អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើងបង្កើនគំនាបដាក់អាមេរិក ខណៈដែលថ្ងៃឱសានវាទខិតចូលកាន់តែជិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី៨ ធ្នូ កូរ៉េខាងជើង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​សាកល្បង​ដ៏​សំខាន់​មួយ​នៅ​ទីតាំង​សូហេ​ដែល​ជា​កន្លែង​បាញ់​បញ្ជូន​ផ្កាយរណប។ ព័ត៌មាន​នេះ​ត្រូវ​បាន​ដក​ស្រង់​ដោយ​ទីភ្នាក់ងារ​ផ្លូវការ​កូរ៉េខាងជើង​ឈ្មោះ KCNA តែ​មិន​បាន​លំអិត​បន្ថែម​ទេ​ថា តើ​ការ​សាកល្បង​នោះ​ជា​ការ​សាកល្បង​ផ្កាយរណប នុយក្លេអ៊ែរ ឬ​គ្រាប់មីស៊ីល។ ទោះ​ជា​យ៉ាង​នេះ​ក្តី ព្រឹត្តិការណ៍​មួយ​នេះ​បាន​កើត​មាន​ឡើង ខណៈ​ដែល​កិច្ចចរចា​ស្តីពី​ការ​រំសាយនុយក្លេអ៊ែរ​រវាង​កូរ៉េខាងជើង និង​អាមេរិក​កំពុង​ជាប់​គាំង។ ទន្ទឹម​គ្នា​នេះ ថ្ងៃ​ឱសានវាទ​ដែល​ក្រុង​ព្យុងយ៉ាង​បាន​ដាក់​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ផ្តើម​កិច្ចចរចា​នុយក្លេអ៊ែរ​ឡើង​វិញ​ក៏​រំកិល​ចូល​កាន់​តែ​ជិត​ដែរ។

រូបថត​របស់​​ផ្កាយរណបពី​ទីតាំងសូហេ​ក្នុង​ទឹកដីកូរ៉េខាងជើង ថត​ថ្ងៃទី៣ មីនា ២០១៩
រូបថត​របស់​​ផ្កាយរណបពី​ទីតាំងសូហេ​ក្នុង​ទឹកដីកូរ៉េខាងជើង ថត​ថ្ងៃទី៣ មីនា ២០១៩ REUTERS
ផ្សាយពាណិជ្ជកម្ម

ជា​ការ​សាកល្បង​ផ្កាយរណប នុយក្លេអ៊ែរ ឬ​គ្រាប់មីស៊ីល គេ​នៅ​មិន​ទាន់​អាច​និយាយ​បាន​ទេ ហើយ​ក្រុង​ព្យុងយ៉ាង​ក៏​នៅ​មិន​ទាន់​បាន​ផ្តល់​ព័ត៌មាន​លំអិត​អ្វី​បន្ថែម​ដែរ។ ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​អ្នក​នាំពាក្យ​បណ្ឌិតសភាវិទ្យាសាស្រ្ត​ជាតិ​កូរ៉េខាងជើង​ដែល​ថា ការ​សាកល្បង​ដ៏​សំខាន់​ខ្លាំង​មួយ​នេះ​បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​សៅរ៍ ទី៧ ធ្នូ​នៅ​មូលដ្ឋាន​សូហេ​ដែល​ជា​ទីតាំង​បាញ់​បញ្ជូន​ផ្កាយរណប។ អ្នក​នាំពាក្យ​រូប​នេះ​ដដែល​បាន​បន្ថែម​ថា លទ្ធផល​នៃ​ការ​សាកល្បង​នេះ​នឹង​មាន​ឥទ្ធិពល​ដ៏​សំខាន់​ដែល​ឈាន​ទៅ​ផ្លាស់ប្តូរ​លក្ខន្តិក​យុទ្ធសាស្ត្រ​របស់​កូរ៉េខាងជើង។

គួរ​រម្លឹក​ថា មូលដ្ឋាន​សូហេ​ស្ថិត​នៅ​ឆ្នេរសមុទ្រ​ប៉ែក​ពាយព្យ​កូរ៉េខាងជើង និង​ដែល​គេ​ស្គាល់​ឈ្មោះ​មួយ​ទៀត​ហៅ​តុងឆាង-រី។ តាម​ធម្មតា សូហេ ឬ​តុងឆាង-រី​ជា​មជ្ឈមណ្ឌល​អវកាស​មួយ​ដែល​ក្រុង​ព្យុងយ៉ាង​ប្រើ​ដើម្បី​បាញ់​បញ្ជូន​ផ្កាយរណប​ទៅ​ដាក់​ក្នុង​តារាវិថី។ តែ​គេ​បាន​សង្កេត​ឃើញ​ថា កូរ៉េខាងជើង​បាន​ឆ្លៀត​ប្រើ​ទីតាំង​មួយ​នេះ​ដើម្បី​បាញ់​សាកល្បង​គ្រាប់មីស៊ីល​បាលីស្ទិក។ ទីតាំង​សូហេ ឬ​តុងឆាង-រី​នេះ​ជា​ប្រធានបទ​ស្នូល​នៃ​ជំនួប​ការទូត​ត្រីភាគី​រវាង​កូរ៉េខាងជើង កូរ៉េខាងត្បូង និង​អាមេរិក​តាំង​ពី​ជាង ១ឆ្នាំ។ នៅ​ក្នុង​ជំនួបកំពូល​ក្នុង​ទីក្រុង​សេអ៊ូល​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៨ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បាន​សន្យា​បិទ​ទីតាំង​សូហេ ឬ​តុងឆាង-រី​នេះ។

កូរ៉េខាងជើង​បន្ត​យុទ្ធសាស្រ្ត​ច្រំដែល​ដើម្បី​ដាក់​គំនាប

តែ​ខុស​ពី​ការ​សន្យា ទីតាំង​សូហេ ឬ​តុងឆាង-រី​នេះ​មិន​ត្រូវ​បាន​បិទ​ទេ ហើយ​របប​ក្រុង​ព្យុងយ៉ាង​ក៏​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែរ។ តែ​បើ​តាម​មើល​ទៅ ប្រហែល​មក​ពី​លោក​គីម ជុងអ៊ុន​ខកចិត្ត ឬ​មិន​សប្បាយចិត្ត​នឹង​ការ​ចរចា​ស្តីពី​ការ​រំសាយ​នុយក្លេអ៊ែរ​រវាង​កូរ៉េខាងជើង និង​អាមេរិក​ដែល​បន្ត​អូសបន្លាយ និង​ជាប់គាំង។ បើ​ផ្អែក​តាម​ទិន្នន័យ​ផ្តល់​ដោយ​ផ្កាយរណប ការ​រៀបចំ​ជួសជុល​ទីតាំង​សូហេ ឬ​តុងឆាង-រី​ដើម្បី​ដាក់​ឲ្យ​ដំណើរ​ឆាប់​រហ័ស​ត្រូវ​បាន​កូរ៉េខាងជើង​ចាប់​ផ្តើម​ក្នុង​ខែ​មីនា។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៥ ធ្នូ ពោល​៣ថ្ងៃ​មុន​ការ​ប្រកាស​សាកល្បង​របស់​កូរ៉េខាងជើង រូបភាព​ជា​ច្រើន​ផ្តល់​ដោយ​ផ្កាយរណប​បាន​បង្ហាញ​រូប​ធុង​ធំ​បញ្ឈរ​មួយ​ដែល​បញ្ជាក់​ពី​ត្រៀម​បាញ់​បញ្ជូន​អ្វី​មួយ នេះ​បើ​តាម​លោក Jeffrey Lewis អ្នកជំនាញ​អាវុធនុយក្លេអ៊ែរ​ប្រចាំ​អាស៊ីខាងកើត។

ថ្លែង​បន្ថែម​នៅ​មុន​ការ​ប្រកាស​របស់​កូរ៉េខាងជើង អ្នក​ជំនាញ​រូប​នេះ​ដដែល​បាន​មើល​ឃើញ​ពី​សញ្ញា​ដែល​របប​ក្រុង​ព្យុងយ៉ាង​ហាក់​កំពុង​បង្កើន​សកម្មភាព​គ្រាប់មីស៊ីល​កាន់​តែ​ខ្លាំង​ឡើងៗ​ដើម្បី​ជា​ការ​គំនាប​ដាក់​លើ​សហគមន៍​អន្តរជាតិ ពិសេស​លើ​អាមេរិក។ ស្រប​ពេល​គ្នា​នេះ ការ​សាកល្បង​របស់​កូរ៉េខាងជើង​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ថ្ងៃ​ឳសានវាទ​របស់​ក្រុង​ព្យុងយ៉ាង​សម្រាប់​ក្រុង​វ៉ាស៊ីនតោន​ខិត​ចូល​កាន់​តែ​ជិត។ ថ្ងៃ​ឳសានវាទ​នោះ គឺ​ថ្ងៃទី៣១ ធ្នូ​ដែល​កូរ៉េខាងជើង​តម្រូវ​ឲ្យ​អាមេរិក​រៀបចំ​សំណើ​ថ្មី​មួយ​ជាមួយ​នឹង​លក្ខខណ្ឌ​មួយ​ចំនួន​របស់​ខ្លួន​ដើម្បី​ផ្តល់​សន្ទុះ​កិច្ចចរចា​ឡើង​វិញ។ លក្ខខណ្ឌ​ដែល​ក្រុង​ព្យុងយ៉ាង​ទាមទារ​ចង់​បាន គឺ​សុំ​ឲ្យ​អាមេរិក​ឈប់​ប្រើ​នយោបាយ​ប្រឆាំង​ខ្លួន និង​សុំ​ឲ្យ​អាមេរិក​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​វិញ។

លោក​ត្រាំ និង​លោក​គីម​បន្ត​ប្រើ​ធម៌ក្តៅ និង​ធម៌ត្រជាក់

ក្តីសង្ឃឹម​របស់​លោក​គីម ជុងអ៊ុន​នៅ​ក្នុង​ជម្រើស​យុទ្ធសាស្រ្ត​មួយ​នេះ គឺ​បង្ខំ​លោក​ដូណាល់ ត្រាំ​ឲ្យ​ពិនិត្យមើល​ឡើង​វិញ​នូវ​នយោបាយ​អាមេរិក​ចំពោះ​កូរ៉េខាងជើង។ តែ​នេះ​មិនមែន​ជា​លើកទី១ ហើយ​ក៏​ប្រហែល​ជា​មិនមែន​លើក​ចុង​ក្រោយ​ទេ​ដែល​ក្រុង​ព្យុងយ៉ាង​បាន​ប្រើ​វិធីសាស្រ្ត​ច្រំ​ដែល​មួយ​នេះ។ កន្លង​មក ទោះ​ក្នុង​ពេល​មាន​កិច្ចចរចា​ជាមួយ​អាមេរិក ឬ​ក៏​គ្មាន​ក៏​ដោយ ក៏​ក្រុង​ព្យុងយ៉ាង​តែង​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ ឬ​គ្រាប់មីស៊ីល​ចម្ងាយ​ជិត ឬ​ឆ្ងាយ។ រហូត​មក​ទល់​ពេល​នេះ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ដែល​បាន​ជួប​សន្ទនា​ជាមួយ​លោក​គីម ជុងអ៊ុន​ដល់​ទៅ ៣ដង​តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០១៨ តែង​ទប់​ចិត្ត​នឹង​ការ​បង្ក​រឿង​របស់​លោក​គីម ជុងអ៊ុន។

លើក​នេះ លោក​ត្រាំ​ហាក់​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ចំពោះ​ការ​សាកល្បង​របស់​កូរ៉េខាងជើង​ពេល​នេះ​ទេ។ តែ​នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន​នា​ថ្ងៃ​សៅរ៍ ទី៧ ធ្នូ លោក​ត្រាំ និង​លោក​ចៃអ៊ីន​បាន​ទទួល​ស្គាល់​ដូច​គ្នា​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ឧបទ្វីប​កូរ៉េ។ ក៏​ប៉ុន្តែ មេដឹកនាំ​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ពី​ការ​បន្ត​ទុក​ផ្លូវ​ចរចា និង​កិច្ចសន្ទនា​ស្តីពី​ការ​រំសាយនុយក្លេអ៊ែរ។ ដោយឡែក​ក្នុង​ថ្ងៃ​សៅរ៍ ទី៧ ធ្នូ​ដដែល ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក​គីម សុង​បែរ​ជា​បាន​ថ្លែង​ថា កូរ៉េខាងជើង​មិន​ត្រូវ​ការ​មាន​ការ​ចរចា​យូរ​អង្វែង​ជាមួយ​អាមេរិក​ទេ និង​ថា ការ​រំសាយ​នុយក្លេអ៊ែរ​ក៏​ត្រូវ​បាន​ដក​ចេញ​ពី​តុ​ចរចា​ហើយ​ដែរ។

គួរ​រម្លឹក​ថា កិច្ចចរចា​រវាង​កូរ៉េខាងជើង និង​អាមេរិក​បាន​ជាប់គាំង​តាំង​ពី​ជំនួប​គ្មាន​លទ្ធផល​រវាង​លោក​ត្រាំ និង​លោក​គីម​លើកទី២ កាល​ពី​ខែ​កុម្ភៈ​ក្នុង​ប្រទេស​វៀតណាម។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​យុទ្ធសាស្រ្ត​របស់​គីម ជុងអ៊ុន​ពេល​នេះ​នឹង​អាច​បង្ខំ​លោក​ដូណាល់ ត្រាំ​ឲ្យ​ពិចារណា​ឡើង​វិញ​នូវ​ជំហរ​អាមេរិក​ចំពោះ​កូរ៉េខាងជើង​ដែរ ឬ​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន​ពេល​នេះ លោក​ត្រាំ និង​លោក​គីម​កំពុង​បន្ត​លេងល្បែង​ធម៌​ក្តៅ និង​ធម៌ត្រជាក់​ដាក់​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ