ពួកអាវក្រហមប្តូរពណ៌ ពួកអាវលឿងចាប់ផ្តើមចេញធ្វើសកម្មភាព
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:០២
ពួកអាវក្រហមបានចាប់ផ្តើមប្តូរមកពាក់អាវចម្រុះពណ៌ ដើម្បីបំភ័នភ្នែកកម្លាំងរដ្ឋាភិបាល។ ចំណែកពួកអាវលឿងវិញ បានប្រកាសថា ពួកគេនឹងចេញធ្វើសកម្មភាព ពីថ្ងៃព្រហស្បតិ៍នេះទៅ ដោយចាប់ផ្តើមពីការធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីបង្ខំឲ្យកងទ័ពប្រើច្បាប់អាជ្ញាសឹក បំបែកពួកអាវក្រហម។ ពួកមេដឹកនាំអាវលឿងបានព្រមានទុកជាមុនថា ប្រសិនបើរដ្ឋាភិបាលមិនអាចបញ្ចប់បាតុកម្មអាវក្រហមបានទេ “សង្រ្គាមស៊ីវិល” អាចនឹងផ្ទុះឡើង។
ដូចសព្វមួយដង ថ្ងៃថ្មីឈានចូលមកដល់ វិបត្តិនយោបាយថៃ ក៏ធ្លាក់ចុះកាន់តែតានតឹងមួយកម្រិតទៀត។
ពីក្រហម ទៅចម្រុះពណ៌
គ្រាប់ M79 មួយគ្រាប់ត្រូវបានគេបាញ់ចូលផ្ទះអតីតនាយករដ្ឋមន្រ្តីថៃ បណ្តាលឲ្យមនុស្ស ១១នាក់ រងរបួស។ ការវាយប្រហារដោយគ្រាប់បែកមួយទៀត បានកើតឡើង នៅទីស្នាក់ការប៉ូលិស នៅខេត្តឈៀងម៉ៃ។
នៅបាងកក ពួកអាវក្រហមបានផ្លាស់ប្តូរមកពាក់ខោអាវចម្រុះពណ៌ ដើម្បីបំភ័នភ្នែកកម្លាំងរដ្ឋាភិបាល ដែលចេះតែគំរាមថានឹងប្រើកម្លាំងបំបែកបាតុករ។ ចំណែកនៅឯតាមបណ្តាខេត្ត ក្រៅបាងកកឯណោះវិញ ពួកអាវក្រហមបាននាំគ្នាចេញធ្វើសកម្មភាព ដោយឃាត់រថយន្តប៉ូលិសមិនឲ្យចូលមកបាងកក។ ការឃាត់រថយន្តប៉ូលិសនេះ បានបណ្តាលឲ្យមានការប៉ះទង្គិចគ្នាខ្លះៗ រវាងប៉ូលិស និងបាតុករ។
ក្នុងពេលដែល ស្ថានការណ៍កំពុងតែច្របូកច្របល់ ស្រាប់តែពួកអាវលឿងបានចេញមកប្រកាសថា ពួកគេនឹងចេញធ្វើបាតុកម្មដែរ នៅថ្ងៃព្រហស្បតិ៍ ទី២៩ មេសា ២០១០។ បាតុកម្មរបស់ពួកអាវលឿង គឺនឹងធ្វើនៅមុខទីបញ្ជាការកងទ័ពថៃ ក្នុងគោលដៅបង្ខំឲ្យកងទ័ពប្រើច្បាប់អាជ្ញាសឹក ដើម្បីបង្រ្កាបពួកអាវក្រហម។
ពួកអាវលឿងបានបញ្ជាក់ថា ការធ្វើបាតុកម្មនៅមុខបន្ទាយទាហាននេះ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ ប្រសិនបើរដ្ឋាភិបាលមិនអាចបញ្ចប់បាតុកម្មរបស់ពួកអាវក្រហមទេ សង្រ្គាមស៊ីវិលអាចនឹងផ្ទុះឡើងមិនខាន។ ការប្រកាសបែបនេះ ធ្វើឲ្យគេបារម្ភថា ពួកអាវលឿងអាចនឹងប្រើកម្លាំង បង្កជាអំពើហិង្សាជាមួយពួកអាវក្រហម។
ហេតុអ្វីទាហានមិនព្រមបង្រ្កាបពួកអាវក្រហម?
ជិត ២សប្តាហ៍មកហើយ ដែលគេតែងតែឮរដ្ឋាភិបាល និងអ្នកនាំពាក្យកងទ័ពថៃ ព្រមានអំពីការប្រើកម្លាំងបង្រ្កាបបាតុកម្មអាវក្រហម។ កាលពីចុងសប្តាហ៍នេះ ដំណឹងបានលេចឮមកទៀតថា ទាហាននឹងចូលទៅបង្រ្កាបពួកអាវក្រហម ក្នុងរយៈពេល ៤៨ម៉ោង។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ ពួកអាវក្រហមនៅតែកាន់កាប់តំបន់រ៉ាចប្រាសង (Rajprasong) ដដែល។ តើមកពីហេតុអ្វី?
មូលហេតុអាចមានច្រើនយ៉ាង!
ទី១ ការបង្រ្កាបបាតុកម្មនៅរ៉ាចប្រាសងនេះនឹងបង្កឲ្យមានអ្នកស្លាប់ និងរបួសច្រើនជាងកាលពីថ្ងៃ១០ មេសា ឆ្ងាយណាស់។
ពួកអាវក្រហមបានមកប្រមូលផ្តុំគ្នានៅតែមួយកន្លែង ដោយមានគ្នារហូតដល់ទៅជិត១ម៉ឺននាក់ ក្នុងនោះមានទាំងមនុស្សចាស់ ស្រ្តី និងកូនក្មេងផងដែរ។ ពួកអាវក្រហមក៏ថែមទាំងបានប្រុងប្រៀបខ្លួន ដើម្បីតស៊ូតទល់នឹងការបង្រ្កាបពីសំណាក់កម្លាំងរដ្ឋាភិបាល។
លើសពីនេះទៅទៀត តំបន់រ៉ាចប្រាសង ជាតំបន់សម្បូរទៅដោយស្ថានទូតបរទេស។ រាល់ការប្រើកម្លាំងបង្រ្កាបទៅលើបាតុកម្ម នឹងត្រូវធ្វើក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍បរទេស។
ដូច្នេះ កងទ័ពទំនងជាមិនដែលមានគម្រោងប្រើកម្លាំងបង្ក្រាបបាតុករ ដូចការប្រកាសជាសាធារណៈនោះទេ។ ការប្រកាសតាមទូរទស្សន៍គំរាមពីការប្រើកម្លាំងបង្រ្កាប រហូតដល់ព្រមានពីការប្រើគ្រាប់កាំភ្លើងមែនទែនបាញ់ទៅលើបាតុករផង នោះ ទំនងជាធ្វើឡើង ក្នុងយុទ្ធសាស្រ្តកំញើញពួកអាវក្រហមឲ្យដកថយតែប៉ុណ្ណោះ។
ទី២ អសកម្មភាពរបស់កងទ័ព ប្រហែលជាបណ្តាលមកពីការមិនចុះសម្រុងគ្នារវាងរដ្ឋាភិបាល និងកងទ័ព ឬនៅក្នុងចំណោមជួរកងទ័ពថៃខ្លួនឯងតែម្តង។
គេតែងតែសង្កេតឃើញថា ខាងរដ្ឋាភិបាលបានដាក់បញ្ជាឲ្យកងទ័ពប្រើកម្លាំងបង្រ្កាបពួក អាវក្រហម។ ក៏ប៉ុន្តែ លោកអានុពង្ស ប៉ាវចិន្តា ដែលជាមេបញ្ជាការកងទ័ពជើងគោកថៃ តែងតែបានប្រកាសមិនព្រមប្រើកម្លាំងទៅលើបាតុករ ដោយបានលើកឡើងថា ពួកបាតុករមិនមែនជាឧក្រិដ្ឋជននោះទេ។
ម្យ៉ាងទៀត គេក៏តែងតែសង្កេតឃើញដែរថា អ្នកនាំពាក្យកងទ័ពថៃ និងលោកអានុពង្ស តែងតែនិយាយផ្ទុយគ្នា ដែលធ្វើឲ្យគេសន្និដ្ឋានថា ការមិនចុះសម្រុងគ្នាកើតមានឡើង នៅក្នុងជួរកងទ័ពថៃខ្លួនឯងតែម្តង។
អាវលឿងចេញមុខ អានុពង្សអាចអស់ជម្រើស
កាលពីយប់ថ្ងៃសៅរ៍ លោកអាភិស៊ីត នាយករដ្ឋមន្រ្តីថៃ បានបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ជាតិ ជាមួយនឹងលោកអានុពង្ស ដើម្បីបង្ហាញអំពីសាមគ្គីភាពរវាងរដ្ឋាភិបាល និងកងទ័ព។ ក៏ប៉ុន្តែ នៅទីបញ្ចប់ គេនៅតែមើលទៅឃើញថា លោកអានុពង្ស នៅតែបន្តរក្សាជំហររបស់គាត់ដដែល គឺមិនចង់ប្រើកម្លាំងបង្រ្កាបបាតុកម្ម។
ទោះជាយ៉ាងណា លោកអានុពង្សធ្លាប់បានប្រកាសថា លោកមិនឲ្យកងទ័ពប្រើអាវុធបាញ់លើជនជាតិថៃស្លូតត្រង់ ក៏ប៉ុន្តែ លោកក៏នឹងមិនឈរឱបដៃមើលជនជាតិថៃប្រកាប់ប្រចាក់គ្នានោះដែរ។
នៅពេលនេះ ពួកអាវលឿងបានចេញមុខ ហើយគំរាមចាត់វិធានការដោយខ្លួនឯង ដើម្បីបញ្ចប់បាតុកម្មរបស់ពួកអាវក្រហម ដែលជាហេតុធ្វើឲ្យគេបារម្ភថា ពួកអាវលឿង និងពួកអាវក្រហមអាចនឹងប៉ះទង្គិចគ្នា បង្កជាអំពើហិង្សា។ ដល់ពេលនោះ តើលោកអានុពង្ស អាចនឹងបដិសេធមិនព្រមប្រើកម្លាំងទៀតដែរឬទេ?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ