អានតួអត្ថបទ
កម្ពុជា

សហភាព​ការងារ​កម្ពុជា​អំពាវនាវ​រក​ជំនួយ​ដើម្បី​សង់​អគារ​មជ្ឈមណ្ឌល​សាមគ្គី​កម្មករ

សហភាព​ការងារ​កម្ពុជា​អំពាវនាវ​រក​ជំនួយ​ពី​សប្បុរសជន ​ដើម្បី​សាងសង់​អគារ​មជ្ឈមណ្ឌល​សាមគ្គី​កម្មករ​កាត់ដេរ។ ការ​អំពាវនាវ​របស់​មេដឹកនាំ​សហជីព​សហភាព​ការងារ​កម្ពុជា​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ស្ថាប័ន​របស់ខ្លួន​ប្រឈម​នឹង​កង្វះខាត​ប្រាក់ ​សម្រាប់​ជួល​អគារ​ពី​ឯកជន។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា
លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា © វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ដោយ​មាន​ការ​លំបាក​ក្នុង​ការ​ជួល​ការិយាល័យ​ធ្វើការ​បម្រើ​ផល​ប្រយោជន៍​កម្មករ​កាត់ដេរ​ និង​ដោយសារ​ថ្លៃ​ឈ្នួល​ជួល​ការិយាល័យ​ចេះ​តែ​ឡើង​ថ្លៃ​នោះ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​អំពាវនាវ​ នៅ​ថ្ងៃ​អាទិត្យ​នេះ ​ស្វែងរក​ជំនួយ​ពី​សប្បុរសជន​ពី​គ្រប់​ទិសទី ​និង​ពី​កម្មករ​កាត់ដេរ​ ដែល​ជាស​មាជិក ​ដើម្បី​សាងសង់​អគារ​ការិយាល័យ​ សម្រាប់​បម្រើ​ផល​ប្រយោជន៍​ជូន​កម្មករ។

អស់​រយៈពេល​ជាច្រើន​ឆ្នាំមក​ហើយ​ ដែល​សហភាព​ការងារ​កម្ពុជា​បាន​ជួល​ការិយាល័យ​ពី​សំណាក់​ឯកជន​ ប៉ុន្តែ​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ តម្លៃ​ជួល​ការិយាល័យ​មាន​ការ​កើនឡើង​ជា​លំដាប់​ ​រហូត​ធ្វើ​ឲ្យ​សហភាព​ការងារ​កម្ពុជា​មាន​បញ្ហា​ហិរញ្ញវត្ថុ​មិន​អាច​ជួល​បន្តទៀត​បាន​។

អ៊ីចឹង​ហើយ​ទើប​សហភាព​ការងារ​កម្ពុជា​សម្រេចចិត្ត​ស្វែង​រក​មូលនិធិ​ ដើម្បី​សាងសង់​អគារ​មួយ​ខ្នង​ ដែល​កើត​ចេញ​ពី​ការ​គាំទ្រ​របស់​មហាជន​ទូទៅ​ និង​ពី​សំណាក់​កម្មករ​កាត់ដេរ​ទាំងមូល ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អគារ​នេះ​មាន​ឈ្មោះ​ថា “អគារ​មជ្ឈមណ្ឌល​សាមគ្គី​កម្មករ​នៃ​សហភាព​ការងារ​កម្ពុជា”។

បើ​យោង​តាម​គម្រោង​ អគារ​នេះ​នឹង​បម្រើ​សេវាកម្ម​រដ្ឋបាល​ និង​ជា​កន្លែង​បណ្តុះ​បណ្តាល​កម្មករ។ ​អគារ​នេះ​កើត​ចេញ​ពីស្នា​ដៃ​របស់​កម្មករ​​ ហើយ​វា​នឹង​បម្រើ​ផល​ប្រយោជន៍​របស់​កម្មករ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ពន្យល់​ថា បច្ចុប្បន្ន​នេះ ស្ថាប័ន​របស់​លោក​ចំណាយ​ថវិកា​ជួល​ការិយាល័យ​ និង​ចំណាយ​លើ​សេវា​រដ្ឋបាល​ អស់​ប្រមាណ​ជា​ ៥​ម៉ឺន​ដុល្លារ​អាមេរិក ​ក្នុងមួយ​ឆ្នាំ​ៗ។ រីឯ​ថវិកា​ប្រមូល​បាន​ពី​កម្មករ​កាត់ដេរវិ​ញ​មាន​ចំនួន​តែ​ ២​ម៉ឺន​៥​ពាន់​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ថវិកា​នៅ​ខ្វះ​គឺ​ជា​ជំនួយ​របស់​​សហជីព​អន្តរជាតិ​មួយ​ចំនួន។

លោក អាត់ ធន់ បាន​បន្ត​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​កម្មករ​មាន​អគារ​ខ្លួន​ឯង​ដោយ​មិន​បាច់​ជួលគេ ពេលនោះ ថវិកា​ប្រមូល​បាន​ពី​កម្មករ​ប្រចាំ​ឆ្នាំ​អាច​ចំណាយ​លើ​ដំណើការ​រដ្ឋបាល​បាន​ដោយ​គ្មាន​បញ្ហា។

ដើម្បី​ប្រមូល​វិភាគទាន​ពី​សប្បុរសជន សហភាព​ការងារ​កម្ពុជា​គ្រោង​នឹង​រៀបចំ​បុណ្យ​ផ្កា​មហាសាមគ្គី​ ដែលគ្រោង​នឹង​ប្រព្រឹត្ត​ទៅ ​នៅ​ដើម​ខែ​មីនា​ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ