម៌​ក្នុង​ការប្រាស្រ័យ​ទាក់ទង​គ្នា​ គឺជា​ប្រភព​នៃ​សោកនាដកម្ម​ជាច្រើន។ ដោយ​គ្រាន់​តែ​ក្រឡេក​ភ្នែក​ទៅ​លើ​ទំព័រ​កាសែត​ដែល​ចេញ​ផ្សាយ​ជារៀង​រាល់ថ្ងៃ​ គេ​អាច​យល់​បាន​ភ្លាម​អំពី​ទំហំ​នៃ​សោកនាដកម្ម​ដែល​កំពុង​វាយលុក​សង្គម​ខ្មែរ។

តើ​បញ្ហា​ទាំង​នេះ​មាន​ប្ញសគល់​មក​ពី​ណា? ​នេះ​ជា​សំណួរ​ដែល​គួរ​តែ​រក​ចម្លើយ​ឲ្យ​ឃើញ។ សម្រាប់​ក្រុម​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា មរតក​នយោបាយ គឺជា​ប្ញសគល់​ដែល​មិន​អាច​បដិសេធ​បាន។

ក្រោយ​ការដួល​រលំ​នៃ​របប​ខ្មែរក្រហម ​ពលរដ្ឋ​ខ្មែរ​បាន​ចាប់ផ្តើម​កសាង​សង្គម​ឡើង​វិញ ពី​សម័យ​បុព្វកាល​មួយ។ ក្រៅ​ពី​ភាពខ្ទេចខ្ទាំ​នៃ​ហេដ្ឋារចនា​សម្ព័ន្ធ​សង្គម ការបាក់ស្បាត​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​នៃ​ពលរដ្ឋខ្មែរ​គ្រប់ៗ​គ្នា​មាន​ទំហំ​ធំធេង​មិន​អាច​ពិពណ៌នា​បាន។ ទោះបី​ជា ៣០​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ក៏ដោយ ក៏ភាព​ទ្រុឌទ្រោម​ខាង​ស្មារតី​នៅ​តែ​មិន​ទាន់​អាច​លុបបំបាត់​បាន​នៅ​ឡើយ។ ឥរិយាបថ​ហិង្សា​មិនសូវ​នឹកនា​ដល់​ការគោរព​ច្បាប់​ទម្លាប់ និង​ប្រពៃណី​ថ្លៃថ្នូរ​របស់​សង្គម ក៏ជា​មរតក​មួយ​មិន​អាច​បដិសេធ​បាន​ដែល​បន្សល់​ទុក​ដោយ​របប​ដឹកនាំ​ខុសឆ្គង​របស់​អ្នក​នយោបាយ។

ភាពបាក់ស្បាត​ខាង​ស្មារតី​ដែល​បន្សល់​ទុក​ពី​របប​ខ្មែរក្រហម គឺជា​រឿង​មួយ ​ប៉ុន្តែ គំរូ​មិន​សូវ​ល្អ​ចេញ​ពី​អ្នក​នយោបាយ និង​អ្នកមាន​អំណាច​មួយចំនួន ក្នុង​សម័យ​បច្ចុប្បន្ន គឺជា​រឿង​មួយ​ទៀត​ដែល​បាន និង​កំពុង​បន្ថែម​បន្ទុក​ដ៏​ធ្ងន់​មួយ​ទៅ​លើ​សង្គម​ខ្មែរ ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធីងធោង​នៅ​ឡើយ។

ជារៀង​រាល់ឆ្នាំ​ រដ្ឋសភា​ជាតិ​បាន​អនុម័ត​ច្បាប់​ជាច្រើន ដើម្បី​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​ក្លាយ​ជា​នីតិរដ្ឋ​មួយ​នឹង​គេ បន្ទាប់​ពី​ឈានជើង​ចាកចេញ​ពី​របប​នយោបាយ​មួយ​ដែល​គ្មាន​ច្បាប់​ទម្លាប់។ ប៉ុន្តែ​ អត្ថបទ​ច្បាប់​ទាំង​នោះ​មិនសូវ​ជា​មាន​ប្រសិទ្ធភាព ក្នុង​ការអនុវត្តន៍​ជាក់ស្តែង​ឡើយ។ អ្នកមាន​អំណាច​មាន​ខ្នង​បង្អែក ច្រើន​តែ​ជា​អ្នកឈ្នះ​ រីឯ​អ្នកក្រីក្រ​តូចតាច ច្រើន​តែ​ជា​អ្នក​ចាញ់។ ស្ថានភាព​នេះ​បាន​បង្ក​ឲ្យ​មនុស្ស​បាត់បង់​ទំនុក​ចិត្ត​ទៅ​លើ​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​សង្គម។

រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​កំណែ​ទម្រង់​រដ្ឋ​ជាច្រើន សំដៅ​ពង្រឹង​នីតិរដ្ឋ​ក្នុង​ប្រទេស។ ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​ថ្នាក់​មូលដ្ឋាន​មួយចំនួន​នៅ​តែ​ប្រកាន់​ឥរិយាបថ​អាង​អំណាច និង​អាងខ្នង​បង្អែក​ឃុបឃិត​គ្នា​ជា​ខ្សែសង្វាក់ ដោយ​បំពាន​ច្បាប់​ដដែល។ អាកប្បកិរិយា​នេះ គឺជា​ឧបសគ្គ​ដ៏​ធំធេង ក្នុង​ការសម្រេច​គោលដៅ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ ហើយ​ក៏​ជា​ប្រភព​នៃ​បញ្ហា​ជាច្រើន នៅ​ក្នុង​សង្គម​ផងដែរ។

សរុប​មក​វិញ ​វា​គួរ​តែ​ដល់​ពេល​វេលា​ហើយ ដែល​ទាំង​អស់​គ្នា​ត្រូវ​ចូលរួម​លើក​ស្ទួយ​តម្លៃ​នៃ​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន ក៏ដូច​ជា​លើក​ស្ទួយ​កិត្តិស័ព្ទ​របស់​ប្រទេស​ជាតិ តាមរយៈ​ការគោរព​ច្បាប់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​គ្រប់​កាលៈទេសៈ។ ​អ្នក​នយោបាយ​គួរតែ​ជា​អ្នកធ្វើ​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ទាំង​ការគោរព​ច្បាប់ ​ទាំង​សីលធម៌ និង​សុជីវធម៌​ក្នុង​ការ​ធ្វើ​នយោបាយ។

ឥរិយាបថ​ហិង្សា​ ចង​អាឃាត​ជាមួយ​គ្នា និង​ការចង់​ឈ្នះ​ដោយ​មធ្យោបាយ​ដែល​ប្រាសចាក​ផុត​ពី​ភាព​សមរម្យ និង​ពី​សេចក្តី​ថ្លៃថ្នូរ​ គួរ​តែ​ត្រូវ​ចៀសវាង ពីព្រោះ​ថា ឥរិយាបថ​ទាំង​នេះ​ងាយ​នឹង​ក្លាយ​ជា​ប្រេងសាំង​ដែល​ជះ​ទៅ​លើ​ភ្លើង​ខ្លាំង​ណាស់ សម្រាប់​សង្គម​មួយ​ដែល​នៅ​មិន​ទាន់​មាន​លំនឹង​ខាង​ស្មារតី​នៅ​ឡើយ។ ស្មារតី​ដែល​ត្រូវ​បាន​បំផ្លាញ​ដល់​ប្ញស​គល់​ដោយសារ​តែ​កំហុសឆ្គង​របស់​អ្នក​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ