អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អតីត​មេប៉ូលិស​ចិន​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ពី​បទ​ពុករលួយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន (ស៊ីនហួ) បាន​ផ្សព្វផ្សាយ​ឲ្យដឹង​នៅថ្ងៃ​សៅរ៍​នេះ​ថា អតីតមន្រ្តី​ជាន់ខ្ពស់​​ចិន​ម្នាក់ គឺ​លោក ចូវ យ៉ុងកាង (Zhou Yongkang) ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ដោយ​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ។

លោក​ចូវ យ៉ុងកាង (Zhou Yongkang) អតីត​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខជាតិ និង​ជា​សមាជិក​គណៈ​អចិន្រ្តៃយ៍​នៃ​បក្ស​កុម្មុយនិស្ត​ចិន
លោក​ចូវ យ៉ុងកាង (Zhou Yongkang) អតីត​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខជាតិ និង​ជា​សមាជិក​គណៈ​អចិន្រ្តៃយ៍​នៃ​បក្ស​កុម្មុយនិស្ត​ចិន REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

 

ការចាប់ខ្លួន​លោក​ចូវ យ៉ុងកាង ត្រូវ​បាន​ធ្វើឡើង ក្រោយ​ពី​មាន​សេចក្តីសម្រេច​ពី​ការិយាល័យ​នយោបាយ​នៃ​បក្ស​កុម្មុយនិស្ត​ចិន កាល​ពីថ្ងៃ​សុក្រ។ នេះបើយោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ស៊ីនហួ ដែល​បាន​ចុះផ្សាយ ដោយ​ដកស្រង់​សេចក្តីប្រកាស​របស់​បក្ស​កុម្មុយនិស្ត។ លោក​ចូវ យ៉ុងកាង ក៏​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សមាជិកភាព​បក្ស​កុម្មុយនិស្ត​ផងដែរ។

គួរ​បញ្ជាក់ថា លោក ចូវ យ៉ុងកាង ដែល​បច្ចុប្បន្ន​មាន​អាយុ ៧១ឆ្នាំ ធ្លាប់​កាន់តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​ជាតិ ហើយ​នៅ​ចន្លោះ​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១២ លោក​គឺ​​ជា​សមាជិក​គណៈ​អចិន្រ្តៃយ៍​បក្ស​កុម្មុយនិស្ត​ចិន និង​​ជា​ប្រធាន​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​ផ្នែក​ច្បាប់ និង​នយោបាយ មានន័យ​ថា ជាអ្នក​​ក្តោបក្តាប់​កម្លាំង​ប៉ូលិស ទីភ្នាក់ងារ​ចារកិច្ច រដ្ឋអាជ្ញា និង​ប្រព័ន្ធ​តុលាការ នៅ​ទូទាំង​ប្រទេស​ចិន។

និយាយ​ជា​រួម នៅ​ក្នុង​ពេល​ដែល​លោក​ហ៊ូ ជិនតាវ នៅ​កាន់​តំណែង​ជា​លេខា​បក្ស​កុម្មុយនិស្ត និង​ជា​ប្រធានាធិបតី​ចិន លោក​ចូវ យ៉ុងកាង ធ្លាប់​ស្ថិត​ក្នុង​ចំណោម​ឥស្សរជន​ទាំង ៩រូប ដែល​មាន​អំណាច​បំផុត នៅ​ក្នុង​ប្រទេស​ចិន។ រហូត​ដល់​ឆ្នាំ​២០១២ នៅ​ពេល​ដែល​បក្ស​កុម្មុយនិស្ត​ចិន​រុះរើ​អ្នក​ដឹកនាំ ហើយ​តែងតាំង​លោកស៊ី ជីនពីង ជាមេដឹកនាំ​ថ្មី ទើប​លោក​ចូវ យ៉ុងកាង ចូល​និវត្តន៍​ជាមួយ​នឹង​មេដឹកនាំ​ចាស់ ហើយ​ចាប់ពីពេលនោះ​មក មន្រ្តី​ ដែល​ជា​ខ្សែ​របស់​លោក​ចូវ យ៉ុងកាង ត្រូវ​បាន​តុលាការ​បើក​ការ​ស៊ើបអង្កេត​ ចាប់ខ្លួន និង​កាត់ទោស​ជា​បន្ត​បន្ទាប់ មុននឹង​ឈាន​ទៅ​ចាប់ខ្លួន លោក​ចូវ យ៉ុងកាង​ ផ្ទាល់ នៅ​ពេលនេះ។
 
លោក​ចូវ យ៉ុងកាង ត្រូវ​បាន​ចោទប្រកាន់​ពី​​បទ​ល្មើស​ជាច្រើន រួមមាន ដូចជា ការ​ទទួល​សំណូក​ដោយ​ផ្ទាល់ ឬ​តាម​រយៈ​ក្រុមគ្រួសារ ការ​ប្រើ​អំណាច​ ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន និង​ញាតិមិត្ត បក្ខពួក​របស់​ខ្លួន និង​ការ​ធ្វើ​ឲ្យ​លេចធ្លាយ​ការណ៍​សម្ងាត់​របស់​បក្ស ជាដើម។

នេះ​គឺ​ជា​លើកទីមួយ ដែល​មន្រ្តី​កំពូល​​កម្រិត​សមាជិក​គណៈ​អចិន្រ្តៃយ៍​បក្ស ដូចជា​លោក​ចូវ យ៉ុងកាង ​ត្រូវ​តុលាការ​បើក​ការ​ស៊ើបអង្កេត និង​ចាប់ខ្លួន។ តាំង​ពីដើម​មក គេ​តែងតែ​សង្កេតឃើញ​ថា បើទោះបី​ជា​មិនមាន​ច្បាប់​ចែង​ផ្លូវការ ក៏ប៉ុន្តែ នៅ​ក្នុង​ការ​អនុវត្ត​​ជា​ទំនៀមទម្លាប់​នៅ​ក្នុង​បក្ស​កុម្មុយនិស្ត​ចិន មន្រ្តី​កំពូលៗ​របស់​បក្ស ដែល​ឈប់​កាន់តំណែង​តែងតែ​ត្រូវ​គេ​លើកលែង​មិន​​នាំ​យក​មក​កាត់ទោសទេ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​វិវាទ​ផ្ទៃក្នុង ហែកហួរ​គ្នា​ទៅវិញ​ទៅមក នាំ​ឲ្យ​បែក​ធ្លាយ​រឿង​សម្ងាត់​របស់​បក្ស។

ការ​ចាប់ខ្លួន​លោក​ចូវ យ៉ុងកាង ត្រូវបាន​អ្នក​ខ្លះ​លើកឡើង​ថា ជា​ករណីមួយ ដែល​បង្ហាញ​ អំពី​ភាព​ប្តូរ​ផ្តាច់​របស់​លោក​ស៊ី ជីនពីង ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​គ្រប់​ជាន់ថ្នាក់ តាំង​ពី​មន្រ្តី​តូចតាច រហូត​ដល់​មន្រ្តី​កំពូលៗ។

ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ក៏​មាន​អ្នក​ខ្លះ​សង្ស័យ​ដែរ​ថា លោក​ស៊ី ជីនពីង ប្រហែល​ជា​កំពុងតែ​ឆ្លៀត​​យក​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​នេះ​មក​កម្ចាត់​ក្រុម​បដិបក្ខ ដើម្បី​ពង្រឹង​អំណាច​នៅ​ក្នុង​បក្ស ពីព្រោះ គេ​មើលឃើញ​ថា លោក​ចូវ យ៉ុងកាង គឺ​ស្ថិត​នៅ​ក្នុង​ខ្សែ​ជាមួយ​លោក​ប៉ ស៊ីឡៃ ដែល​ធ្លាប់​ជា​គូប្រជែង​របស់​លោក​ស៊ី ជីនពីង ក្នុងការ​ដណ្តើម​តំណែង​ជា​លេខាបក្ស។

តាមពិត​ទៅ កន្លងមក គេឃើញ​មាន​សង្គម​ស៊ីវិល អង្គការ​សិទ្ធិមនុស្ស និង​បណ្តាញ​ផ្សព្វផ្សាយ​បរទេស​ជាច្រើន តែងតែ​បាន​សរសេរ​រិះគន់​លោក​ចូវ យ៉ុងកាង​ ថា​ជា​មេ​ប៉ូលិស​ឃោរឃៅ និង​ពោរពេញ​ដោយ​អំពើ​ពុករលួយ យក​អំណាច​ទៅ​ប្រើ​ ដើម្បី​ភាព​មានបាន​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ រហូត​កើបលុយ​រាប់រយលាន​ដុល្លារ​ក្នុង​ពេល​កាន់​អំណាច។ ក៏ប៉ុន្តែ អ្វី​ដែល​គេ​ចោទសួរ គឺ​នៅត្រង់ថា អំពើ​ពុករលួយ​នៅ​ចិន វា​កើតមាន​ជាទូទៅ​ស្ទើរតែ​គ្រប់​កន្លែង គ្រប់​ជាន់ថ្នាក់ ជា​ពិសេស នៅ​ក្នុង​ចំណោម​មន្រ្តី​កំពូលៗ ប៉ុន្តែ ហេតុអ្វី​បាន​ជា​គេឃើញ​មាន​ការ​ស៊ើបអង្កេត​​​តែ​ទៅលើ​​ក្រុម​របស់​លោក​ប៉ ស៊ីឡៃ និង​លោក​ចូវ យ៉ុងកាង ដែល​ជា​ក្រុម​​បដិបក្ខ​របស់​លោក​ស៊ី ជីនពីង?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ