អានតួអត្ថបទ
កម្ពុជា

Amnesty International៖ "អ្នក​មាន​លុយ​និង​អ្នក​មាន​អំណាច​នៅ​បន្ត​រំលោភ​ច្បាប់"

អង្គការ Amnesty International​ បាន​ចេញ​របាយការណ៍​ឆ្នាំ​២០១០​របស់​ខ្លួន​និយាយ​កត់​សម្គាល់​ អំពី​ការ​ខ្វះខាត​ការ​គោរព​សិទ្ធិ​មនុស្ស ​នៅ​កម្ពុជា​ កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ។ អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​សរសេរ​ថា ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​​អោយ​ទៅ​នៅ​កន្លែង​ថ្មី​នោះ បាន​បង្ក​អោយ​មាន​ផល​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពល​ខ្មែរ​រាប់ពាន់​គ្រួសារ។ របាយការណ៍​នេះ​ត្រូវ​បាន​សរសេរ​ឡើង​បន្ទាប់​ពី​មាន​ដំណើរ​របស់​ប្រតិភូ​របស់ Amnesty International​ មក​កម្ពុជា​ជា​ច្រើន​ដង។

របាយការណ៍​អង្គការ Amnesty International រិះគន់​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា
របាយការណ៍​អង្គការ Amnesty International រិះគន់​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

 

05:01

សេចក្តីរាយការណ៍​របស់​លាង ដឺលុច ពី​ភ្នំពេញ

អង្គការ​ Amnesty International​ បាន​ចេញ​របាយការណ៍ ​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស ​នៅ​តាម​បណ្តា​ប្រទេស​នានា​លើ​សកល​លោក ​ដែល​ក្នុងនោះ​ក៏​មាន​កម្ពុជា​មួយ​ដែរ។ ទាក់ទង​នឹង​កម្ពុជា ​អង្គការ​នេះ​បាន​និយាយ​សង្កត់ធ្ងន់​ទៅ​លើ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ពោល​គឺ​ការ​បណ្តេញ​ពលរដ្ឋ​ក្រីក្រ​ ដែល​តាំង​ទី​នៅ​តាម​សហគមន៍​មិន​រៀបរយ ក្នុង​ទីក្រុង​ភ្នំពេញ ក្រោម​ហេតុផល​ថា​ត្រូវយក​តំបន់​ក្នុង​ក្រុង​នេះ​ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍ អោយ​ពួកគេ​ទៅ​រស់នៅ​ជាយ​ទីក្រុង​ដែល​អាជ្ញាធរ​បាន​រៀបចំ​អោយ​នោះ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​សរសេរ​ថា ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​បែបនេះ បាន​បន្ត​ធ្វើ​អោយ​ប៉ះពាល់​ដល់ជីវភាព​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ ហើយ​ដែល​ពួកគេ​សុទ្ធ​តែ​ជា​អ្នក​ក្រីក្រ។ អង្គការ​នេះ​បាន​លើក​បង្ហាញ​ករណី​ជាច្រើន​ដែល​បាន​កើត​ឡើង​កាល​ពី​ពេល​កន្លង​ទៅ។ Amnesty International បាន​សរសេរ​ថា យ៉ាង​ហោចណាស់​មាន​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ចំនួន​២៦​កន្លែង ដែល​បាន​ប៉ះពាល់​ប្រជាពលរដ្ឋ​ប្រមាណ​២៧ ០០០​នាក់។

ក្រៅ​ពី​បញ្ហា​បណ្តេញ​ចេញ​ដោយ​បង្ខំ​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ​ក៏​បានលើកឡើង​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​ផ្សេងទៀត​ដែរ ដូចជា​ សេរីភាព​បញ្ចេញ​មតិ អំពើ​ហិង្សា​ទៅលើ​ស្ត្រី​និង​កុមារ បញ្ហា​យុត្តិធម៌​អន្តរជាតិ​ជាដើម។

តាមពិត​អង្គការ​ Amnesty International​ និយាយ​រម្លឹក​ឡើងវិញ ឬ​លើក​យក​មក​បង្ហាញ​ហេតុ​ការណ៍​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​កាល​ពី​ពេល​កន្លង​ទៅ។ ឧទាហរណ៍​ទាក់ទិន​នឹង​វិស័យ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅក្នុង​របាយការណ៍​របស់​ខ្លួន អង្គការ​នេះ​សរសេរ​ថា ​ក្រុម​អ្នក​មាន​លុយ និង​អ្នកមាន​អំណាច​នៅបន្ត​រំលោភ​ប្រព័ន្ធ​យុត្តិធម៌ ​ដើម្បី​បំបិទ​មាត់​ក្រុម​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​តវ៉ា​ប្រឆាំង​ការ​រំលោភ​យក​ដី​របស់​ពួកគេ​នោះ។ ភ្ជាប់​ជាមួយ​នឹង​ការ​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ អង្គការ​នេះ​បាន​បង្ហាញ​ថា នគរបាល​បាន​ចាប់​ខ្លួន​សកម្មជន​អ្នកតវ៉ា​យ៉ាងហោច​ណាស់​១៤៩​នាក់ ​ដែល​បាន​តវ៉ា​ដោយ​សន្តិវិធី​ ដើម្បី​ការពារ​ផ្ទះ​សម្បែង​របស់​ខ្លួន។ ​ក្នុងនោះ​ក៏​មាន​ករណី​កម្លាំង​សន្តិសុខ​បាញ់​ប្រជាពល​រដ្ឋ​អោយ​របួស​ផង​ដែរ។

ចំពោះ​សេរីភាព​បញ្ចេញ​មតិ​វិញ របាយការណ៍​បាន​កត់​សម្គាល់ថា មាន​ការ​ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​មនុស្ស ​ដែល​រិះគន់​រដ្ឋាភិបាល។ ក្នុងនោះ​មាន​លោកស្រី​មូ សុខហួរ​ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី លោក​ហង្ស ចក្រា​ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់ស្រុក។ រីឯ​លោក​ដាំ សិទ្ធ ​ចាងហ្វាង​កាសែត​មនសិការ​ត្រូវ​សម្រេចចិត្ត​ផ្អាក​ការផ្សាយ ក្រោយ​ពី​បាន​ដឹង​ថា​មាន​ការ​ស៊ើបអង្កេត​លើ​រូប​លោក ក្រោម​បទចោទ​ប្រកាន់​ពី​បទ​ញុះញង់​ តាម​រយៈ​ការ​ផ្សាយ​អត្ថបទ​កាសែត​របស់​លោក។

ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​លើ​ស្រី​និង​ក្មេង​ស្ត្រី​វិញ របាយការណ៍​បាន​សរសេរ​ថា ដោយ​សារ​ការ​ខ្វះខាត​ការ​អនុវត្តន៍​ច្បាប់ បញ្ហា​អំពើ​ពុករលួយ​ក្នុង​តុលាការ និង​ការ​ដោះស្រាយ​សំណង​ក្រៅ​ប្រព័ន្ធ​តុលាការ ទាំងអស់​នេះ​បាន​ធ្វើ​អោយ​មាន​ការ​ចាប់ខ្លួន និង​ចោទ​ប្រកាន់​លើ​ក្រុម​អ្នក​ប្រព្រឹត្តល្មើស​បាន​តិចតូច​បំផុត។

ក្រៅ​ពី​នេះ Amnesty International​ក៏​បាន​និយាយ​សង្ខេប​ពី​សកម្មភាព​របស់​តុលាការ​ខ្មែរ​ក្រហម​ផង​ដែរ។

របាយការណ៍​នេះ​បាន​ធ្វើ​អោយ​លោក​ទិត សុធា ​អ្នក​នាំ​ពាក្យ​របស់​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ខឹង​សម្បារ ហើយ​បាន​ហៅ​របាយការណ៍​នេះ​ថា​ជា​របាយការណ៍​ខ្វាក់ភ្នែក​ទៀត​ផង។ បើ​តាម​លោក​ទិត សុធា អ្នក​សរសេរ​របាយការណ៍​នេះ​មិន​បាន​ស្គាល់​ពី​ស្ថានភាព​ជាក់ស្តែង​របស់​កម្ពុជា ហើយ​សរសេរ​របាយការណ៍​តែ​ពី​ចម្ងាយ​ គ្មាន​ការ​ស្វែង​យល់​ច្បាស់លាស់។ ទាក់ទង​នឹង​បញ្ហា​បណ្តេញ​ចេញ លោក​ទិត សុធា ​បាន​ពន្យល់​ថា រដ្ឋាភិបាល​បាន​ធ្វើការ​ដោះស្រាយ​ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​នាម​មនុស្សធម៌​ទៅ​ទៀត បើ​ទោះ​ជា​ក្នុង​ករណី​ខ្លះ​មាន​អ្នក​នយោបាយ​នៅ​ពី​ក្រោយ​ធ្វើ​ឲ្យ​ការ​ដោះ​ស្រាយ​មាន​ការយឺតយ៉ាវ​​ក៏​ដោយ។ ជា​រួម លោកទិត សុធា ​បាន​ច្រាន​ចោល​របាយការណ៍​របស់​ Amnesty International នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ