អានតួអត្ថបទ
កម្ពុជា

សហជីព​ប្រជុំ​អនុម័ត​សំណើ​រួម ទៅ​លើ​សេចក្ដីព្រាង​ច្បាប់ស្ដីពី​​សហជីព

នៅ​សណ្ឋាគារ​ហ្គ្រីនផាលេស សហជីព​នៅ​កម្ពុជា សហការ​ជាមួយ​ក្រុម​ប្រឹក្សា​សហជីព ITUC-CC និង​អង្គការ​ពាក់ព័ន្ធ បាន​ជួប​ប្រជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៤​កក្កដា​នេះ ដើម្បី​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព​។ ក្រៅ​ពី​នោះ សហជីព​ដែល​ចូល​រួម ក៏​មាន​ឱកាស​បន្ត​ពិភាក្សា​គ្នា អំពី​ការ​កំណត់​ទូរលេខ ដើម្បី​ចរចា​លើ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់ដេរ​ផង​ដែរ​។

តំណាង​សហជីព ចូល​រួម​ប្រជុំ​ផ្ដល់​យោបល់ និង​អនុម័ត​សំណើ​រួម​របស់​សហជីព ទៅ​លើ​សេចក្ដីព្រាង​ច្បាប់ស្ដី​ពី​សហជីព ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៤
តំណាង​សហជីព ចូល​រួម​ប្រជុំ​ផ្ដល់​យោបល់ និង​អនុម័ត​សំណើ​រួម​របស់​សហជីព ទៅ​លើ​សេចក្ដីព្រាង​ច្បាប់ស្ដី​ពី​សហជីព ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៤ រូបភាព​ពី​សហភាព​ការងារ​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

តំណាង​សហជីព​ជាតិ និងអន្ដរជាតិ​ជាង​៥០ ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ ទី​១៤​កក្កដា​នេះ  ដើម្បី​ផ្ដល់​យោបល់ និង​អនុម័ត​នូវ​មាត្រា​មួយ​ចំនួនដែល​សហជីព​ស្នើ​សុំ​ឲ្យ​មាន​ការ​កែ​ប្រែ មុន​នឹង​បញ្ជូន​សំណើ​នេះ​ទៅ​កាន់​ក្រសួង​ការងារ ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​។

 
កន្លង​មក ក្រុម​សហជីព​បាន​បរិហារ​​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព​នេះ បាន​រឹត​ត្បឹត​សិទ្ធិ​សេរី​ភាព​របស់​ពួក​គេ​នៅ​ក្នុង​ការ​បញ្ចេញ​មតិ និង​ចូល​រួម​តវ៉ា​ក្នុង​សកម្មភាព​ផ្សេង​ៗ ដើម្បី​បម្រើ​ផល​ប្រយោជន៍​កម្មករ​។ ប៉ុន្តែ​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារធ្លាប់បាន​ថ្លែងថា រដ្ឋាភិបាលគ្មាន​គំនិត​​​រឹត​បន្តឹង​សហជីព​ទេ។ ​ហើយ​ថា ​​ច្បាប់​ស្តីពី​​សហជីព នឹងត្រូវ​ស្នើសុំឱ្យ​រដ្ឋ​សភា អនុម័ត​បញ្ចប់នៅក្នុង​ឆ្នាំនេះ ​បើសិនជា​គ្មាន​ការ​ចម្រូងចម្រាស ​ដើម្បី​រក្សាបាននូវ​សុ​ខុ​ដុម​រមនា​ ​ក្នុង​វិស័យ​ការងារ។

ដោយ​ឡែក ក្រៅពី​ការ​ប្រជុំ​ឲ្យ​យោបល់​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព ក៏​មាន​ផង​ដែរ ការ​​ជជែក​ពិភាក្សា​​គ្នា​បន្ថែម​ទៀត ​អំពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​កាត់ដេរ មុន​នឹង​លើក​សំណើ​ប្រាក់​ឈ្នួល​រួម​នេះ ទៅ​ដាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​ត្រី​ភាគី ដែល​បាន​កំណត់​ធ្វើ​នៅ​ខែ​កញ្ញា​ខាង​មុខ​​​។ តំណាង​សហជីព​ឲ្យ​ដឹង​ពី​ជំហ​របស់​ខ្លួន​ថា ការទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា គឺ​ស្ថិតនៅ​ចន្លោះ​ពី ១០០ដុល្លារ ទៅ ១៦០ ដុល្លារ​។

​បញ្ហា​ប្រាក់​ឈ្នួល​នេះ នៅ​តែ​មាន​ភាព​ចម្រូង​ចម្រាស់​។ កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ គណៈកម្មការ​ប្រឹក្សា​ការងារ បាន​បោះ​ឆ្នោត​ជា​សម្ងាត់ កំណត់​យក​ថ្ងៃ​ទី​០១ ​ខែ​មករា ឆ្នាំ​២០១៥ ជា​ថ្ងៃ​កំណត់​ប្រាក់​ឈ្នួល​កម្មករ​និយោជិត សម្រាប់​ឆ្នាំ​២០១៥​។ ក៏​ប៉ុន្តែ ក្រុម​សហជីពបាន​ប្រឆាំង​នឹង​ការ​សម្រេច​​នេះ ដោយ​ស្នើ​ឲ្យ​យក​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០១៤ ជា​កាល​បរិច្ឆេទ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ឆ្នាំ​២០១៥​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ