អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

នៅពីក្រោយការបែកបាក់សម្ពន្ធភាព«សហជីពប្រឆាំង»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទីបំផុត​ទៅ​សម្ព​ន្ធ័​មិត្ត​ដ៏​ល្អិតរ​មួ​ត​រវាង​លោក ជា មុនី និង​លោក រ៉ុង ឈុន ដែល​គេ​ស្គាល់​ថា​ជា​សកម្មជន​សហជីព​ដ៏​ល្បីល្បាញ និង​មាន​ទំនោរ​ទៅរក​បក្សប្រឆាំង​បាន​ឈានដល់​ផ្លូវបំបែក។​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ស្នង​តំណែង​ពី​បងប្រុស​គឺ​លោក ជា វិជ្ជា បានសម្រេច​ដើរ​ចេញពី​សម្ពន្ធ​ភាពជា​មួយ​លោក​រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ តើ​អ្វី​ទៅជា​ដើមហេតុ​នៃ​ការបែកបាក់​នេះ? ហើយ​តើ​វា​ជះឥទ្ធិពល​មិនល្អ​បែបណា​ចំពោះ​ចលនា​សហជីព និង​មាន​ផលប៉ះពាល់​ដល់​គណបក្ស​ប្រឆាំង​ដែរឬទេ?

លោក​ជា មុន្នី (ឆ្វេង) និង​លោក​រ៉ុង ឈុន មេដឹកនាំ​សហជីពកម្មករ​
លោក​ជា មុន្នី (ឆ្វេង) និង​លោក​រ៉ុង ឈុន មេដឹកនាំ​សហជីពកម្មករ​
ផ្សាយពាណិជ្ជកម្ម

ការបែកបាក់​រវាង​លោក​ជា មុនី និង​លោក រ៉ុង ឈុន លែង​ជា​រឿង​អាថ៌កំបាំង​ទៀតហើយ។ លោក ជា​មុនី បានសម្រេច​ចាក​ចេញពី​សហភាព​សហ​ជីព​កម្ពុជា​ដែល​កើតចេញពី​ការ​ផ្តុំគ្នា​រវាង​សហជីព​សេរី​កម្មករ​របស់លោក ជាមួយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យរបស់លោក រ៉ុង ឈុន។ ការបែកបាក់​សម្ព​ន្ធភាព​រវាង​សកម្មជន​សហជីព​ដែលមាន​ទំនោរ​ទៅរក​បក្សប្រឆាំង​ទាំងពីរ​បានកើត​ឡើង​ដោយសារ​ការសង្ស័យ​អំពី​ហេតុផល​នយោបាយ​នៅ​ពីក្រោយ​បើទោះ​បី​​​​​​​​​​នេះ​ជា​ហេតុ​ផល​ពិត ឬក៏​គ្រាន់តែ​ជា​ហេតុផល​សិប្បនិម្មិត​ក៏ដោយចុះ។​ជាបឋម គេ​គួរ​រម្លឹក​ថា​​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​អតីត​សកម្មជន​សហជីព​ដ៏​ល្បីល្បាញ​គឺ​លោក ជា វិជ្ជា ត្រូវបាន​គេ​ស្គាល់​ថា ជា​សហជីព​រៀមច្បង​គេ​មួយ​នៅ​កម្ពុជា​ដែល​អាច​ប្រមូលផ្តុំ​អ្នកគាំទ្រ​បាន​យ៉ាងច្រើន​បំផុត។​សហជីព​នេះ​បាន​ដើរ​តួនា​ទី​នាំ​មុខ​គេ​​នៅ​ក្នុង​ការ​ដឹក​នាំ​​ចលនា​បាតុកម្ម​ការពារ​សិទ្ធិ​កម្មករ​ទល់នឹង​ការរំលោភបំពាន​របស់​ថៅកែ។​ក្រៅពី​ការពារ​ផលប្រយោជន៍​កម្មករ សហជីព​នេះ​ក៏​ជា​ចលនា​សង្គម​ដ៏​ធំ​មួយ​ដែល​រក​សំឡេង​គាំ​ទ្រ​ឲ្យ​​គណបក្សប្រឆាំង។

អំពើ​ឃាតកម្ម​ទៅលើ​លោក ជា វិជ្ជា កាលពីដើមឆ្នាំ២០០៤ មិនបាន​ធ្វើ​ឲ្យ​សហជីព​នេះ​ចុះ​ទន់​ខ្សោយ​​ទេ​តែ​ផ្ទុយទៅវិញ​ឃាតកម្ម​នេះ​រឹងរឹតតែ​ជំរុញ​ទឹកចិត្ត​កម្មករ​ឲ្យ​ពុះកញ្ជ្រោល​ឡើង​ថែម​ទៀត​នៅ​ជុំវិញ​លោក ជា មុនី ដែលជា​ប្រធាន​ស្នង​តំណែង​ពី​បងប្រុស។​លោក រ៉ុង ឈុន​ដែល​ជា​​អតីត​សម្ពន្ធមិត្ត​ចាក់ទឹកមិនលិច​ជាមួយ​លោក ជា វិជ្ជា បាន​ពង្រីក​សម្ពន្ធភាព​ជាមួយ​លោក​​ជា មុនី ដោយ​ដាក់​សមាគម​គ្រូបង្រៀន និង​សហជីព​សេរី​កម្មករ​ធ្វើជា​ដើមទុន។​សម្ពន្ធភាព​ថ្មី​នេះ​​បាន​កើតឡើង​ក្រោម​ដំបូល«សហភាព​សហជីព​កម្ពុ​ជា»។

ប៉ុន្តែ មិនយូរប៉ុន្មាន ភាព​រកាំរកូស​ក៏បាន​កើតឡើង។ ភាព​រកាំរកូស​ដោយសា​រ​ការងារ​ជា​រឿង​មួយ តែ​ចុង​ក្រោយនេះ ភាព​រកាំរកូស​បាន​ឈានដល់​ការសង្ស័យ​ពី​រឿង​នយោបាយ។ លោក ជា មុនី ត្រូវបាន​សម្ព​ន្ធមិត្ត​សង្ស័យថា បាន​ផ្លាស់ប្តូរ​ជំហរ​ងាករេ​ខុសពី​មុន។​ការ​សង្ស័យ​កើត​មាន​​កាន់តែខ្លាំង​នៅ​ខណៈដែល​លោក ជា មុនី បានបង្ហាញ​ពី​ការផ្លាស់ប្តូរ​ជីវភាព​ផ្ទាល់ខ្លួន និង​ពេលខ្លះ​ហាក់​បាន​ដកឃ្លា​ពី​សហជីព។

ការឆ្លើយតប​ជា​វិជ្ជមាន​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​សំណើ​របស់លោក ជា មុនី ដែល​ស្នើសុំ​សាងសង់​រូបសំណាក​សព​លោក ជា វិជ្ជា កាលពីពេលថ្មីៗនេះ ដែល​គួរតែ​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ស្មោះ​ស្ម​គ្រ័​នឹង​លោក ជា វិជ្ជា នោះ បែរ​ក្លាយទៅជា​ក្តី​មន្ទិលសង្ស័យ​ទៅ​លើ​​លោក ជា មុនី កាន់តែខ្លាំង​ទៅវិញ។​ស្របពេល​ជាមួយគ្នា​នោះ លោក ជា មុនី ហាក់​បាន​បង្ហាញ​​ជំហរ​ទន់ភ្លន់​ជាមួយ​រដ្ឋាភិបាល​គួរ​ឲ្យ​កត់សម្គាល់។​លោក​បាន​ប្តូរ​យុទ្ធសាស្ត្រ​ពី​ការធ្វើ​បាតុកម្ម​​តាម​ដងផ្លូវ​ដែល​បងប្រុស​របស់លោក​តែង​ប្រកាន់​យ៉ាង​តឹងរ៉ឹង​នោះ​ទៅជា​ការចរចា​ច្រើន​ជាង​មុន។​សម្រាប់​លោក​ជា មុនី យុទ្ធសាស្ត្រ​នេះ​អាច​ទទួលបាន​លទ្ធផល​ល្អ​ជាង​មុន និង​ចៀសវាង​បានការ​ប្រឈមមុខ​ដាក់​គ្នា​ដ៏​តា​នតឹង​ទៀតផង។ ប៉ុន្តែ ជំហរ​បែបនេះ​បានធ្វើ​ឲ្យ​លោក រ៉ុង ឈុន និង​សកម្មជន​សហជីព​ដទៃ​ទៀត សង្ស័យ​កាន់តែខ្លាំង​រហូតដល់​លែង​អាច​ធ្វើការ​ជាមួយ​គ្នា​បាន។​ នេះ​ជាហេតុ​ផល​ដែល​នាំ​ការបែកបាក់​សម្ព​ន្ធ័​ភាព​រវាង​សកម្មជន​សហជីព​ទាំងពីរ។

ការបែកបាក់​នេះ​ប្រាកដ​ណាស់​ថា​វា​មិនដែល​ផ្តល់​ផល​ល្អ​ឡើយ​ទាំង​សម្រាប់​ចលនា​សហជីព ក៏ដូចជា​សម្រាប់​គណបក្ស​ប្រឆាំង​ពីព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា សហជីព​ទាំងពីរ​នេះ​មាន​ទំនោរ​ទៅរក​បក្សប្រឆាំង។ ប៉ុន្តែ ថា​តើ​ការបែកបាក់​នេះ​ប៉ះពាល់​ដល់​គណបក្សប្រឆាំង​កម្រិតណា?​គឺជា​សំណួរ​ដែល​ពិបាក​នឹង​រក​ចម្លើយ​នៅឡើយ ពីព្រោះ គេ​ត្រូវ​មើល​បន្តទៀត​សិន​ថា តើ​លោក ជា មុនី ប្រាកដជា​ប្តូរ​ជំហរ​ពិតមែន​ដែរឬទេ​ពីព្រោះ​ពេលខ្លះ ការសង្ស័យ​ដែល​គ្មាន​មូលដ្ឋាន​វា​គ្រាន់តែ​រឿង​សិប្បនិម្មិត​តែប៉ុណ្ណោះ? តែ​ប្រសិនបើ​ការសង្ស័យ​នោះ​ជាការ​ពិត​វិញ​គេ​ត្រូវ​មើល​ទៀតថា តើ​លោកជា មុនី នៅតែមាន​ឥទ្ធិពល​នៅក្នុង​ចំណោម​សមាជិក​សហជីព​សេរី​កម្មករ​ខ្លាំង​ដូច​ពីមុន​ដែរឬទេ? ចម្លើយ​ជាក់លាក់​ទៅនឹង​សំណួរ​នេះ​ទើប​ជា​មូលដ្ឋាន​រឹងមាំ​ក្នុងការ​វាយតម្លៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ