អានតួអត្ថបទ

ជប៉ុន​អាមេរិក​​​ព្រួត​គ្នា​គំរាម​ចិន​ឱ្យ​បញ្ឈប់​សកម្មភាព​ក្នុង​សមុទ្ទចិន​ខាង​ត្បូង

រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន បាន​ប្រកាស​ព្រមាន​ចិន​​​នៅ​ថ្ងៃ​សៅរ៍​នេះ ថា​​គម្រោង​សាងសង់​កូន​កោះ​សម្បនិម្មិត​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​ជាប់​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ នឹង​បង្ក​ឱ្យ​ហានិភ័យ​យ៉ាង​ធ្ងន់ធ្ងរ​​នៅ​ក្នុង​តំបន់​។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ អាមេរិក​ក៏​បាន​អំពាវនាវ​ជា​ថ្មី ឱ្យ​ចិន​បញ្ឈប់​ជា​បន្ទាន់​ និង​ជា​រហូត​ទៅ ព្រោះ​សកម្មភាព​នេះ​ មិន​ស៊ី​គ្នា​នឹង​ច្បាប់​អន្តរជាតិ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក  Ashton Carter ក្នុង​វេទិកា​ប្រចាំ​ឆ្នាំ​Sangri-La
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក Ashton Carter ក្នុង​វេទិកា​ប្រចាំ​ឆ្នាំ​Sangri-La © Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​វេទិកា​​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​សិង្ហបុរី “Sangri-la” ដែល​មាន​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​​​ការពារ​ជាតិ​ នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ជា​ច្រើន​នាក់​ចូល​រួម​រាប់​ទាំង​ចិន​ផង រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​អាមេរិក បាន​​រំលឹក​អំពី​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​បង្ហាញ​ឆន្ទៈ​ប្រឆាំង​នឹង​ការ​បំពាក់​អាវុធ​​បន្ថែម​នៅ​តំបន់​ជាប់​ជម្លោះ ! និង​បាន​ជំរុញ​ឱ្យ​​ចិន​ ត្រូវ​​តែ​បញ្ឈប់​ជាបន្ទាន់​​សកម្មភាព​សាងសង់​កូន​កោះ​សម្បនិម្មិត ដែល​ជា​ឥរិយាបថ​ មិន​ស្រប​ទៅ​ច្បាប់​អន្តរជាតិ។ បើ​តាម​លោក​កាទ័រ អាមេរិក​ដែល​​នៅ​តែ​បន្ត​បញ្ជូន​​ទាហាន​ និង​បំប៉ោង​កម្លាំង​យោធា​​នៅ​សមុទ្ទ​ខាង​ត្បូង​ជានិច្ច ព្រោះ​រាល់​ប្រតិបត្តិការ​​ផ្លូវ​អាកាស ឬ​ផ្លូវ​ទឹក​ គ្រប់​ទិសទី​លើ​ភពផែនដី តែង​តែ​ធ្វើ​ឡើង​ដោយ​គោរព​ច្បាប់​អន្តរជាតិ និង​តាម​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត។

 

ចំណែក​ឯ​រដ្ឋមន្ត្រីការពារ​​ជប៉ុន​ក៏បាន​អំពាវនាវ​​ដូច​គ្នា! សម្រាប់​​លោក​Gen Nakatani ប្រសិន​បើ​គេ​មិន​ធ្វើ​អ្វី​នៅ​ពេល​ឃើញ​ស្ថានការណ៍​ផ្ទុយ​នឹង​ច្បាប់ នោះ​សណ្តាប់​ធ្នាប់​នឹង​លែង​មាន​ សន្តិភាព​និង​ស្ថិរភាព​ត្រូវ​រលាយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ជប៉ុន ចង់​ឃើញ​គ្រប់​ប្រទេស រាប់​ទាំង​ចិន​ដែរ​ ត្រូវ​ធ្វើ​ខ្លួន​ជា​មហាអំណាច​មាន​ទំនួល​ខុស​ត្រូវ។

 

សូម​បញ្ជាក់​ថា ភា​ព​តាន​តឹង​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង មាន​កាន់​តែ​ខ្លាំង​នារយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ បន្ទាប់​ពី​ចិន បាន​បង្កើន​ល្បឿន​​សាង​សង់​កោះ​សម្បនិម្មិត​នៅ​ជិត​ប្រជុំ​កោះ​ស្ព្រាតលី ដែល​ជាប់​ជម្លោះ និងដែល​​មាន​យុទ្ធសាស្ត្រ​យោធា​បំផុត​ ចំណេញ​ផ្ទៃ​ដី ប្រមាណ​ជាង​ ៨០០​ហិចតារ ក្នុងរយៈ​ពេលតែ​ប្រមាណ​១៨​ខែ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ និង​គ្មាន​ក្រុម​ប្រទេស​ណា​អាច​រត់​តាម​ទាន់​បាន​ឡើយ។ ហើយ​កាលពី​ថ្មីៗ​នេះ ចិន​ថែម​ទាំង​បាន​បំពាក់​អាវុធ​ ធុន​កាំភ្លើង​ធំ​​ ពីរគ្រឿង​ មុន​ដក​ចេញ​ទៅ​វិញ។ ប្រទេស​នៅ​ជិត​ខាង​​ ក្នុង​តំបន់ សង្ស័យ​ថា​ចិន​ប្រើ​កម្លាំង​ជា​មហាយក្ស​ ដណ្តើម​គ្រប់​គ្រង​តំបន់​ប្រជុំ​កោះម្នាក់​ឯង មិន​ខ្វល់​នឹង​ការ​ទាមទារ​​របស់​​វៀតណាម​ ហ្វីលីពីន ព្រុយណេ តៃវ៉ាន់ និង​ម៉ាឡេស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ