អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឯកសារ​ប្រមូល​ពី​ផ្ទះ​ប៊ិនឡាដិន​បង្ហាញ​ពី​ការ​បាក់បែក​ផ្ទៃក្នុង​របស់​អាល់កៃដា

ចុះផ្សាយ​នៅ​ថ្ងៃ៖

បណ្ឌិតសភា​យោធា​អាមេរិក (West Point) បាន​ចេញផ្សាយ​ឯកសារ​មួយចំនួន ដែល​កងកុម្ម៉ងដូ​អាមេរិក​ប្រមូល​បាន ក្នុង​អំឡុង​​ប្រតិបត្តិការ​​សម្លាប់​ប៊ិនឡាដិន នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន កាល​ពីថ្ងៃ​ទី២ ឧសភា ឆ្នាំ​២០១១។ ឯកសារ​ដែល​ចេញផ្សាយ​នេះ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាព​បាក់បែក​ផ្ទៃក្នុង​ និង​អំពី​ការ​ថយចុះ​នៃ​អំណាច​របស់​ប៊ិនឡាដិន ក្នុង​អង្គការ​ភេរវកម្ម​អាល់កៃដា។

អូសាម៉ា ប៊ិនឡាដិន អតីត​មេដឹកនាំ​អង្គការ​ភេរវកម្ម​អាល់កៃដា (រូបថត​ឯកសារ​ឆ្នាំ​១៩៩៨)
អូសាម៉ា ប៊ិនឡាដិន អតីត​មេដឹកនាំ​អង្គការ​ភេរវកម្ម​អាល់កៃដា (រូបថត​ឯកសារ​ឆ្នាំ​១៩៩៨) REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ឯកសារ​ដែល​កងកុម្ម៉ង់ដូ​អាមេរិក (Navy SEAL) ​ប្រមូលបាន​ពី​ផ្ទះ​របស់​ប៊ិនឡាដិន កាល​ពី​ឆ្នាំ​ទៅមិញ មាន​រហូតដល់​ទៅ​រាប់ពាន់​ទំព័រ។ ក៏ប៉ុន្តែ មាន​តែ​ប្រមាណ ១៧៥​ទំព័រ​ប៉ុណ្ណោះ ដែល​ត្រូវបាន​គេ​ចេញផ្សាយ​ជា​សាធារណៈ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

ឯកសារ​ទាំងនេះ​បង្ហាញ​ឲ្យ​ឃើញថា នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​មុនពេល​ស្លាប់ ប៊ិនឡាដិន​មិនបាន​ក្តោបក្តាប់​អំណាច​ទាំងស្រុង នៅ​ក្នុង​អាល់កៃដា ដូចជា​ពីពេល​មុន​នោះទេ។ ក្នុង​អំឡុងពេលនោះ ប៊ិនឡាដិន​ស្ថិត​នៅតែ​ក្នុងផ្ទះ មើលទូរទស្សន៍ ហើយ​ផ្ញើ​សារ​ទៅកាន់​មេដឹកនាំ​អាល់កៃដា ដែល​នៅ​ក្រោម​បង្គាប់ ក៏ប៉ុន្តែ ភាគច្រើន​​បទបញ្ជា​របស់​ប៊ិនឡាដិន មិន​ត្រូវ​បាន​គេ​គោរព​តាម​នោះទេ។

ប៊ិនឡាដិន​បាន​សម្តែងនូវការ​មិនសប្បាយចិត្ត​ចំពោះ​ប្រតិបត្តិការ​ភេរវកម្ម​មួយចំនួន​របស់​អាល់កៃដា ដែល​បណ្តាល​ឲ្យ​ស្លាប់ ឬ​របួស​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដូចគ្នា។ ប៊ិនឡាដិន​យល់ថា ទង្វើ​បែបនេះ​នឹង​ធ្វើ​ឲ្យ​អាល់កៃដា​ត្រូវ​បាត់បង់​ការ​គាំទ្រ​ពី​​បណ្តាជន​អ៊ីស្លាម។

ប៊ិនឡាដិន​ក៏​បង្ហាញ​នូវ​កង្វល់​ផងដែរ ចំពោះ​ការណ៍​ដែល​ក្រុមភេរវជន​នៅកន្លែងផ្សេង ដែល​មិនមែន​ជា​សាខារបស់​អាល់កៃដា ហើយ​មិនស្ថិតក្រោម​ការ​គ្រប់គ្រង​របស់​អាល់កៃដា ប៉ុន្តែ យក​ឈ្មោះ​​អាល់កៃដា​ទៅប្រើ។ ប៊ិនឡាដិន​បាន​គិតគូរ​ចង់​ដូរ​ឈ្មោះ​ “អាល់កៃដា” នេះ​ចេញ​ហើយ​ដាក់​ឈ្មោះ​ថ្មី។

ចំណុច​ដែល​គួរឲ្យ​កត់សម្គាល់​មួយទៀត នៅ​ក្នុង​ឯកសារ​ដែល​ចេញផ្សាយនេះ គេ​មិនសូវឃើញ​ប៊ិនឡាដិន​ទាក់ទង​ជាមួយ​ Ayman al-Zawahiri នោះទេ។ គេ​សន្និដ្ឋានថា ភេរវជន​ទាំងពីរ​រូបនេះ ទំនង​ជា​បែកបាក់គ្នា ហើយ Zawahiri ទំនង​ជា​គ្រប់គ្រង​អាល់កៃដា​បាន​ច្រើន​ជាង​ប៊ិនឡាដិន។ គួរ​បញ្ជាក់ថា Zawahiri គឺ​ជា​អតីត​មេដឹកនាំ​អាល់កៃដា​លំដាប់ទី២ និង​ធ្លាប់​តែ​ជា​មនុស្ស​ជំនិត​របស់​ប៊ិនឡាដិន។ ក្រោយ​ប៊ិនឡាដិន​ស្លាប់ គឺ Zawahiri ដែល​ជា​អ្នកឡើង​មក​កាន់តំណែង​ជា​ប្រមុខដឹកនាំ​របស់​អាល់កៃដា។

បើទោះជា​ត្រូវ​លាក់​ខ្លួន​នៅតែ​ក្នុង​ផ្ទះ នៅ Abbottabad (ប៉ាគីស្ថាន) ប៊ិនឡាដិន​នៅតែ​មាន​មហិច្ឆតា​ចង់​ឃើញ​ការ​វាយប្រហារ​ភេរវកម្ម​ទ្រង់ទ្រាយធំ​ប្រឆាំង​នឹង​អាមេរិក។ ប៊ិនឡាដិន​បាន​ដាក់ចេញ​នូវ​ផែនការ​ភេរវកម្ម​ពីរធំៗ។

ទីមួយ គឺ​ការ​ធ្វើឃាត​លោក​អូបាម៉ា ដើម្បី​បង្ក​ចលាចល ក្នុង​ជួរ​រដ្ឋាភិបាល​អាមេរិក។ ប៊ិនឡាដិន​បាន​ដាក់បញ្ជា​ឲ្យ​គេ​ចាត់ភេរវជន​ពីរក្រុម​ទៅ​ឃ្លាំចាំមើល​ព្រលានយន្តហោះ​ពីរ (មួយ​នៅ​អាហ្វហ្កានីស្ថាន និង​មួយទៀត នៅ​ប៉ាគីស្ថាន) ដែល​យន្តហោះ​ដឹក​មេដឹកនាំ​អាមេរិក​​តែងតែ​ធ្វើការ​ចុះចត។ ភេរវជន​ទាំងពីរក្រុមនេះ​មាន​បេសកកម្ម​បាញ់​កម្ទេច​យន្តហោះ​ដឹកលោក​អូបាម៉ា ឬ​យន្តហោះ​ដឹក​មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​ប្រទេស​អាហ្វហ្កានីស្ថាន។

ផែនការ​ទីពីរ គឺ​ការ​វាយប្រហារ​​នៅ​ក្នុង​ទឹកដី​អាមេរិក​ ដោយ​ប្រើ​តាក់ទិក​​​ ដែល​ធ្លាប់​បាន​ប្រើ កាល​ពី​ថ្ងៃ​ទី១១ កញ្ញា ២០០១ ពោលគឺ វាយប្រហារ​ដោយ​ប្រើ​យន្តហោះ។ ប៊ិនឡាដិន​បាន​ដាក់​បញ្ជា​ឲ្យ​មន្រ្តី​ក្រោម​បង្គាប់​រើស​សម្រាំង​ភេរវជន​មួយចំនួន ដែល​មាន​ឈ្មោះ​ស្អាតស្អំ មិន​ជាប់ការ​សង្ស័យ​របស់​អាជ្ញាធរ​អាមេរិក ហើយ​បញ្ជូន​ពួកគេ​ឲ្យ​ទៅ​រៀន​បើក​បរ​យន្តហោះ នៅ​អាមេរិក។

នៅ​ក្នុងឯកសារ ដែល​ចេញផ្សាយ​ជាសាធារណៈ ម្សិលមិញនេះ មិនបាន​បញ្ជាក់​ច្បាស់នោះទេ​ថា តើ​គម្រោងការ​ភេរវកម្ម​ទាំងពីរ​​នេះ​ត្រូវបាន​មន្រ្តី​ក្រោម​បង្គាប់​ប៊ិនឡាដិន​យក​ទៅ​អនុវត្ត​ដែរ​ឬទេ? តើ​អនុវត្ត​បាន​ដល់​ដំណាក់កាលណា?

ជាចុងក្រោយ គេ​សង្កេតឃើញ​ថា នៅមុនពេល​ស្លាប់ ប៊ិនឡាដិន​​តែងតែ​មាន​ការ​ព្រួយបារម្ភ​ជាប់ជានិច្ច អំពី​ជោគវាសនា​របស់​អាល់កៃដា នៅ​ក្រោយ​ពេល​គាត់​ស្លាប់ និង​អំពី​​កេរ្តិ៍ឈ្មោះ​របស់​គាត់ នៅ​ក្នុង​ប្រវត្តិសាស្រ្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ