អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ប្រធានាធិបតី​ស៊ីរី​ផ្ចាញ់​សហគមន៍​អន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពី​វាយយក​បាន​សង្កាត់​Baba Amr​ដែល​ជាសម្បុក​របស់​ពួកទាហាន​បះបោរ រដ្ឋាភិបាល​លោក​Bachar Al Assad បាន​អនុញ្ញាត​ឲ្យ​ក្រុមជំនួយ​មនុស្សធម៌​អន្តរជាតិ ចូល​ទៅក្នុង​ទីក្រុង​Homs។ ប៉ុន្តែ យ៉ាងណាក៏ដោយ រហូតមកដល់ថ្ងៃសៅរ៍​ទី ៣ មីនា ២០១២ អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ និយាយ​ថា ពួកគេ​នៅតែមិន​ទាន់​ត្រូវ​ទាហាន​រដ្ឋាភិបាល​​អនុញ្ញាត​ឲ្យ​ទៅចូល​ជួយ​ ជនរងគ្រោះ ក្នុង​សង្កាត់​Baba Amr ដែល​ទទួល​រង​ការបាញ់ប្រហារ​យ៉ាង​ដំណំ​ទាហាន​រដ្ឋាភិបាល នៅរយៈពេល​ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ។

សង្កាត់​Baba amr​ដែលជា​ជម្រក​របស់​ក្រុមប្រឆាំង ​រង​ការបាញ់ផ្លោង​យ៉ាង​សន្ធឹក​ និង​ធ្លាក់​ក្នុង​ដៃ​​ទាហាន​រដ្ឋាភិបាល​ស៊ីរីកាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១ មីនា ២០១២
សង្កាត់​Baba amr​ដែលជា​ជម្រក​របស់​ក្រុមប្រឆាំង ​រង​ការបាញ់ផ្លោង​យ៉ាង​សន្ធឹក​ និង​ធ្លាក់​ក្នុង​ដៃ​​ទាហាន​រដ្ឋាភិបាល​ស៊ីរីកាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១ មីនា ២០១២ REUTERS/SANA
ផ្សាយពាណិជ្ជកម្ម

 

ប្រធាន​កាកបាទ​ក្រហម អន្តរជាតិ និង​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​រិះគន់​ទង្វើ​រដ្ឋាភិបាល​ ស៊ីរី​ថា ជា​រឿង​មិន​អាច​ទទួល​យកបាន​ដែល​គេ​ហាម​មិន​ឲ្យ​ក្បួន​រថយន្ត​ដឹកជំនួយ​ មនុស្សធម៌​ចូល​ទៅក្នុង​សង្កាត់​Baba Amrក្នុង​ទីក្រុង​Homs ក្នុង​ពេល​ដែល​ជនរងគ្រោះ​ដោយ​ការបាញ់ប្រហារ ប៉ុន្មានថ្ងៃ​នេះ កំពុង​ត្រូវការ​ជំនួយពេទ្យ និង​អាហារ​ជាបន្ទាន់។

លោក​បាន គីមូន​បាន​ប្រាប់​ទៅ​ប្រធានាធិបតី​Bachar Al Assad ឲ្យ​អនុញ្ញាត​ឲ្យ​ក្រុមរថយន្ត​ដឹកជំនួយ​ចូលទៅក្នុង​សង្កាត់​Baba Amr ដោយ​គ្មាន​លក្ខខណ្ឌ។

ភាគី​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​Bachar Al Assad ​អះអាងថា គេ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ក្រុមការងារ​របស់​អង្គការ​កាកបាទ​ក្រហម​ ចូលទៅក្នុង​សង្កាត់​Baba Amr​នៅពេលនេះ ក៏ដោយសារ​ហេតុផល​សុវត្ថិភាព ព្រោះគេ​ជឿថា សង្កាត់​Baba Amrត្រូវ​ពួក​ក្រុមបះបោរ​ស៊ីរី​ដាក់បង្កប់​គ្រាប់មីន ឬ​បង្កៃ​គ្រឿងផ្ទុះ មុន​នឹង​ពួកគេ​ត្រូវ​ទាហាន​រដ្ឋាភិបាល​វាយបណ្តេញ​ចេញ​ពីសង្កាត់នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ប៉ុន្តែ បើតាម​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​ដែល​តំណាង​ឲ្យ​ក្រុមប្រឆាំង​ស៊ីរី រដ្ឋាភិបាល​កំពុង​ឆ្លៀតឱកាស​នេះ​ដើម្បី​បោសសម្អាត ឲ្យ​ផុតសូន្យ​សកម្មជន​ប្រឆាំង និង​កម្ទេច​ភស្តុតាង​ក្នុង​សង្កាត់​Baba Amrដែល​អាច​ដាក់បន្ទុក​លើខ្លួន។ គួរដឹងថា ប្រជាជន​នៅទីក្រុង​ហូមស៍​មាន​ជាង មួយសែននាក់ ប៉ុន្តែ ចាប់តាំងពី​មាន​ការវាយប្រហារ​ជិតមួយខែ ក្រុមអ្នកប្រឆាំង​បាន​លើកឡើង​ពី​ចំនួន​ប្រជាជន​តែ​ជាង​ប៉ុន្មាន​ពាន់​នាក់ ប៉ុណ្ណោះ ដែល​នៅរស់រាន​មាន​ជីវិត។

ជាក់ស្តែង បើតាម​ចលនាប្រឆាំង​ស៊ីរី​ដដែល ដែលមាន​ទីតាំង​បរទេស ទាហាន​រដ្ឋាភិបាល​បាន​ចូលឆែកឆេរ​តាមផ្ទះ ក្នុង​សង្កាត់ ​Baba Amr​ដើម្បី​ចាប់​រាល់​យុវជន​ដែល​មាន​អាយុ​លើស​ពី​១៤ឆ្នាំ។

ពួកគេ​ទាំងនោះ​ត្រូវ​ទាហាន​រដ្ឋាភិបាល​ចាប់​ប្រមូល​ដាក់​ឃុំ នៅក្នុងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្នុង​ចំណោមនោះ មនុស្ស​ជាង ១០​នាក់​ត្រូវ​ទាហាន​រដ្ឋាភិបាល​ប្រហារ​ជីវិត កាលពី​ល្ងាច​ថ្ងៃសុក្រ​ម្សិលមិញ។ ក្រុមអ្នកប្រឆាំង​ស៊ីរី​បាន​ជំរុញ​ក្រុមកាកបាទ​ក្រហមឲ្យ​ប្រញាប់​ទៅ​ចូល​ ទៅក្នុង​សង្កាត់Baba Amr ​ជាបន្ទាន់ ដើម្បី​រារាំងកុំ​ឲ្យ​ទាហាន​រដ្ឋាភិបាល​ប្រហារជីវិត ក្រៅច្បាប់​ទៅលើ​ប្រជាជន។

តាមរយៈ ការវាយបាន​សង្កាត់​ Baba Amr ដែល​ជា​ជម្រក​សំខាន់​ចុងក្រោយ​របស់​ក្រុមបះបោរ​ស៊ីរីនៅ​ទីក្រុង​Homs  កាល​ពីថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាលរបស់​លោកBachar Al Assad ចង់​ ប្រាប់​ក្រុមប្រឆាំង​នឹងខ្លួន និង​សហគមន៍​អន្តរជាតិ​ថា ខ្លួន​នៅតែមាន​អំណាច និង​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​វាយដណ្តើម​យក​វិញ តំបន់មួយ​ដែល​ក្រុមបះបោរ​ធ្លាប់​យក​ទៅ​ធ្វើជាទីតាំង​ប្រឆាំង​តប​រដ្ឋាភិបាល។

បើតាម​ក្រុមអ្នកកាសែត​បរទេស ដែល​ជា​សាក្សី​នៅកន្លែងកើតហេតុ ការវាយប្រហារ​របស់​ទាហាន​រដ្ឋាភិបាល​ទៅលើ​ទីក្រុង​Homs គឺ​សង្រ្គាម​មួយ​ដែល​ឃោរឃៅ​ដែល​គេ​មិនធ្លាប់ឃើញ​មាន​ពីមុនមក។ គ្រាប់ផ្លោង​ត្រូវ​រដ្ឋាភិបាល​បាញ់​ព្រោងព្រាត​ទៅលើ​ទីក្រុង​Homs ដោយ​មិន​សំដៅ​ទៅរក​ចំណុច​ណាមួយ​ពិតប្រាកដ គឺ​មិនមែន​សំដៅ​ទៅលើ​តែ​ក្រុមប្រដាប់អាវុធទេ ប៉ុន្តែ វា​សំដៅ​ផង​ដែរ​ទៅ​លើ​ប្រជាជន​ស៊ីវិល។ លើកនេះ លោក​Bachar Al Assad អាច​យក​ជ័យជំនះ​របស់​ខ្លួន​លើ​ទីក្រុង​Homs ទៅ​ព្រមាន​ដល់​ប្រជាជន​តវ៉ា​នៅកន្លែង​ផ្សេងទៀត។ នោះគឺថា អ្នកដែល​គាំទ្រ​អ្នកប្រឆាំង​អាច​នឹង​ជួប​វាសនា​អាក្រក់ ស្លាប់បាត់បង់​ជីវិត​ដូចប្រជាជន​នៅទីក្រុង​Homs។

មួយវិញទៀត កាវាយយកបាន​សង្កាត់​ Baba Amr ពី​ក្រុមបះបោរ រឹតតែ​បង្ហាញ​កាន់តែ​ច្បាស់ថា នៅចំពោះមុខ​អសមត្ថភាព និង​គ្មានអំណាច​សហគមន៍​អន្តរជាតិ ប្រជាជន​ទីក្រុង​មួយ​ដែល​នៅ​ដាច់តែ​ឯង គ្មាន​ទទួល​ជំនួយ​អន្តរាគមន៍​ពី​ទ័ព​បរទេស ត្រូវជួប​ជោគវាសនា​អាក្រក់ គឺ​ត្រូវ​រដ្ឋាភិបាល​ផ្តាច់ការ​បាញ់សម្លាប់​ដោយគ្មាន​ខ្លាចរអែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ