អានតួអត្ថបទ
កម្ពុជា

​កម្ពុជា​បញ្ជូន​យោធា​១៥២​នាក់ ​ទៅ​បំពេញ​បេស​កម្ម​សន្តិភាព​នៅ​សូដង់​ខាង​ត្បូង​​

​កម្ពុជា​​​បាន​​​បញ្ជូន​​​យោធា​​​របស់​ខ្លួន​​ចំនួន​១៥២​នាក់​​បន្ថែម​ទៀត​ នៅ​​ថ្ងៃ​​សៅ​រិ៍​​នេះ ​ដើម្បី​​ចេញ​ទៅ​​​បំពេញ​​បេស​កម្ម​​រក្សា​​សន្តិភាព​​នៅ​​ប្រទេស​​ស៊ូដង់​​ខាងត្បូង​។ ​យោធា​​កម្ពុជា ​ដែល​​ស្ថិត​នៅ​ក្រោម​​​ឆ័​ត្រ​​របស់​​អង្គការ​សហប្រជា​ជាតិ​​ទាំង​១៥២​នាក់​​នេះ ​នឹង​​ទៅ​​ជំនួស​​យោធា​​កម្ពុជា​ ​ក្រុមចាស់​​​​ដែល​​ត្រូវ​​បញ្ចប់​​បេស​កម្ម​​នា​​ថ្ងៃ​​ខាង​មុខ​នេះ។​ ​

កងទ័ព​មួកខៀវ​កម្ពុជា​១៥២​នាក់​​ផ្លាស់​វេន​ទៅ​បំពេញ​បេសកម្ម​រក្សាសន្តិភាព​នៅប្រទេសស៊ូដង់​ខាងត្បូង
កងទ័ព​មួកខៀវ​កម្ពុជា​១៥២​នាក់​​ផ្លាស់​វេន​ទៅ​បំពេញ​បេសកម្ម​រក្សាសន្តិភាព​នៅប្រទេសស៊ូដង់​ខាងត្បូង RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

​កង​ទ័ព​កម្ពុជា​ទាំង​១៥២​នាក់​នេះ ​មក​ពី​កំលាំង​កង​រាជ​អាវុធ​ហត្ថ​ចំនួន​៧​​៣​នាក់​ និង​ក្រុម​គ្រូពេទ្យ​​កំរិត​២​ចំនួន​៧៩​នាក់ ​នឹង​ត្រូវ​ធ្វើ​ការ​លើ​ជំនាញ​ខុសៗ​គ្នា​ ស្រប​ទៅ​តាម​គោល​ការណ៍​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​។ ​

ក្រុម​នេះ ​នឹង​មាន​តួនាទី​ជា​ទី​ប្រឹក្សា​បច្ចេក​ទេស​ដល់​គ្រប់​ផ្នែក​ជំនាញ​ ធ្វើ​ជា​គណៈកម្មការ​ក្រុម​ប្រឹក្សា​វិន័យ​ផ្ទៃ​ក្នុង​ ដោយ​ចូល​រួម​រៀប​ចំតាក់​តែង​បទ​បញ្ជា​ផ្ទៃ​ក្នុង​សម្រាប់​កង​ឯក​ភាព​ និង​ចូល​រួម​សម្រេច​នូវ​ការ​ដាក់​ទណ្ឌកម្ម​ដល់​យោធិន​ដែល​ប្រព្រឹត្ត​ខុស ​ដោយ​ផ្នែក​លើ​បទ​ដ្ឋាន​បច្ចេកទេស ​(SOP)​ ស្រប​តាម​តម្រូវ​ការ​របស់​អង្គការ​សហ​ប្រជាជាតិ ​(អ.ស.ប.)​ និង​តំបន់​បេសក​កម្ម​ជាក់​ស្តែង​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ​ទៀ ​បាញ់ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ដែល​បាន​ជូន​ដំណើរ​កង​ទ័ព​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​សៅរិ៍​ទី​១៧​ឧសភា​នេះ។​ លោក​ ទៀ ​បាញ់ ​បាន​ថ្លែង​ថា ​”កង​ទ័ព​កម្ពុជា ​ត្រៀម​ខ្លួន​ជា​និច្ច ​ដើ​ម្បី​​ទទួល​យក​ការ​ងារ​ក្នុង​តំបន់​ឲ្យ​ស្រប​ទៅ​តាម​របៀប​របប​នៃ​អង្គការ​សហ​ប្រជា​ជាតិ​។ ​

ប្រ​ទេស​ក​ម្ពុជា​គឺ​ជា​ប្រទេស​មួយ ​ដែល​បាន​ពឹក​ផ្អែក​អង្គការ​សហ​ប្រជា​ជាតិ ​កាល​ពី​២២​ឆ្នាំ​មុន​ បន្ទាប់​ពី​ប្រទេស​នេះ​មាន ​សង្គ្រាម​ផ្ទៃ ​ក្នុង​ដ៏​រ៉ាំ​រ៉ៃ​របស់​ខ្លួន​ជាង​៣០​ឆ្នាំ​កន្លង​ទៅ ​តែ​បច្ចុប្បន្ន​នេះ ​កម្ពុជា​បាន​ប្រែ​ក្លាយ​ជា​ប្រទេស​ដែល​បញ្ជូន​ទាហាន​របស់​ខ្លួន​ ​ទៅ​បំពេញ​បេកកម្ម​នៅ​ក្រៅ​ប្រ​ទេស​ក្រោម​ឆ័ត្រ​របស់​អ​ង្គការ​សហ​ប្រជា​ជាតិ​ទៅ​វិញ​។

​អ្នក​សម្រប​សម្រួល​របស់​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា ​អ្នក​ស្រី ​Claire ​Van​ Der​ ​Vaeren​ បាន​មាន​ប្រសាសន៍​ក្នុង​ពេល​ជូន​ដំណើរ​យោធា​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃ​សៅរិ៍​ដែរ​ថា​ ​”​បេស​ក​ជន​​​របស់ ​យោធា​កម្ពុជា​ទាំង​អស់ ​នឹង​ក្លាយ​ទៅ​ជា​គ្រួសារ​តែ​មួយ​ ​របស់​អង្គ​ការ​សហ​ប្រជា​ជា​តិ ​ដោយ​ពួ​​ក​គេ​នឹង​ពាក់​មួក​ខៀវ ​មាន​ស្លាក​សញ្ញា ​UN​។​

​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ​កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​មួក​ខៀវ​ចំនួន​ ២.១១០​ នាក់​ហើយ​ ទៅ​ចូល​រួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ ​ដូចជា ​ប្រទេស​ស៊ីរី,​ ឆាដ,​ ស៊ូដង់, ​ស៊ូដង់​ខាង​ត្បូង​, ​ម៉ាលី​, ​អាហ្វ្រិក​កណ្តាល​ ​និង​ប្រទេស​លី​បង់​​ជា​ដើម​។ ​ការ​បំពេញ​បេសកម្ម​របស់​យោធា​កម្ពុជា​នៅ​ក្រៅ​ប្រទេស​ គឺ​ផ្អែក​លើ​ជំនាញ​បី ​ទី​១​ជំនាញ​ដោះ​មី​ន​ ជំនាញ​ពេទ្យ​ និង​ជំនាញ​វិស្វកម្ម​៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ