អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ចិន​បារម្ភ ដ្បិត​អាមេរិក​បន្ត​លូកដៃ​ចូលមក​ក្នុង​ទ្វីប​អាស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់​សូម​បន្ត​និយាយ​ពី​ភូមិសាស្រ្ត​នយោបាយ​នៃ​ប្រទេស​ចិន តទៅទៀត ដោយ​សូម​បន្ត​លើក​ឡើង​អំពី​ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋអាមេរិក។ ជាយូរ​ឆ្នាំ​កន្លង​មក​ហើយ ដែល​ចិន​បារម្ភ ពីព្រោះ​អាមេរិក​ពង្រឹង​វត្តមាន​របស់ខ្លួន នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។

ទាហាន​ជើងទឹក​អាមេរិក ឈរ​នៅមុខ​ទង់ជាតិ​ចិន ក្នុង​ឳកាស​នាវាចម្បាំង​អាមេរិក​ចូលចត​នៅ​ទីក្រុង​ហុងកុង​ឆ្នាំ ២០០៨
ទាហាន​ជើងទឹក​អាមេរិក ឈរ​នៅមុខ​ទង់ជាតិ​ចិន ក្នុង​ឳកាស​នាវាចម្បាំង​អាមេរិក​ចូលចត​នៅ​ទីក្រុង​ហុងកុង​ឆ្នាំ ២០០៨ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

នៅ​ចន្លោះ​ខែ​មីនា​និង​ខែ​មេសា​ឆ្នាំ​២០០៣ នា​ពេល​ដែល​កងទ័ព​អាមេរិក​កំពុង​តែ​ធ្វើ​សង្គ្រាម​នៅ​អ៊ីរ៉ាក់ ដើម្បី​រំលំ​របប​របស់​Saddam Hussein ពលរដ្ឋ​នៃ​ប្រទេស​អាស៊ី​មួយ​ចំនួន ដូចជា​ប៉ាគីស្ថាន ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ជា​ដើម បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង។ ប៉ុន្តែ នេះ​មិនមែន​បាន​ន័យ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ី​ទាំង​នោះ​ស្អប់ខ្ពើម​អាមេរិក និង​រដ្ឋការ​លោក​ប៊ូស(Bush) ដូច​ប្រជាពលរដ្ឋ​របស់​ខ្លួន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ី​ទាំង​នោះ​គាំទ្រ ឬ​ត្រូវ​បង្ខំ​ចិត្ត​គាំទ្រ​អន្តរាគមន៍​យោធា​របស់​អាមេរិក​នៅ​អ៊ីរ៉ាក់។

តាម​ពិតទៅ ទោះ​ជា​ចិន​ពេញចិត្ត ឬ​មិន​ពេញចិត្ត​ក្តី ក៏​ទំនាក់ទំនង​រវាង​អាមេរិក និង​អាស៊ី ​និង​មហិច្ឆតា​របស់​អាមេរិក​ទៅ​លើ​ទ្វីប​អាស៊ី មាន​ជា​យូរយា​រណាស់​មក​ហើយ។ ឧទាហរណ៍​ជាក់​ស្តែង នៅ​ឆ្នាំ​១៨៥៣ មេ​បញ្ជាការ​នៃ​កងទ័ព​ជើង​ទឹក​អាមេរិក​Perry​បាន​ចូល​មក​ប្រទេស​ជប៉ុន បង្ខំ​ថ្នាក់​ដឹក​នាំ​ជប៉ុន​ឲ្យ​បើក​ទី​ផ្សារ​របស់​ខ្លួន ដើម្បី​ទទួល​ផលិតផល​និង​វិនិយោគ​អាមេរិក។ នៅ​ឆ្នាំ​១៨៩៨ ប្រទេស​ហ្វីលីពីន​បាន​ក្លាយ​ជា​អាណានិគម​របស់​អាមេរិក។ ហើយ​រហូត​មក​ដល់​ឆ្នាំ​១៩៤៥ ឆ្នាំ​ដែល​សង្គ្រាម​លោក​លើក​ទី​ពីរ​ត្រូវ​បាន​បញ្ចប់ អាមេរិក​រមែង​តែ​ប្រឆាំង​នឹង​មហិច្ឆតា​របស់​ជប៉ុន នៅ​អាស៊ី ដូចជា​នៅ​ក្រោយ​ពេល​ដែល​ជប៉ុន​បាន​ច្បាំង​ឈ្នះ​រុស្ស៊ី​ក្នុង​ឆ្នាំ​១៩០៥ និង​នៅ​ក្រោយ​ពេល​ដែល​ជប៉ុន​បាន​បង្ក​ឲ្យ​មាន​សង្គ្រាម​លោក​លើក​ទី​ពីរ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។

ក្រោយ​សង្គ្រាម​លោក​លើក​ទី​ពីរ អាមេរិក​ដែល​បាន​វាយ​កំទេច​ជប៉ុន តាម​រយៈ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​នៅ​Hiroshima​និង​Nagasaki បែរ​ជា​សម្រេច​ចិត្ត​ជួយ​កសាង ​និង​ជួយ​ការពារ​ប្រទេស​អាស៊ី​មួយ​នេះ​ទៅ​វិញ។ នៅ​ក្នុង​ស្មារតី​នៃ​ថ្នាក់ដឹកនាំ​អាមេរិក​ជំនាន់​នោះ ជប៉ុន​ត្រូវ​តែ​ក្លាយ​ជា​ចន្ទល់​មួយ​ដ៏​មាំ​របស់​អាមេរិក​នៅ​អាស៊ី​និង​នៅ​ប៉ាស៊ីហ្វិក។ មូលហេតុ​ធំ គឺ​មក​ពី​សង្គ្រាម​ត្រជាក់​រវាង​អាមេរិក ​និង​សហភាព​សូវៀត​កំពុង​ផ្តើម​ឡើង និង​មក​ពី​លទ្ធិ​កុម្មុយនិស្ត​កំពុង​ផ្តើម​លាត​សន្ធឹង​ទៅ​ដល់​អាស៊ី តាម​រយៈ​ការ​ប្រកាស​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ឆ្នាំ​១៩៤៩ ដោយ​ម៉ៅ សេទុង។

មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​១៩៥០ អាមេរិក​បង្កើន​ឥទ្ធិពល ​និង​វត្តមាន​របស់​ខ្លួន​ នៅ​អាស៊ី ដោយ​បាន​ដឹក​មុខ​កង​កម្លាំង​អន្តរជាតិ​មួយ​ទៅ​ជួយ​រំដោះ​កូរ៉េ​ខាងត្បូង​ឲ្យ​រួច​ផុត​ពី​ការ​ឈ្លានពាន​របស់​កូរ៉េ​ខាងជើង​កុម្មុយនិស្ត​ដែល​គាំ​ទ្រ​ដោយ​សូវៀត ​និង​ចិន។ ម៉្លោះ​ហើយ​បាន​ជា​តាំង​ពី​សម័យ​សង្គ្រាម​កូរ៉េ​រហូត​មក​ទល់​សព្វ​ថ្ងៃ អាមេរិក​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​រក្សា​ស្ថិរភាព​ និង​សន្តិភាព​នៅ​តំបន់​អាស៊ី​ចុង​បូព៌ា​ជាទី​ដែល​អាមេរិក​បាន​ដាក់​បញ្ឈរ​ទាហាន​៨ ០០០០​នាក់ នៅ​ជប៉ុន​និង​នៅ​កូរ៉េ​ខាង​ត្បូង។

ក្រោយ​មក​ទៀត ទោះ​ជា​ចិន​ពេញ​ចិត្ត ​ឬ​មិន​ពេញ​ចិត្ត​ក្តី ក៏​អាមេរិក​ចូល​ជ្រៅ​មក​ដល់​តំបន់​អាស៊ី​អាគ្នេយ៍ ​តាម​រយៈ​សង្គ្រាម​នៅ​ឥណ្ឌូចិន។ ក្រោយ​បរាជ័យ​របស់​កងទ័ព​អាណានិគម​បារាំង​នៅ​Dien Bien Phu ឆ្នាំ​១៩៥៤ អាមេរិក​ចេញ​មុខ​ការពារ​កុំ​ឲ្យ​វៀតណាម​ខាង​ត្បូង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​វៀតណាម​ខាង​ជើង​កុម្មុយនិស្ត។

ក៏​ប៉ុន្តែ នៅ​ចំពោះ​មុខ​ការ​គាប​សង្កត់​របស់​មតិ​អន្តរជាតិ និង​ភាព​សាហាវ​យង់ឃ្នង​នៃ​សង្គ្រាម​ដែល​បាន​រីករាល​ដាល​ទៅ​ដល់​កម្ពុជា​ និង​ឡាវ អាមេរិក​ត្រូវ​បង្ខំ​ចិត្ត​ដក​ទ័ព​ចេញ​ពី​ឥណ្ឌូចិន ហើយ​បណ្តោយ​ឲ្យ​វៀតណាម​ខាងត្បូង កម្ពុជា និង​ឡាវ​ក្លាយ​ជា​កុម្មុយនិស្ត​នៅ​ឆ្នាំ​១៩៧៥។

ពី​ពេល​នោះ​មក អាមេរិក​បាន​ផ្តើម​កាត់​បន្ថយ​ទម្ងន់​យុទ្ធសាស្ត្រ ​និង​យោធា​របស់​ខ្លួន​នៅ​អាស៊ី។ ជាក់ស្តែង នៅ​ពេល​ដែល​វៀតណាម​ចូល​រំលំ​របប​ខ្មែរ​ក្រហម ​និង​កាន់កាប់​ប្រទេស​កម្ពុជា និង​នៅ​ពេល​ដែល​សូវៀត​ចូល​ឈ្លានពាន​អាហ្វហ្កានីស្ថាន ​នៅ​ឆ្នាំ​១៩៧៩ អាមេរិក​ឈរ​អោប​ដៃ​មើល មិន​ព្រម​ធ្វើ​អ្វី​ទាំង​អស់។

ការ​ពិត អាមេរិក​បាន​សម្រេច​បញ្ចប់​សង្គ្រាម​នៅ​វៀតណាម តាំង​ពី​ឆ្នាំ​១៩៦៩​ម៉្លេះ។ កាល​នោះ តាម​រយៈ​សុន្ទរកថា​មួយ​នៅ​កោះ​Guam Richard Nixonដែល​ជា​ប្រធានាធិបតី​អាមេរិក​សម័យ​នោះ​បាន​ថ្លែង​ថា លោក​នឹង​ផ្តើម​ដក​ទ័ព​អាមេរិក​ចេញ​ពី​វៀតណាម​បណ្តើរ​ៗ។

ក្រោយ​មក​ទៀត អាមេរិក​ក៏​ថែម​ទាំង​សម្រេច​កាត់​បន្ថយ​ទម្ងន់យុទ្ធសាស្រ្ត​យោធា​របស់​ខ្លួន នៅ​អាស៊ី​ចុង​បូព៌ា​ទៀត​ផង។ ឧទាហរណ៍​ជាក់​ស្តែង នៅ​ឆ្នាំ​១៩៧២ អាមេរិក​សម្រេច​ប្រគល់​កោះ​Okinawa ដែល​ខ្លួន​បាន​កាន់កាប់​តាំង​ពី​ឆ្នាំ​១៩៤៥​មក​ម៉្លេះ ទៅ​ឲ្យ​ជប៉ុន​វិញ។ ហើយ​នៅ​ឆ្នាំ​១៩៨០ Jimmy Carterដែល​ជា​ប្រធានាធិបតី​អាមេរិក​ជំនាន់​នោះ បាន​រហូត​ដល់​ទៅ​និយាយ​ថា លោក​មាន​បំណង​ដក​កងទ័ព​អាមេរិក​ចេញ​ពី​កូរ៉េ​ខាង​ត្បូង​ទៀត​ផង។

មិន​តែ​ប៉ុណ្ណោះ នៅ​ចុង​ទសវត្សរ៍​ទី​៨០ អាមេរិក​និង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​អាស៊ី​របស់​ខ្លួន​ខ្លះ​បាន​ទាំង​ទាស់ទែង​គ្នា​ទៅ​ទៀត។ ¨មូលហេតុ គឺ​មក​ពី​ជប៉ុន​និង​បណ្តា​ប្រទេស​នាគ​សេដ្ឋកិច្ច​អាស៊ី​មួយ​ចំនួន​ក្លាយ​ជា​គូ​ប្រជែង​ពាណិជ្ជកម្ម​របស់​អាមេរិក​ផ្ទាល់​តែ​ម្តង ជាហេតុ​ធ្វើ​ឲ្យឧុនភាព​ថវិកា​អាមេរិក​កាល​នោះ កើន​ឡើង​ឥត​ឈប់​ឈរ។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​អាមេរិក​ផ្តើម​និយាយ​ចោទ​ប្រកាន់​កូរ៉េ​ខាង​ត្បូង​ដែល​ជា​មិត្ត​ថា មិន​គោរព​សិទ្ធិ​មនុស្ស​ផ្តើម​ប្រើ​ទណ្ឌកម្ម​ពាណិជ្ជកម្ម​និង​គំនាប​តាម​ផ្លូវ​ទូត ដើម្បី​បង្ខំ​ជប៉ុន សិង្ហបុរី ឬ​កូរ៉េ​ខាង​ត្បូង​ឲ្យ​បើក​ទីផ្សារ​ធំ​ទូលាយ​ជាង​មុន ដើម្បី​ទទួល​ផលិតផល​អាមេរិក។ លើស​ពី​នេះ​ទៅ​ទៀត អាមេរិក​ចាប់​ផ្តើម​បង្ខំ​ជប៉ុន​ និង​កូរ៉េខាងត្បូង​ឲ្យ​ជួយ​ធ្វើ​វិភាគទាន​ថវិកា ក្នុង​ការ​ចិញ្ចឹម​ និង​ផ្គត់ផ្គង់​ទាហាន​អាមេរិក​ដែល​ឈរ​ជើង​នៅ​តំបន់​អាស៊ី​ចុង​បូព៌ា។

ប៉ុន្តែ នៅ​ទី​បំផុត អាមេរិក​មិន​បាន​បោះបង់​អាស៊ី​ចោល​ទេ។ ផ្ទុយ​ទៅ​វិញ អាមេរិក​បាន​និង​កំពុង​បន្ត​ពង្រឹង​វត្តមាន​របស់​ខ្លួននៅ​ក្នុង​ទ្វីបអាស៊ី ជាពិសេស តាំងពីឆ្នាំ២០០១ ត​រហូត​មក​ទល់​សព្វ​ថ្ងៃ ជាហេតុ​ធ្វើ​ឲ្យ​ចិន​បារម្ភ​ខ្លាំង​ឡើងៗ។

ចិន​បារម្ភ ពីព្រោះ ​តាម​រយៈ​សង្គ្រាម​អាហ្វហ្កានីស្តង់ កងទ័ព​អាមេរិក​បាន​ឆ្លៀត​ចូល​មក​ដល់​អាស៊ី​កណ្តាល ដែល​ជា​តំបន់​ជាប់​ជិត​បង្កើយ​នឹង​ប្រទេស​ខ្លួន។ ចិនបារម្ភ ពីព្រោះ​អាមេរិក​បាន​យក​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​មក​ធ្វើ​ជា​លេស​ដើម្បី​ចូល​មក​កៀក​ប្រទេស​ខ្លួន និង​ផ្តើម​ធ្វើ​ការ​ឡោមព័ទ្ធ​ប្រទេស​ខ្លួន តាមរយៈការពង្រឹងទំនាក់ទំនង​យោធា និង​នយោបាយ​ជាមួយ​បណ្តា​សម្ព័ន្ធមិត្ត​របស់ខ្លួន នៅអាស៊ី​ខាងត្បូង អាស៊ីបូព៌ា និង អាស៊ីអាគ្នេយ៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ