អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទស្សនៈ​ដាច់​ខាត​របស់​ពលរដ្ឋ​ ធ្វើ​អោយ​កម្ពុជា​ប្រឈម​នឹង​ការ​បែក​បាក់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បច្ចុប្បន្ន​នេះ គេ​បាន​ឃើញហើយ ការ​ប្រឈម​មុខ​ដាក់គ្នា​រវាង​មេដឹកនាំ​នៃ​គណបក្ស​កាន់អំណាច និង​មេដឹកនាំ​គណបក្ស​ប្រឆាំង។ នេះគឺ​ជា​ការប្រកួត​ប្រជែង​នយោបាយ ដើម្បី​ឈាន​ទៅ​រក​អំណាច ដែល​ ដែល​ជា​ញឹកញាប់​វា​បាន​ធ្វើ​អោយ​កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិ​។ ប៉ុន្តែ​លើស​ពី​នេះ ហើយជា​អ្វី​ដែល​អាច​កាន់តែ​គ្រោះថ្នាក់នោះ គឺ​ទំនាស់​ផ្នែក​គំនិត​របស់​ក្រុម​អ្នកគាំទ្រ​នៃ​គណបក្ស​នយោបាយ​និមួយៗ។ អ្នកគាំទ្រ​គណបក្ស​នយោបាយ​បានបង្ហាញ​ជំហរ​ដាច់ខាត​រៀងៗខ្លួន ពោល​គឺ​អ្នក​ដែល​និយាយផ្ទុយ​ពី​ខ្លួន គឺ​ជាសត្រូវ គឺ​ជាអ្នកប្រឆាំង​នឹង​ខ្លួ​ន​តែ​ម្តង។ ការ​ប្រកាន់ជំហរ​ជ្រុល​និយម​នេះ នឹង​ធ្វើអោយ​សង្គម​កម្ពុជា​ជួប​នឹង​ការ​ប្រេះឆា​ កាន់តែ​ជ្រៅ។

បាតុកររបស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលបានមកជួប​ជុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីត្រៀមធ្វើបាតុកម្ម​ជា​រៀង​រាល់​ថ្ងៃ។
បាតុកររបស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលបានមកជួប​ជុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីត្រៀមធ្វើបាតុកម្ម​ជា​រៀង​រាល់​ថ្ងៃ។ @rfi/channa
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ការ​ចាប់ផ្តើម​នៃសម័យ​​ព្រះរាជាណាចក្រ​កម្ពុជាទី២មក​ ពោល​គឺ​ជា​ការ​ចាប់ផ្តើម​នៃ​របប​សេរី​ពហុបក្ស​​ដែលអនុញ្ញាតអោយ​ប្រជាពលរដ្ឋអនុវត្ត​សិទ្ធនយោបាយ​របស់ខ្លួន​នោះ ពលរដ្ឋ​កម្ពុជាក៏​ចាប់​ផ្តើម​ប្រកាន់​បក្ស​នយោបាយ​រៀងៗខ្លួន។ ដោយសារតែ​ភាព​ថ្មីថ្មោង​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ​ និង​ការ​អប់រំ​នៅ​ទាប​ បញ្ហា​សង្គម​មួយ​បាន​កើតឡើង គឺ​ការ​បែក​បាក់​សាមគ្គីភាព។ មិត្តភក្រ​ក្លាយ​ជាសត្រូវ ប្តីប្រពន្ធ និង​ក្រុម​គ្រួសារ​ក៏​ឈ្លោះ​បែកបាក់គ្នា។ គេ​នៅ​ចាំ​បាន​ថា អំពើហិង្សា​ក៏​បាន​កើតមាន​ច្រើន​​ករណី​ទៀត​ផង ដោយសារតែ​ការ​ប្រកាន់​និន្នាការ​ផ្ទុយ​គ្នា​នោះ។

ពេលនោះ​គណបក្សនយោបាយ​ធំ​មាន​៣ គឺ​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ដែល​ធ្វើ​ជា​គណបក្សកាន់អំណាច ក្នុង​រដ្ឋាភិបាល​ចម្រុះ និង​គណបក្ស​ប្រឆាំង​គឺ​ជា​គណបក្ស​សម រង្ស៊ី។ គណបក្ស​ទាំង​៣​សុទ្ធ​តែ​មាន​បណ្តាញ​សារព័ត៌មាន​របស់ខ្លួន​។

ពលរដ្ឋ​ខ្មែរ​ អ្នក​ដែលគាំទ្រ​គណបក្ស​ណា អាន​តែ​សារព័ត៌មាន​របស់​គណបក្ស​នោះ។ សារព័ត៌មាន​ទាំងនោះ តែ​ង​តែ​និយាយ​ល្អ លើក​ដំកើង​មេដឹកនាំ​គណបក្ស​ដែល​ខ្លួន​គាំទ្រ និង​បន្តុះបង្អាប់ រិះគន់​ ជេរប្រមាថ មេដឹកនាំ​គណបក្ស​ដទៃ។ គេ​បាន​កត់សម្គាល់ថា អ្នកអាន​សារព័ត៌មាន​តែង​តែគាំទ្រ និង​ជឿទាំងស្រុង​ទៅតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​និមួយៗ​របស់គណបក្ស​ដែល​ខ្លួន​ស្រឡាញ់ ហើយ​រួម​ផ្សំ​នឹង​សម្មានចិត្ត​ដែល​ខ្លួន​មាន​រួច​ស្រាប់ ចំពោះគណបក្ស​នោះកំហឹង​ទៅ​លើ​គណបក្ស​មួយ​ទៀត កាន់តែ​ពុះ​កញ្ជ្រោល។

អ្នកអាន​សារព័ត៌មាន​ដែលគាំទ្រគណបក្ស​កាន់អំណាច កាន់តែ​ស្អប់​មេដឹកនាំគណបក្ស​ប្រឆាំង រី​ឯ​អ្នកអាន​សារព័ត៌មាន​នៃ​គណបក្ស​ប្រឆាំង​ កាន់តែ​ខឹង​មេដឹកនាំ​នៃ​គណបក្ស​​កាន់អំណាច។ គ្រាន់តែ​ថា​នៅពេលនោះ កំហឹង និងការ​ស្អប់ ត្រូវបាន​លាក់ទុក​ក្នុងចិត្ត ហើយ​​គ្មាន​​​កន្លែង​បញ្ចេញឡើយ។

ទិដ្ឋភាព​និង​សកម្មភាព​ទាំង​នេះ តាម​ពិត​ទៅ​ បាន​កើត​ឡើង​បន្ត​រហូតដល់​សព្វថ្ងៃនេះ។ ហើយវាកំពុង​បង្ហាញ​​ខ្លួន និង​គ្រប​ដណ្តប់នៅ​តាម​បណ្តាញ​សង្គម ដែល​ជា​កន្លែង​សាធារណៈ​ដ៏​ទូលំទូលាយ​ទៀត​ផង។ នៅ​ពេល​ដែល​មាន​វេទិកា​សម្រាប់​បញ្ចេញ​មតិ​​យ៉ាង​ដូច្នេះ​ទើបគេដឹង​ថា បាតុភូត​នេះ ពិត​ជា​បញ្ហា​សង្គម​មួយ​ដ៏​គួ​រអោយ​ព្រួយ​បារម្ភមែនទែន។

នៅលើទីលាន​បណ្តាញសង្គម ក្រុម​អ្នកគាំទ្រគណបក្ស​ផ្សេងគ្នា​កំពុង​ប្រើប្រាស់​ពាក្យ​អសុរស ជេរ​ប្រមាថ​​គ្នា​យ៉ាង​ពេញ​ទំហឹង ដោយ​គ្មាន​ក្រែង​រអា​អ្វីឡើយ។ ពួកគេ​កាន់តែ​ហ៊ាន​ប្រមាថគ្នាដោយ​ចំហ​​ដល់​មេដឹក​នាំ​គណបក្ស​ដែល​គេ​មិនពេញ​ចិត្ត​ទៀត​ផង។ អ្វី​ដែល​គួ​រអោយ​ព្រួយ​បារម្ភ​នោះ គឺជាជំហរ​ជ្រុល​និយម ជំហរ​ដាច់ខាត​និយម​នៃ​ពលរដ្ឋ​អ្នកគាំទ្រគណបក្ស​នយោបាយ។

ឧទាហរណ៍ ចំពោះ​អ្នកគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​កាន់អំណាចវិញ តាម​រយៈ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​បណ្តាញ​សង្គម​នេះ អ្នកដែល​បាន​កសាងប្រទេស​រហូត​ដល់​ថ្ងៃ​នេះ គឺមានតែ​មេដឹកនាំ​គណបក្ស​ប្រជាជនកម្ពុជា​នោះទេ។ ប៉ុន្តែ​គឺ​លោកសម រង្ស៊ី និង​លោក​កឹម សុខា​ដែល​ជា​អ្នកបង្ក​អសន្តិសុខ និង​ធ្វើនយោបាយ​ប្រជាភិថុត។ ផ្ទុយទៅវិញ ចំពោះ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិវិញ គ្រប់សកម្មភាព​របស់​មេដឹកនាំ​របស់​ពួកគេ ដែលរិះគន់​សុទ្ធតែ​ត្រូវបាន​ផ្សព្វផ្សាយ​តគ្នា។ គ្រប់ពាក្យពេចន៍អំពាវនាវ​មេដឹកនាំ​គណបក្ស​ប្រឆាំង​សុទ្ធតែ​ត្រូវ​បាន​សាទរ និងចែកផ្សាយ​ដូចគ្នា​ដែរ។

សម្រាប់​អ្នកគាំទ្រ​ទាំងសងខាង​នេះ គឺ​មាន​តែ​គណបក្ស​ខ្លួន​ និង​មេដឹកនាំ​របស់​ខ្លួន​ទេ​ដែល​និយាយ​ត្រូវ និងធ្វើត្រូវ។ មេដឹកនាំផ្សេង អ្នកអត្ថាធិប្បាយ​នានាផ្សេងទៀត ប្រសិន​បើ​និយាយ​ផ្ទុយ​ពី​មេដឹកនាំ​ខ្លួន​នោះ គឺ​ជា​អ្នកខុស ​គឺ​ជា​សត្រូវ។ ហើយ​ការ​រិះគន់ ជេរប្រមាថ​នៅ​លើ​បណ្តាញ​សង្គម ក៏ត្រូវបាន​គេ​ធ្វើ​ និង​​ផ្សព្វផ្សាយ​​ភ្លាម​ដែរ។

ប្រការទាំង​នេះ​កំពុង​តែ​ធ្វើ​អោយ​កម្ពុជា​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន។ ទីមួយ នោះ​គឺ​ទិដ្ឋភាព​នៃ​បែកបាក់​​ក្នុង​សង្គម​នេះ​ឯង។ ជា​សង្គម​បែកបាក់​ជា​ពីរ​យ៉ាង​ខ្លាំង ហើយ​ដែល​ពេល​ខ្លះ​​ ការ​បែកបាក់​នេះ ត្រូវបាន​ជំរុញ្​ដោយ​ប្រព័ន្ធ​សារព័ត៌មាន​ដែល​គាំទ្រ​គណបក្ស​នីមួយ​ទៀត​ផង។ ទីពីរ ការ​បង្កើន​ទំហំ​នៃ​បែកបាក់នេះហើយ ដែល​វាជាការ​បង្កើន​វប្បធម៌​នៃ​ការ​ស្អប់គ្នា និង​គំនុំ​សងសឹក​នោះ​នៅ​ក្នុង​សង្គម​ខ្មែរ​។ និង​ទី​បី គឺ​ការ​ធ្លាក់ចុះ​នៃ​សីលធម៌​សង្គម។ ប្រសិន​បើ​គេអាន​នៅ​លើ​ទំព័រ​ហ្វ៊េសប៊ុក ពាក្យ​ពេចន៍​ជេរប្រមាថគ្នា ទាំង​ជា​វីដេអូ និង​ការ​សរសេរ​នោះ គឹ​ជា​ពាក្យ​​អសុរស​យ៉ាង​ខ្លាំង។ ពេលខ្លះ រូបថត​អ្នកនយោបាយ​ត្រូវបាន​គេ យក​មក​ប្រើប្រាស់​កាត់​រូបភាព​ជាមួយ​សត្វ​ក៏មាន​ដែរ។ ទាំង​អស់​នេះ​ គឺសុទ្ធតែ​ជា​បញ្ហា​សង្គម​ដែល​គេ​ត្រូវ​ដោះស្រាយ និង​កាត់បន្ថយ​លុបបំបាត់​ដើម្បី​សន្តិភាព និង​សុខដុមរមនា​ក្នុង​សង្គម​ខ្មែរនោះ។

អ្នកគាំទ្រ​គណបក្សនយោបាយ​ទាំងអស់​គួរ​ប្រកាន់​ជំហរ​ទន់ភ្លន់ជាងនេះ មិន​ដាច់ខាត និង​ជ្រុល​និយម ដើម្បី​ផ្តល់​ឱកាសអោយខ្លួន​ឯង​ អាច​មើល​ឃើញ​នូវ​អ្វី​ដែល​ជាចំនុច​វិជ្ជមាន​ច្រើន​ពី​ខាងក្រៅ លើស​ពីអ្វី​ដែល​ខ្លួន​បាន​ឃើញ​នៅ​ក្នុង​ក្រុម​នយោបាយ​របស់​ខ្លួន។ ធ្វើ​យ៉ាង​នេះ​បាន​ នោះគឺ​ជា​ការ​រួម​ចំនែក​របស់ពួកគេ ទៅក្នុង​ការ​កសាង​សង្គម​កម្ពុជាអោយមាន​សន្តិភាព ដូច​ដែល​ពួកគេ​គិត​ថា គឺ​មានតែ​មេដឹកនាំគណបក្ស​របស់​ពួកគេ ដែល​អាច​ធ្វើ​កិច្ច​ការងារ​នេះ​បាន​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ