អានតួអត្ថបទ
ជប៉ុន

លោក​អាបេ ទទួល​គំនាប​ ក្នុង​រឿង​ទាសករ​ផ្លូវភេទ​ក្នុងសម័យត្រួតត្រា​របស់​ជប៉ុននៅ​អាស៊ី

នៅក្នុង​ស្រុក ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​កំពុង​រង​គំនាប​ឲ្យ​ទទួល​ស្គាល់​អតីតកាល​ប្រវត្តិសាស្រ្ត។ បន្ទាប់ពី​ក្រុមសាស្រា្តចារ្យ និង​អ្នកប្រវត្តិសាស្រ្ត ដល់វេន អតីត​មេដឹកនាំ​ជប៉ុន ដែល​បញ្ចេញ​សំលេង​ខ្លាំងៗ អំពាវនាវ កាលពីថ្ងៃ​អង្គារ​ទី ៩​មិថុនា ឲ្យ​លោក​នាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ យល់ព្រម​ទទួលស្គាល់ កំហុស​ឆ្គង​របស់​ជប៉ុន ជាពិសេស ទៅលើ​ស្រ្តីទាសករ​ផ្លូវភេទ ដែល​ទាហាន​ជប៉ុន​ចាប់​បង្ខំ ឲ្យ​មក​បម្រើផ្លូវភេទ នៅ​សម័យ​សង្រ្គាម​លោក​លើក​ទី ២។ 

នាយករដ្ឋមន្រ្តី​ជប៉ុន​ដើរ​ត្រួតពល​ទាហាន​ស្វ័យការពារ​ជប៉ុន
នាយករដ្ឋមន្រ្តី​ជប៉ុន​ដើរ​ត្រួតពល​ទាហាន​ស្វ័យការពារ​ជប៉ុន REUTERS/Toru Hanai/Files
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ប្រារព្ធ​ខួប​៧០​ឆ្នាំ នៃ​បរាជ័យ​របស់​ជប៉ុន ក្នុង​សង្រ្គាម លោក​លើក​ទី ២ កាន់តែ​ខិត​ចូល​មក​ដល់ សម្ពាធ​មាន​កាន់តែ​ខ្លាំង​ទៅលើ​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស៊ីនហ្សូ អាបេ។ នៅថ្ងៃ អង្គារ​ម្សិលមិញ ពោល​គឺ​នៅ ២​សប្តាហ៍​ក្រោយ​សំបុត្រ​អំពាវនាវ​របស់​សាស្រ្តាចារ្យ និង​អ្នកប្រវត្តិសាស្រ្ត ដល់​វេន អតីត​មន្រ្តីជាន់ខ្ពស់​របស់​ជប៉ុន ដែល​ចេញមុខ ក្រើនរំលឹក​រដ្ឋាភិបាល​ជប៉ុន កុំ​ខ្មាស់ និង​គេចយក​រួចខ្លួន ពីការទទួល​ខុសត្រូវ។ សម្រាប់​ Yohei Kono ​ជប៉ុន ត្រូវ​ហ៊ាន​ចេញមុខ​ទទួល​ស្គាល់​ការពិត​ប្រវត្តិសាស្រ្ត​យោធា ជាពិសេស នៅក្នុង​រឿង​ស្រ្តីទាសករ​ផ្លូវភេទ​អាស៊ី ដែល​ទាហាន​ជប៉ុន​បាន​បង្កើតឡើង នៅ​ក្នុង​អំឡុង សង្រ្គាម​លោក​លើក​ទី២។

 
នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​អង្គារ លោក Yohei Kono អតីត​ប្រធាន​ខុទ្ធការល័យ​នាយករដ្ឋមន្រ្តី និង​ធ្លាប់​ជា​ឧបនាយករដ្ឋមន្រ្តី​ជប៉ុន ក្នុង​ឆ្នាំ ១៩៩៤ បាន​និយាយ​ថា នៅក្នុង​ដើម្បី​បង្កើត​ទំនាក់ទំនង​ជាមួយ ចិន និង​កូរ៉េខាងត្បូង ជប៉ុន​ត្រូវ​តែ​ហ៊ាន​ប្រឈម​នឹង​ការពិត។ ដោយ​មិន​ទទួលស្គាល់​ការពិត និង​បដិសេធ​អ្វី ដែល​បាន​កើតឡើង នោះ គេ​កំពុងធ្វើ​ឲ្យ​កិត្តិយស របស់​ប្រទេស និង​ប្រជាជន​ជប៉ុន​ត្រូវ​ប្រលាក់ប្រលូស អាប់អោន។

កាលនៅ​ជា​ឧបនាយករដ្ឋមន្រ្តី​ជប៉ុន លោក​Yohei Kono ជាមនុស្ស​ទី ១ ដែល​បាន​ប្រកាស​ទទួល​ស្គាល់ នៅឆ្នាំ ១៩៩៣ ពី​ពិរុទ្ធភាព​របស់​ទាហាន​ជប៉ុន នៅក្នុង​ការចាប់​យក​ស្រ្តី​អាស៊ី ជាពិសេស កូរ៉េខាងត្បូង និង​ចិន មក​ធ្វើ​ជា​ទាសករ​ផ្លូវភេទ។

សេចក្តីអំពាវនាវ​ឲ្យ​លោក​អតីតមន្រ្តី​រដ្ឋាភិបាល​ធ្វើឡើង នៅក្នុង​ពេល ដែល​នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស៊ីនហ្សូ អាបេ កំពុង​ត្រៀម​សរសេរ​សុន្ទរកថា សម្រាប់​ខួប ៧០​ឆ្នាំ នៃ​បរាជ័យ​របស់​ជប៉ុន ក្នុង​សង្រ្គាម​លោក​លើក​ទី ២ ដែល​ត្រូវ​រៀបចំ​នៅថ្ងៃ​ទី ១៥​សីហា​ខាងមុខ។ លោកស៊ីនហ្សូ អាបេ ធ្លាប់​បាន​ថ្លែង សោកស្តាយ ចំពោះ ទង្វើ​យោធានិយម​របស់​ជប៉ុន គឺ​ដូច​ដែល​នាយករដ្ឋមន្រ្តី​ជប៉ុន​មុនៗ​ធ្លាប់​ធ្វើ​កន្លងមក។ ប៉ុន្តែ លោក​អាបេ​មិន​ដែល​និយាយពាក្យ​សុំទោស ដែល​ចិន និង​កូរ៉េខាងត្បូង ទន្ទឹង​រង់ចាំ ចង់​បាននោះទេ។

សម្ពាធ​ទៅលើ​នាយករដ្ឋមន្រ្តី​ជប៉ុន កើតឡើង​នៅ​ចំពេល​ដែល​ការស្ទង់មតិ​មួយ បាន​បង្ហាញ កាលពីថ្ងៃ​អង្គារ ពី​ការធ្លាក់​ចុះ​ដុនដាប កាន់តែខ្លាំង នៃ​ទំនាក់ទំនង​ជប៉ុន ជាមួយ​កូរ៉េខាងត្បូង។ តាម​ការស្ទង់មតិ រៀបចំ​ឡើង​ដោយកាសែត​ជប៉ុន និង​កូរ៉េខាងត្បូង ជនជាតិ​ជប៉ុន​៧៣​ភាគរយ មិន​ជឿទុកចិត្ត​លើ​ប្រទេស​ជិតខាងរបស់ខ្លួន ចំណែក​ប្រជាជន​កូរ៉េខាងត្បូង ៨៥​ភាគរយ ក៏​មិន​ទុក​ចិត្ត​លើ​ជប៉ុន​វិញដែរ។ ៩៤ភាគរយ​នៃ​ប្រជាជន​កូរ៉េខាងត្បូង នៅតែ​គិតថា មេដឹកនាំ​ជប៉ុន មិន​ដែល​សុំ​ទោស ឲ្យ​ស្មោះ អស់​ពីចិត្ត ក្នុង​រឿង​ដែល​ទាហាន​ជប៉ុន​ចាប់​យក​ស្រ្តី​កូរ៉េ​ទៅ​ធ្វើ​ជា​ទាសករ​ផ្លូវភេទ។ ៦០​ភាគរយ នៃ​ប្រជាជន​កូរ៉េខាងត្បូង នៅ​បាន​គិត​ថា ទាហាន​ជប៉ុន​នៅតែ​ជា​គ្រោះថ្នាក់ គំរាមកំហែង សម្រាប់​កូរ៉េខាងត្បូង បន្ទាប់ពី​កូរ៉េខាងជើង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ