អានតួអត្ថបទ
កម្ពុជា

សហជីព​កម្មករ​ធំ​ៗ ​ព្រម​ព្រៀង​ ទាម​ទារ​ដំឡើង​ប្រាក់​ខែ​កម្មករ​កាត់​ដេរ​ ១៧៧ ​ដុល្លារ​

ក្រុម​​សហជីព​​កម្មករ​ធំ​ៗ ​របស់​លោក​ ​អាត់ ​ធន់​ លោក ​ជា​មុនី លោក ​ប៉ាវ ​ស៊ីណា ​លោក ​សោម ​អូន ​និង​​សហជីព​​របស់​លោក ​ជួន ​មុំ​ថុល​ ជា​ដើម​ បាន​​ព្រម​ព្រៀង​គ្នា​​ថា​ នឹង​​ទាម​ទារ​​ដំឡើង​​ប្រាក់​ខែ​​កម្មករ​​រោង​ចក្រ​​កាត់​ដេរ ​ទាប​​បំផុត ​១៧៧ ​ដុល្លារ​។​ ការ​សម្រេច​​ដូច្នេះ ​បាន​ធ្វើ​​ឡើង​ ក្នុង​​កិច្ច​ប្រជុំ​​សហជីព ​កាល​ពី​​ថ្ងៃ​ទី​៣១​ កក្កដា​។ សហជីព​​កម្មករ​ នឹង​​យក​​សំណើ​​ទាម​ទារ​​ឡើង​​ប្រាក់​ខែ​​នេះ ​ទៅ​​ដា​​ក់​លើ​​តុ​​ប្រជុំ​​ជាមួយ​​ថៅកែ​​រោង​ចក្រ​ ក្នុង​​ខែ​សីហា​​នេះ ​ព្រម​ទាំង​​កិច្ច​ប្រជុំ​​ត្រី​ភាគី​​រវាង​​សហជីព ​ថៅកែ​​រោងចក្រ ​និង​​រដ្ឋាភិបាល ​នៅ​​ខែ​ក​ញ្ញា​។ ​រីឯ​​កិច្ច​ប្រជុំ​​គណៈ​កម្មការ​​ប្រឹក្សា​​ការងារ ​ដើម្បី​​សម្រេច​​ប្រាក់​​ឈ្នួល​​អប្បបរមា ​ផ្នែក​​វាយ​នភ័ណ្ឌ​​កាត់​ដេរ​​សម្លៀក​បំពាក់ ​និង​​ផលិត​​ស្បែក​ជើង ​សម្រាប់​​ឆ្នាំ​២០១៥ ​នឹង​ធ្វើ​​ឡើង​​នៅ​​ដើម​ខែ​​តុលា​រ។

សហភាព​សហជីព​កម្មករ​ ដឹក​នាំ​ដោយ​ លោក រ៉ុង ឈុន និង​ជា មុន្នី នឹង​ដង្ហែ​ក្បួន​នៅ​ថ្ងែ​ទី ១ ឧសភា ២០១០។
សហភាព​សហជីព​កម្មករ​ ដឹក​នាំ​ដោយ​ លោក រ៉ុង ឈុន និង​ជា មុន្នី នឹង​ដង្ហែ​ក្បួន​នៅ​ថ្ងែ​ទី ១ ឧសភា ២០១០។ © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ជាការ​សម្រេច​ថ្មី ទើបតែ​ធ្វើឡើង ក្នុង​កិច្ចប្រជុំ​រវាង​មេដឹកនាំ​សហជីព​កម្មករធំៗជាង ១០ ស្ថាប័ន កាលពី​ថ្ងៃ៣១កក្កដា​ម្សិលមិញ។ នោះ​គឺ​សហភាព​សម្ព័ន្ធ​សហជីព​កម្មករ បាន​ឯកភាពគ្នា ទាមទារ​តម្លើង​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ ទាប​បំផុត ១៧៧ ដុល្លារ ខុសពី​ជំហរ​ដើម ដែល​សហជីព​កម្មករ​ទាមទារ​ដំឡើង​ត្រឹម ១៦០ ដុល្លារ។

អគ្គលេខាធិការ សហភាព​ការងារ​កម្ពុជា លោក បាន​ពន្យល់​ពី​ការឯកភាព​ថ្មី​របស់​ក្រុម​សហជីព លើ​ការទាមទារ​ឡើង​ប្រាក់ខែ​នេះ​ថា មកពី​ការរកឃើញ​ថ្មី​បង្ហាញថា ថៅកែ​រោងចក្រ និង​ក្រុមទី​ផ្សារ​បញ្ជា​ទិញធំៗ ទទួលបាន​ប្រាក់ចំណេញ​ច្រើន ហើយ​មួយទៀត ប្រាក់ខែ​កម្មករ​កាត់ដេរ នៅ​កម្ពុជា ក៏​ទាប​ជាងគេ​ច្រើន បើ​ធៀប​នឹង​ប្រទេស​ថៃ វៀតណាម ឬក៏​ឥណ្ឌូនេស៊ី។

ការសម្រេច​របស់​សហ​ជីព លើ​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ ឲ្យ​បាន​ទាប​បំផុត ១៧៧ ដុល្លារ នឹងត្រូវ​ដាក់​លើ​តុ​ប្រជុំពិភាក្សា ជាមួយ​ក្រុម​ថៅកែ​រោងចក្រ​កាត់ដេរ​នៅក្នុង​ខែសីហា​នេះ មុននឹង​ជួបប្រជុំ​ពិភាក្សា​ត្រីភាគី រវាង​សហជីព ថៅកែ​រោងចក្រ និង​មន្ត្រី​រដ្ឋាភិបាល នៅ​ខែកញ្ញា។ ដោយឡែក​តាម​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការប្រឹក្សា​ការងារ កិច្ចប្រជុំ​ត្រីភាគី រវាង​តំណាង​រដ្ឋាភិបាល ថៅកែ​រោងចក្រ​កាត់ដេរ និង​សហជីព​កម្មករ ដើម្បី​សម្រេច​លើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ដល់​កម្មករ​រោងចក្រ​កាត់ដេរ សម្រាប់​ឆ្នាំ២០១៥ នឹងត្រូវ​ធ្វើឡើង នៅ​ដើមខែ​តុលា។

ចំពោះ​ការទាមទារ​ថ្មី​របស់​សហជីព​ដូច្នេះ ត្រូវបាន​លោក ជាតិ ខេមរ៉ា មន្ត្រីជាន់ខ្ពស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​លើកឡើងថា ប្រហែលជា​ពិបាក​នឹង​ទទួលបាន ព្រោះ​ការទាមទារ​ពីមុន ដំឡើងប្រាក់ខែ​ត្រឹមតែ ១៦០ ដុល្លារ គឺ​ថៅកែ​រោងចក្រ មិនទាន់​យល់ព្រម​ផង។ តំណាង​ថៅកែ​រោងចក្រ បាន​ជំរុញ​ឲ្យ​កម្មករ​អភិវឌ្ឍន៍​ខ្លួនឯង ឲ្យ​មាន​ជំនាញ​ថែមទៀត ដើម្បី​បង្កើន​ផលិតផល នៅពេលនោះ ប្រាក់ខែ នឹង​កើនឡើង​ដែរ។

យ៉ាងណាក៏ដោយ មកដល់ពេលនេះ ភាគី​ថៅកែ​រោងចក្រ និង​សហជីព​កម្មករ មិនទាន់​កំណត់​ថ្ងៃ​ជួបប្រជុំ​នឹង​គ្នា​នៅឡើយ​ទេ។ ប៉ុន្តែ​លោក​ជាតិ​ខេមរ៉ា លើកឡើងថា អង្គការ ILO និង​ធនាគារពិភពលោក កំពុងតែ​សិក្សា​ពី​ប្រាក់ខែ​កម្មករ ដើម្បី​ធ្វើជា​គោល ក្នុងការ​ពិភាក្សា ឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ។

សូម​រម្លឹកថា កម្មករ​រោងចក្រ​កាត់ដេរ សព្វថ្ងៃ ទទួលបាន​ប្រាក់ខែ​ទាប​បំផុត ១០០ ដុល្លារ។ ការសម្រេច​នេះ បាន​អនុវត្ត ចាប់ពី​ខែកុម្ភៈ ឆ្នាំ២០។ ប៉ុន្តែ​សហជីព និង​កម្មករ​មួយចំនួន បាន​តវ៉ា ទាមទារ​ឡើងដល់ ១៦០ ដុល្លារ ដោយមាន​ទាំង​បាតុកម្ម​ទ្រង់ទ្រាយ​ធំ កាលពី​ចុងខែ​ធ្នូ ឆ្នាំ២០១៣ និង​ដើមខែ​មករា ឆ្នាំ២០។ ប៉ុន្តែ​កម្មករ​រោងចក្រ បានត្រឹមតែ​របួស ស្លាប់ និង​មួយចំនួន ត្រូវ​ចាប់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ