អានតួអត្ថបទ
ទីម័រខាងកើត-អ.ស.ប.

បេសកកម្ម​រក្សា​សន្តិភាព​របស់​អ.ស.ប.​នៅ​ទីម័រ​ខាងកើត​ត្រូវបាន​បិទបញ្ចប់​ជាផ្លូវការ

បេសកកម្ម​រក្សា​សន្តិភាព​របស់​អ.ស.ប. ប្រចាំ​នៅ​ក្នុង​ប្រទេស​ទីម័រ​ខាងកើត ត្រូវ​បាន​បិទបញ្ចប់​ជាផ្លូវការ នៅថ្ងៃ​ចន្ទ ៣១​ធ្នូ​នេះ ក្រោយ​ពី​មាន​វត្តមាន អស់រយៈពេល ១៣ឆ្នាំ ចាប់តាំង​ពីពេល​ទីម័រខាង​កើត​ទទួល​ឯករាជ្យ​ពី​ឥណ្ឌូណេស៊ី កាល​ពីឆ្នាំ​១៩៩៩។ ក្រោយ​ពី​បាន​ឆ្លងកាត់​សម័យ​អន្តរកាល​ប្រកប​ដោយ​កាល​បង្ហូរ​ឈាម ទីម័រ​ខាង​កើត ដែល​ជា​រដ្ឋ​ក្មេង​ខ្ចីជាងគេ​បំផុត នៅ​អាស៊ី កំពុង​រស់នៅ​ក្នុង​​យុគសម័យ​សន្តិភាព ក៏ប៉ុន្តែ ត្រូវ​ប្រឈមមុខ​​នឹង​បញ្ហា​ដ៏ធំមួយ គឺ​ភាព​ក្រីក្រ។

ទាហាន​អូស្រ្តាលី ដែល​ជា​ផ្នែក​មួយ​នៃ​កងរក្សា​សន្តិភាព​អ.ស.ប. រៀបចំ​ឡើង​យន្តហោះ​ចាកចេញ​ពី​ទីម័រ​ខាង​កើត កាលពីថ្ងៃ​ទី១៨ ធ្នូ ២០១២
ទាហាន​អូស្រ្តាលី ដែល​ជា​ផ្នែក​មួយ​នៃ​កងរក្សា​សន្តិភាព​អ.ស.ប. រៀបចំ​ឡើង​យន្តហោះ​ចាកចេញ​ពី​ទីម័រ​ខាង​កើត កាលពីថ្ងៃ​ទី១៨ ធ្នូ ២០១២ REUTERS/Lirio Da Fonseca
ផ្សាយពាណិជ្ជកម្ម

កងកម្លាំង​រក្សា​សន្តិភាព​របស់​អ.ស.ប. ដែល​នាំមុខ​ដោយ​​អូស្រ្តាលី បាន​ចាប់ផ្តើម​ដកចេញ​ពី​ទីម័រ​ខាង​កើត តាំង​ពី​ខែ​តុលា​មក​ម៉្លេះ ដោយ​ចាប់ផ្តើម​ផ្ទេរ​កិច្ចការ​រក្សា​សន្តិសុខ​​ទៅ​ឲ្យ​កងកម្លាំង​ទីម័រ​ខាង​កើត។ នៅថ្ងៃ​ចន្ទ​នេះ គឺ​ជា​ថ្ងៃ​បិទបញ្ចប់​បេសកកម្ម​ជាផ្លូវការ។

គួររំឭកឡើងវិញ​ថា កងកម្លាំង​​រក្សា​សន្តិភាព​របស់​អ.ស.ប.​បាន​ចាប់ផ្តើម​បេសកកម្ម​នៅ​ទីម័រ​ខាង​កើត កាល​ពី​ឆ្នាំ​១៩៩៩ ដើម្បី​ត្រួតពិនិត្យ​មើល​ការ​បោះឆ្នោត​ប្រជាមតិ ស្តីពី​ការ​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​ឥណ្ឌូណេស៊ី។ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​នេះ ប្រជាជន​ទីម័រ​ខាង​កើត​យ៉ាង​ច្រើន​លើស​លុប បាន​បដិសេធ​មិន​សុខចិត្ត​នៅ​ជាខេត្ត​ស្វយ័ត​របស់​ឥណ្ឌូណេស៊ី ហើយ​ទាមទារ​ចង់​បង្កើត​ជា​រដ្ឋ​ឯករាជ្យ។

នៅក្រោយ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​នេះ ក្រុម​ប្រដាប់​អាវុធ​​ប្រឆាំង​នឹង​ការបង្កើត​រដ្ឋ​ទីម័រ​ឯករាជ្យ ដែល​ទទួល​បាន​នូវការ​គាំទ្រ​ពី​ឥណ្ឌូណេស៊ី ក៏​បាន​ចាប់ផ្តើម​​ធ្វើការ​វាយប្រហារ​លើ​សកម្មជន​គាំទ្រ​ឯករាជ្យ ហើយ​ទីម័រ​ខាង​កើត​បាន​ឆ្លងកាត់​សម័យ​អន្តរកាល​​ ដែល​ពោរពេញ​ទៅដោយ​អំពើ​ហិង្សា និង​ការ​បង្ហូរឈាម។

ទីម័រ​ខាង​កើត​ត្រូវ​បាន​ប្រកាស​បង្កើត​ជា​រដ្ឋ​ឯករាជ្យ​ជាផ្លូវការ នៅ​ថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ​២០០២ ហើយ​បាន​ក្លាយ​ទៅជា​ប្រទេស​សមាជិក​ទី១៩១ របស់​អ.ស.ប. នៅ​ថ្ងៃទី២៧ កញ្ញា​ឆ្នាំ​ដដែល។

កងកម្លាំង​រក្សា​សន្តិភាព​របស់​អ.ស.ប. ត្រូវ​បាន​ដកចេញ​ពី​ទីម័រ​ខាង​កើត​ម្តងរួចមកហើយ ប៉ុន្តែ បាន​ត្រឡប់​មកវិញ នៅ​ពេល​មាន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​ នៅ​ឆ្នាំ​២០០៦។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ពេល​បិទបញ្ចប់​បេសកកម្ម​ជាផ្លូវការ​ថ្ងៃនេះ ប្រមុខ​កងកម្លាំង​​អ.ស.ប​.​ប្រចាំ​ទីម័រ​ខាង​កើត​បាន​លើកឡើង​ថា ការ​បិទបញ្ចប់​បេសកកម្ម​នេះ​មិនមែន​មានន័យថា ជា​ការ​បិទបញ្ចប់​ភាព​ជាដៃគូ​រវាង​អ.ស.ប.​ និង​ទីម័រ​ខាង​កើតនោះទេ ដោយសារ​តែ​ទីម័រ​ខាង​កើត នៅ​មាន​បញ្ហា​ប្រឈម​ធំៗ​ជាច្រើន​ទៀត។

បើទោះជា​មាន​សន្តិភាព​ហើយ​ក៏ដោយ ក៏​ទីម័រ​ខាង​កើត នៅតែ​ជា​ប្រទេស​ដ៏ក្រីក្រ​បំផុត​មួយ នៅ​ក្នុង​តំបន់​អាស៊ី។ ទីម័រ​ខាង​កើត​នឹង​ត្រូវ​ពឹង​លើ​ជំនួយ​ពី​បរទេស ក្នុងរយៈពេល​ជា​ច្រើន​ឆ្នាំ​ទៀត ដើម្បី​អភិវឌ្ឍ​​ប្រទេស និងកាត់​បន្ថយ​ភាព​ក្រីក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ