អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តួនាទី​របស់​សហជីព​គួរ​ត្រូវ​បាន​លើក​កម្ពស់!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា ​ចលនា​សហជីព​ហាក់ដូច​ជា​បាន​រីក​ដុះដាល​យ៉ាង​ខ្លាំង​តែ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​ស្បែកជើង​ ប៉ុន្តែ ​ក្នុង​វិស័យ​ផ្សេង​ទៀត​ មិន​សូវ​មាន​វត្តមាន​របស់​សហជីព​ទេ។ ​រីឯ​ការ​រីក​ដុះដាល​នៃ​សហជីព​នេះ​ទៀត​សោត​ក៏​មាន​លាយ​ឡំ​ដោយ​ផលប្រយោជន៍​នយោបាយ​ថែម​ទៀត។ ​ក្នុង​ន័យ​នេះ​ ការ​បង្កើត​សហជីព​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​ និង​ការ​ពង្រឹង​តួនាទី​របស់​សហជីព​ត្រូវ​គេ​មើល​ឃើញ​ថា​ មាន​សារៈសំខាន់​សម្រាប់​ការពារ​ផល​ប្រយោជន៍​​របស់​កម្មករ ​និង​និយោជិត​កម្ពុជា​។ តើ​ចលនា​សហជីព​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ខ្លះ?

មេដឹកនាំ​សហជីព​កម្មករ​បន្ត​ទទូច​ឲ្យ​ក្រសួង​កែប្រែ​ពង្រាង​ច្បាប់​សហជីព
មេដឹកនាំ​សហជីព​កម្មករ​បន្ត​ទទូច​ឲ្យ​ក្រសួង​កែប្រែ​ពង្រាង​ច្បាប់​សហជីព ©លី ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

 

រហូត​មក​ទល់​ពេល​នេះ ​សហជីព​នៅ​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​ផលប្រយោជន៍​កម្មករ​ជាពិសេស​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​នៅ​កម្ពុជា។ សកម្មភាព​របស់​សហជីព​បាន​ និង​កំពុង​បន្ត​យ៉ាង​ក្តៅ​គគុក​ និង​ធ្វើ​ឡើង​តាម​គ្រប់​រូបភាព។ ​ជាទូទៅ ​កូដកម្ម​និង​បាតុកម្ម ​គឺ​ជា​វិធីសាស្ត្រ​ដែល​សហជីព​តែង​ប្រើប្រាស់ ​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ ឬ​និយោជក​ឲ្យ​ដោះស្រាយ​បញ្ហា​របស់​កម្មករ​ និយោជិត។

ជាក់ស្តែង​នៅ​ពេល​នេះ​ក្រុម​មេដឹកនាំ​សហជីព​កំពុង​ទាមទារ​ឲ្យ​និយោជក​បញ្ឈប់​ការ​ប្រើប្រាស់​​កិច្ចសន្យា​​រយៈពេល​ខ្លី​សម្រាប់​កម្មករ​ និយោជិត ​ពីព្រោះ​វា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ ក៏​ដូចជា​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ទាំងមូល។ ​ភ្ជាប់​ជាមួយ​នឹង​ការទាមទារ​នេះ ​ក្រុម​មេដឹកនាំ​សហជីព​ទាំង​នោះ​ក៏​បាន​គំរាម​ថា ​នឹង​ដឹកនាំ​កូដកម្ម ​ឬ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​ទេ​នោះ។​នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ​ប៉ុណ្ណោះ​ ក្នុង​ចំណោម​បញ្ហា​​រាប់រយ​ជំពូក​ដែល​ក្រុម​សហជីព​បាន​ធ្វើ​និង​ប្រឈម​មុខ​ដោះស្រាយ។

ជាការពិត​នៅ​កម្ពុជា​ សហជីព​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រមូលផ្តុំ​គ្នា​នៅ​តែ​ក្នុង​វិស័យ​ឧស្សាហកម្ម​​កាត់ដេរ​សម្លៀកបំពាក់ ​និង​ស្បែកជើង​តែ​ប៉ុណ្ណោះ ​រីឯ​វិស័យ​ផ្សេង​ទៀត​នៅ​មិន​ទាន់​​មាន​ចលនា​សហជីព​ផុសផុល​ឡើយ​ ឬ​ក៏​គ្មាន​សហជីព​ទាល់តែ​សោះ​តែម្តង។

​ការ​ប្រមូល​​ផ្តុំ​ច្រើន​ហួស​ពេក​របស់​សហជីព​នៅ​ក្នុង​រោងចក្រ​កាត់ដេរ ​តែ​អវត្តមាន​ស្ទើរ​តែ​ទាំង​ស្រុង​​នៃសហជីព​ក្នុង​វិស័យ​ផ្សេងទៀត​ គឺ​ជា​គុណវិបត្តិ​មួយ​ដែល​កំពុង​កើត​មាន​ក្នុង​សង្គម​កម្ពុជា​​បច្ចុប្បន្ន​។ ​បញ្ហា​នៅ​ត្រង់​ថា​ ពេល​ខ្លះ​វត្តមាន​ច្រើន​ជ្រុល​នៃ​សហជីព​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​ស្បែកជើង​បាន​បង្កភាព​ស្មុគស្មាញ ​ក្នុង​ការដោះស្រាយ​បញ្ហា​ជូន​កម្មករ​និយោជិត​ទៅ​វិញ​។

​ជាក់ស្តែង ​គេ​តែងឮ​​ការ​ត្អូញត្អែរ​របស់​និយោជក​ថា​ ការលូកដៃ​ច្រើន​ពេក​ពី​សំណាក់​សហជីព​ បាន​ធ្វើ​ឲ្យ​បញ្ហា​មួយចំនួន​រឹតតែ​ស្មុគស្មាញ​ដោះស្រាយ​មិនចេញ ​ជាពិសេស​នៅ​ពេល​ដែល​សហជីព​ទាំង​នោះ​មាន​ទំនាស់​ផលប្រយោជន៍​ ឬ​មាន​លាយឡំ​ដោយ​និន្នាការ​នយោបាយ។ ​រីឯ​នៅ​ក្នុង​វិស័យ​ខ្លះ​ទៀត​ គ្មាន​អ្នក​ការពារ​ផលប្រយោជន៍​កម្មករ​ និយោជិត​ទាល់តែ​សោះ​នៅ​ពេល​ដែល​ពួកគេ​មាន​បញ្ហា​ជាមួយ​និយោជក។ ​រហូត​មក​ទល់​ពេល​នេះ ពណ៌​សម្បុរ​នយោបាយ​​​នៅ​តែ​បង្ហាញ​ច្បាស់​នៅ​ក្នុង​ចំណោម​សហជីព​ជាច្រើន។

មក​ដល់​ត្រឹម​នេះ ​គេ​គួរ​កត់សម្គាល់​ថា​ រយៈពេល​១០​ឆ្នាំ​ចុងក្រោយ ​សហជីព​បាន​រីកដុះដាល​យ៉ាង​ពេញ​បន្ទុក​ ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង។ ​បច្ចុប្បន្ន​នេះ ​របាយការណ៍​នានា​បង្ហាញ​ថា​ មាន​សហជីព​ដល់​ទៅ​ជាង​២០០០​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ចំណោម​ជាង​៣០០​រោងចក្រ​នៅ​ទូទាំង​ប្រទេស។ ​ប្រសិន​បើ​គិត​ជា​មធ្យមភាគ​ ក្នុង​រោងចក្រ​មួយ​មាន​សហជីព​ក្បែរ​នឹង​១០​សហជីព​ឯណោះ។ ​ក្នុង​ចំណោម​សហជីព​ទាំង​នោះ​ទៀត​សោត ​មាន​បង្កប់​​ដោយ​ផលប្រយោជន៍​នយោបាយ​ពោលគឺ​មាន​ទាំង​ «សហជីព​ប្រឆាំង»​ និង ​«សហជីព​គាំទ្រ»​ រដ្ឋាភិបាល។​ ក្នុង​ស្ថានភាព​បែប​នេះ ​គេ​អាច​ស្រមៃ​ឃើញ​ពី​ភាព​ស្មុគស្មាញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា។ ​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ តួនាទី​របស់​សហជីព​គួរ​ត្រូវ​បាន​លើក​កម្ពស់។​ ទន្ទឹមគ្នា​នោះ ​របាយ​សហជីព​នៅ​ក្នុង​វិស័យ​ការងា​រផ្សេង​ទៀត​ក៏​មាន​សារៈសំខាន់​ណាស់​ដែរ។

សរុប​មក​វិញ ​ទោះបី​ជា​នៅ​មាន​បញ្ហា​ស្មុគស្មាញ​ក្នុង​ចំណោម​សហជីព​ក៏ដោយ ​ក៏​សហជីព​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​ផលប្រយោជន៍​កម្មករ។ ​ប៉ុន្តែ ​សម្រាប់​ក្រុម​អ្នកវិភាគ​ស្ថានការណ៍​សង្គម​កម្ពុជា ​ដើម្បី​ឲ្យ​សហជីព​ដើរ​តួនាទី​ជា​អ្នក​ការពារ​ប្រយោជន៍​កម្មករ​ និយោជិត​យ៉ាង​ពិត​ប្រាកដ ​ការ​បង្កើត​សហជីព​ត្រូវតែ​ឈរ​លើ​គោលការណ៍​វិជ្ជាជីវៈ​និង​ដើម្បី​បុព្វហេតុ​សង្គម​សុទ្ធសាធ។ ​សហជីព​មួយ​ដែល​បង្កើត​ឡើង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​​នយោបាយ ​ឬ​ដើម្បី​ទាញ​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ គឺ​ជា​គ្រោះថ្នាក់​មិនមែន​សម្រាប់​តែ​កម្មករ​ និយោជិត​ប៉ុណ្ណោះទេ ​តែ​ក៏​ជា​គ្រោះថ្នាក់​សម្រាប់​សង្គម​ទាំងមូល​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ