អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សសរស្តម្ភ២​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ប្រេះ​ស្រាំ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បាវចនា​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​គឺ ជាតិ សាសនា ព្រះមហាក្សត្រ។ ក្នុងពេល​បច្ចុប្បន្ននេះ ពាក្យ២ គឺជា​តិ និង​សាសនា ហាក់ដូចជា​កំពុងតែ​ទទួលរង​នូវ​ភាព​ប្រេះស្រាំ។ គណបក្សនយោបាយ​ជាប់ឆ្នោត​ទាំងពី​គ្មាន​ពន្លឺ​នៃ​ការដោះស្រាយ​បញ្ចប់ទំនាស់​នយោបាយ​ឡើយ។ ដោយមាន​ឥទ្ធិពល​ពី​នយោបាយ​វិស័យ​សាសនា​របស់​រដ្ឋ​ក៏បាន​បង្ហាញ​ទិដ្ឋភាព​ប្រេះឆា​ជាអន្លើៗដែរ។ ប្រសិនបើ បាវចនា​ជាតិ ដែលមាន​ពាក្យ​ទាំង៣ជា​ទម្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មែន​នោះ គេ​មិនគួរ​អោយមាន​ពាក្យ​ណាមួយ ត្រូវ​ប្រេះស្រាំ​ឡើយ ដើម្បី​ធ្វើជា​ចន្ទល់​រឹងមាំ​របស់​ព្រះរាជណាចក្រ​កម្ពុជា។

បាវចនាជាតិ
បាវចនាជាតិ RFI-Monika
ផ្សាយពាណិជ្ជកម្ម

 

 មាត្រា៤នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ចែង​ពី​បាវចនា​របស់​ព្រះរាជណាចក្រ​កម្ពុជា។ បាវចនា​ជាតិ​កម្ពុជា គឺជា​តិ សាសនា ព្រះមហាក្សត្រ។ ពាក្យ​ទាំងបី​ដែល​ត្រូវបាន​គេ​សរសេរ​នៅក្រោម​ពាក្យ​ព្រះរាជាណាចក្រ​កម្ពុជា ប្រៀបបាន​នឹង​សសរស្តម្ភ​បី ដែលជា​ទម្រ​ទល់​ជ្រោង​ឡើងលើ ព្រះរាជាណាចក្រ​កម្ពុជា​អីចឹង​ដែរ។

ប្រសិនបើ ពាក្យ​ទាំងបី គឺជា​ចន្ទល់​ទ្រ​ព្រះរាជាណាចក្រ​កម្ពុជា​មែន​នោះ ចន្ទល់​ទាំង៣នេះ ត្រូវតែ​ជា​ចន្ទល់​ដ៏​រឹងមាំ មិន​រំខាន​ដោយ​ភាព​ប្រេះស្រាំ​ឡើយ។

ប៉ុន្តែ អ្វី​ទៅជា​ទិដ្ឋភាព​ជាក់ស្តែង ក្នុងចំណោម​សសរស្តម្ភ​ទាំង៣ សសរស្តម្ភ​ជាតិ និង​សសរស្តម្ភ​សាសនា​តែង​តែង​ប្រឈម​នឹង​បញ្ហា​មិនចេះ​ដាច់។

ក្រឡេកមើល​សសរស្តម្ភ​ជាតិ​មុន។ ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នៅតែ​ស្ថិតក្នុង​សភាព​ផុយស្រួយ​គ្រប់ពេលវេលា ពិសេស​នៅក្រោយពេល​បោះឆ្នោត។ បោះឆ្នោត៥លើក​ហើយ តើ​មាន​ម្តងណា ដែល​គ្មាន​បញ្ហា​ទំនាស់​នយោបាយ ធ្វើអោយ​អ្នកបោះឆ្នោត និង​ពលរដ្ឋ​ទាំងមូល​បារម្ភ​នោះ? បោះឆ្នោត​នីតិកាល​ទី៥នេះ ខណៈដែល​សំឡេង​គណបក្សប្រឆាំង​ឡើង​ខ្លាំង​ប្រហាក់ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់អំណាច​ជា​រៀងរហូត​មក​នោះ វា​បានធ្វើអោយ​ទំនាស់​នយោបាយ​កាន់តែ​អូសបន្លាយ​យូរ​ពេល ហើយក៏​គ្មាន​ពន្លឺ​នៃ​ដំណោះស្រាយ​ឡើយ​រហូតដល់​ពេលនេះ។

មិនមែនជា​ការបែកបាក់​ជាតិ​នៅឡើយ​ទេ វា​គ្រាន់តែ​ជា​ទំនាស់​ផ្នែក​នយោបាយ​តែប៉ុណ្ណោះ។ ប៉ុន្តែ តាំងពី​ក្រោយ​ថ្ងៃ​បោះឆ្នោត​ថ្ងៃទី២៨កក្កដា​មក ទំនាស់​នេះ​បាន​បង្កអោយមាន​ហិង្សា​ជាច្រើនលើក និង​បានធ្វើ​អោយមាន​មនុស្ស​ស្លាប់ និង​របួស​មិនតិច​នាក់​ដែរ។ បើទោះជា​មិនទាន់​បាក់បែក គ្រាន់តែ​ជា​ទំនាស់ ប៉ុន្តែ​ជា​ទំនាស់​ដែល​នៅ​ត្រាំត្រែង​យូរ​ខែ​ដែល​បាន​ផ្តល់ឱកាស​អោយ​អ្នកគាំទ្រ​នៃ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ចិញ្ចឹមចិត្ត ពង្រីក​គំនុំគុំកួន​ទៅលើ​គ្នា​ទៅវិញ​មក។ មិនទាន់​ជាការ​បាក់បែក​ប៉ុន្តែ កងកម្លាំងប្រដាប់អាវុធ​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​សិ្ថ​ត​នៅក្នុង​ស្ថានភាព​ប្រកាសអាសន្ន​ជា​និរន្ត ខណៈ​មេដឹកនាំ​គណបក្ស​ប​សង្គ្រោះ​ជាតិ​នៅ​បន្ត​អំពាវនាវ​អោយ​អ្នកគាំទ្រ​នៅតាម​ខេត្ត​ចូលរួម​ធ្វើបាតុកម្ម​ទាមទារ​រក​យុត្តិធម៌​នៃ​ការបោះឆ្នោត។ បើ​ទំនាស់​ប្រឆាំង​គ្នា​នៅតែ​បន្ត ហើយ​គំលាត​នៃ​ការចរចា​ដោះស្រាយ​ទំនាស់​នៅ​ធំ​នៅឡើយ ដូច​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានប្រកាស​អោយដឹង​ជា​សាធារណៈ​នោះ តើ​ពេលណា ទំនាស់ ឬ​ភាព​ប្រេះស្រាំ​នៃ​សរសេរ​ស្តម្ភ​ជាតិ នឹង​ត្រូវបាន​ផ្សះផ្សារ​អោយ​រឹងមាំ​ឡើងវិញ?

និយាយ​អំពី​សសរស្តម្ភ​សាសនា​ម្តង។ តាមពិត​បញ្ហា​សាសនា គឺជា​បញ្ហា​ដ៏​រសើប​បំផុត មិន​ថា​នៅក្នុង​ប្រទេស​ណា​នោះទេ ដែល​មិនគួរ​អោយមាន​ទំនាស់។ នៅ​កម្ពុជា ចុងក្រោយ​នេះ តាមរយៈ​ផ្លូវ​នយោបាយ គេ​ឃើញ​មាន​ព្រះសង្ឃ​បាន​និមន្ត​ចេញមក​ធ្វើ​សកម្មភាព​នយោបាយ ហើយ​ក៏បាន​ថ្លែង​រិះគន់​ថ្នាក់ដឹកនាំ​សង្ឃ និង​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​អំពី​ការប្រកាន់​បក្សនយោបាយរៀងៗខ្លួន។ នេះ​និយាយ​អំពី​ព្រះសង្ឃ​នឹង​ការប្រកាន់​និន្នាការ​នយោបាយ។ នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ សកម្មភាព​របស់​ព្រះសង្ឃ​មួយចំនួន​ដែល​សំដែង​អោយឃើញ​អំពី​សំភារៈ​និយម​ក៏បាន​ធ្វើអោយ​ពុទ្ធបរិស័ទ​អស់ជំនឿ។ ចំនុច​អសកម្ម​នៃ​ព្រះសង្ឃ​អង្គ​ខ្លះ​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ដោយ​ការប្រព្រឹត្តិ​ល្មើស​នានា​នោះ ក៏បាន​ធ្វើអោយ​បាត់បង់​ការគោរព​ពី​ពុទ្ធបរិស័ទ​ដែរ។ ចោរកម្ម​ព្រះ​សារីរិកធាតុ និង​ព្រះ​ពុទ្ធបដិមា​វា​ជា​បទល្មើស​មួយ​មែន ប៉ុន្តែ​វា​ក៏​ឆ្លុះបញ្ចាំង​អំពី​ការមិន​ខ្លបខ្លាច គោរព​សាសនាព្រះពុទ្ធ​ដែលជា​សាសនា​របស់​រដ្ឋ​ដែរ។

និយាយ​សរុប​មកវិញ ជាតិ និង​សាសនា ដែល​ស្ថិតនៅក្នុង​បាវចនា​ជាតិ​នោះ ហាក់​មិនបាន​បង្ហាញ​អំពី​ភាពរឹងមាំ​នោះឡើយ តែ​គឺ​មានតែ​បញ្ហា​ចាក់​ស្រែះ។ ដូច្នេះ ចាប់ពីពេលនេះ​ទៅ អ្នកនយោបាយ និង​ប្រជា​ពល​ខ្មែរ​គួរ​ងាក​មករក​សាមគ្គី​ភាព ផ្សះផ្សារ ជួសជុល​ភាព​ប្រេះស្រាំ​នៃ​ជាតិ និង​សាសនា​អោយបាន​រឹងមាំ​ឡើងវិញ រួមជាមួយ​ព្រះមហាក្សត្រ ដើម្បី​ធ្វើជា​បាវចនា​ដ៏​មាន​សក្តានុពល ទ្រ​ព្រះរាជាណាចក្រ​កម្ពុជា៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ