អានតួអត្ថបទ
អាមេរិក-ចិន

ទស្សនកិច្ច​លើកទីមួយ​របស់​អនុប្រធានាធិបតី​អាមេរិក​នៅ​ប្រទេស​ចិន

នៅ​ពី​ថ្ងៃ​ពុធ​ទី​១៧​សីហា​ម្សិល​មិញ លោក​អនុប្រធានាធិបតី​អាមេរិក ចូ បាយដិន(Joe Biden) បាន​ទៅ​ដល់​ប្រទេស​ចិន ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ចំនួន​ប្រាំ​ថ្ងៃ។ នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​អ្នក​ដឹក​នាំ​កំពូល​អាមេរិក​លំដាប់​ថ្នាក់​ទី​ពីរ​រូប​នេះ បាន​ទៅ​ប្រទេស​ចិន។ លោក​ត្រូវ​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ហ៊ូ ជិនតាវ លោក​អនុប្រធានាធិបតី​ចិន​ស៊ី ជីងពីង(Xi Jingping) ដែល​នឹង​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​ចិន នៅ​ឆ្នាំ​២០១៣។ នៅ​ក្នុង​ពេល​មួយ​ដែល​សេដ្ឋកិច្ច​អាមេរិក​កំពុង​ដើរ​អូស​ជើង លោក​ចូ បាយដិន គ្រោង​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​ទីក្រុង​ប៉េកាំង អំពី​សំណុំរឿង​សេដ្ឋកិច្ច​មួយ​ចំនួន រួម​មាន​ជា​អាទិ៍ តម្លៃ​ថោក​ជ្រុល​នៃ​ប្រាក់​យ័ន​ចិន។ ទន្ទឹម​នេះ លោកចូ បាយដិន​ចង់​ប្រាប់​ចិន​ដែល​ជា​ម្ចាស់​បំណុល​ធំ​ជាង​គេ​របស់​អាមេរិក​ថា រដ្ឋ​អាមេរិកាំង​នៅ​តែ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​សង​បំណុល​របស់​ខ្លួន។

លោក​ចូ បាយដិន អនុប្រធានាធិបតី​អាមេរិក​ និង​សមភាគី​ចិន ថ្ងៃព្រហស្បតិ៍ ១៨ សីហា ២០១១
លោក​ចូ បាយដិន អនុប្រធានាធិបតី​អាមេរិក​ និង​សមភាគី​ចិន ថ្ងៃព្រហស្បតិ៍ ១៨ សីហា ២០១១ REUTERS/How Hwee Young/Pool
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ប្រធាន​បទ​សំខាន់ៗ​ដែល​លោក​ចូ បាយដិន ត្រូវ​លើក​មក​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ចិន មាន​រឿង​រសើប​និង​រឿង​ល្អ។

សំណុំ​រឿង​រសើប​ជាង​គេ គឺ​បញ្ហា​ជុំវិញ​តម្លៃ​ទាប​ជ្រុល​នៃ​ប្រាក់​យ័ន​ចិន។ អាមេរិក​ចង់​ឲ្យ​ទីក្រុង​ប៉េកាំង​ពន្លែង​លុយ​យ័ន​ឲ្យ​អណ្តែត​ចុះ​ឡើង​ទៅ​តាម​ហាងឆេង​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ។ យោង​ទៅ​តាម​ទីក្រុង​វ៉ាស៊ីនតោន តម្លៃ​ទាប​ពេក​នៃ​លុយ​យ័ន​ធៀប​នឹង​លុយ​ដុល្លារ​ជួយ​ឲ្យ​ចិន​អាច​បន្ត​លក់​ផលិតផល​របស់​ខ្លួន​ក្នុង​តម្លៃ​ថោក​ជាង​ផលិតផល​របស់​អាមេរិក នៅ​លើ​ទីផ្សារ​អន្តរជាតិ។

សំណុំរឿង​រសើប​ធំ​មួយ​ទៀត គឺ​វិបត្តិ​ស្តី​ពី​ការ​ដំឡើង​កម្រិត​អតិបរមា​នៃ​ប្រាក់​បំណុល​របស់​អាមេរិក​ដែល​ថ្នាក់​ដឹក​នាំ​នៅ​វ៉ាស៊ីនតោន​បាន​បណ្តោយ​ឲ្យ​នៅ​រ៉ាំរ៉ៃ​ច្រើន​សប្តាហ៍​មុន​នឹង​ដោះស្រាយ​ចេញ កាល​ពី​ថ្ងៃ​ទី​២​សីហា។ ទី​ក្រុង​ប៉េកាំង​ដែល​ជា​ម្ចាស់​បំណុល​ធំ​ជាង​គេ​របស់​សហរដ្ឋអាមេរិក​បារម្ភ​ខ្លាំង​ឡើងៗ​ខ្លាច​ទីក្រុង​វ៉ាស៊ីនតោន​ក្ស័យ​ធន។ ក្នុង​ន័យ​នេះ​ថ្នាក់​ដឹក​នាំ​ចិន​បាន​អំពាវនាវ​ឲ្យ​អាមេរិក​ឈប់​ចាយ​ធំ ឈប់​ចាយ​ច្រើន​លើស​លុយ​ដែល​រក​បាន។

សំណុំ​រឿង​រសើប​ចុង​ក្រោយ គឺ​ការ​ដែល​អាមេរិក​នៅ​តែ​បន្ត​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់។ កាល​ពី​ថ្ងៃ​អង្គារ​ទី​១៦​សីហា មួយ​ថ្ងៃ​មុន​លោក​ចូ បាយដិន​ទៅ​ដល់​ទីក្រុង​ប៉េកាំង កាសែត​ផ្លូវការ​របស់​ចិន​បាន​សរសេរ​ថា ដរាប​ណា​វ៉ាស៊ីនតោន​នៅ​តែ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ ដរាបនោះ​ទំនាក់​ទំនង​ចិន-អាមេរិក​នឹង​មិន​អាច​ល្អ​ទៅ​កើត​ឡើយ។

យ៉ាង​ណា​ក៏​ដោយ ទាំង​ចិន​និង​ទាំង​អាមេរិក​យល់​ថា ពី​ពេល​នេះ​ត​ទៅ ស្ថិរភាព​នៃ​សេដ្ឋកិច្ច​ពិភពលោក​អាស្រ័យ​ទៅ​លើ​ទំនាក់ទំនង​និង​សហប្រតិបត្តិការ​រវាង​ប្រទេស​គេ​ទាំង​ពីរ។ អ៊ីចឹង​ហើយ បាន​ជា​នៅ​ព្រឹក​មិញ​នេះ លោក​ចូ បាយដិន​និង​សមភាគី​ចិន​លោក​ស៊ី ជីងពីង​បាន​ប្រកាស​ដូច​គ្នា​ថា នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន អាមេរិក​និង​ចិន​មាន​ប្រយោជន៍​រួម​គ្នា​ច្រើន​និង​មាន​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា​ខ្ពស់។

នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​ជា​លើក​ទី​មួយ​នេះ​របស់​ខ្លួន​នៅ​ប្រទេស​ចិន ក្រៅ​ពី​ជួប​ជា​មួយ​លោក​ស៊ី ជីងពីង លោក​ចូ បាយដិន​ត្រូវ​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ហ៊ូ ជិនតៅ​និង​លោក​នាយករដ្ឋមន្ត្រី​ចិន វេន យ៉ាបៅ។ លោក​ចូ បាយដិន​ស្នាក់​នៅ​ប្រទេស​ចិន​ប្រាំ​ថ្ងៃ រួច​ហើយ​លោក​នឹង​បន្ត​ដំណើរ​ទៅ​ម៉ុងហ្គោលី​និង​ក្រោយ​មក​ទៀត​ទៅ​ប្រទេស​ជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ