អានតួអត្ថបទ
កម្ពុជា

តុលាការ​លើក​​ចោល​​បណ្ដឹង​​របស់​លោក ​អ៊ុំ ​វិសាល ​ដែល​ប្រឆាំង​នឹង​លោក ​អាត់ ​ធន់

សាលា​ដំបូង​​រាជធានី​​ភ្នំពេញ​​បាន​សម្រេច​​លើក​ចោល​​បណ្ដឹង​​រក្សា​​ការពារ​ ដាក់​​ដោយ​​លោក ​អ៊ុំ​​វិសាល ​និង​​អ្នកស្រី​ រឿន​ ចាន់ថន​ ដែល​​បាន​​ស្នើ​ឲ្យ​​តុលាការ​​ព្យួរ​ការងារ​​លោក ​អាត់ ​​ធន់​ ​ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​ប្រជាធិប​តេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា​ ​(C.CAWDU)​​។​ ​លោក​ ​អាត់ ​​ធន់​​ ត្រូ​​​វ​​បាន​​ លោក ​​អ៊ុំ ​​វិសាល ​​ចោទ​​ថា​​​បាន​​​ដឹក​នាំ​​​អង្គភាព​​​ទៅ​​រក​​​អស្ថិរ​ភាព​​។ ​​បច្ចុប្បន្ន​​​លោក ​​អាត់ ​​ធន់ ​​រង​​​បណ្ដឹង​​​នៅ​​​តុលាការ​​​ចំនួន​​​ដល់​​​ទៅ​​៧​​ហើយ​​។​​

លោក អាត់ ធន់ ប្រធានសម្ព័នសហជីព ស៊ីខៅឌូ ។
លោក អាត់ ធន់ ប្រធានសម្ព័នសហជីព ស៊ីខៅឌូ ។ RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ចៅក្រម លី លី​ប​ម៉េង នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​សប្តាហ៍​មុន បានសម្រេច​លើកចោល​ពាក្យបណ្តឹង​សុំ​រក្សា​ការពារ របស់លោក អ៊ុំ វិសាល និង​អ្នកស្រី រឿន ចាន់ថន ដែល​ស្នើឲ្យ​តុលាការ​ព្យួរការងារ​រ​ប​ស់លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ី​ខៅ​ឌូ។ លោក អាត់ ធន់ ត្រូវបាន​អ្នក​ទាំងពីរ ដែលជា​ស្ថាបនិក​ស៊ី​ខៅ​ឌូ ចោទថា បាន​ដឹកនាំ​អង្គភាព​ទៅរក​អស្ថិរភាព។

មេធាវី ​គីម សុ​ជាតិ ​ដែល​​ការពារ​​ក្តី​​ឲ្យ​​លោក ​អាត់ ​ធន់​​(C.CAWDU)​​ មាន​ប្រសាសន៍​ថា​ ការ​សម្រេច​​របស់​​តុលាការ​​ជា​ការ​​ត្រឹម​ត្រូវ​។ ​លោក​​អបអរ​​សា​ទរ​ ទៅ​នឹង​​សេចក្តី​សម្រេច​​នេះ ​ដោយ​​លោក​​យល់​ឃើញ​ថា ​ការ​សម្រេច​​របស់​​តុលាការ​​ត្រឹម​ត្រូវ​​ទៅ​តាម​​ច្បាប់ ​ដោយ​​គោរព​​តាម​​ធម្មនុញ្ញ ​របស់​​សម្ព័ន្ធ​​សហជីព​​ស៊ី​ខៅ​ឌូ ​និង​​អង្គហេតុ​​ពិត​។​

សូមបញ្ជាក់​ផងដែរ​ថា លោក អ៊ុំ វិសាល និង​អ្នកស្រី រឿន ច័ន្ទ​ថន ត្រូវបាន​ក្រុមប្រឹក្សា​តំណាង នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បញ្ឈប់​ជា​បុគ្គលិក​ស្ថាបនិក ឬ​បុគ្គលិក​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា តាម​សេចក្តីសម្រេច ចុះ​ថ្ងៃទី៣០ ខែ​មិនា ឆ្នាំ២០១៤ ដោយ​យល់ថា សកម្មភាព​អ្នក​ទាំងពីរ បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់់​អង្គភាព។

ទោះបីជា​យ៉ាងនេះ​ក្តី បច្ចុប្បន្ន លោក អាត់ ធន់ រង​បណ្ដឹង​នៅ​តុលាការ​ចំនួន៧ហើយ ក្នុងនោះ​មាន​បណ្ដឹង​ទាក់ទង​នឹង​ការ​គៃបន្លំ​ប្រាក់​កម្មករ​ចំនួន៩ម៉ឺន៣ពាន់​ដុល្លារ បណ្ដឹង​របស់​សមាគម​រោងចក្រ​កាត់​ដែរ​នៅ​កម្ពុជា និង​បណ្ដឹង​របស់​រោងចក្រ​អេស​អិ​ល​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ