អានតួអត្ថបទ
កម្ពុជា-អ,ស,ប,

កងទ័ព​មួក​ខៀវ​កម្ពុជា​១៥២​នាក់​ផ្លាស់​វេន​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​​ស៊ូដង់​ខាង​ត្បូង​

កាលពី​​ព្រឹក​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​កងទ័ព​​មួក​ខៀវ​​កម្ពុជា​ ចំនួន ​១៥២ ​នាក់​បាន​​ចេញ​ដំណើរ​ទៅ​​បំពេញ​​​បេសកកម្ម​​ថែ​រក្សា​​សន្តិភាព​ក្រោម​​ឆ័ត្រ​​អង្គការ​សហប្រជាជាតិ​នៅ​​ប្រទេស​​ស៊ូដង់​​ខាង​​ត្បូង​។​ កងទ័ព​​កម្ពុជា​​ទាំង​នោះ ​ជា​​កង​អាវុធហត្ថ​និង​​ពេទ្យ​​ទាហាន​ដើម្បី​​ទៅ​​បំពេញ​បេសកកម្ម​ ជា​កង​សុខាភិបាល​និង​​កង​​រក្សា​សណ្តាប់​ធ្នាប់​នៅ​​ប្រទេស​​ស៊ូដង់​​ខាងត្បូង​ជំនួស​​ក្រុម​​ចាស់ ​ដែល​​បាន​​បញ្ចប់​​បេសកកម្មរយៈពេល​១​ឆ្នាំហើយ​នឹង​មកដល់​ភ្នំពេញ​វិញនៅ​ថ្ងៃ​ទី​៦​មេសា​។​ គិត​​ចាប់ពី​ឆ្នាំ​២០០៦ មកដល់ពេលនេះ កងទ័ព​កម្ពុជា សរុប​ប្រមាណ ១៦០០ នាក់ បាន និង​កំពុង​​បំពេញបេសកកម្ម ជា​ទាហាន​មួក​ខៀវ​របស់​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ស៊ូដង់ ប្រទេស​​ឆាត អាហ្វ្រិក​កណ្តាល លី​បង់ និង​ប្រទេស​ស៊ី​រី លើ​ផ្នែក​បោសសំអាត​មីន ផ្នែក​សង្កេត​ការណ៍​​យោធា វិស្វកម្ម​ធ្វើ​ផ្លូវ​ស្ពាន និង​ផ្នែក​ថែរក្សា​សណ្តាប់ធ្នាប់ ជាដើម​។​

កងទ័ព​មួកខៀវ​កម្ពុជា​១៥២​នាក់​​ផ្លាស់​វេន​ទៅ​បំពេញ​បេសកម្ម​រក្សាសន្តិភាព​នៅប្រទេសស៊ូដង់​ខាងត្បូង
កងទ័ព​មួកខៀវ​កម្ពុជា​១៥២​នាក់​​ផ្លាស់​វេន​ទៅ​បំពេញ​បេសកម្ម​រក្សាសន្តិភាព​នៅប្រទេសស៊ូដង់​ខាងត្បូង RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 


​ពិធី​ជូន​ដំណើរ​កងទ័ព​កម្ពុជា ១៥២ នាក់ ក្នុងនាម​ជា​ទាហាន​មួក​ខៀវ​អង្គការសហប្រជាជាតិ ដើម្បី​​ថែរក្សា​សន្តិភាព នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០១៣ នៅ​ព្រលានយន្តហោះ​កងទ័ពអាកាស​ពោធិចិនតុង ដោយ​មាន​ការចូលរួម​ពី​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​តំណាង​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា​។​
​កងទ័ព​មួក​ខៀវ​កម្ពុជា​ទាំង ១៥២ នាក់ ដែល​ត្រូវ​ចេញ​ទៅ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ នៅ​ប្រទេ​សស៊ូដង់​ខាងត្បូង រួមមាន កង​អាវុធហត្ថ លេខ ៧១១ និង​ពេទ្យ​កម្រិត ២ លេខ ៨០៨​។ ក្នុងនោះ មាន​ស្ត្រី ១០ នាក់​។

​ក្រុម​កងទ័ព​កម្ពុជា​ទាំង ១៥២ នាក់​នេះ ត្រូវ​ទៅ​ផ្លាស់​វេន​កង​អាវុធហត្ថ​លេខ ៧០២ និង​ពេទ្យ​កម្រិត​២ លេខ ៨០១ ដែល​បាន​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ រយៈពេល ១ ឆ្នាំ នៅ​ប្រទេ​ស៊ូដង់​ខាងត្បូង​។ ក្រុម​ចាស់​នោះ នឹង​មកដល់​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៣​។​
​ក្នុង​ពិធី​ជូន​ដំណើរ​កងទ័ព​កម្ពុជា ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាពក្រោម​ឆ័ត្រ​អង្គការ​សហ​ប្រជា​ជាតិ នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០១៣ រដ្ឋមន្ត្រី​ការពារជាតិលោក ទៀ បាញ់ បាន​​លើក​ឡើង​ថា កងយោធពល​ខេមរភូមិន្ទ​កម្ពុជា ត្រូវបាន​ហ្វឹកហាត់​ត្រឹមត្រូវ ដើម្បី​បំពេញ​បេសកកម្ម​​រក្សា​សន្តិភាពនៅ​ក្រៅប្រទេស​។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​កងទ័ព​កម្ពុជា ប្រកាន់ខ្ជាប់​គោលការណ៍​មនុស្សធម៌ ដើម្បី​លើក​តម្កើង​កិត្តិនាម​របស់​កម្ពុជា លើ​ឆាក​អន្តរជាតិ​។ កងទ័ព​មួក​ខៀវ​កម្ពុជា​នេះ​ហើយ ដែល​លោក ទៀ បាញ់ ចាត់ទុកថា ជា​នាយទាហាន​ការទូត របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​។​

​ចំណែក​តំណាង​អង្គការសហប្រជាជាតិក៏​បាន​កោត​ស​សើរ​ចំពោះ​យោធា​កម្ពុជា​។ កម្ពុជា ដែល​​​ក្នុង​​ក្រសែភ្នែក​របស់​អង្គការសហប្រជាជាតិ ចាត់ទុកថា ជា​ប្រទេស​មួយ បាន​ធ្វើ​ពលិកម្ម ដើម្បី​​ឲ្យមាន​សន្តិភាព សន្តិសុខ និង​មិត្តភាព​។ ម្យ៉ាងទៀតតាមរយៈ​ការចូលរួមចំណែកក្នុង​បេសក​កម្ម​​​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នេះ ប្រទេស​កម្ពុជា តែងតែ​ឈរ​ជា​គំរូ​មួយ សម្រាប់​ពិភពលោក​។

​មកដល់ពេលនេះ អង្គការសហប្រជាជាតិមាន​បុគ្គលិក មិនតិច​ជាង ១២០.០០០ នាក់​ទេ ដែល​​​មកពី ១១៤ប្រទេសកំពុង​បម្រើ​ការងា​រលើ​ផ្នែក​ប្រតិបត្តិ​ការរក្សា​សន្តិភាព១៥ជំនាញ​។​ចំណែក​​កម្ពុជា​វិញ ចាប់តាំងពី​ឆ្នាំ​២០០៦ បាន​បញ្ជូន​កងទ័ព ទៅ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ស៊ូដង់​ ខាងត្បូងប្រទេស​ឆាត ប្រទេស​អាហ្វ្រិក​កណ្តាល​​ប្រទេស​លី​បង់ និង​ប្រទេស​ស៊ី​រី​។

កងកម្លាំង​យោធា​កម្ពុជា សរុប ១.៦០២ នាក់ បាន និង​កំពុង បំពេញបេសកកម្ម ជា​កង​ទាហាន​មួក​ខៀវ​របស់​អង្គការសហប្រជាជាតិ ផ្នែក​​បោសសំអាត​មីន ផ្នែក​សង្កេតការណ៍​យោធា ផ្នែក​វិស្វកម្ម​ធ្វើ​ផ្លូវ​ស្ពាន និង​ផ្នែក​ថែរក្សា​សណ្តាប់ធ្នាប់ ជាដើម​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ