អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្លាប់ម្នាក់​ របួស​៥នាក់​ ក្នុងការ​វាយប្រហារ​ដោយ​កាំបិត​​ នៅ​ទីក្រុង​ឡុងដ៍​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃពុធម្សិលមិញ ​នៅ​ទី​ក្រុងឡុងដ៍ ប្រទេស​អង់គ្លេស ​មុន​ម៉ោង​១០កន្លះយប់​ ពលរដ្ឋ​នរវែស ​​ដើម​កំណើត​សូម៉ាលី​ម្នាក់​​ បាន​ប្រើកាំបិត​ចាក់​មនុស្ស នៅសួនច្បារ ​ជិត​សារមន្ទីរ​មួយកន្លែង ​ធ្វើអោយ​ស្ត្រីជនជាតិ​អាមេរិក ​​អាយុ​ជាង៦០ឆ្នាំ​ម្នាក់​ស្លាប់។​ មនុស្ស​៥នាក់​ផ្សេង​ទៀត​ បាន​រងរបួស។ ជនរងគ្រោះ​ទាំង​​៥​នាក់​ ​ជា​ជនជាតិ​អាមេរិក អូស្ត្រាលី អ៊ីស្រាអែល និង​ម្នាក់​ជា​ពលរដ្ឋ​អង់គ្លេស។ ​ប៉ូលិស​បាន​​ប្រើកាំភ្លើង​ដើរដោយ​ចរន្ត​អគ្គិសនី បង្ក្រាប​ជនល្មើស​នៅ​នឹងកន្លែង។

ប៉ូលិសក្រុងឡុងដ៍​​​នៅ​កន្លែង​ហេតុការណ៍​
ប៉ូលិសក្រុងឡុងដ៍​​​នៅ​កន្លែង​ហេតុការណ៍​ REUTERS/Neil Hall
ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​​លើកឡើងថា ​ហេតុការណ៍​វាយប្រហារ​នេះ ​​ជា​ករណី​ឃាតកម្ម។ អភិបាល​ក្រុង​ឡុងដ៍​បានអំពាវនាវ​អោយ​ប្រជាជន​រក្សា​ភាព​​​ស្ងប់ស្ងាត់ និង​ជូនដំណឺង​ប៉ូលិស ករណី​មាន​​​បញ្ហាអ្វី​គួរ​សង្ស័យ។ ថ្ងៃព្រហស្បតិ៍​នេះ ​ប៉ូលិស​ធ្វើការ​​ការ​ពង្រឹង​សន្តិសុខ បន្ថែមទៀត​ក្នុង​ទីក្រុង។

ជនល្មើស​​​មាន​បញ្ហា​ផ្លូវចិត្ត​- ​ប៉ូលិស​គ្មាន​ភស្តុតាង​​ថា ជនល្មើស​​ជា​ជនជ្រុលនិយម​
ប៉ូលិស​ឃើញថា ជនល្មើស​​មានបញ្ហា​ផ្លូវចិត្ត។ ដំបូង ​ជនល្មើស​ត្រូវបាន​បញ្ជូ​នទៅ​មន្ទីរពេទ្យ មុននឹង​ត្រូវ​ឃុំខ្លួន​នៅ​ប៉ុស្តិ៍ប៉ូលិស​។ ​ពេលនេះ ​ប៉ូលិស​បន្ត​ការ​ស៊ើបអង្កេត​លើ​សុខភាព​ផ្លូវចិត្ត​របស់​ឧក្រិដ្ឋជន ព្រោះ​បើ​មើល​ស្ថានភាព​ទៅ​ គេអាច​ថា ការវាយប្រហារ​នេះ គឹដោយសារ​ជនល្មើស​​​​រង​​បញ្ហា​ផ្លូវចិត្ត។

ថ្ងៃព្រហស្បតិ៍​នេះ ​ប៉ូលិសប្រាប់ថា ​​​គ្មាន​​​​ភស្តុតាង​បញ្ជាក់ថា ​ជនល្មើស​ជា​ជន​​​ជ្រុលនិយម ​ដែលអាច​អោយ​គេសន្និដ្ឋាន​ថា ការវាយប្រហារ​ដោយកាំបិត យប់​ម្សិលមិញ​នេះ​ជា​ភេរវកម្ម​ទេ។ ​ត្បិតថា ជនរងគ្រោះ​ជា​ពលរដ្ឋ​បរទេស ​​ជា​ផ្ទាំងស៊ីប​របស់​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម ត្បិតថា មួយ​រយៈចុងក្រោយ​នេះ ​មាន​ភេរវកម្ម​កើតឡើង នៅ​បារាំង​ រឺ​អាល្លឺម៉ង់​ក្តី ​ក៏​ប៉ូលិស​មិនអាច​ចេះតែ​​សន្និដ្ឋាន ថា​អោយតែ​មា​នអ្វី​កើតឡើង គឺ​ជា​ភេរវកម្ម​ទាំងអស់នោះដែរ។ ប៉ូលិស​អង់គ្លេស​​​ត្រូរការ​​ស៊ើប​អោយ​ច្បាស់លាស់​សិន ​មុន​នឹង​​ចេញ​សេចក្តី​សន្និដ្ឋាន​។

ក្រោយ​ហេតុការណ៍​ភ្លាមៗ ​​ប៉ូលិស​​មិនបាន​ទាត់ចោលទាំងស្រុងនូវ​​​លទ្ធភាព​​​ភេរវកម្ម
ប៉ូលិស​ហាក់​​នៅ​រារែកចិត្ត នឹង​រឿងថា តើ​ហេតុការណ៍​​យប់ម្សិលមិញ ​ជា​ភេរវកម្ម​រឺយ៉ាងណា ​ដោយសារ​ជនល្មើស មើលទៅ គឺ​ជា​មនុស្ស​មាន​បញ្ហា​ផ្លូវចិត្ត។ ​ព្រោះតែ​​​ការរារែក​នេះ កងកម្លាំង​​​​ប្រឆាំង​ភេរវកម្ម​បានសំដែង​ការគាំទ្រ​ ចំពោះ​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស។

ប៉ុន្តែ ភ្លាមៗ​ក្រោយ​ហេតុការណ៍​ ​​ប៉ូលិសក៏​​មិនទាត់ចោលទាំងស្រុង​នូវ​​លទ្ធភាពនៃភេរវកម្មដែរ ព្រោះថា ​ជនល្មើស​វ័យក្មេង​រូប​អាច​ជា​មនុស្ស​ឯកា ហើយ​ក្លាយខ្លួនជា​​ភេរវជនបាន។ អាជ្ញាធរ​អង់គ្លេស​បារម្ភ​ថា ​ក្រុមភេរវជន​​ជិហាត​រដ្ឋអ៊ីស្លាម អាចអូសទាញ​មនុស្ស​ដែល​មា​នបញ្ហា​ផ្លូវចិត្ត ​ជំរុញ​ពួកគេ​អោយ​ធ្វើសកម្មភាព ​​ភេរវកម្មក្នុងស្រុក​។ ​យើងដឹងថា​​ ​មនុស្ស​មាន​​​បញ្ហា​ផ្លូវចិត្ត អាច​ជា​មនុស្ស​ដែល​ទន់ខ្សោយ ងាយ​​ធ្លាក់ចូល​ក្នុង​ការ​អូសទាញណាមួយបាន។​​​ ហេតុនេះ​ហើយ​ បានជា​​ប៉ូលិស​មិនទាត់​ចោល​ទាំងស្រុង​​លទ្ធភាព​នៃ​ភេរវកម្ម។

​​គេ​នៅចាំទៀតថា កាលពី​ខែធ្នូ ​ឆ្នាំ​២០១៥ ពោលគឺ​​​ក្រោយ​មានភេរវកម្ម​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង​​ ​នៅ​ភាគខាងកើត​ទីក្រុងឡុងដ៍ ​​មា​នជនល្មើស​ម្នាក់ បាន​ប្រើកាំបិត​ធ្វើបាប​អ្នកដំណើរ នៅ​ស្ថានីយ៍​រថភ្លើង​ក្រោមដី​មួយកន្លែង។ ​ជននោះ​បាន​ស្រែក​ថា ​បង្ហូរឈាម​ គឺ​ដើម្បីបងប្អូន​នៅ​​ប្រទេស​ស៊ីរី។ ​ប៉ូលិស​បាន​ចាត់ទុក​ថា នេះ​ជា​អំពើភេរវកម្ម​។ ​​

ប៉ុន្តែ ​យោងតាម​អាជ្ញាធរ ក្នុងពេល​ធ្វើសកម្មភាព​នេះ ​ជនល្មើស​កំពុង​រង​បញ្ហា​ផ្លូវចិត្ត ​គឺ​គេមិនបាន​ចែក​ដាច់ស្រឡះ ​​​​នូវ​អ្វី​ដែល​ហៅថា ​​ភាព​ស្រមើស្រមៃ និង​ការពិត ដែល​កំពុង​កើតមា​ន​ទេ។ ដូច្នេះ មានន័យ​ថា ជនជួប​បញ្ហា​ផ្លូវចិត្ត​អាច​នឹង​ធ្លាក់​ក្នុង​ការ​អូសទាញ​របស់​ក្រុមភេរវជន​បាន។ ​ដោយសារ​បញ្ហា​អស់នេះ ក្នុង​បេសកកម្ម​ការងារមួយចំនួន​ ប៉ូលិស​ក៏បាន​នាំ​​​អ្នក​ឯកទេស​សុខភាព​ផ្លូវ​​ចិត្ត​ ​ទៅធ្វើការ​ជាមួ​យដែរ។

អង់គ្លេស​ស្ថិត​ក្រោម​ការគំរាម​កំហែង​ភេរវកម្ម​កម្រិត​ខ្ពស់
មួយ​រយៈ​ចុងក្រោយ​នេះ ក្រុម​​រដ្ឋអ៊ីស្លាម ​​បាន​​វាយប្រហារ​បែលហ្ស៊ិក ​បារាំង​ និង​អាល្លឺម៉ង់ ធ្វើអោយ​​ប៉ូលិស​ក្រុងឡុងដ៍​មាន​ការ​ត្រៀម​ការប្រុងប្រយ័ត្ន​ ​កម្រិតខ្ពស់។ ​​​អង់គ្លេស​ស្ថិត​​ក្រោម​​ការ​​គំរាម​​ភេរវកម្ម​​ខ្ពស់ ២ឆ្នាំ​មកហើយ​។ ​​​​ ​ខែសីហា​ ឆ្នាំ២០១៤មក អាជ្ញាធរ​បាន​ដាក់​កម្រិត​គំរាម​កំហែងភេរវកម្ម​​ ឡើង​ដល់​លេខ​៤ គឺខ្ពស់​ខ្លាំង ព្រោះថា ​​កម្រិតគំរាម​កំហែង​អតិបរមា គឺ​កម្រិត​៥។

មេប៉ូលិស​ក្រុងឡុងដ៍​​​ប្រើពាក្យ​រហូត​​​ថា គេមិនចាំ​បាច់​សួរថា តើ​ភេរវកម្ម​អាច​កើតឡើង​រឺ​ក៏អត់​ទេ តែ​គេត្រូវ​​សួរ​​​​ថា តើ​ភេរវកម្ម​នឹង​កើតនៅពេលណា។ មានន័យថា អាជ្ញាធរ​អង់គ្លេស​ច្បាស់ណាស់​ថា ភេរវកម្ម​​អាច​កើតឡើង​​​​គ្រប់ពេល​ទាំងអស់។

ម្សិលមិញ​ មុន​មាន​ហេតុការណ៍​ចាក់​ដោយ​កាំបិត​នេះ​ ​អាជ្ញាធរ​បាន​ប្រកាស​ពង្រាយ​កម្លាំង​ប៉ូលិស​៦០០នាក់ ដើម្បី​ការពារ​សន្តិសុខ ទីក្រុង​ឡុងដ៍​​។ គិតជា​តួលេខបូករួម​ប៉ូលិស​បន្ថែម​៦០០នាក់​នេះ​ ប៉ូលិសការពារ​​ក្រុងឡុងដ៍មាន​​២៨០០នាក់ គឺច្រើន។ មិនពិបាក​ឆ្ងល់ទេ​ ដែល​ប៉ូលិស​មា​ន​​ភាព​រហ័ស​រហួន​​ក្នុង​ការងារ។

​ដោយឡែក ​ប៉ូលិស​ទាំងនេះ​ក៏បំពាក់​អាវុធ​​​ដែរ។ ពីមុន​ ប៉ូលិសអង់គ្លេស​​មិនដែល​បំពាក់អាវុធ​ទេ។ ប៉ូលិស​មានទំនោរ​ប្រើអាវុធ គឺ​ក្រោយពេល​អង់គ្លេស​រងភេរវកម្ម​៤បន្តបន្ទាប់គ្នា នៅខែ​កក្កដា​ឆ្នាំ​២០០៥។ ​​ភេរវកម្ម​ទាំង៤​ ​នៅ​ស្ថានីយ៍​រថភ្លើង និង​រថយន្តក្រុង នៅ​ទីក្រុង​ឡុងដ៍​​។ ភេរវកម្ម​​កាលនោះ​ ​សម្លាប់​មនុស្ស​​៥២នាក់។ ក្រោយភេរវកម្ម​ឆ្នាំ២០០៥ ប៉ូលិស​បាន​ទប់ស្កាត់​​បាន​គម្រោង​វាយប្រហារ​ជាង​១០។

ទោះ​ប្រុងប្រយ័ត្ន​​យ៉ាងណា​ក្តី ​ក៏​ការវាយប្រហារ​នៅ​តែ​អាច​កើត​នៅក្រុងឡុងដ៍។​​ ដូចជា​កាលពី​​ឆ្នាំ​២០១៣ មាន​​បុរស២នាក់​ បាន​បើកឡាន បុក​ទាហាន​ម្នាក់ ហើយ​ថែមទាំង​អារក​សម្លាប់​ទាហាន​នោះ​ទៀតផង៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ