អានតួអត្ថបទ
អាមេរិក-ចិន

អនុប្រធានាធិបតី​អាមេរិក​ទៅ​ចែចូវ​អនាគត​មេដឹកនាំ​ចិន

នៅថ្ងៃ​អង្គារ ១៦ សីហា ២០១១​​នេះ លោក​អនុប្រធានាធិបតី​អាមេរិក ចូ បាយដិន (Joe Biden) បាន​ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​​ផ្លូវការ នៅ​ប្រទេស​ចិន។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ទៅតាម​ការ​អញ្ជើញ​របស់​អនុប្រធានាធិបតី​ចិន ដែល​ទំនង​ជា​នឹង​ត្រូវ​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​ចិន នៅ​ឆ្នាំ​២០១៣។ គោលដៅ​ចម្បង​របស់​លោក​បាយដិន គឺ​​ស្វែងយល់ និង​ចែចូវ​​អនាគត​ប្រមុខដឹកនាំ​ចិន។

លោក​ចូ បាយដិន (Joe Biden) អនុប្រធានាធិបតី​អាមេរិក ក្នុង​ដំណើរទស្សនកិច្ច​រយៈពេល ៥ថ្ងៃ នៅប្រទេស​ចិន
លោក​ចូ បាយដិន (Joe Biden) អនុប្រធានាធិបតី​អាមេរិក ក្នុង​ដំណើរទស្សនកិច្ច​រយៈពេល ៥ថ្ងៃ នៅប្រទេស​ចិន AFP PHOTO/Mandel NGAN
ផ្សាយពាណិជ្ជកម្ម

លោក​ចូ បាយដិន នឹង​ស្នាក់​នៅ​ប្រទេស​ចិន រយៈពេល ៥ថ្ងៃ ដែល​​ជា​ដំណើរ​ទស្សនកិច្ច​​មួយ មាន​រយៈពេល​វែង​​កម្រ​ឃើញ។ ក្នុង​អំឡុង​ទស្សនកិច្ច​នេះ លោក​បាយដិន នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ហ៊ូ ជិនតាវ នៅ​ទីក្រុង​ប៉េកាំង ហើយ​​បន្ទាប់​មក​ លោក​នឹង​​ធ្វើ​ដំណើរ​​ជាមួយ​លោក​ស៊ី ជីងពីង (Xi Jingping) ទៅ​ទស្សនា​​តំបន់​ផ្សេងៗ​ទៀត ក្នុង​ប្រទេស​ចិន។

លោក​ស៊ី ជីងពីង បច្ចុប្បន្ន​ ជា​អនុប្រធានាធិបតី​ចិន ក៏ប៉ុន្តែ គេ​រំពឹង​ថា លោក​នឹង​ឡើង​មក​កាន់​តំណែង​ជា​ប្រធានាធិបតី​ជំនួស​លោក​ហ៊ូ ជិនតាវ នៅ​ឆ្នាំ​២០១៣​ខាងមុខនេះ។ នៅពេលបច្ចុប្បន្ន​នេះ លោក​ស៊ី ជីងពីង គឺ​ជា​ឥស្សរជន​នយោបាយ​ ដែល​គេ​មិន​សូវ​ស្គាល់​​ប៉ុន្មាន​ទេ នៅលើ​ឆាកអន្តរជាតិ។ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៥ថ្ងៃ​នេះ លោក​បាយដិន អាច​នឹង​មាន​ឱកាស​ស្វែងយល់​អំពី​បុគ្គលិកលក្ខណៈ និង​គំនិត​នយោបាយ​របស់​អនាគត​មេដឹកនាំ​ចិន​រូបនេះ។ បើ​យោងតាម​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​បាយដិន គោលដៅ​ចម្បងរបស់​​អនុប្រធានាធិបតី​អាមេរិក គឺ​​​ត្រួសត្រាយ​ផ្លូវ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ចិន-អាមេរិក ទៅ​ថ្ងៃ​អនាគត។

ក៏ប៉ុន្តែ អនុរដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា នៅ​ក្នុង​ពេល​ជួប​ជាមួយ​មេដឹកនាំ​ចិន លោក​ចូ បាយដិន ក៏​នឹង​លើកឡើង​ផងដែរ​ អំពី​នយោបាយ​រូបិយវត្ថុ​ និង​យុទ្ធសាស្រ្ត​កំណើន​សេដ្ឋកិច្ច​​របស់​ចិន។ អាមេរិក​យល់ថា លុយ​យ័ន​របស់​ចិន​​ បច្ចុប្បន្ន​នេះ នៅតែ​មាន​តម្លៃ​ទាប​ជាង​តម្លៃ​ធម្មតា​ក្នុង​​ទីផ្សារ។ ម្យ៉ាងទៀត អាមេរិក​ចង់​ឃើញ​ចិន​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​ ពី​ការ​ស្វែងរក​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការ​នាំចេញ ទៅ​ជា​ការ​ពង្រីក​​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​របស់​ខ្លួន​វិញ។

បញ្ហា​សិទ្ធិមនុស្ស​​​ក៏​ជា​ប្រធានបទ​មួយដែរ ក្នុង​ដំណើរទស្សនកិច្ច​របស់​លោក​បាយដិន​ នៅពេលនេះ។ នេះ​បើ​យោងតាម​មន្រ្តី​សេតវិមាន។

បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅចិន លោក​ចូ បាយដិន នឹង​បន្ត​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន និង​ប្រទេស​ម៉ុងហ្គោលី​បន្តទៀត។ នៅ​ជប៉ុន លោក​បាយដិន ​គ្រោង​ធ្វើ​ដំណើរ​ទៅ​ទស្សនា​តំបន់​​ដែល​រងគ្រោះ​រញ្ជួយដី កាល​ពី​​ខែ​មីនា​កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ