អានតួអត្ថបទ
កម្ពុជា

សហជីព​កម្មករ​ជួបជុំ​ហែ​ក្បួន​ សាទរ​ទិវា​ពលកម្ម​អន្តរជាតិ​១​ ឧសភា​

សហជីព​​​​កម្មករ​ប្រមាណ​៥.០០០​ នាក់ ​បាន​​ប្រមូល​ផ្តុំ​​នៅ​​មុខ​​រដ្ឋសភា​ក្នុង​​ទីក្រុង​​ភ្នំពេញ​ បន្ទាប់​​ពី​ដើរ​​ហែ​​ក្បួន​លើក​​បដា​និង​​ថ្លែងការណ៍​ដើម្បី​​សាទរ​​ទិវា​​ពលកម្ម​​អន្តរជាតិ​ថ្ងៃ​​១​​ឧសភា​ ខួប​​លើក​​ទី​​១២៦​។ ​ក្រុម​កម្មករ ​ក៏​​បាន​​ដាក់​​ញត្តិ​ទៅ​​កាន់​​រដ្ឋសភា​ដើម្បី​​ស្នើ​សុំ​​ឲ្យ​​រដ្ឋាភិបាល​ដោះ​ស្រាយ​​​​នូវ​បញ្ហា​របស់​កម្មករ ទាក់ទង​នឹង​លក្ខខណ្ឌ​ការងារនិង​សុំ​ដំឡើង​ប្រាក់ខែជាដើម​។ ដោយ​ឡែក​នៅ​ឯ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​មិញ ខណៈ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ជួប​សំណេះសំណាល​ជាមួយ​កម្មករ ក្នុងឱកាស​ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១២៦ និង​សម្ពោធ​បើ​កឲ្យប្រើប្រាស់​ជា​ផ្លូវការ តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់ផែ​ក្រុងព្រះសីហនុ ប៉ូលិស​បាន​រារាំង​មិន​ឲ្យ​សហជីព​អ្នក​រត់​ម៉ូតូ​កង់​បី ហែ​ក្បួន​តាម​ដងផ្លូវ​ឡើយ​។

សហជីព​កម្មករ​ជួបជុំ​គ្នា​ដើរ​ហែក្បួន​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​ ១​ឧសភា​
សហជីព​កម្មករ​ជួបជុំ​គ្នា​ដើរ​ហែក្បួន​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​ ១​ឧសភា​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សហជីព​កម្មករ​ជាង ៥.០០០ នាក់ បាន​ប្រមូលផ្តុំ​នៅ​មុខ​រដ្ឋសភា ក្នុង​ទីក្រុង​ភ្នំពេញនៅ​ព្រឹក​មិញ​ ​បន្ទាប់​ពី​កម្មករ​​កាត់ដេរ​មួយក្រុម​ដឹកនាំ​ដោយ​សហភាព​ការងារ​កម្ពុជា​របស់​លោក អាត់ ធន់ ដើរ​ហែ​ក្បួន​ពី​សួនច្បារ ជិត​វត្តភ្នំ និង​មួយ​ក្រុម​ទៀត ជា​សមាជិក​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​ជិះ​ឡាន​ហែ​ក្បួន​មកពី​តំបន់​រោងចក្រ​កាត់ដេរ ៦ ជាន់ តាមផ្លូ​វវេងស្រេង​។

​ក្រោយ​ពី​ជួបជុំ​ថ្លែងការណ៍ និង​លើក​បដានៅ​មុខ​រដ្ឋសភាក្រុម​សហជីព​កម្មករ​ទាំង​ពី​រ​ក្រុម បាន​​យក​ញត្តិដាច់ដោយឡែក​ពីគ្នាដាក់​ទៅ​កាន់​ប្រធានរដ្ឋសភាដែល​មិន​ធ្វើការព្រោះ​ជា​ថ្ងៃ​បុណ្យ​ឈប់សម្រាក​។

ញត្តិ​របស់​សហជីព​ក​ម្មករ បាន​ស្នើឲ្យ​រដ្ឋសភានិងប្រមុខ​រដ្ឋាភិបាលដោះស្រាយ​នូវ​បញ្ហា​កម្មករ​កាត់ដេរ មាន​ជាអាទិ៍​៖
ការបង្កើន​យន្តការ​ការពារ​សិទ្ធិ​កម្មករកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​​កម្ម​ករ​កាត់ដេរ យ៉ាងហោចណាស់ ១៣១ ដុល្លារ ខណៈ​ដែល​កម្មករ​សព្វ​ថ្ងៃ​ទទួល​ប្រាក់​ខែ​ត្រឹមតែ ៦១ ដុល្លារ បង្កើន​ប្រាក់ខែ​មន្ត្រីរាជការ​ដល់ ២០០ ដុល្លារបញ្ចប់​កិច្ចសន្យា​ខ្លី បង្កើត​​តុលាការ​ការងារ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាប់ខ្លួន​ជនសង្ស័យ​ដែល​បាញ់​កម្មករ យក​ទៅ​ផ្តន្ទាទោស ដូច​ករណី លោក ឈូក បណ្ឌិត អតីតអភិបាលក្រុង​បាវិត ជាដើម​។​

នៅ​មុខ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១​ឧសភា ឆ្នាំ​២០១២ ក៏​មាន​ក្រុម​ស្ត្រី​​​បឹងកក់ បាន​ជួបជុំ និង​ហែ​ញត្តិ ដាក់​ទៅ​រដ្ឋសភា ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹង​កក់​ផងដែរ​។ ប៉ុន្តែ​ត្រូវ​ប៉ូលិស​រារាំង​។ ក្រុម​ស្ត្រី​បឹងកក់ បាន​ស្រែក​តវ៉ា និង​ដោះ​ខោអាវ ទាំង​ដៃ​ដាក់ច្រវាក់​ខ្លួនឯង​។ ស្ត្រី​បឹងកក់ ធ្វើ​យុទ្ធនាការ​ហែ​ក្បួន​បាតុកម្ម​ដីធ្លី រយៈពេល ១ សប្តាហ៍ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣០​មេសា កាលពី​ថ្ងៃ​ម្សិលមិញ​។​

​ការរារាំង​ដំណើរ​សហ​ជី​ព មិន​ឲ្យ​ហែ​ក្បួន ក៏​កើតមាន​នៅ​ឯ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​មិញ ខណៈ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ទៅ​សំណេះសំណាល​ជាមួយ​កម្មករ​បុគ្គលិក ក្នុងឱកាស​ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១២៦ និង​ពិធី​សម្ពោធ​បើ​កឲ្យប្រើប្រាស់​ជា​ផ្លូវការ តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ​។​

នៅ​ទីនោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យមាន​ការសម្របសម្រួលរវា​ង​ថៅកែ​រោងចក្រ ជាមួយនឹង​កម្មករ សហជីព ដោយ​គោរព​ច្បាប់ សម្រាប់​ដោះស្រាយ​បញ្ហា ដើម្បី​រក្សា​ការងារ​កាត់ដេរ​នៅ​កម្ពុជា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ