អានតួអត្ថបទ
កម្ពុជា

សហជីព​កម្មករ​ជម្រុញ​ឲ្យ​ថៅកែ​រោងចក្រ​ចូលរួម​កិច្ចចរចា

នៅ​ថ្ងៃ​សុក្រ​នេះ ក្រុម​សហជីព​កម្មករ​របស់លោក​អាត់ ធន់ និង​លោកស្រី​ម៉ម ញឹម បាន​ជួបប្រជុំ​ជាមួយ​នឹង​តំណាង​សហជីព​កម្មករ ដើម្បី​ជម្រុញ​ឲ្យ​ថៅកែ​រោងចក្រ​កាត់ដេរ​ចូលរួម​ការចរចា នៅ​ខែ​ធ្នូ​នេះ លើ​ប្រធានបទ ដំឡើង​ប្រាក់​អត្ថប្រយោជន៍​ដល់​កម្មករ។ ក្រុម​សហជីព​កម្មករ​ក៏​បាន​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ ទទួល​យក​តំណាង​សហជីព​កម្មករ​ប្រមាណ ៤០០ នាក់ ចូល​ធ្វើការ​ឡើង​វិញ ក្រោយ​ពី​កូដកម្ម កាលពី​ពាក់​កណ្តាល​ខែ​កញ្ញា។

សហជីព​កម្មករ​​អំពាវនាវ​ឲ្យ​ថៅកែ​រោងចក្រ​ចូលរួម​ក្នុង​តុ​ចរចា​ជាមួយ​កម្មករ
សហជីព​កម្មករ​​អំពាវនាវ​ឲ្យ​ថៅកែ​រោងចក្រ​ចូលរួម​ក្នុង​តុ​ចរចា​ជាមួយ​កម្មករ © វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

02:43

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

លី ម៉េងហួរ

បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ព្រឹកមិញ លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា និង​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា CLC បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា កម្មករ​កាត់ដេរ​ដែល​ជា​ប្រធាន​សហជីព​តាម ១៦ រោងចក្រ​ភាគច្រើន នៅ​ស្រុកស្អាង ខេត្តកណ្តាល មិន​ត្រូវ​បាន​ថៅកែ អនុញ្ញាត​ឲ្យចូល​ធ្វើការ​ឡើយ បើទោះបីជា មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល និង​មាន​ដីកា​បញ្ជា​ពី​តុលាការ ព្រមទាំង​មាន​សំណើ​ពី​ក្រុម​អ្នកបញ្ជា​ទិញ​ក៏ដោយ។

 
ក្រោយពី​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​អត្ថប្រយោជន៍​ការងារ​កម្មករ​កាត់ដេរ និង​ផលិត​ស្បែកជើង កាលពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១០ យ៉ាងហោច​ណាស់​មាន​សហជីព​តំណាង​កម្មករ​ជាង ៨០០ នាក់ ត្រូវបាន​ថៅកែ​រោងចក្រ​ប្តឹង​ទៅ​តុលាការ និង​បញ្ឈប់​ពី​ការងារ។ មកដល់​ពេលនេះ នៅ​មាន​កម្មករ​ចំនួន ៣៩៧​នាក់ នៅ​រោងចក្រ​ចំនួន ១៦ ត្រូវបាន​ថៅកែ មិន​អនុញ្ញាត​ឲ្យចូល​ធ្វើការ ដោយសារ​តែ​អ្នក​ទាំងនោះ​បាន​ចូលរួម​ធ្វើ​កូដកម្ម។

ករណីនេះ​ត្រូវ​បាន​លោក​អាត់ ធន់ ស្នើ​ឲ្យ​តុលាការ រដ្ឋាភិបាល និង​ក្រុម​អ្នកបញ្ជា​ទិញ គួរតែ​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត ចំពោះ​និយោជក​ថៅកែ​រោងចក្រ ដែល​មិន​បាន​គោរព​តាម​បទបញ្ជា ក៏​ដូចជា​សេចក្តីសម្រេច​របស់​តុលាការ ក្នុង​ការបង្គាប់​ឲ្យទទួល​យក​កម្មករ និង​តំណាង​សហជីព ចូល​ធ្វើការ​ជាធម្មតា​ឡើងវិញ។ ម្យ៉ាងទៀត​ថៅកែ​រោងចក្រ ដែល​នៅតែ​បន្ត​ប្តឹង​សហជីព ក៏​ត្រូវ​ដក​ពាក្យបណ្តឹង ហើយ​ត្រូវតែ​ចូលរួម​តុ​ចរចា ដោយ​ស្មោះត្រង់ និង​សន្តិវិធី​ជាមួយ​សហជីព នៅក្នុង​ខែ​ធ្នូ​នេះ។

សេចក្តីសម្រេច​របស់​អង្គប្រជុំ​សហជីព​កម្មករ​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឡើង តែ​បី​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ការងារ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​មាន​ការចូលរួម​ពី​តំណាង​សហជីព​កម្មករ និង​ភាគី​សមាគម​រោងចក្រ​កាត់ដេរ ជួប​ប្រជុំគ្នា កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១០។ ជា​កិច្ចប្រជុំ​ដែល​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចរចា រវាង​ភាគី​ថៅកែ​រោងចក្រ និង​ភាគី​សហជីព​តំណាង​កម្មករ លើ​ប្រាក់​អត្ថប្រយោជន៍​កម្មករ ការបន្ថែម​លុយ​ថ្លៃបាយ ពេល​ថែម​ម៉ោង លុយ​អតីតភាព​ការងារ និង​ប្រាក់រង្វាន់​ការងារ​ទៀងទាត់ ដែល​ត្រូវ​ចាប់ផ្តើម​ចរចា រយៈពេល​បី​ខែ ចាប់ពី​ខែ​ធ្នូ​នេះ។

ក៏​ប៉ុន្តែ លោក ជាតិ ខេមរា មន្ត្រីជាន់ខ្ពស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ដែល​តំណាង​ឲ្យ​ភាគី​ថៅកែ បាន​លើកឡើង​ថា ការជួប​ចរចា​ជាមួយនឹង​ភាគី​សហជីព​កម្មករ អាច​ធ្វើ​ទៅ​បាន នៅក្នុង​ខែ​កុម្ភៈ ព្រោះ​នៅ​ខែ​ធ្នូ​នេះ ក្រុម​ថៅកែ​រោងចក្រ ជា​ជនបរទេស ជាប់រវល់​នឹងបុណ្យ​ណូអែល។

យ៉ាងណា​ក៏ដោយ លោក​អាត់ ធន់ បាន​ព្រមាន​ថា បើ​គ្មាន​ការចរចា​ដើម្បី​ដំឡើង​ប្រាក់​អត្ថប្រយោជន៍​ដល់​កម្មករ​កាត់ដេរ ហើយ​កម្មករ​តំណាង​សហជីព ដែល​ថៅកែ​បញ្ឈប់​ពី​ការងារ មិន​ត្រូវ​បាន​ថៅកែ​អនុញ្ញាត​ឲ្យ​ចូលធ្វើការ​វិញ​ទេ នៅ​ក្នុង​ខែ​ធ្នូ​នេះ នោះ​សហជីព​កម្មករ នឹង​ត្រូវ​ធ្វើ​កូដកម្ម ក្នុង​ទ្រង់ទ្រាយ​ធំ ជាង​កូដកម្ម កាលពី​ពាក់កណ្តាល​ខែ​កញ្ញា​ទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ