គណៈប្រតិភូកូរ៉េខាងត្បូង នឹងទៅធ្វើទស្សនកិច្ច នៅកូរ៉េខាងជើង នៅថ្ងៃចន្ទ
ប្រធានាធិបតីកូរ៉េខាងត្បូងនឹងបញ្ជូនគណៈប្រតិភូតំណាងកូរ៉េខាងត្បូង ទៅទីក្រុងព្យុងយ៉ាង នោថ្ងៃចន្ទស្អែកនេះ។ គោលដៅ គឺបើកការពិភាក្សា ដើម្បីធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរល្អប្រសើរឡើងវិញ។ នៅក្រុងព្យុងយ៉ាង គណៈប្រតិភូកូរ៉េខាងត្បូង មានបំណងផងដែរ បញ្ចុះបញ្ចូលភាគីកូរ៉េខាងជើង ឲ្យជួបពិភាក្សាដោយផ្ទាល់ជាមួយវ៉ាស៊ីនតោន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៤
វិមានប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បានប្រកាសថា នៅថ្ងៃចន្ទ ស្អែកនេះ គណៈប្រតិភូ ដែលដឹកនាំដោយប្រធានស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង ហើយនិងទីប្រឹក្សាផ្នែកសន្តិសុខជាតិរបស់លោកប្រធានាធិបតីមូន ចៃអ៊ីន នឹងធ្វើដំណើរទៅទីក្រុងព្យុងយ៉ាង ដើម្បី ពិភាក្សា រិះរក ជាមួយភាគី កូរ៉េខាងជើង ពីចំណុចដែលធ្វើប្រសើរឡើងវិញ នៃទំនាក់ទំនងបងប្អូនកូរ៉េទាំងពីរ។ ទិសដៅសំខាន់មួយទៀត នៃទស្សនកិច្ចរបស់គណៈប្រតិភូកូរ៉េខាងត្បូង នៅក្រុងព្យុងយ៉ាងគឺ ជំរុញផងដែរ ឲ្យមានជំនួបទ្វេភាគី រវាងអាមេរិក ហើយនិងកូរ៉េខាងជើង។
សូមអាន៖ JO ព្យុងឆាង ៖ គីមជុងអ៊ុន អញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង ទៅព្យុងយ៉ាង
តាមអ្នកនាំពាក្យរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង នៅបន្ទាប់ពីវិលត្រលប់ពីកូរ៉េខាងជើង នៅថ្ងៃអង្គារ ក្រុមប្រេសិតពិសេសរបស់កូរ៉េខាងត្បូង ធ្វើដំណើរបន្ត ទៅទីក្រុងវ៉ាស៊ីនតោន ដើម្បី ទៅរាយការណ៍ប្រាប់ភាគីអាមេរិក ពីលទ្ធផលនៃជំនួបចរចា នៅទីក្រុងព្យុងយ៉ាង។ ប្រធានាធិបតីកូរ៉េខាងត្បូង ដែលមាននិន្នាការចង់ផ្សះផ្សារ សន្តិភាព ជាមួយ កូរ៉េខាងជើង បានទាមទារឲ្យសម្ព័ន្ធមិត្តអាមេរិក កាត់បន្ថយ ការទាមទារ របស់ខ្លួនបន្តិច ដើម្បី អាចបើកការចរចាជាមួយ ក្រុងព្យុងយ៉ាង។
នៅមុខអ្នកកាសែត នៅ ថ្ងៃសៅរ៍ ម្សិលមិញ លោកប្រធានាធិបតីដូណាល់ ត្រាំ ហាក់បង្ហាញថា លោកចង់ជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំកូរ៉េខាងជើង។ ប៉ុន្តែ នៅក្នុងលក្ខខណ្ឌថា កូរ៉េខាងជើងត្រូវលះបង់ចោលមហិច្ឆតា ផលិតអាវុធនុយក្លេអ៊ែរជាមុនសិន។ សេតវិមាន នាពេលថ្មីៗនេះ បានសម្រេចជាឯកតោភាគី ដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត លើកូរ៉េខាងជើង។ នៅថ្ងៃសៅរ៍ អ្នកនាំពាក្យរបស់ក្រសួងការបរទេសកូរ៉េខាងជើងបានអំពាវនាវឲ្យវ៉ាស៊ីនតោនលះបង់ចោលទៅ រាល់គំនិតដាក់លក្ខខណ្ឌ លើកូរ៉េខាងជើង។ កូរ៉េខាងជើង បានបញ្ជាក់រាល់លើកថា ខ្លួននឹងមិនលះបង់ចោលអាវុធនុយក្លេអ៊ែរ ដែលកូរ៉េខាងជើងចាត់ទុកជាដួងព្រលឹង ជួយឲ្យកូរ៉េខាងជើង អាចទប់ទល់ ប្រឆាំងរាល់ការឈ្លានពានពីអាមេរិក។
សម្រាប់អ្នកជំនាញ គេមិនអាចសង្ឃឹមថា ទស្សនកិច្ចរបស់គណៈប្រតិភូកូរ៉េខាងត្បូង ទៅព្យុងយ៉ាងនឹងអាចធ្វើឲ្យកើតមានកិច្ចព្រមព្រៀង សំខាន់ ណាមួយនោះទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កូរ៉េទាំងពីរ ដែលតានតឹងនឹងគ្នារហូតមកនេះ នឹងអាចជួយទប់ស្កាត់ មិនឲ្យកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលីស្ទីក សាជាថ្មី។ ការបាញ់សាកល្បងមីស៊ីល និងគ្រាប់បែកនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលជាចំណុចធ្វើឲ្យក្តៅក្រហាយ ព្រួយបារម្ភរបស់ជប៉ុន និងអាមេរិក សម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ