អានតួអត្ថបទ
ឥណ្ឌា-ជប៉ុន

ឥណ្ឌា តោង​ដៃ​ជប៉ុន​ដើម្បី​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​ស៊ីវិល​និង​រថភ្លើង​ល្បឿន​លឿន

នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ទៀត គេ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ឥណ្ឌា​ពី​ជើង​ទៅ​ត្បូង ពី​លិច​ទៅ​កើត ដោយ​រថភ្លើង​ល្បឿន​លឿនបាន​ហើយ។ ជប៉ុន​គឺ​ជា​អ្នក​ផលិត​រថភ្លើង​ទំនើប​ថ្មី​លឿន​ថ្លេវ​នេះ​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​តែ​ម្តង។ នេះ​ជា​សេចក្តី​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ជាមួយ​សមភាគី​ជប៉ុន​ លោក ស៊ីនហ្សូ អាបេ រួច​ភ្លាម។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ម៉ូឌី និង​សមភាគី​ជប៉ុន លោក អាបេ ថ្ងៃទី ១២ ធ្នូ ២០១៥
នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ម៉ូឌី និង​សមភាគី​ជប៉ុន លោក អាបេ ថ្ងៃទី ១២ ធ្នូ ២០១៥ © Reuters
ផ្សាយពាណិជ្ជកម្ម

“នេះ​ជា​គម្រោង​ដែល​ផ្តល់​សន្ទុះ​អភិវឌ្ឍន៍​ថ្មី​ដល់​វិស័យ​អយស្ម័យយាន​ឥណ្ឌា និង​ពន្លឿន​ឥណ្ឌា​ទៅ​ថ្ងៃ​អនាគត។ ព្រោះ​វិស័យ​នេះ​​នឹង​ក្លាយ​ទៅ​ជា​ម៉ាស៊ីន​ប្តូរ​ផ្លាស់​មុខ​មាត់​សេដ្ឋកិច្ច​ឥណ្ឌា” ! នេះ​ជា​ប្រសាសន៍​របស់​លោក ម៉ូឌី នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ក្រោយ​ជំនួប​ជាមួយ​សមភាគី​ជប៉ុន​ លោក ស៊ីនហ្សូ អាបេរួច។ ប្រព័ន្ធ​ផ្លូវ​ដែក​ឥណ្ឌា​ ដែល​មាន​វ័យ​ចំណាស់ និង​ទ្រុឌទ្រោម ខ្វះ​ការ​វិនិយោគ​ខ្លាំង​ណាស់ ហេតុដូច្នេះ​ហើយ​បានជា​លោក​ម៉ូឌី​ បាន​ឆ្លៀត​ឱកាស​សន្យា​​ ធ្វើទំនើបកម្ម​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ដែក​ តាម​រយៈ​កិច្ចព្រមព្រៀង​ជាមួយ​ជប៉ុន។

 

មិន​តែ​ប៉ុណ្ណោះ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ទាំង​ពីរ​ ក៏​បាន​ព្រមព្រៀង​គ្នា​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​​ ស្តី​ពី​អំពី​កិច្ច​សហប្រតិបត្តិការ​ឥណ្ឌា-ជប៉ុន ក្នុង​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល។ ប៉ុន្តែពុំ​ទាន់​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​នៅ​ឡើយ​ទេ ព្រោះ​​ភាគី​ទាំង​ពីរ ត្រូវ​សម្អិត​សម្អាង​ លើ​ចំណុច​លម្អិតមួយ​ចំនួន​ទៀត​សិន។ នេះ​បើ​តាមការ​គូស​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌា​ លើ​ទំព័រ​ប្រព័ន្ធ​សង្គម​Twitter។

តាមការ​ពិត​ជប៉ុន​ ធ្លាប់​បាន​បដិសេធ​​មិន​ព្រមសហការ​ជាមួយ​ឥណ្ឌា​ ក្នុង​វិស័យ​នុយក្លេអ៊ែរ​នេះ ជាយូរ​មក​ហើយ ព្រោះ​តែ​​ក្រុង​ញូវដាលី មិន​បាន​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញាមិន​រីករាយ​សាយ​ភាយ​នុយក្លេអ៊ែរ។ ប៉ុន្តែ​នៅពេល​នេះ ថ្ងៃ​នេះ ជប៉ុន​មាន​ទំនោរ​បន្ទន់​ជំហរ​ដាក់​ឥណ្ឌា ប្រទេស​មហានុយក្លេអ៊ែរ​ដ៏​ធំ​មួយ​ប្រចាំ​តំបន់​ ក៏ទំនង​​ដោយ​ហេតុតែ​តូក្យូ​ បាន​និង​កំពុង​មើល​ឃើញ​ឥទ្ធិពល​របស់​ចិន​ស្ទុះ​ឡើង​ខ្លាំង។ នេះ​បើ​តាម​ទស្សនៈ​អ្នក​វិភាគ​មួយ​ចំនួន​ធំ។

សូម​បញ្ជាក់​ថា លោក ម៉ូឌី និង​លោក​ អាបេ មាន​ទំនាក់ទំនង​ល្អូកល្អើន​នឹង​គ្នា​ណាស់។ ភាពស្និទ្ធ​ស្នាល​នេះ បាន​កើត​​មាន​ឡើង តាំង​ពី​មុន​ការ​ឡើង​កាន់​អំណាច​របស់​លោក​ម៉ូឌី កាលពី​ខែ​ឧសភា ឆ្នាំ​២០១៤​ទៅ​ទៀត។ ប្រមុខ​ដឹកនាំ​​ទាំង​ពីរ​រូបនេះ គឺ​ជា​អ្នក​អភិរក្សនិយម និង​មាន​និន្នាការ​ជាតិ​និយម​ខ្លាំង​ដូច​គ្នា៕​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ