អានតួអត្ថបទ

ប៉េកាំង​រៀបចំ​បើក​កិច្ចចរចា​ជាន់​ខ្ពស់​ជាមួយ​តូក្យូ

នៅ​ថ្ងៃព្រហស្បតិ៍​ទី ១៦ កក្កដា​នេះ ក្នុង​ខណៈ​ដែល​សភា​ជប៉ុន​បាន​អនុម័ត​គម្រោង​ច្បាប់​សន្តិសុខ​ជាតិ ពង្រីក​សកម្មភាព​យោធា​ជប៉ុន​នៅ​បរទេស ក្រុង​ប៉េកាំង​បាន​ប្រកាស​​កំពុង​ត្រៀម​បើក​កិច្ច​ចរចា​នយោបាយ​ជាន់​ខ្ពស់​ជាមួយ​ជប៉ុន។ សេចក្តីជូន​ដំណឹង​ដែល​ធ្វើ​ឡើង​ដោយ​អតីត​រដ្ឋមន្ត្រីការបរទេស​ចិន យ៉ាង ជៀជី ​បច្ចុប្បន្ន​ជា​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ នៅ​ចំពោះ​មុខ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិជប៉ុន​ លោក ស្ហូតារ៉ូ យ៉ាស្ហ៊ី ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង។

ប្រធានាធិបតី​ចិន​លោក Xi Jinping (ស) និង​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ក្នុង​ជំនួប​កំពូល​APEC នាទីក្រុង​ប៉េកាំង​ ខែ​វិច្ឆិកា ២០១៤
ប្រធានាធិបតី​ចិន​លោក Xi Jinping (ស) និង​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ក្នុង​ជំនួប​កំពូល​APEC នាទីក្រុង​ប៉េកាំង​ ខែ​វិច្ឆិកា ២០១៤ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

ចិន​ផ្តល់​តម្លៃ និង​ត្រៀម​ជា​ស្រេច​នឹង​​បើក​ជំនួប​​ចរចា​ជាន់​ខ្ពស់ចិន-ជប៉ុន ! ​ប្រធានាធិបតីចិន​លោក ស៊ីជីនពីង និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ីនហ្សូ អាបេ ទំនង​ជា​នឹង​អាច​ត្រូវ​ជួប​គ្នា​ក្នុង​ជំនួប​កំពូល​នា​ខែ​កញ្ញា​ខាង​មុខតែ​ម្តង ដូច​អ្វី​ដែល​មាន​លាន់ឮ​ក្នុង​ពាក្យ​ចចាម​អារាម​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

 

កាលពី​សប្តាហ៍មុន សារព័ត៌មាន​ចិន បាន​​បង្ហើប​ថា លោក​ ស៊ីជីនពីង បាន​ចេញ​លិខិត​អញ្ជើញ​នាយករដ្ឋមន្ត្រី​ជប៉ុន​រួច​រាល់​ហើយ​ ដើម្បី​ឱ្យ​មក​ចូល​រួម​អបអរ​ពិធី​​បុណ្យ​ឧទ្ទិស​ដល់​ការ​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ នៅ​ប្រទេស​ចិន។

បុរស​រដ្ឋ​ចិន​ជប៉ុន​ទាំង​ពីរ ធ្លាប់​បាន​ជួប​សន្ទនា​គ្នា​ដោយ​ផ្ទាល់​ ចំនួន​ពីរ​ដង​រួច​មក​ហើយ។ លើក​ទី​មួយ​នៅ​ក្រោ​ក្រប​ខណ្ឌ​ជំនួប​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក កាលពី​ខែ​​វិច្ឆិកា ២០១៤ និង​ម្តង​ទៀត​នៅ​ទីក្រុង​ហ្សាការតា ក្នុង​ជំនួប​ប្រជុំ​ថ្នាក់​ដឹកនាំ​អាស៊ី-អាហ្វ្រិក។

ទំនាក់ទំនង​ចិន​-ជប៉ុន ហាក់​បាន​ប្រសើរ​ឡើង​បន្តិច ! នេះ​បើ​គេ​ជឿ​តាម​ប្រសាសន៍​របស់​លោក យ៉ាស្ហ៊ី ដោយ​មាន​ដំណើរ​ទស្សនកិច្ច​របស់​នៅ​ទីក្រុង​ប៉េកាំង​ពេល​នេះ​ជា​ភស្តុតាង​បញ្ជាក់។ ចំណែក​ខាង​ចិន ក៏​បាន​ស្វាគមន៍​ចង់​មាន​ការ​ផ្តោះ​ប្តូរ​ជាមួយ​ជប៉ុន​លើ​គ្រប់​វិស័យ ពង្រឹង​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅមក​ ជា​ពិសេស​ចេះ​ទាញ​យក​ប្រវត្តិសាស្ត្រ​អតីតកាល​មក​ធ្វើ​ជា​មេរៀន ដើម្បី​កសាង​អនាគត​ប្រសើរ​ឡើង។ នេះ​​ការ​បញ្ជាក់​បន្ថែម​របស់​លោក យ៉ាងជៀជី អតីត​រដ្ឋមន្ត្រី​ការបរទេស​ចិន និង​បច្ចុប្បន្ន​ជា​​សមាជិក​ក្រុមប្រឹក្សា​រដ្ឋ។

កាលពី​ខែ​ចុង​ខែ​មេសា ពី​ទីក្រុង​ហ្សាការតា លោក អាបេ បាន​​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ទង្វើ​ជប៉ុន​ក្នុង​សម័យ​សង្គ្រាម​ និង​បាន​សន្យា​ប្រកាន់​យក​គោលការណ៍​ គ្មានការ​ឈ្លានពាន និង​ដោះស្រាយ​វិបត្តិអន្តរជាតិ ដោយ​សន្តិវិធី។ ប៉ុន្តែនៅ​ថ្ងៃព្រហស្បតិ៍​នេះ​ដដែល សភា​ជប៉ុន​បាន​អនុម័ត​គម្រោង​ច្បាប់​សន្តិសុខ​ដែល​ផ្តល់​​លទ្ធភាព​ឱ្យ​ទាហាន​ជប៉ុន​អាច​ចេញ​ធ្វើ​ប្រតិបត្តិការ​នៅ​ក្រៅ​ប្រទេសបាន និង​​ដែល​ចិន​បាន​បញ្ចេញ​ប្រតិកម្មភ្លាម​​ដាស់​តឿន​​ឱ្យ​តូក្យូ​កុំ​ភ្លេច​អតីតកាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ