អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយករដ្ឋមន្រ្តី​អូស្រ្តាលី​ប្រកាស​រៀបចំ​បោះឆ្នោត​ជាតិ​នៅ​ខែ​សីហា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សៅរ៍ ទី១៧ កក្កដា ២០១០នេះ លោកស្រី​ជូលីយ៉ា ហ្គីឡាដ (Julia Gillard) ដែល​ទើប​នឹង​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​អូស្រ្តាលី​បាន​​មិន​ដល់​ មួយខែ​ផង បាន​ប្រកាស​កំណត់​យក​ថ្ងៃ​ទី២១ សីហា ២០១០ ជា​ថ្ងៃ​បោះឆ្នោត​ជាតិ។ អ្នកវិភាគជាច្រើន​យល់ថា លោកស្រី​ហ្គីឡាដ មាន​ប្រៀប​ច្រើន​ជាង​គូប្រជែង ក្នុងការ​បោះឆ្នោត​ខាងមុខនេះ។ ក៏ប៉ុន្តែ ក៏​មាន​អ្នកព្រួយបារម្ភ​ផងដែរ ខ្លាចក្រែង​គ្មាន​គណបក្ស​ណា​​មួយ​ឈ្នះ​​បាន​សំឡេង​គ្រប់គ្រាន់​អាច​បង្កើត​ រដ្ឋាភិបាល​តែឯង​បាន ដែល​អាច​នាំ​ឲ្យ​មាន​ភាពជាប់គាំង​នយោបាយ។​

លោកស្រី​ជូលីយ៉ា ហ្គីឡាដ (Julia Gillard) នាយករដ្ឋមន្រ្តី​អូស្រ្តាលី
លោកស្រី​ជូលីយ៉ា ហ្គីឡាដ (Julia Gillard) នាយករដ្ឋមន្រ្តី​អូស្រ្តាលី ©Reuters
ផ្សាយពាណិជ្ជកម្ម

 

លោកស្រី​ជូលីយ៉ា ហ្គីឡាដ បាន​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ភេទស្រី ទី១ របស់​អូស្រ្តាលី កាល​ពីថ្ងៃ​ទី២៤ មិថុនា ២០១០ ក្រោយ​ពី​បាន​ទម្លាក់​លោកខេវិន រូដ (Kevin Rudd) ពី​តំណែង​ជា​​ប្រធាន​គណបក្ស​ពលករ (Labor Party)។ មិនដល់​មួយខែ​ក្រោយ​មកផង លោកស្រី​​ត្រូវ​ប្រឈមមុខ​នឹង​កិច្ចការ​ដ៏លំបាក​មួយទៀត គឺ​ដណ្តើម​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ជាតិ។ លោកស្រី​ហ្គីឡាដ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​អ្នក​នយោបាយ​ម្នាក់​ប្រកប​ដោយ​ភាព​វៃឆ្លាត។ ក៏ប៉ុន្តែ រវាង​ការ​ឡើង​កាន់អំណាច​តាមរយៈ​ការជ្រើសរើស​ក្នុងបក្ស និង​ការ​ឈ្នះ​ឆ្នោត​សកល គឺ​ជា​រឿង​ពីរ​ខុស​គ្នា​ស្រឡះ។

មាន​អ្នក​ខ្លះ​យល់ថា លោកស្រី​ហ្គីឡាដ ឡើង​មក​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី ដោយ​គ្មាន​ធម្មានុរូបភាព។ នេះ​ហើយ ដែល​ទំនង​ជា​ហេតុផល​ជំរុញ​ឲ្យ​លោកស្រី​ប្រញាប់ប្រញាល់​​រៀបចំ​ការបោះឆ្នោត ដោយ​មិនចាំ​ដល់​ពេល​សភា​ផុតអាណត្តិ នៅខែ​វិច្ឆិកា ២០១០។ គោលដៅ គឺ​ចង់​បង្ហាញ​ពី​ភាពក្លាហាន​របស់​លោកស្រី ក្នុងការ​ប្រឈមមុខ​នឹង​ការ​បោះឆ្នោត។ ប្រឈមមុខ​នឹង​ការ​ជ្រើសរើស​របស់​ម្ចាស់​ឆ្នោត។

គូប្រជែង​របស់​លោកស្រី​ហ្គីឡាដ គឺ​លោក​ថូនី អ៊ែបត (Tony Abbott) មក​ពី​គណបក្ស​សេរីនិយម (Liberal Party) ដែល​ជា​បក្ស​ប្រឆាំង បាន​លើក​ឡើង​ថា ការដែល​​លោកស្រី​ហ្គីឡាដ ឡើង​មក​កាន់​អំណាច​តាម​របៀប​បក្សប្រហារ​នេះ អាច​នឹង​ធ្វើ​ឲ្យ​បាត់បង់​ការគាំទ្រ​ពី​សំណាក់​​ពលរដ្ឋ​អូស្រ្តាលី។ ក៏ប៉ុន្តែ កាល​ពី​ខែធ្នូ ឆ្នាំ​២០០៩ កន្លងទៅនេះ លោក​ថូនី អ៊ែបត​ខ្លួន​ឯង ក៏​បាន​ឡើង​មក​កាន់​តំណែង​ជា​ប្រធានបក្ស​ប្រឆាំង ក្នុង​រូបភាព​ស្រដៀងគ្នា​នឹង​លោកស្រី​ហ្គីឡាដ​ដែរ។

លោកស្រី​ហ្គីឡាដ និង​លោក​អ៊ែបត នឹង​ត្រូវ​ប្រឈមមុខ​គ្នា លើ​នយោបាយ​សំខាន់​ៗ​មួយចំនួន៖ ការគ្រប់គ្រង​ជនអន្តោប្រវេសន៍ បញ្ហា​សេដ្ឋកិច្ច បញ្ហា​ទប់ស្កាត់​ការឡើង​កម្តៅ​ផែនដី កំណែទម្រង់​សុខាភិបាល ។ល។
 

លោក​ថូនី អ៊ែបត (Tony Abbott) ប្រធាន​គណបក្ស​ប្រឆាំង​អូស្រ្តាលី
លោក​ថូនី អ៊ែបត (Tony Abbott) ប្រធាន​គណបក្ស​ប្រឆាំង​អូស្រ្តាលី ©AFP

នៅ​ក្នុង​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ លោកស្រី​ហ្គីឡាដ និង​លោក​អ៊ែបត សុទ្ធតែ​បាន​អះអាង​​រៀងៗ​ខ្លួន​ថា មាន​នយោបាយ​ល្អ ដើម្បី​ទប់ស្កាត់​ការហូរចូល​ដោយ​ខុសច្បាប់ នៃ​ជនភៀសខ្លួន​តាមទូក។ ក៏ប៉ុន្តែ ដំណោះស្រាយ​របស់​​បេក្ខជន​ទាំងពីរ គឺ​ផ្ទុយ​គ្នា​ស្រឡះ។ លោក​អ៊ែបត ចង់​បញ្ជូន​ជនភៀសខ្លួន​ខុសច្បាប់​ទាំងអស់​ចេញ​ពី​អូស្រ្តាលី។ ចំណែក​លោកស្រី​ហ្គីឡាដ​វិញ ចង់​ធ្វើ​ចម្រោះ ដើម្បីជ្រើសរើស​មើលថា តើ​ជនភៀសខ្លួន​ប្រភេទណា​គួរ​បញ្ជូន​ទៅវិញ ប្រភេទណា​គួរ​ផ្តល់​សិទ្ធិ​ឲ្យ​ជ្រក​កោននៅ​អូស្រ្តាលី។ នាពេល​ថ្មីៗនេះ លោកស្រី​បាន​សន្យា​ថា​នឹង​បង្កើត​មជ្ឈមណ្ឌល​មួយ នៅ​ប្រទេស​ទីម័រ​ខាង​កើត ដើម្បី​ធ្វើ​ចម្រោះ​ជនភៀសខ្លួន​នេះ។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ទីម័រ​ខាង​កើត​បាន​បដិសេធ​ការ​បង្កើត​មជ្ឈមណ្ឌលនេះ ហើយ​លោកស្រី​ហ្គីឡាដ បាន​ទទួល​រង​នូវការ​រិះគន់​យ៉ាងខ្លាំង ដែល​​បាន​ធ្វើ​ការសន្យា ដោយ​មិន​បាន​សុំ​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​ទីម័រ​ ដែល​ជាម្ចាស់​ផ្ទះ​ជាមុន។

នៅ​ក្នុង​បញ្ហា​អាកាសធាតុវិញ គណបក្ស​ពលករ​របស់​លោកស្រី​ហ្គីឡាដ ក៏​ទទួល​រងនូវការ​រិះគន់ពី​សំណាក់​​អ្នក​ធ្លាប់​គាំទ្រ​ដែរ។ គួរ​រំឭកថា នៅ​ក្នុង​យុទ្ធនាការឃោសនា​បោះឆ្នោត ឆ្នាំ​២០០៧ លោក​ខេវិន រូដ បាន​សន្យា​ថា​នឹង​បង្កើត​យន្តការ ដើម្បី​កាត់បន្ថយ​ឧស្ម័ន​កាបូនិក។ ក៏ប៉ុន្តែ ៣​ឆ្នាំ​ក្រោយ​មក យន្តការ​នេះ​នៅតែ​មិន​ទាន់​បង្កើត​បាន។ អ្នក​ដែល​មិន​សប្បាយ​ចិត្ត​នឹង​បញ្ហា​នេះ អាច​នឹង​ឈប់​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់អំណាច ហើយ​ងាក​ទៅ​បោះឆ្នោត​​ឲ្យ​គណបក្ស​​បរិស្ថាន​និយម (Australian Greens) ​វិញ។

ក៏ប៉ុន្តែ បើ​ទោះជា​គណបក្ស​កាន់អំណាច​បាត់បង់​ប្រជាប្រិយភាព​ក៏ពិតមែន តែ​អ្នកវិភាគ​ជាច្រើន​គិតថា លោកស្រី​ហ្គីឡាដ នៅតែ​មាន​ប្រៀបជាង​លោក​អ៊ែបត ក្នុងការ​បោះឆ្នោត នៅខែ​សីហា ខាងមុខនេះ។ ដើម្បី​​យកឈ្នះ ឡើង​កាន់អំណាច​បាន គណបក្ស​ប្រឆាំង​ត្រូវ​ដណ្តើម​អាសនៈ​ពី​បក្ស​កាន់អំណាច​ឲ្យ​បាន​យ៉ាងតិច ១៧​អាសនៈ។ ក៏ប៉ុន្តែ អាសនៈ​ដែល​គណបក្ស​អំណាច​អាច​បាត់បង់ ទំនង​ជា​នឹង​ត្រូវ​ធ្លាក់​ក្នុង​ដៃ​គណបក្ស​តូចៗ (ដូចជា​គណបក្ស Australian Greens ជាដើម) ច្រើន​ជាង​ធ្លាក់​​ក្នុង​ដៃ​គណបក្ស​ប្រឆាំង។

អ្នកវិភាគ​នយោបាយ​អូស្រ្តាលី​បាន​លើកឡើង​ថា ជាទូទៅ នៅ​អូស្រ្តាលី នៅ​ក្នុង​ការ​បោះឆ្នោត​ចុង​អាណត្តិ​ទី១ គណបក្ស​កាន់​អំណាច​តែងតែ​បាត់សំឡេង​គាំទ្រ​ខ្លះ ក៏ប៉ុន្តែ មិនដែល​បាត់បង់​រហូត​ដល់​របូត​អំណាច​ពី​ដៃ​នោះទេ។ អស់រយៈពេល ៨​ទសវត្សរ៍​មកហើយ មិនដែល​មាន​រដ្ឋាភិបាល​អូស្រ្តាលី​ណាមួយ​ចាញ់​ឆ្នោត នៅ​ចុង​អាណត្តិ​ទី១​នោះទេ។

មាន​អ្នកវិភាគ​ខ្លះទៀត ព្យាករថា គណបក្ស​ពលករ និង​គណបក្ស​សេរីនិយម​អាច​នឹង​ទទួល​បាន​សំឡេង​ប្រកៀកប្រកិត​គ្នា ក្នុងការបោះឆ្នោត​ខាងមុខនេះ។ ថាមិនបាន ក្នុង​ចំណោម​គណបក្ស​ធំៗ​ទាំងពីរនេះ មិនមាន​គណបក្ស​ណាមួយ​ទទួល​បាន​សំឡេង​ភាគច្រើន​គ្រប់គ្រាន់ ដើម្បី​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បានផង​ក៏មិនដឹង។ ក្នុងករណីនេះ ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​អាច​នឹង​ត្រូវ​ជាប់គាំង ដែល​អាច​នឹង​តម្រូវ​ឲ្យ​មាន​ការ​បោះឆ្នោត​សាជាថ្មីឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ