អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រជាជន​​​ទីម័រ​​ខាងកើត​​ជ្រើសរើស​លោក ​Guterress​ ដែល​ជា​​​​អតីត​​ទ័ពព្រៃ​ អោយ​ធ្វើជា​​ប្រធានាធិបតី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទីម័រ​ខាងកើត​ដែល​​ជា​ប្រទេស​​លទ្ធិប្រជាធិបតេយ្យ​ មាន​​វ័យក្មេង​ជាងគេក្នុង​ពិភពលោក​ បាន​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី កាលពី​ថ្ងៃចន្ទ​២១មីនា។ ​ ​​លោក​ ហ្វ្រង់ស៊ីសស្កូ ​ហ្គុតទែររេស ដែល​ធ្លាប់​​ធ្វើ​ជា​​​​​អតីត​ទ័ពព្រៃ​មួយរូប​​នោះ បាន​ទទួលជោគជ័យ​​​ជាមួយ​សម្លេង​៥៧ភាគរយ ឈ្នះ​លើ​បេក្ខជន​៧នាក់​ផ្សេងទៀត​​ ដែល​​ឈរឈ្មោះ។ លោក​ហ្គុតទែររេស​ ត្រូវឡើង​​កាន់កាប់​ប្រទេស​បន្ត​ពី​លោក​ តូវ ម៉ាតាំង រូអាកេ Taur Matan Ruak។  

លោក​ហ្គុតទែររេស បង្ហាញ​ទឺកថ្នាំ​ខ្មៅ​នៅ​ម្រាមដៃ​ ក្នុង​ពេល​បោះឆ្នោត​កាលពី​ថ្ងៃចន្ទ ២០មីនា ​
លោក​ហ្គុតទែររេស បង្ហាញ​ទឺកថ្នាំ​ខ្មៅ​នៅ​ម្រាមដៃ​ ក្នុង​ពេល​បោះឆ្នោត​កាលពី​ថ្ងៃចន្ទ ២០មីនា ​ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

ទីម័រ​ខាងកើត​មិនចាំបាច់​រៀបចុះ​ការបោះឆ្នោត​ប្រធានាធីបតី​ ជុំទី២​ នៅខែ​មេសា​ខាងមុខទេ ព្រោះ​​តាំង​តែ​ពី​ជុំទី១ កាលពី​ថ្ងៃចន្ទ​២១មីនា ​ប្រជាជន​បាន​នាំគ្នា​បោះឆ្នោតអោយ​​លោក ​ហ្វ្រង់ស៊ីសស្កូ ហ្គុតទែររេស ដែល​ជា​អតីត​ទ័ពព្រៃ​មួយរូប​នោះ បានធ្វើ​ជា​​ប្រធានាធិបតី​ថ្មីទៅហើយ។

លោក​ហ្គុតទែររេស អាយុ​៦៣ឆ្នាំ​​ ទទួលបាន​សម្លេង​ឆ្នោត​៥៧ភាគរយ ឈ្នះ​លើ​បេក្ខជន Antonio de Conceicao អង់តូញោ ដឺកុងសេកាវ ជាអតីត​​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដែល​ទទួល​បាន​​សម្លេង​ឆ្នោត​៣៣ភាគរយ។ លោក​ហ្គុតទែររេស គឺ​ជា​អ្នកឯករាជ្យ​និយម ជា​អតីត​ទ័ពព្រៃ​មួយរូប ដែល​គេ​អោយ​រហ័សនាម​ថា លូ អូឡូ។

ក្នុង​ការ​បោះឆ្នោត​នេះ ​គេសម្គាល់​ឃើញថា ​​​បក្ស​នយោបាយ​សំខាន់ៗ​ចំនួន២ គឺ​​​បក្ស​​រណសិរ្ស​​​បដិវត្តន៍​ដើម្បី​ឯករាជ្យ​ទីម័រ​ខាងកើត ហៅកាត់​ថា Fretilin​ហ្វ្រេទីលីន និង​បក្ស​កសាង ហៅកាត់ថា ​បក្ស​CNRT បាន​រួបរួមគ្នា ​ផ្តល់​ការគាំទ្រ​ដល់​អតីត​ទ័ពព្រៃ​ ហ្គុតទែររេស​។ ​​គួរកត់សម្គាល់​ដែរនោះ គឺ​ ​លោក​ សាណាណា ​ហ្គូសស្មាវ ដែល​ជា​វីរជន​​ដ៏ល្បី​ឈ្មោះ ក្នុង​​តស៊ូ​ទាមទារ​​​ឯករាជ្យ​នៅ​ទីម័រខាងកើត​​​ ក៏បាន​គាំទ្រ​បេក្ខភាព​​ ​លោក​ហ្គុតទែររេស​ដែរ។

ការបោះឆ្នោត​ផ្តល់ជោគជ័យ​តាំង​ពី​ជុំទី១​ទៅហើយ អោយ​លោក​ហ្គុតទែររេស ធ្វើជា​ប្រធានាធិបតី​​ទីម័រ​ថ្មី។ ការបោះឆ្នោត​នេះ ជា​ការបោះឆ្នោត​ដំបូង​ គិតតាំង​ពី​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ បាន​ចាកចេញ​ពី​ទីម័រខាងកើត​ នៅ​ឆ្នាំ​២០១២មក។ កាលពី​ឆ្នាំ​១៩៩៩ កងកម្លាំង​អង្គការ​សហប្រជាជាតិ​បាន​ចូលទៅ​ទីម័រ ដើម្បី​ត្រួតពិនិត្យ​ការ​បោះឆ្នោត​​ប្រជាមតិ​ ស្តីពី​ការ​ទាមទារ​ឯករាជ្យ​ពី​ឥណ្ឌូណេស៊ី។

ការបោះឆ្នោត​ប្រធានាធិបតី​ ​ខែមីនា​ឆ្នាំ​២០១៧​នេះ​ បង្ហាញ​ថា ទីម័រ​ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​​​វ័យក្មេងខ្ចី​ជាងគេ កំពុងចាប់ផ្តើម​បោះជើង​សន្សឺមៗ ​​ទៅ​រក​ការអភិវឌ្ឈន៍​​​​ហើយ។ ការរួបរួម​គ្នា​រវាង​បក្ស​សំខាន់ៗ​ទាំង២ ដើម្បី​សម្រេច​បាន​​​ការបោះឆ្នោត និង​គាំទ្រ​ដល់​​បេក្ខជនហ្គុតទែររេស ​​ដែល​ជា​អតីតទ័ពព្រៃ​​នោះ​ ជា​ការចូលរួម​ដល់​ស្ថិរភាព​នយោបាយ​របស់​ទីម័រ​។ លោកហ្គុតទែររេស ដែល​ទើប​ជាប់ឆ្នោត​ពេលនេះ ​ធ្លាប់​ប្រកាស​ចង់​​​អោយ​ប្រព័ន្ធ​សុខាភិបាល ​​អប់រំ និង​កសិកម្ម ​​មាន​លក្ខណៈ​ប្រសើរ​ជាងមុន ដើម្បី​ភាព​សុខសាន្ត​របស់ប្រជាជន។ ដូច្នេះ​​ សម្រាប់​ពេល​តទៅ​មុខ​នេះ​ ​លោក​ហ្គុតទែររេស មាន​កាតព្វកិច្ចធំ​​​​ណាស់ ដើម្បី​អាច​​សម្រេច​ពាក្យសន្យា​របស់​លោក។

សូមរំលឺក​ថា ​ទីម័រ​ទទួលបាន​ឯករាជ្យ​ នៅ​​ឆ្នាំ២០០២ ក្រោយ​​មាន​​សង្គ្រាម​ប្រឆាំង​ការ​ឈ្លានពាន​​របស់​ឥណ្ឌូណេស៊ី ដែល​សម្លាប់​មនុស្ស​រាប់សែននាក់។ ទីម័រ​មានប្រជាជន​ជាង​មួយលាននាក់។ ​ក្រោយទីម័រ​ទទួលបាន​ឯករាជ្យ​ ហិង្សា​ក៏​នៅតែ​កើតមាន។​ ទីម័រខាងកើត​​នៅ​ក្មេងខ្ចី​ណាស់ ហើយ​​ក៏​ក្រីក្រ​ជាងគេ​នៅ​អាស៊ី​ដែរ។ ប្រជាជន​​៤១ភាគរយ ​រស់​ក្រោម​បន្ទាត់នៃ​​​ភាព​ក្រីក្រ។ ​ទីម័រ​នៅ​ខ្វះ​ហេដ្ឋារចនា​សម្ព័ន្ធ​ ខណៈ​ប្រជាជន​​​គ្មាន​ការងារធ្វើ ​មានច្រើន​សន្ធឹកសន្ធាប់។
 

ប្រឈម​នឹង​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ទាំងនេះ ធនធាន​ប្រេងក្នុង​ស្រុក​ក៏​ជិតហួត​​​អស់​ទៅហើយ​ដែរ។ លោក​ហ្វ្រង់ស៊ីសស្កូ ហ្គុតទែររេស ដែល​ត្រូវ​ឡើង​ធ្វើជា​ប្រធានាធិបតី​ក្នុង​ពេល​ខាងមុខ មាន​កាតព្វកិច្ច​ធំធេង​ណាស់ ព្រោះ​លោក​​ត្រូវ​​រកអោយ​បា​ន​កិច្ចព្រមព្រៀង​ជាមួ​យអូស្ត្រាលី ទាក់ទង​នឹង​​​កម្រៃចំណូល​បាន​​​ពី​ប្រេង​និង​ឧស្ម័ន​នៅ​សមុទ្រទីម័រ ដើម្បី​បន្ត​ដង្ហើម​សេដ្ឋកិច្ច​ទីម័រ​បានទៅមុខ​ទៀត៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ