អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជប៉ុន៖​អធិរាជ​អាគីហ៊ីតូ​ទម្លាយ​ជា​សាធារណៈ​ពី​បំណង​ចង់​ដាក់​រាជ្យសម្បត្តិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ជប៉ុន អធិរាជ​អាគីហ៊ីតូ​ដែល​មាន​ព្រះជន្ម ៨២ព្រះវស្សា​បាន​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ​ក្នុង​ថ្ងៃ​ចន្ទ ទី៨​សីហា​ពី​បំណង​ចង់​ដាក់​រាជ្យ ដោយ​ប្រគល់​រាជ្យបល្ល័ង្ក​ទៅ​ឲ្យ​បុត្រា​ព្រះអង្គ​ណារូហ៊ីតូ។ ព្រះចៅ​អាគីហ៊ីតូ​បាន​លើក​ឡើង​ពី​បញ្ហា​សុខភាព ភាព​ចាស់​ជរា និង​កាយសម្បទា​ទ្រុឌទ្រោម។ ប្រតិកម្ម​ភ្លាមៗ​ក្នុង​ថ្ងៃ​នេះ លោក​នាយករដ្ឋមន្រ្តី​ស្ហ៊ីនហ្សូ អាបេ​បាន​បញ្ជាក់​ថា លោក​យល់​ពី​បន្ទូល​របស់​ព្រះចៅ​អាគីហ៊ីតូ និង​សន្យា​យក​បន្ទូល​របស់​ព្រះអង្គ​ទៅ​ពិភាក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត។ តែ​យ៉ាង​ណា​ក៏​ដោយ ការ​ដាក់​រាជ្យ​របស់​អធិរាជ​នៅ​ជប៉ុន​តម្រូវ​ឲ្យ​មាន​ការ​ប្រែ​លើ​មាត្រា​ច្បាប់​មួយ​ចំនួន។

ជប៉ុន៖​អធិរាជ​អាគីហ៊ីតូ​ទម្លាយ​ជា​សាធារណៈ​ពី​បំណង​ចង់​ដាក់​រាជ្យ
ជប៉ុន៖​អធិរាជ​អាគីហ៊ីតូ​ទម្លាយ​ជា​សាធារណៈ​ពី​បំណង​ចង់​ដាក់​រាជ្យ REUTERS/Thomas Peter/File
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ស្តីពី​បំណង​ចង់​ដាក់​រាជ្យ​របស់​អធិរាជ​ជប៉ុន​អាគីហ៊ីតូ​ធា្លប់​បាន​លេច​ឮ​ម្តង​ហើយ​កាល​ពី​ជាង ៣សប្តាហ៍​មុន។ តែ​គេ​អាច​និយាយ​បាន​ថា នៅ​លើក​នេះ គឺ​ជា​ព័ត៌មាន​ផ្លូវការ ព្រោះ​ជា​ដំណឹង​ដែល​ព្រះចៅ​អាគីហ៊ីតូ​បាន​មាន​បន្ទូល​ផ្ទាល់​មាត់​ព្រះអង្គ​នៅ​ក្នុង​សង្គថា​ជា​វីដេអូ​រយៈពេល ១៥នាទី​ក្នុង​ថ្ងៃ​ចន្ទ ទី៨ សីហា។ គួរ​រម្លឹក​ជូន​ថា​កាល​ពី​ជិត ១ខែ​មុន ពោល​ក្នុង​ថ្ងៃ​ទី១៣ កក្កដា ព័ត៌មាន​ស្តីពី​បំណង​ចង់​ដាក់​រាជ្យ​របស់​អធិរាជ​អាគីហ៊ីតូ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក តែ​ត្រូវ​បាន​វិមានអធិរាជ​ចេញ​សេចក្តី​ថ្លែងការណ៍​បដិសេធ​ភ្លាមៗ​ក្នុង​ថ្ងៃ​ដដែល​នោះ។

តែ​នៅ​ក្នុង​សារ​វីដេអូ​ផ្សាយ​ជា​សាធារណៈ​នា​ថ្ងៃ​ចន្ទ ទី៨ សីហា​នេះ ព្រះចៅ​អាគីហ៊ីតូ​បាន​មាន​បន្ទូល​ផ្ទាល់​ដោយ​សម្តែង​ក្តីបារម្ភ​ពី​សមត្ថភាព​របស់​ព្រះអង្គ​ក្នុង​ការ​បន្ត​សោយរាជ្យ​រហូត​ដល់​ដង្ហើម​ជីវិត​ចុង​ក្រោយ។ ព្រះចៅ​អាគីហ៊ីតូ​បាន​បញ្ជាក់​ច្បាស់ៗ​ថា​សព្វថ្ងៃ​នេះ ព្រះអង្គ​នៅ​មាន​សុខភាព​ល្អ តែ​ព្រះអង្គ​បាន​សម្គាល់​ឃើញ​ពី​ស្ថានភាព​សុខភាព​ថមថយ ភាព​ជរា និង​កាយសម្បទា​កាន់​តែ​ទ្រុឌទ្រោម​ទៅៗ។ គឺ​ស្ថានភាព​សុខភាព​ថមថយ ភាព​ជរា និង​កាយសម្បទា​កាន់​តែ​ទ្រុឌទ្រោម​ទៅៗ​នេះ​ហើយ​ដែល​ព្រះចៅ​អាគីហ៊ីតូ​យល់​ឃើញ​ថា ព្រះអង្គ​អាច​នឹង​គ្មាន​សមត្ថភាព​ក្នុង​ការ​បំពេញ​តួនាទី​ឲ្យ​បាន ១០០% ក្នុង​នាម​ជា​និមិត្តរូប​នៃ​រដ្ឋ និង​ឯកភាព​នៃ​ប្រជារាស្រ្ត។

នៅ​ក្នុង​ព្រះរាជ្យ​សង្កថា​ជា​វីដេអូ​ដដែល ព្រះចៅ​អាគីហ៊ីតូ​ក៏​បាន​លើក​ឡើង​ពី​អាយុ ៨២ឆ្នាំ​របស់​ព្រះអង្គ​ដែល​ជា​អាយុ​មាន​ការ​ភ្លេចភ្លាំង​ច្រើន និង​អាច​ឲ្យ​មាន​ការ​ប្រព្រឹត្ត​កំហុស​ឆ្គង​ធ្ងន់ធ្ងរ​ដោយ​អចេតនា។ សូម​បញ្ជាក់​ជូន​ថា ព្រះចៅ​អាគីហ៊ីតូ​មិន​បាន​ប្រើ​ពាក្យ « ដាក់រាជ្យ » នៅ​ក្នុង​សារ​របស់​ព្រះអង្គ​ទេ ព្រោះ​ច្បាប់​រដ្ឋធម្មនុញ​បាន​ហាម។ តែ​ពាក្យពេចន៍​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​នាំ​ឲ្យ​គេ​យល់​បាន​ថា ព្រះអង្គ​មិន​ចង់​បន្ត​សោយរាជ្យ​ជា​អធិរាជ​ទៀត​ទេ ពោល​ចង់​ផ្ទេរ​រាជ្យបល្ល័ង្ក​ទៅ​ឲ្យ​បុត្រា​ព្រះអង្គម្ចាស់​ណារូហ៊ីតូ​ដែល​មាន​អាយុ ៥៦ឆ្នាំ។

អធិរាជ​អាគីហ៊ីតូ​មិន​ចង់​បាន​ស្ថានភាព​ដូច​បិតា​អធិរាជ​ហ៊ីរ៉ូហ៊ីតូ

ព្រះចៅ​អាគីហ៊ីតូ​បាន​ឡើង​សោយរាជ្យ​តាំង​ពី​ឆ្នាំ ១៩៨៩ ពោល​ក្រោយ​ការ​ចូល​ទីវង្គត​របស់​បិតា​ហ៊ីរ៉ូហ៊ីតូ​ក្នុង​ឆ្នាំ ១៩៨៩។ អធិរាជ​ហ៊ីរ៉ូហ៊ីតូ​បាន​សោយរាជ្យ​របស់​ដល់​ដង្ហើម​ជីវិត​ចុង​ក្រោយ​របស់​ព្រះអង្គ។ តែ​ព្រះចៅ​អាគីហ៊ីតូ​មិន​ចង់​សោយរាជ្យ​រហូត​ដល់​ជីវិត​ចុង​ក្រោយ​ដូច​ព្រះបិតា​ទេ។ បើ​គេ​សម្លឹង​មើល​រាងកាយ​ព្រះចៅ​អាគីហ៊ីតូ​ពី​ខាង​ក្រៅ ព្រះអង្គ​ហាក់​បី​ដូច​មាន​សុខភាព​ល្អ និង​នៅ​មាំទាំ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ព្រះអង្គ​ធ្លាប់​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ករណី​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ រួម​មាន ការ​វះកាត់​បេះដូង ព្យាបាល​ជម្ងឺ​មហារីក​ក្រពេញ​ប្រូស្តាត និង​ជម្ងឺសួត​ជា​ដើម។ គឺ​ជា​ជម្ងឺ​ប្រចាំកាយ​ដែល​បាន​បង្ខំ​ព្រះអង្គ​ឲ្យ​កាត់​បន្ថយ​ការងារ​ផ្លូវការ​មួយ​ចំនួន​ក្នុង​នាម​ជា​អធិរាជ។

កន្លង​មក ព្រះអង្គ​ក៏​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​មិត្តភក្តិ និង​មនុស្ស​ជិតដិត​ជា​ច្រើន​នាក់​ពី​បញ្ហា​សុខភាព រួម​ទាំង​ក្តីបារម្ភ​របស់​ព្រះអង្គ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ជា​អធិរាជ​ឲ្យ​បាន ១០០%។ ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៥ ព្រះចៅ​អាគីហ៊ីតូ​ធ្លាប់​បាន​បញ្ជាក់​ពី​ការ​ប្រព្រឹត្តិ​កំហុស​ឆ្គង​មួយ​ចំនួន​នៅ​ក្នុង​ពិធី​មួយ​ដោយសារ​តែ​ជម្ងឺ​ចាស់​ជរា​ភ្លេចភ្លាំង។ ព្រះចៅ​អាគីហ៊ីតូ​អាច​នឹង​បន្ត​សោយរាជ្យ​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ​ដូច​ព្រះបិតា​របស់​ព្រះអង្គ​ព្រះចៅ​ហ៊ីរ៉ូហ៊ីតូ​បាន តែ​មក​ពី​ព្រះអង្គ​មិន​ចង់​បាន​ស្ថានការណ៍​ដូច​ព្រះបិតា។ ព្រះចៅ​អាគីហ៊ីតូ​យល់​ឃើញ​ថា ការ​ផ្ទេរ​រាជ្យបល្ល័ង្ក​រវាង​មនុស្ស​មាន​ជីវិត​ដូច​គ្នា វា​ល្អ​ជាង​រវាង​មនុស្ស​ចូល​ទីវង្គត និង​មនុស្ស​មាន​ជីវិត។ អ្វី​ដែល​ព្រះចៅ​អាគីហ៊ីតូ​ចង់​បាន និង​ឃើញ​នៅ​ចំពោះ​មុខ គឺ​ការ​ផ្ទេរ​រាជ្យបល្ល័ង្ក​ពី​ព្រះអង្គ​ទៅ​ឲ្យ​ព្រះអង្គ​ណារូហ៊ីតូ​ដែល​ជា​បុត្រា។

ទន្ទឹម​គ្នា​នេះ មាន​ការ​លើក​ឡើង​ថា ព្រះចៅ​អាគីហ៊ីតូ​ចង់​យក​គំរូ​តាម​ប្រមុខ​សង្ឃ​កាតូលិក​សម្តេចប៉ាប Benoît ទី១៦ ដែល​យល់​ព្រម​បោះបង់​តំណែង​ក្នុង​ឆ្នាំ ២០១៣ ឬ​មួយ​ក៏​យក​គំរូ​តាម​មហាក្សត្រី​ប្រទេស​ហូឡង់ Béatrice ដែល​បាន​ដាក់​រាជ្យ​កាល​ពី​ឆ្នាំ ២០១៣ ក្នុង​ព្រះជន្ម ៧៥ព្រះវស្សា។

ត្រូវ​ការ​កែប្រែ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដើម្បី​អាច​ដាក់​រាជ្យ​បាន

ប្រតិកម្ម​ភ្លាមៗ​នៅ​ក្រោយ​ព្រះរាជ្យ​សង្កថា​របស់​អធិរាជ​អាគីហ៊ីតូ លោក​នាយករដ្ឋមន្រ្តី​ស្ហ៊ីនហ្សូ អាបេ​បាន​បញ្ជាក់​ថា លោក​សន្យា​នឹង​យក​បន្ទូល​របស់​ព្រះអង្គ​ទៅ​ពិភាក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត។ តាម​រយៈ​ពាក្យ​សម្តី​របស់​លោក​អាបេ​នាំ​ឲ្យ​គេ​និយាយ​បាន​ថា ដំណើរការ​ដាក់​រាជ្យ​របស់​អធិរាជ​អាគីហ៊ីតូ​អាច​ចាប់​ផ្តើម​បាន។ ក៏​ប៉ុន្តែ អ្វីៗ​មិន​មែន​ងាយស្រួល​ដូច​ការ​និយាយ​ទេ។ នៅ​ប្រទេស​ជប៉ុន ច្បាប់​មិន​បាន​ចែង​ពី​ការ​ដាក់​រាជ្យ​របស់​អធិរាជ​ទេ ហើយ​អធិរាជ​អង្គឯង​ក៏​គ្មាន​សិទ្ធិ​នឹង​ប្រើ​ពាក្យ​ចង់​ដាក់​រាជ្យ​ដែរ។

ដើម្បី​អាច​ឲ្យ​អធិរាជ​ប្រកាស​ដាក់​រាជ្យ​បាន គេ​ត្រូវ​ការ​កែប្រែ​ច្បាប់​មួយ​ស្តីពី​ការ​សោយរាជ្យ​ដែល​បាន​អនុម័ត​តាំង​ពី​ឆ្នាំ ១៩៤៦។ ម្យ៉ាង​ទៀត ដើម្បី​អាច​កែប្រែ​ច្បាប់​បាន ព្រះចៅ​អាគីហ៊ីតូ​ក៏​ត្រូវ​ការ​សុំ​យោបល់​ពី​ប្រជារាស្រ្ត​ជា​មុន​ដែល​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ ព្រះចៅ​អាគីហ៊ីតូ​ជា​អធិរាជ​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ក្នុង​ចំណោម​មហាជន​ជប៉ុន ព្រោះ​ប្រជារាស្រ្ត​ជប៉ុន​ចាត់​ទុក​ជា​អធិរាជ​ដែល​ស្ថិត​ក្បែរ​រាស្រ្ត និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​រាស្រ្ត។ ប្រជារាស្រ្ត​ជប៉ុន ៩០% បាន​ចាត់​ទុក​កិច្ចការ​របស់​អធិរាជ​ថា​មាន​សារៈសំខាន់ តែ​ចង់​ឲ្យ​មាន​ការ​កាត់​បន្ថយ​ខ្លះ។

សូម​ជម្រាប​ជូន​ថា ច្បាប់​ជប៉ុន​បាន​ហាម​អធិរាជ​មិន​ឲ្យ​លូកលាន់​ក្នុង​រឿង​នយោបាយ​ទេ ពោល​បាន​ដើរ​តួនាទី​ត្រឹម​ជា​និមិត្តរូប​នៃ​រដ្ឋ និង​ឯកភាព​នៃ​ប្រជារាស្រ្ត។ តួនាទី​សំខាន់​របស់​អធិរាជ គឺ​ចុះ​ហត្ថលេខា​លើ​អត្ថបទ​ច្បាប់ សន្ធិសញ្ញា និង​ឯកសារ​ផ្សេងៗ​ដែល​រដ្ឋាភិបាល​បាន​បញ្ជូន​ឲ្យ ចូលរួម​នៅ​ក្នុង​ពិធី​ធំៗ សំខាន់ៗ​ជា​ផ្លូវការ និង​ទទួល​ជួប​បដិសណ្ធារកិច្ច​អ្នកតំណាង​ថ្នាក់ដឹកនាំ​បរទេស​ជា​ដើម។

ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្រ្តី​ស្ហ៊ីនហ្សូ អាបេ​ចំពោះ​ព្រះរាជ​សង្គថា​របស់​អធិរាជ​អាគីហ៊ីតូ​អាច​ជា​ការ​បើក​ផ្លូវ​ឆ្ពោះ​ទៅ​ធ្វើ​វិសោនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញស្តីពី​វិមានអធិរាជ។ តែ​ផ្លូវ​ដែល​ត្រូវ​ដើរ​នៅ​វែង​ឆ្ងាយ ព្រោះ​សូម្បី​តែ​រវាង​លោក​អាបេ និង​អធិរាជ​អាគីហ៊ីតូ​ក៏​មិន​សូវ​ចុះ​សម្រុង​គ្នា​លើ​បញ្ហា​មួយ​របស់​ប្រទេស​ដែរ ពិសេស​ទាក់ទង​នឹង​គម្រោង​កំណែទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ​សន្តិភាព​របស់​ជប៉ុន។ លោក​អាបេ​ចង់​ធ្វើ​ការ​កែប្រែ តែ​ព្រះចៅ​អាគីហ៊ីតូ​ចង់​រក្សា​ទុក​ក្នុង​គោលដៅ​សន្តិភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ