អានតួអត្ថបទ
កម្ពុជា

ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​កើត​ចេញ​ជា​រូបរាង

សមាសភាព​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ ចំនួន ១១ រូប ត្រូវ​បាន​ប្រកាស និង​បង្ហាញមុខ​ចូលរួម​កិច្ចប្រជុំ​ជា​លើក​ដំបូង នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៥ ខែ​មិថុនា​នេះ។ ឥស្សរជន​ទាំង​១១ រូបនោះ ក៏​បាន​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ស្ថាប័ន​កំពូល ប្រឆាំង​អំពើ​ពុករលួយ។ ជា​លទ្ធផល លោក តុប សំ អតីត​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ។ ចំណែក​លោក ប្រាក់ សុខ ជា​អតីត​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ក៏​ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​ អំពើពុករលួយ។

លោក​តុប សំ​ត្រូវ​តែង​តាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​កម្ពុជា
លោក​តុប សំ​ត្រូវ​តែង​តាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​កម្ពុជា ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

05:42

បទ​អន្តរាគមន៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

លី ម៉េងហួរ

នៅក្នុង​កិច្ចប្រជុំ​ដំបូង នៅ​ព្រឹកមិញ (អង្គារ ទី ១៥ ខែ មិថុនា ២០១០) លោក ហេងវង្ស ប៊ុនឆាត សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ដែល​មាន​វ័យចាស់​ជាងគេ បាន​ដឹកនាំ​អង្គប្រជុំ និង​បាន​ប្រកាស​ពី​សមាសភាព​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ទាំង ១១ រូប ដែល​ទើប​ត្រូវបាន​ព្រះមហាក្សត្រ ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ។

 
ឥស្សរជន​ទាំង ១១ រូបនោះ គឺ ទី​១-​លោក គុយ សុផល តែងតាំង​ដោយ ព្រះមហាក្សត្រ ទី​២-​លោក ប្រាក់ សុខ ជ្រើសតាំង​ដោយ ព្រឹទ្ធសភា ទី​៣-លោក តុប សំ ជ្រើសតាំង​ដោយ រដ្ឋសភា ទី​៤-​លោក ច័ន្ទ តានី ជ្រើសតាំង​ចេញពី រាជរដ្ឋាភិបាល ទី​៥-​លោក អ៊ុត ឈន ជ្រើសតាំង​ចេញពី អាជ្ញាធរ​សវនកម្ម​ជាតិ ទី​៦-​លោកស្រី សោម គឹមសួរ ជ្រើសតាំង​ចេញ​ពី​ក្រសួង​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ទី​៧-លោក ហេងវង្ស ប៊ុនឆាត ជ្រើសតាំង​ចេញពី ក្រុមប្រឹក្សា​អ្នកច្បាប់ ទី​៨-​លោក ស៊ុយ ម៉ុងលាង ជ្រើសតាំង​ចេញពី ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​, ទី​៩-​លោក ជីវ កេង តែងតាំង​ចេញពី ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ទី​១០-លោក កែវ រ៉េមី តែងតាំង​ចេញពី គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ទី​១១-​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ។

សមាសភាព​ទាំង ១១ រូបនេះ បាន​ធ្វើ​ការបោះឆ្នោត​ជាសម្ងាត់ ដើម្បី​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​។ ជា​លទ្ធផល ក្រោយ​ពី​បោះឆ្នោត​ជាសម្ងាត់ ដោយ​បិទទ្វារ គឺ​លោក តុប សំ ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន រីឯ​លោក ប្រាក់ សុខ ជា​អនុប្រធាន។

ជា​ការកត់សម្គាល់ សមាសភាព​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ទាំង ១១ រូបនេះ សុទ្ធតែ​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល និង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។ ចំពោះ​កិច្ចប្រជុំ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន និង​អនុប្រធាន របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​នេះ ត្រូវ​បាន​លោក តុប សំ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ ដែល​ទើប​ជាប់​ឆ្នោត​ប្រកាស​ថា ចាប់ពី​ពេលនេះ​ទៅ យន្តការ​សម្រាប់​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ បាន​បង្កើត​ហើយ​។ លោក​បាន​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ សម្រាប់​កម្ពុជា។

ក្នុង​នាម​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ លោក តុប សំ អតីត​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​បញ្ជាក់​ថា សមាជិក​ក្រុមប្រឹក្សា​នេះ ត្រូវ​អនុវត្ត​តាម​ច្បាប់ ប្រឆាំង​អំពើពុករលួយ ដែល​បាន​កំណត់​ពី​ភារកិច្ច ៧ ចំណុច ដើម្បី​ពិគ្រោះ​យោបល់ និង​ផ្តល់​អនុសាសន៍​លើ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ។

នៅក្នុង​សន្និសីទ​កាសែត​ព្រឹកមិញ លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បានឲ្យដឹងថា ការងារ​ប្រកាស​ទ្រព្យ​សម្បត្តិ ជា​កិច្ចការ​ទី​១ ដែល​ក្រុមប្រឹក្សា​ថ្មី​នេះ ត្រូវ​ធ្វើ និង​ឲ្យ​បាន​លឿន​ទៀតផង។ នោះ​គឺ​ការពិនិត្យ​ពី​ទម្រង់​បែបបទ កំណត់​មុខសញ្ញា និង​របៀប​ប្រកាស​ទ្រព្យសម្បត្តិ ។ល។ និង​។ល។

ដើម្បីឲ្យ​ការងារ​រលូន មិនបង្កើត​ការសង្ស័យ ឬ​បង្កើត​ការភ័យខ្លាច។ ការប្រកាស​ទ្រព្យសម្បត្តិ ត្រូវ​ធ្វើជា​សម្ងាត់ លើ​មន្ត្រី​រាជការ ដែល​តែងតាំង​ដោយ​អនុក្រឹត្យ ពោល​គឺ​ចាប់ពី​ថ្នាក់​ប្រធាន​នាយកដ្ឋាន រហូតដល់​នាយករដ្ឋមន្ត្រី។

សមាសភាព​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ដែល​ត្រូវបាន​ប្រកាស​នៅថ្ងៃនេះ ត្រូវ​បាន​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ប្រតិកម្ម​ដូច​ពេលមុនៗ។ នោះ​គឺ​សមាសភាព​ទាំង​១១​រូបនេះ ត្រូវ​បាន​ជ្រើស​ចេញពី​គណបក្ស​នយោបាយ និង​ចេញពី​ជួរ​រាជរដ្ឋាភិបាល។ ម្យ៉ាងទៀត សមាសភាព​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ មុខ​ដដែលៗ និង​ធ្វើការ​ប្រឆាំង​អំពើពុករលួយ​យូរ​ឆ្នាំ​មកហើយ តែ​មិន​បាន​លទ្ធផល​ជា​ដុំ​កំភួន​អ្វី​សោះ។ ដូច្នេះ​សកម្មជន​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង សម្តែង​ការសង្ស័យថា ក្រុមប្រឹក្សា​នេះ មិន​អាច​ឯករាជ្យ និង​ធ្វើការ​មិន​មាន​ប្រសិទ្ធិភាព​បានទេ។

យ៉ាងណា​ក៏ដោយ លោក តុប សំ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ស្នើ​ឲ្យ​ក្រុម​អ្នកព្រួយបារម្ភ កុំ​ទាន់អាល​ប្រញាប់ប្រញាល់​វាយ​តម្លៃ និង​រង់ចាំ​មើល​ការអនុវត្តន៍​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​នេះ ដែល​លោក​អះអាងថា ឥស្សរជន​ទាំង ១១ រូប នឹង​ខិតខំ​បំពេញ​ភារកិច្ច តាម​ច្បាប់​កំណត់។

សមាសភាព​ទាំង ១១ រូប នឹង​ចូល​ធ្វើ​សច្ចា​ប្រណិធាន ស្បថ​ចូលកាន់​តំណែង នៅ​មុខ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ ក្នុង​ព្រះបរមរាជវាំង នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ខាងមុខនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ