អានតួអត្ថបទ
កម្ពុជា

កម្ពុជា​បញ្ជូន​​កង​​ទ័ព​​ជាង​៣០០​នាក់​ទៅ​​បំ​ពេញ​​បេស​ក​កម្ម​​មនុស្ស​​ធម៌​និង​​រក្សា​​សន្តិ​ភាព​នៅ​​ប្រ​ទេស​​ម៉ាលី​

កង​ទ័ពផ្នែក​វិស្វកម្មនិង​កង​កម្លាំង​ដោះ​មីនកម្ទេច​គ្រឿង​ផ្ទុះសរុប៣០៩នាក់ត្រូវ​បាន​រដ្ឋា​ភិបាល​កម្ពុជាបញ្ជូន​ទៅ​បំពេញ​បេសក​កម្ម​មនុស្ស​ធម៌ និង​រក្សា​សន្តិភាព​នៅក្នុង​ប្រទេស ម៉ាលី។ កងទ័ព​កម្ពុជា ដែល​ស្ថិត​ក្រោម​ឆ័​ត្រ​អង្គ​ការ​សហ​ប្រជា​ជាតិ ទាំង ៣០៩ នាក់ បាន​ចេញ​ដំណើរ​ជា​បន្ត​បន្ទាប់​ទៅ​កាន់​ប្រទេស​ម៉ាលី ចាប់​តាំង​ពី​ថ្ងៃ​ទី​១៣​កុម្ភៈ ហើយ​ក្រុម​ចុង​ក្រោយ នឹង​ចេញ​ទៅ នៅ​ថ្ងៃ​ទី​១១​មីនា។

ផ្សាយពាណិជ្ជកម្ម

 

ពិធី​បញ្ជូន​កងកម្លាំង​វិស្វកម្ម និង​ដោះមីន កម្ទេច​គ្រឿង​ផ្ទុះ របស់​កង​ទ័ព​កម្ពុជា ទៅ​កាន់​ប្រទេស​ម៉ាលី បាន​ធ្វើ​ឡើង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧​កុម្ភៈ។ ជា​ក្រុម​ទី​២ ដែល​មាន​ចំនួន ៧៤ នាក់ ក្នុង​ចំណោម​កងទ័ព​មួក​ខៀវ​កម្ពុជា​សរុប ៣០៩ នាក់ ដែល​ត្រូវ​ទៅ​បំពេញ​បេសក​កម្ម មនុស្ស​ធម៌ ក្រោម​ស្លាក​អង្គការ​សហ​ប្រជា​ជាតិ UN នៅ​ប្រទេស​ម៉ាលី។

ជា​លើក​ទី១ហើយ ដែល​កម្ពុជា បាន​បញ្ជូន​កង​កម្លាំង​ទ្រង់​ទ្រាយ​ធំ រហូត​ដល់​ទៅ ៣០៩ នាក់ ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​រួមគ្នា​ជាមួយ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ថែរក្សា​ស្ថិរ​ភាព​ក្នុង​ប្រទេស​ម៉ាលី។ នេះ​បើតាម​លោក សែម សុវណ្ណនី អគ្គ​នាយក​មជ្ឈ​មណ្ឌល​ជាតិ​គ្រប់គ្រង​កង​កម្លាំង​រក្សា​សន្តិភាព បោស​សំអាត​មីន និង​កាក​សំ​ណល់​សង្គ្រាម។

តាម​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី កង​កម្លាំង​មួក​ខៀវ​កម្ពុជា ទៅ​កាន់​ប្រទេស​ម៉ាលី លើក​នេះ ត្រូវបាន​បញ្ជូនទៅ​បំពេញ​បេសក​កម្ម ជា​មួយ​នឹង​ការ​បំពាក់​ដោយ​ឧបករណ៍ មធ្យោ​បាយ និង​សម្ភារៈ​ជាច្រើន ស្របតាម​និយាម​ការ​របស់​អង្គការ​សហ​ប្រជា​ជាតិ។

តាម​កម្ម​វិធី កងទ័ព​កម្ពុជា​ទាំង ៣០៩ នាក់ ត្រូវ​បញ្ជូន​ចេញ​ទៅ​កាន់​ប្រទេស​ម៉ាលី​ជា ៤ ដំណាក់​កាល។ លើក​ទី១ បានធ្វើ​ឡើង កាលពី​ថ្ងៃទី១៣កុម្ភៈ មាន​ចំនួន ៣ នាក់។ លើក​ទី២  នៅ​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ចំនួន ៧៤ នាក់។ លើក​ទី៣ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១ ខែមីនា ចំនួន ៣០នាក់ និង​លើក​ទី៤ នឹងធ្វើ​ឡើង នៅ​ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៤ ចំនួន ២០២ នាក់។

ចាប់តាំងពី​ឆ្នាំ២០០៦ កងទ័ព​កម្ពុជា​រាប់​ពាន់​នាក់ ត្រូវបាន​បញ្ជូន​ទៅ​បំពេញ​បេសកកម្ម​មនុស្ស​ធម៌ ដើម្បី​ថែរក្សា​សន្តិភាព ក្រោម​ស្លាក​អង្គការសហប្រជាជាតិ លើ​ផ្នែក​បោសសម្អាត​មីន ផ្នែក​សង្កេត​ការណ៍​យោធា ផ្នែក​វិស្វកម្ម​ធ្វើ​ផ្លូវ​ស្ពាន និង​ផ្នែក​ថែរក្សា​សណ្តាប់​ធ្នាប់ នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង ប្រទេស​ឆាត ប្រទេស​អា​ហ្វ្រិ​ច​កណ្តាល ប្រទេស​លី​បង់ និង​ចុង​ក្រោយ​នៅ​ប្រទេស​ម៉ាលី។ បេស​កកម្ម​ទាំង​នោះ ក្នុង​មួយ​ក្រុមៗ មាន​អាណត្តិ​រយៈ​ពេល ១ ឆ្នាំ ហើយ​ត្រូវ​ផ្លាស់ប្តូរ​ក្រុម​ថ្មី ទៅ​ជំនួស ជា​បន្តបន្ទាប់។

តំណាង​អង្គការ​សហប្រជាជាតិ ប្រចាំ​កម្ពុជា បាន​សរសើ​ដល់​កងទ័ព​កម្ពុជា នៅក្នុង​សកម្មភាព ថែរក្សា​សន្តិភាព ដែល​បាន​នាំមក​នូវ​កិត្តិយស​ដ៏​ធំធេង ជូន​ដល់​ប្រទេសជាតិ​មាតុភូមិ​កម្ពុជា។ កម្ពុជា ជា​ប្រទេសមួយ មានការ​យល់ច្បាស់ និង​ស្រឡាញ់​សន្តិភាព សន្តិសុខ និង​សាមគ្គីភាព សម្រាប់​ប្រជាជន​នៅលើ​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ