អានតួអត្ថបទ
ឥណ្ឌា-អង់គ្លេស

អង់គ្លេស​បញ្ជោរ​យក​ចិត្ត​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ​ក្នុង​ពេល​ទស្សនកិច្ច

លោក ណារិន្រ្ទ ម៉ូឌី ​ដែល​កំពុងតែ​បំពេញ​ទស្សនកិច្ច ​នៅ​ទី​ក្រុង​ឡុងដ៍​ រដ្ឋធានី​អង់គ្លេស ​ត្រូវ​បាន​គេ​ទទួល​យ៉ាង​អធិកអធម្ម ​ពី​គ្រប់​ស្ថាប័នរដ្ឋ​អង់គ្លេស។ ក្រៅ​ពី​មាន​ការ​ជួបជុំ​ដ៏​សម្បើម ​ជាមួយ​ប្រជាជន​អង់គ្លេស ​ដើម​កំណើត​ឥណ្ឌា ​ប្រមាណ​៦​ម៉ឺន​នាក់ ​ លោក ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ​ក៏​នឹង​ត្រូវ​ទទួល​ឲ្យ​ចូល​ទៅ​បង្គំ​គាល់​ ព្រះ​មហាក្សត្រ​អង់គ្លេស​ ម្ចាស់ក្សត្រី ​អេលីហ្សាប៊ែត ​ទី២ ​ផងដែរ។ ការ​រៀបចំ​ទទួល​ដ៏​គគ្រឹក​គគ្រេង​បែប​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ចេត្តនា​ពេញ​មុខ ​​របស់​អង់គ្លេស ​ ដែល​ចង់​ ក្រេប​យក​ផល​ពី​យក​ទីផ្សារ​សេដ្ឋកិច្ច​នៅ​ឥណ្ឌា។

នាយករដ្ឋមន្ត្រីឥណ្ឌា ចាប់ដៃ ម្ខាងជាមួយ​លោក នាយករដ្ឋមន្ត្រីអង់គ្លេស​ ម្ខាងទៀតជាមួយ​លោកអាភិបាល​ក្រុង​ឡុងដ៍ នៅក្បែរស្ពាន​​និមិ្មតរូប​ទីក្រុុង​ឡុងដ៍ ថ្ងៃ​ទី ១២ វិច្ឆិកា​​២០១៥
នាយករដ្ឋមន្ត្រីឥណ្ឌា ចាប់ដៃ ម្ខាងជាមួយ​លោក នាយករដ្ឋមន្ត្រីអង់គ្លេស​ ម្ខាងទៀតជាមួយ​លោកអាភិបាល​ក្រុង​ឡុងដ៍ នៅក្បែរស្ពាន​​និមិ្មតរូប​ទីក្រុុង​ឡុងដ៍ ថ្ងៃ​ទី ១២ វិច្ឆិកា​​២០១៥ REUTERS/Kirsty Wigglesworth/Pool
ផ្សាយពាណិជ្ជកម្ម

លោក ​ណារិន្ទ្រ ម៉ូឌី ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ​កំពុងតែ​បំពេញ​ទស្សនកិច្ច​ រយៈ​ពេល​៣​ថ្ងៃ ​នៅ​ប្រទេស​អង់គ្លេស។ ទស្សនកិច្ច​ ដែល​មាន​គោលដៅ​សំខាន់​ គឺ​ដើម្បី​ចុះ​ហត្ថលេខា ​លើ​កិច្ច​សន្យា​ពាណិជ្ជកម្ម​ធំៗ​មួយ​ចំនួន​ ហើយ​ទស្សនកិច្ច​នេះ ​ ​ក៏​ជា​និម្មិតរូប​ផង​ដែរ ​ សំរាប់​ឥណ្ឌា ​ដែល​កំពុង​តែ​អណ្តែត​ខ្លួន ​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក។ ឥណ្ឌា​ជា​មហាអំណាច​សេដ្ឋកិច្ច ​ដ៏​ធំ​មួយ​នៅ​អាស៊ី ​ដែល​កំពុង​តែ​ទាក់​ទាញ​មហា​អំណាច​ផ្សេងៗ​ ឲ្យ​ចូល​ទៅ​វិនិយោគ ​រក​ស៊ី​ជាមួយ។

 
ជាការពិត ​អង់គ្លេស ​បាន​បញ្ចេញ​គ្រប់​មធ្យោបាយ ​ដើម្បី​យក​ចិត្ត​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ​ក្នុង​ពេល​ទស្សនកិច្ច​នេះ ​ដោយ​បាន​រៀបចំ​ទទួល​យ៉ាង​អធិកអធម្ម។ បន្ទាប់​ពី​ត្រូវ​បាន​ស្វាគមន៍​ដោយ ​ កង​រាជ​សេនា​អង់គ្លេស ​ពិធី​ព្យុហយាត្រា​យោធា​អាកាស ​ត្រូវ​បាន​រៀបចំ​ឡើង ​ ដើម្បី​បង្ហាញ​ភ្ញៀវ​ពិសេស​រូបនេះ។ បន្ថែម​ពី​នេះ ​ លោក​ណារិន្ទ្រ ម៉ូឌី​ បាន​ទទួល​ទាន​អាហារ​ ក្រោម​ពន្លឺ​ភ្លើង​ទៀន ​ជាមួយ​នឹង​លោក ​នាយករដ្ឋមន្ត្រី​អង់គ្លេស ​ដាវីដ ខាមឺរ៉ុន​ ទៀត​ផង។

លោក​នាយករដ្ឋមន្រី្ត​ឥណ្ឌា ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​សន្ទរកថា​ នៅ​ចំពោះ​មុខ​តំណាងរាស្ត្រ​របស់​អង់គ្លេស ​ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ​លោក​នឹង​ត្រូវ​អនុញ្ញាត ​ឲ្យ​ចូល​គាល់​ព្រះមហាក្សត្រី​អេលីហ្សាប៊ែត ​ទី២​ទៀត​ផង។ ប៉ុន្តែ​ព្រឹត្តិការណ៍​មួយទៀត​ ​ដ៏​អស្ចារ្យ ​ដែល​រដ្ឋាភិបាល​អង់គ្លេស ​បាន​រៀបចំ​ជូន​លោក ​ណារិន្រ្ទ ម៉ូឌី ​គឺ​ពិធី​ជួបជុំ ​ជាមួយ​ប្រជាជន​អង់គ្លេស​ដើម​កំណើត​ឥណ្ឌា ​ប្រមាណ​ជា​៦ម៉ឺន​នាក់ ​នៅ​ក្នុងពហុ​កីឡាដ្ឋាន​ Wembley។

ពេលនេះ​ សំណើច​កំពុងតែ​ចំអក​ឲ្យ​ព្រហ្មលិខិត ​ បើ​យើង​ក្រលេក​មើល​ទៅ​ប្រវតិ្តសាស្ត្រ ​រវាង​ចក្រភព​អង់គ្លេស​ និង​ឥណ្ឌា។ ឥណ្ឌា ​ដែល​ធ្លាប់​ស្ថិត​ក្រោម​នឹម​អាណានិគម​​ ដ៏​ជូរ​ចត់​របស់​ចក្រភព​អង់គ្លេស ​ ពេល​នេះ ​កំពុង​តែ​ត្រូវ​បាន​អតីត​ចៅហ្វាយ​ខ្លួន​ ប្រឹង​យក​ចិត្ត​យក​ថ្លើម ​ នោះ​ក៏​ដោយសារ​តែ​ពេល​នេះ ​ ឥណ្ឌា​មិនមែន​ជា​កូន​ចៀម​ទន់ខ្សោយ​ទៀត​ទេ ​តែ​ឥណ្ឌា​ ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​៩ ​និង​ជា​ខ្លា​ដែល​កំពុងតែ​គ្រហឹម​​ ក្នុង​ទ្វីប​អាស៊ី។ ជាមួយ​និង​ចំនួន​ប្រជាជន​ដ៏​ច្រើន​លើស​លប់ ​ព្រម​ទាំង​ធនធាន​មនុស្ស​ផ្នែក​បច្ចេកវិទ្យា​ទំនើប ​ ឥណ្ឌា​ជា​ទីផ្សារ​ដ៏​សំខាន់​​ មិន​ថា​សម្រាប់​អង់គ្លេស ​រឺ​មហា​អំណាច​ផ្សេង​ទៀត​ទេ។ កិច្ច​សន្យា​ពាណិជ្ជកម្ម ​ក្នុង​ទឹក​ប្រាក់ ​១២​ពាន់​លាន​ដុល្លារ ​ទើបតែ​​ត្រូវ​បាន​ចុះ​ហត្ថលេខា​ ក្នុង​ពេល​ទស្សនកិច្ច​នេះ ​រវាង​ឥណ្ឌា និង​អង់គ្លេស។

តែ​យ៉ាង​ណា​ក៏ដោយ ​ ទស្សនកិច្ច​ជា​កិត្តិយស​ ដ៏​សម្បើម​របស់​លោក​ណារិន្រ្ទ ម៉ូឌី​ មិន​បាន​ប្រព្រឹត្តិ​ទៅ ​ដោយ​គ្មាន​ការ​រិះគន់​តវ៉ា​នោះទេ។ សមាគម ​និង​សហគម​ប្រជាជន​ឥណ្ឌា​ នៅ​អង់គ្លេស​ជាច្រើន ​ បាន​រៀបចំ​ធ្វើ​បាតុកម្ម​ ប្រឆាំង ដោយ​បាន​បរិហារ​ ​អំពី​នយោបាយ ​ដឹកនាំ​ ដែល​កាន់តែ​ផ្តាច់ការ​ទៅៗ ​របស់​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ