អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

យន្តការ​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ទាន់​ទទួល​បាន​ទំនុកចិត្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

សមាសភាព​១១​រូប​នៃ​ក្បាល​ម៉ាស៊ីន​ ដឹកនាំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ត្រូវ​​បាន​កើត​ចេញ​ជា​​ រូបរាង​ហើយ​នៅ​ក្នុង​សប្តាហ៍​នេះ។ ​វា ​គឺជា​ជំហាន​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ដំណើរការ​ប្រយុទ្ធ​​ប្រឆាំង​នឹង​អំពើ​ ពុករលួយ​នៅ​កម្ពុជា។​​ ប៉ុន្តែ​​ មនុស្ស​ជា​ច្រើន​បាន​សម្តែង​ការ​មិន​ទុក​ចិត្ត​​ចំពោះ​យន្តការ​នេះ​រួច​ជា​ ស្រេច​ទោះ​បី​ជា​វា​ទើប​តែ​ប្រសូត​​និង​មិន​ទាន់​ទាំង​បាន​បំពេញ​​ការងារ​អ្វី​សោះ ​ក៏​ដោយ។​ តើ​បុរេ​វិនិច្ឆ័យ​ទៅ​លើ​ ស្ថាប័ន​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​​នេះ​ពិតជា​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ?​​​​

លោក តុប សំ​ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ
លោក តុប សំ​ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ © RFI
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​តាម​ដាន​ការ​វិវត្តន៍​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​​បាន​សម្តែង​អារម្មណ៍​ខុសៗគ្នា​ចំពោះ​ការ​កើត​ចេញ​ជា​រូបរាង​នៃ​ក្បាល​ម៉ាស៊ីន​សម្រាប់​ដំណើរការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​អំពើ​ពុករលួយ។​​អ្នកខ្លះ​បាន​ទះដៃ​អបអរ​សាទរ​​ខណៈ​ដែល​អ្នកខ្លះ​ទៀត​គ្រវី​ក្បាល​​ឬ​អ្នកខ្លះ​ទៀត​ជ្រួញ​ចិញ្ចើម។

         មនុស្ស​ជាច្រើន​ហាក់​ដូច​ជា​ច្បាស់​ក្នុង​ចិត្ត​រួច​ទៅ​ហើយ​ថា​ស្ថាប័ន​នេះ​នឹង​គ្មាន​​ប្រសិទ្ធភាព​ក្នុង​ការ​កម្ចាត់​អំពើ​ពុករលួយ​ឡើយ​​ដោយ​ហេតុ​ថា​​សមាសភាព​ដែល​ត្រូវ​​បាន​គេ​បង្ហាញ​កាល​ពី​ថ្ងៃ​អង្គារ​​ទំនង​ជា​មិន​អាច​នឹង​ចៀស​ផុត​ពី​ការ​ស្ថិត​នៅ​ក្រោម​​ឥទ្ធិពល​របស់​អ្នកមាន​អំណាច​នោះ​ឡើយ។​​បើ​ដូច្នេះ​​តើ​គេអាច​រំពឹង​ថា​​យន្តការ​នេះ​អាច​​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​ជួរ​មន្ត្រី​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​បាន​យ៉ាង​​ដូចម្តេច​នឹង​កើត?​នេះ​ជា​ចំណោទ​ទី១។

         ចំណោទ​ទី​២គឺ​ទាក់ទង​នឹង​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​​ពុករលួយ​តែម្តង។​​តើ​រដ្ឋាភិបាល​ពិតជា​មាន​សេចក្តី​ក្លាហាន​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​សិទ្ធិ​​អំណាច​ពេញ​លេញ​ដល់​ស្ថាប័ន​ជាតិ​ប្រឆាំង​អំពើ​​ពុករលួយ​ដើម្បី​ឲ្យ​ស្ថាប័ន​​បំពេញ​​ការងារ​ប្រកប​ដោយ​ឯករាជភាព​តាម​វិជ្ជាជីវៈ​ដែរ​ឬទេ?​ ​ចំណោទ​ទាំង​នេះ​ឯង​ដែល​បាន​​ពូន​ផ្តុំ​​បង្កើត​បាន​ជា​បុរេ​វិនិច្ឆ័យ​អំពី​កង្វះ​ប្រសិទ្ធភាព​នៃ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ដ៏ក្មេង​​ខ្ចី​​តែ​ប្រកប​ដោយ​សមាសភាព​អ្នកដឹកនាំ​ចាស់។

         យ៉ាង​ណា​ក៏​ដោយ​​ការ​កកើត​ឡើង​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​​និង​ការ​រៀបចំ​​ឲ្យ​មាន​យន្តការ​សម្រាប់​បំបាត់​អំពើ​ពុករលួយ​នៅ​ពេល​​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​​ជំហាន​ថ្មី​មួយ​ទៀត​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រំដោះ​សង្គម​ខ្មែរ​ឲ្យ​ចាក​ផុត​ពី​អំពើ​ពុករលួយ​​ដ៏រ៉ាំរ៉ៃ។​​យ៉ាង​ហោច​ណាស់​​វា​ក៏ជា​ស្នូរ​ជួង​មួយ​ដែល​បន្លឺ​ឡើង​សម្រាប់​ដាស់​អារម្មណ៍​ជន​​ពុករលួយ​មិន​ឲ្យ​ជិះសេះ​លែង​ដៃ​ដូច​ពី​មុន​ទៀត​ដែរ។

         ម៉្យាង​ទៀត​​ការ​វិនិច្ឆ័យ​ទុក​ជា​មុន​មិន​មែន​សុទ្ធ​តែ​ត្រូវ​ទាំង​អស់​នោះ​ទេ។​អ្នកដឹកនាំ​​របស់​យន្តការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​បាន​សំណូមពរ​ឲ្យ​អ្នករិះគន់​កុំអាល​​ប្រញាប់​​ប្រញាល់​ក្នុង​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ខ្លាំង​ពេក​ដោយ​ត្រូវ​រង់ចាំ​មើល​ការងារ​​របស់​ពួកគេ​​សិន។​​សំណូមពរ​នេះ​ពិត​ជា​សម​ហេតុផល​​ហើយ​គេ​គួរ​ទុក​ពេល​ឲ្យ​ក្រុម​ការងារ​ប្រឆាំង​​អំពើ​ពុករលួយ​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន​សិន​មុន​នឹង​ធ្វើ​សេចក្តី​សន្និដ្ឋាន​អំពី​លទ្ធផល។

         ដូច្នេះ​ពី​អំណឹះ​តទៅ​​មាន​តែ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ខ្លួន​ឯង​ទេ​ដែល​ត្រូវ​​បង្ហាញ​ថា​​តើ​ការ​ទស្សទាយ​ស្តីពី​ភាព​កម្សោយ​របស់​ស្ថាប័ន​នេះ​ពិត​ជា​ត្រឹម​ត្រូវ​​ឬក៏​ជា​​ការ​ខុស​ស្រឡះ​ពី​ការ​ពិត។​​គេ​ពិត​ជា​អាច​យល់​បាន​ពី​ការ​ប្រយ័ត្ន​ប្រយែង​របស់​​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ពី​ព្រោះ​នេះ​ជា​បញ្ហា​ដ៏រសើប​​បំផុត​មួយ​ដែល​អាច​នឹង​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ​ផ្ទៃក្នុង​​របស់​រដ្ឋាភិបាល។​​ប៉ុន្តែ​​អ្វី​ដែល​គេ​មិន​អាច​យល់​បាន​នោះ​គឺ​ជុំវិញ​សំណួរ​ថា​​តើ​រដ្ឋាភិបាល​ពិត​ជា​មាន​ឆន្ទៈ​ពិត​​ប្រាកដ​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុករលួយ​ដែរ​ឬ​ទេ?

         ប្រសិន​បើ​មាន​ឆន្ទៈ​ពិតប្រាកដ​​រដ្ឋាភិបាល​នឹង​ជំរុញ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​​ដែល​ទើប​តែ​កកើត​ឡើង​នៅ​ពេល​នេះ​ឲ្យ​អនុវត្ត​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​តាម​​រយៈ​ការ​ដាក់ទោស​ជន​ពុករលួយ​ដោយ​មិន​អត់អោន​​និង​មិន​រើស​មុខ។​បើ​ធ្វើ​ដូច្នេះ​​បាន​មែន​​រដ្ឋាភិបាល​មិន​ត្រឹម​តែ​បំបាក់​មុខ​ក្រុម​អ្នក​រិះគន់​ប៉ុណ្ណោះ​ទេ​​តែ​ក៏​អាច​ធ្វើ​ឲ្យ​​ប្រទេស​ជាតិ​អភិវឌ្ឍ​ទៅ​​មុខ​យ៉ាង​លឿន​ទៀត​ផង។

         ផ្ទុយ​ទៅ​វិញ​​ប្រសិន​បើ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​បែរ​ជា​មិន​អាច​ធ្វើ​អ្វី​កើត​​សោះ​​ដូច​ការ​ទាយ​ទុក​មែន​នោះ​​វា​ប្រាកដ​ណាស់​ថា​​ស្ថាប័ន​នេះ​មិន​ខុស​អ្វី​ពី​ថូផ្កា​ឥត​​វិញ្ញាណ​ដែល​គេ​ដាក់​តាំង​សម្រាប់​លម្អ​តុ​ប្រជុំ​នោះ​ឡើយ។​ឥឡូវ​នេះ​​បាល់​ស្ថិត​ក្នុង​ដៃ​​របស់​ស្ថាប័ន​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ហើយ។​តើ​ពួកគេ​ត្រូវ​ធ្វើ​ឲ្យ​អ្នករិះគន់​ភ្លឺភ្នែក​ម្តង​​ឬមួយ​​ក៏​ទុក​ឲ្យ​បុរេវិនិច្ឆ័យ​នៅ​ពេល​នេះ​ក្លាយ​ជា​ការពិត?​​ទាំង​នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​​តាម​ដាន​មើល​ទាំង​អស់​គ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ